ឌុច៖ ជាតិ អន្តរជាតិ និងសម្តេចសីហនុទុកចិត្តខៀវ សំផនបំផុត

ខៀវ ​សំផន

អតីត​មេគុក​ទួលស្លែង​ ឌុច ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ សម្តេចឪ ​នរោត្តម ​សីហនុ ​បាន​គាំទ្រ ​ខៀវ ​សំផន ​នៅ​ក្នុង​ពេល​ដែល​ពួក​ខ្មែរក្រហម ​កំពុង​ត្រូវ​ការ​សហគមន៍​អន្តរជាតិ។ ​ហើយ​អតីត​ព្រះមហាក្សត្រ​ចាត់​ទុក​ ខៀវ ​សំផន ​គឺ​ជា​មនុស្ស​ដែល​ស្អាតស្អំ។

ឌុច​បាន​បញ្ជាក់​ប្រាប់​អង្គ​សវនាការ​ថា៖​

«ក្នុង​ជាតិ ​និង​អន្តរជាតិ ​គេ​ជឿ​ទុកចិត្ត​ ខៀវ ​សំផន។ ​សីហនុ​ ខ្លួន​ឯង​ហ្នឹង ​ក៏​ជឿ​ទុកចិត្ត​ ខៀវ ​សំផន ​ហៅ​ ខៀវ ​សំផន ​សុទ្ធ​ជា​ព្រះពុទ្ធ។ ​ជា​មនុស្ស​ដែល​ស្អាតស្អំ​បំផុត។ ​នេះ​ហើយ ​ដែល ​ប៉ុល ​ពត​ យក​ឈ្មោះ​ ខៀវ ​សំផន​ ទៅ​ប្រើ។ ​ហើយ​សីហនុ ​ខ្លួន​ឯង ​បើ​រុញ​ឈ្មោះ​ហ្នឹង​ទៅ ​គាត់​មិន​ប្រកែក​ទេ»។

ឌុច ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ ក្នុង​សវនាការ​ក្នុង​សំណុំរឿង​០០២ ​ដែល​គាត់​បាន​ចូល​ខ្លួន​ផ្ដល់​សក្ខីកម្ម​អស់​រយៈពេល​ប្រាំមួយ​ថ្ងៃ​មក​ហើយ​ មក​ទល់​នឹង​ថ្ងៃ​នេះ ​បន្ទាប់​ពី​មាន​ការ​ចោទសួរ​ពី​សហ​ព្រះរាជ​អាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ​ស្ម៊ីត (William Smith)។ ​លោក ​វីលាម ​ស្ម៊ីត ​បាន​ចោទសួរ​សាក្សី​ពី​តួនាទី​ និង​មុខងារ​របស់​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ ក្នុង​សំណុំ​រឿង ​០០២ ​គឺ​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស ​និង​ ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

នួន ​ជា ​ធ្លាប់​បាន​សារភាព​ថា​អតីត​ព្រះមហាក្សត្រ​ នរោត្តម ​សីហនុ ​ធ្លាប់​បាន​ចុះសួរ​សុខទុក្ខ​កង​ទ័ព​តស៊ូ​ខ្មែរក្រហម​ មុន​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ហើយ​ នួន ​ជា ​ខ្លួន​ឯង​ គឺ​ជា​អ្នក​រៀប​ចំ ​បណ្ដាញ​ការពារ​សន្ដិសុខ។

ឌុច ​បាន​រៀបរាប់​ទៀត​ថា ​ខៀវ ​សំផន ​ត្រូវ ​ប៉ុល ​ពត ​បង​ធំ​ទី​មួយ​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅ​ទៅ​ធ្វើ​ការងារ​ជាប់​ជាមួយ​ខ្លួន​ដោយ​ផ្ទាល់​ ហើយ​មាន​តួនាទី​ជា​ឧប​នាយក​រដ្ឋមន្ដ្រី​នៃ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ដែល​ជា​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​របស់​ពួក​ខ្មែរក្រហម​ មុន​នឹង​រដ្ឋាភិបាល​ថ្មី​របស់​ពួក​ខ្មែរ​ក្រហម​គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​មេសា ​ឆ្នាំ ​១៩៧៦។ ​ក្នុង​ពេល​នោះ​ ខៀវ ​សំផន ​ក៏​មាន​តួនាទី​ក្នុង​ជួរ​កងទ័ព​ផង​ដែរ។ ​ប៉ុន្ដែ ​ឌុច ​បញ្ជាក់​ថា ​នោះ​គ្រាន់​តែ​តួនាទី​ខ្យល់​តែ​ប៉ុណ្ណោះ។

