ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការ​ងារ​ជួយ​រក​ការ​ងារ​ឲ្យ​ប្រជាពលរដ្ឋ

ការចុះឈ្មោះ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទីភ្នាក់ងារជាតិ​មួយ​នេះគឺតាម​ប្រព័ន្ធ​អ៊ីនធឺណេត។

ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ រៀង​រាល់​ថ្ងៃ​សំឡេង​របស់​យុវជន​យុវនារី​ដែល​ពិភាក្សា​គ្នា​ពី​របៀប​ស្វែងរក​ការងារ​ធ្វើ ត្រូវ​បាន​ឮ​នៅ​ឯ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ដែល​ហៅ​កាត់​ថា​អិនអ៊ីអេ (NEA) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩ ដោយ​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ វិទ្យាស្ថាន​ជាតិ បណ្តុះ​បណ្តាល បច្ចេកទេស ហៅ​កាត់​ថា សាលាកុសមៈ។
លោក ហុង ជឿន ប្រធាន​ទីភ្នាក់ងារ​នេះ​ឲ្យ​ដឹង​ថា គិតចាប់​ពី​ឆ្នាំ​២០១០ ស្ថាប័ន​របស់​លោក​បាន​ប្រមូល​និង​ផ្សព្វផ្សាយព័ត៌មាន​ស្តី​ពី​ការរក​ការងារ​ប្រហែល​ចំនួន​៨​ម៉ឺន​កន្លែង ហើយ​មាន​អ្នក​ចុះ​ឈ្មោះ​ស្វែង​រក​ការងារ​បាន​ប្រហែល១៦.០០០​នាក់ ក្នុង​នោះ​អ្នក​ទទួល​បាន​ការងារធ្វើ ចំនួន​ជិត៣.០០០​នាក់​មក​ហើយ។
«ខិតខំ​យកសេវា​នេះ​ឲ្យ​កៀក​ទៅ​នឹង​យុវជន ឬ​ក៏​អ្នក​ប្រើប្រាស់​សេវា។ លើស​ពីនេះ យើង​បានរៀបចំ​ជា​វគ្គបណ្ដុះបណ្តាល​ណែនាំ​ដល់​អ្នកស្វែង​រក​ការងារ​ធ្វើ មុន​នឹង​គាត់​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ ដើម្បី​ឲ្យ​គាត់​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ​ជាង​មុន ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ការងារ»។
លោក ហុង ជឿន ប្រធាន​ទីភ្នាក់ងារជាតិ​មុខរបរ​និង​ការងារ
មជ្ឈមណ្ឌល​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ទទួល​ខុស​ត្រូវ​ក្នុងការ​ប្រមូល​និង​ចែកចាយ​ព័ត៌មាន​អំពី​ការងារ។
ស្រ្តី​អ្នក​ទទួលភ្ញៀវ​ម្នាក់​រង់ចាំ​នៅ​ផ្លូវ​ចូល​នៃ​មជ្ឈមណ្ឌល​នេះ​ដើម្បី​ផ្តល់ពត៌មាន​តាម​តម្រូវការ​របស់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ជា​លើក​ដំបូង។ នៅចំ​កណ្តាល​បន្ទប់​នៃមជ្ឈមណ្ឌល​ការងារ​មាន​តុ​ធំវែង​មួយ​ដែល​ក្រុម​និស្សិត ឬ​អ្នក​ស្វែងរក​ការងារ​អាច​ស្វែងរក​ប្រឹក្សា​យោបល់​ពី​របៀប​នៃ​ការរក​ការងារ​ធ្វើ ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ពេល​ចូល​សម្ភាសន៍​ការងារ​ផង​ដែរ។
អ្នក​ស្វែងរក​ការងារ​អាច​ធ្វើ​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​នានា​និង​តាម​កុំព្យូទ័រ​ចំនួន​ប្រាំគ្រឿង​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ។ ទោះ​ជា​មានភាពងាយស្រួល​បែបនេះ​ក៏ដោយ​មជ្ឈមណ្ឌល​នេះ​ហាក់​ដូច​ជា​មិនទាន់​មមា​ញឹក​នៅ​ឡើយ។
កំពុង​អង្គុយ​វាយកុំព្យូទ័រ​នៅ​ជ្រុង​ម្ខាង ឆាត ភាគ មក​ពី​ខេត្ត​តាកែវ ប្រាប់​ថា គាត់​ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​ធនាគារ​និង​ហិរញ្ញវត្ថុ។ មាន​រាង​ស្គមស្តើង​សក់​បាសៗ គាត់​ប្រាប់​ថា គាត់​មក​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ​នេះ ដោយ​ចង់ដឹង​ពី​របៀប​រក​ការងារ។
«ចង់​បានបទ​ពិសោធន៍​ល្អៗ របៀប​ស្វែងរក​ការងារ​ធ្វើ ហើយ​បើ​អាច​ត្រូវ​បាន​គេ​ជ្រើសរើស​មែននោះ សង្ឃឹម​ថា នឹង​បាន​ប្រាក់​កម្រៃ​ខ្លះ»។
អង្គុយ​នៅ​តុ​ក្បែរ​គ្នា តែ​ខណ្ឌដាច់​ដោយ​បន្ទះ​ឈើ យុវជន​ឈ្មោះ ជា ស្រី មិត្តភក្តិ​របស់ ភាគ ក៏​មិន​ឲ្យ​ខ្លួន​គាត់​នៅ​ទំនេរ​ដែរ។ ស្រី មើល​ទៅ​ហាក់​ដូច​ជា​កំពុង​រវល់​ខ្លាំង​ក្នុង​ការបំពេញ​បែប​បទ និង​ជីវៈប្រវត្តិ​របស់​ខ្លួន​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់ អេន អ៊ី អេ។ យុវជន អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​កណ្តាល​រូប​នេះ ប្រាប់ថា​ ការ​មកដាក់​ពាក្យ​រក​ការងារ​នៅ​ទីនេះ ដោយសារ​ថា វា​ជា​សេវាកម្ម​របស់​រដ្ឋ ហើយ​មិនតម្រូវ​ឲ្យ​បង់​ប្រាក់។
«ដោយ​ហេតុថា​នៅ​ទីនេះ មាន​ផ្តល់ភាពងាយស្រួយ​ច្រើន។ ទី១​ឆាប់​ទទួល​បានការងារ​ធ្វើ ហើយ​បុគ្គលិក​ក៏​មានភាពរួសរាយ​រាក់ទាក់ និង​មួយទៀត​នោះ​គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​អ្វី​ឡើយ»។
គួរ​បញ្ជាក់​ដែរ​ថា ការចុះឈ្មោះ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទីភ្នាក់ងារជាតិ​មួយ​នេះ មាន​ទម្រង់​ពីរ​យ៉ាង​សំខាន់ៗ។ ទី១​គឺ ការចុះឈ្មោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត។ រាល់​ឯកសារ​ទាំងអស់​នោះ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​ប្រព័ន្ធ​ផ្ទុក​ឯកសារ​របស់​អិនអ៊ីអេ​ជាស្វ័យ​ប្រវត្តិ។ ទី២​គឺ​ការ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ការងារ​ក្នុង​អាគារ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​តែ​ម្តង។
លោក ហុង ជឿន ពន្យល់​បន្ថែម​ដូច្នេះ​ថា៖
«ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក ហើយ​គេ​ចាប់ផ្តើម​ផ្ទៀង​ផ្ទាត់​តាម​កុំព្យូទ័រ។ បើ​មាន​អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់ គេ​ក៏​ហៅ​ឲ្យ​ទៅ​ធ្វើការ​សម្ភាសន៍ ឬ​ក៏​ពេល​ខ្លះ​កុ្រមហ៊ុន​គេ​មក​ទាក់ទង​ផ្ទាល់ ជាមួយ​កន្លែង​របស់​យើង​តែ​ម្តង»។
មាន​យុវជន​កម្ពុជា​ប្រមាណ​៣​សែន​នាក់​ត្រូវ​ការ​ការងារថ្មី​ជា​រៀង​រាល់​ឆ្នាំ។ ក៏​ប៉ុន្តែ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ អនុញ្ញាតិ​ឲ្យ​មាន​ការ​បង្កើត​ការងារ​ថ្មីៗត្រឹមតែ​ ២ម៉ឺនទៅ​ ៣ម៉ឺន​ការងារ​តែ​ប៉ុណ្ណោះ។
របាយការណ៍​របស់​គ្រិះស្ថាន​ឧត្តមសិក្សា​ឲ្យ​ដឹង​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា ចន្លោះ​ឆ្នាំ ២០១០-២០១១ គិត​ពី​ថ្នាក់​បរិញ្ញាបត្រ​រង រហូត​ដល់​ថ្នាក់​បណ្ឌិត​វិញ មាន​ចំនួន​៤៥,៦៥០​នាក់។
ទោះ​ជា​យ៉ាង​ណា ទិន្និន័យ​ដែល​វីអូអេ​ទទួល​បាន​ពី​វិទ្យាស្ថានជាតិ​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា នៅ​ឆ្នាំ ២០១០ ចំនួន​អ្នក​មាន​ការងារ​ធ្វើ​បានកើន​ដល់៧.៦៧៥.០០០​នាក់។
ដើម្បី​ពង្រីក​ឱកាស​ការងារ​ឲ្យ​មាន​កាន់តែច្រើន​អិនអ៊ីអេ បាន​ចាប់​ផ្តើម​គម្រោង​ទំនាក់​ទនង ភាពជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ ហើយ​ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​លក់គ្រឿង​អេឡិចត្រូនិក។ មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ជាង​៥០០ ដែល​ទីភ្នាក់ងារជាតិ​មួយ​នេះ​បាន​និង​កំពុង​សហការ​ជាមួយ។
លោក អែម សីហា ប្រធាន​ក្រុម​ការងារ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន អង្គរ មីក្រូហិរញ្ញវត្ថុ កម្ពុជា បានប្រាប់​អោយ​ដឹង​ថា​ក្រុមហ៊ុន​របស់​គាត់ បានសម្រេចចិត្ត​ជ្រើសរើស​បុគ្គលិក ដែល​បានចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​នៅ អេន អ៊ី អេ ច្រើនលើក​មក​ហើយ​ដោយ​ហេតុ​ថា​នៅ​ទីនេះ ផ្តល់​ភាព​ងារស្រួយ​ច្រើន​សម្រាប់​ការជ្រើសរើស​បុគ្គលិក ដោយ​ចំណេញ​បាន​ទាំង​ពេល​វេលា​និង​ថវិកា។
«បើសិន​ជាប្អូន​ស្គាល់​អឺអឹមឃេ ប៉ុន្តែ​អ្នកដទៃទៀត​គាត់​មិនប្រាដក​ស្គាល់​ទេ។ ប៉ុន្តែអ្នក​ដទៃទៀត​គាត់​អាច​ស្គាល់ នា (NEA)។ ហើយ​អ្នក​ដទៃ​ទៀត​ដែល​គាត់​ចេញ​ពី​សាកលវិទ្យាល័យ គាត់​អាច​យក​ស៊ីវី​ទៅ​ដាក់។ អញ្ចឹង​យើង​គ្រាន់​តែ​យក​ស៊ីវី​ពី​គាត់​យក​មកប្រើ វា​មិន​ចំណេញ។ យើង​មាន​បេក្ខជន​នៅ​ក្នុង​ហ្នឹង​ស្រាប់ យើង​មាន​ប្រភព​ច្រើន។ ខាងក្រៅ​ក៏​យើង​រើស ហើយ​នា (NEA) ក៏យើង​ផ្តល់​ឱកាស​ឲ្យ»។