«ខៀវ ​សំផន ​ទទួល​ភារកិច្ច​ពិត​ប្រាកដ​ជា​ប្រធាន​មន្ទីរ​មជ្ឈិម។ ​ចំណែក​ឯ​ភារកិច្ច​ផ្សេង​ទៀត ​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ជា​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ហើយ​ជា​អគ្គ​បញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ជា​ភារកិច្ច​ឧបកិច្ច​ទេ ​គ្មាន​តួនាទី ​ខៀវ ​សំផន​ទេ។​ ឥត​ចេះ​បញ្ជាទ័ព​ទេ​មនុស្ស​នេះ»។

កាំង ​ហ្កេកអ៊ាវ ​ហៅ ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ ស ​២១ ​ដែល​គេ​ស្គាល់​ថា ​គឺ​ជា​គុក​ទួលស្លែង​ បញ្ជាក់​បន្ថែម​ថា ​មាន​តែ​ ប៉ុល ​ពត ​និង ​នួន ​ជា ​ទេ​ ដែល​មាន​អំណាច​យោធា​នៅ​ក្នុង​ដៃ។ ​ដំណាល​គ្នា ​ឌុច​ បាន​ឲ្យ​ដឹង​ថា ​ខៀវ ​សំផន ​បាន​ត្រួតត្រា​ផ្នែក​ពាណិជ្ជកម្ម​និង​រោងចក្រ​អគ្គិសនី​នៅ​ចាក់អង្រែ​កាល​ពី​សម័យ​ខ្មែរ​ក្រហម។

ទោះជា​យ៉ាង​ណា​សហ​ព្រះរាជ​អាជ្ញា​រង​អន្ដរជាតិ ​លោក ​វីលាម ​ស្ម៊ីត ​បាន​ចោទសួរ​ ឌុច ​តិចតួច​នៅ​ឡើយ​អំពី​ព័ត៌មាន​ ដែល​ទាក់ទង​នឹង​ អៀង ​សារី។

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​ប្រឆាំង​ជំទាស់​នឹង​សំណួរ​មួយ​ចំនួន​របស់​សហ​ព្រះរាជ​អាជ្ញា​រង​បរទេស​ ក្នុង​ពេល​កំពុង​សវនាការ​ដោយ​សំអាង​ថា​ជា​សំណួរ​នាំមុខ​ ឬ​ជា​សំណួរ​ច្រំដែល។

ក្នុង​សវនាការ​ថ្ងៃ​នេះ​ដែរ​ឌុច ​បាន​បញ្ជាក់​ថា ​មាន​កងទ័ព​ខ្មែរក្រហម​រហូត​ដល់​ចំនួន ​៥.០០០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​តំបន់​នានា​យក​មក​ដាក់​គុក​នៅ​ទួលស្លែង​រួច​បន្ទាប់​មក​កង​ទ័ព​ទាំង​នោះ ​ត្រូវ​សម្លាប់​ចោល។ ​ការ​សម្លាប់​ដោយសារ​ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ថា​ ជា​ជន​ក្បត់​នឹង​បក្ស។ ​ នេះ​បើ​តាម​សំដី​របស់​ឌុច។

កងទ័ព​ទាំង​នោះ ​មាន​ចំនួន​ស្ទើរ​តែ​ពាក់​កណ្តាល ​នៃ​ចំនួន​អ្នក​ទោស​សរុប ​ចំនួន ​១២.៣៨០​ នាក់​ យ៉ាង​តិច ​ត្រូវ​បាន​សម្លាប់​ចោល​នៅ​ក្នុង​គុក​ទួលស្លែង៕