ក្រៅ​ពីស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ មាន​សាខា​ចំនួន​ប្រាំ​ផ្សេងទៀត​នៅ​តាម​បណ្តាខេត្ត ដូចជា​នៅខេត្ត សៀមរាប កំពត បាត់ដំបង តាកែវ និង​ស្វាយរៀង។ ប៉ុន្តែ លោក ហុង ជឿន និយាយ​ថា លោក​នៅ​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​ឲ្យបាន​ច្បាស់​ពី​ចំនួន​ពិតប្រាកដ​របស់​អ្នក​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នៅ​ឡើយ​ទេ។
ជិត​ប្រាំពីរ​ខែ​ហើយ​ដែល ស៊ាម ចាន់ម៉ាលី ធ្វើ​ការ​ជាបុគ្គលិក​ផ្នែក​គណនេយ្យ ឲ្យ​ក្រុមហ៊ុន​Nature Only។ ក្នុង​ទឹក​មុខ​រីករាយ យុវតី​ដែល​បានបញ្ចប់​ការសិក្សា​កាល​ពីដើម​ឆ្នាំ​២០១២ បញ្ជាក់​ដែរ​ថា ការ​ចុះ​ឈ្មោះ​រក​ការងារ​ធ្វើ​នៅ​អិន​អ៊ី​អេ ធ្វើឲ្យគាត់​ឆាប់​ទទួល​បាន​ការងារ​ធ្វើ។
«គ្រាន់​តែ​ផ្ញើ​ស៊ីវី​នៅ​កន្លែង​គាត់​ទៅ។ នៅពេល​ដែល​មានការងារ​ដែល​ត្រូវ​នឹងមុខ​តំណែង​របស់​ខ្ញុំ គឺគេ​កាត់​ឈ្មោះ​ខ្ញុំ​ឲ្យ​ទៅ​ខាង​ក្រុមហ៊ុន​គេ។ គឺងាយស្រួល ហើយ​ព៏ត៌មាន​ការងារ​គឺ អឹន អ៊ី អេ មាន​ទាំង​អស់»។
លោកបណ្ឌិត កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថាន​អភិវឌ្ឈន៍​សេដ្ឋកិច្ចកម្ពុជា​និយាយ​ថា ការបង្កើត​ឲ្យ​មាន​ជាស្ថាប័ន​ជួយស្វែងរក​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​មានសារៈសំខាន់​ណាស់ ដោយ​ហេតុថា ពេល​ខ្លះ​ប្រទេស​យើង​មាន​កម្លាំង​ពលកម្ម​ហើយ​មាន​អ្នក​ធ្វើ​ការ​ហើយ ប៉ុន្តែ​អ្នកទាំងនោះ​បែរ​ជា​មិន​ដឹងថា​ខ្លួន​ត្រូវ​ទៅ​ធ្វើការ​នៅ​កន្លែង​ណា ឲ្យ​សមស្រប​ទៅ​ហ្នឹង​ជំនាញ​របស់​ខ្លួន។
«ការ​បង្កើត​ភ្នាក់ងារ​បែបនេះ​មាន​សារៈសំខាន់​ណាស់​ ដោយហេតុ​ថា វា​ជួយ​ឲ្យ​កម្លាំង​ពលកម្ម​របស់​ប្រទេស​កម្ពុជា​យើង​ហ្នឹង​មាន​ការងារ​ត្រឹមត្រូវ​ពិតប្រាកដ​មួយ​ហើយ​វា​ជួយ​ឲ្យ​យើង​មាន​ឱកាស​ក្នុង​ការអភិវឌ្ឈ​ធនធាន​មនុស្ស​ទៅ​ថ្ងៃ​ក្រោយ​ទៀត»។
ក្រៅពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ក៏​នៅ​មាន​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ទៀត​ដែរ​សម្រាប់​បម្រើ​សេវាកម្ម​តម្រូវ​ការការងារ។ ក៏​អ្នក​ស្វែងរក​ការងារ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​នឹង​ត្រូវ​បង់​ថ្លៃ​សេវាកម្ម៕