នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០១២ ប្រមាណ២.៧០០លានដុល្លារអាមេរិកដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងដល់វិស័យសុខាភិបាល អប់រំ កសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ថវិកាជាតិប្រមាណ ២.៧០០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១២នេះ បានកើនឡើងប្រមាណ៣០០លានដុល្លារអាមេរិក បើប្រៀបធៀបនឹងថវិកាជាតិឆ្នាំ២០១១ ដែលមានប្រមាណ ២.៤០០លានដុល្លារអាមេរិក។ ក្រសួងអទិភាពដូចជា ក្រសួងអប់រំទទួលបានប្រហែល២៥០លានដុល្លារ ក្រសួងសុខាភិបាលប្រហែល២០០លានដុល្លារ ក្រសួងកសិកម្មជាង៣១លានដុល្លារ ក្រសួងអភិវឌ្ឍន៍ជនបទប្រមាណ៤៩លានដុល្លារ និងក្រសួងសាធារណៈការទទួលបានប្រហែល៦២លានដុល្លារ។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសម័យប្រជុំសភាថា លោកបានប្តេជ្ញាយកច្បាប់នេះទៅអនុវត្តន៍ឱ្យបានសម្រេចដល់គោលដៅទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ។
លោក គាត ឈន់ បានហៅការអនុម័តច្បាប់ថវិកាជាតិនេះថាជាការផ្តល់ឧបករណ៍សំខាន់មួយសម្រាប់រដ្ឋាភិបាលបន្តគ្រប់គ្រងប្រទេសរួមមានការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសគ្រប់វិស័យ។
«ច្បាប់ថវិកាជាតិឆ្នាំ២០១២នេះ មិនមានការពិភាក្សាដេញដោលច្រើនទេ ដោយសារគណបក្សប្រឆាំងបានធ្វើពហិការប្រជុំសភាដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ»។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២នេះបានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីបំណុលបរទេសជាង១.០០០លានដុល្លារអាមេរិក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានថ្លែងថាតំណាងរាស្ត្រគណបក្សសម រង្សី បានធ្វើពហិកាប្រជុំសភាដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ អំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន និងការបណ្តេញប្រជាពលរដ្ឋពីដីធ្លីដោយបង្ខំ។
«ការធ្វើពហិការបស់គណបក្សសម រង្សីនេះ គឺជាការត្រឹមត្រូវណាស់ ពីព្រោះបំណុល១.១០០លានដុល្លារអាមេរិកនៅក្នុងសេចក្តីព្រាងច្បាប់ពីព្រឹកម៉ិញនេះ មិនមែនជារឿងធម្មតាទេ។ នេះសឱ្យឃើញថាការដែលខ្ចីបុលបែបនេះ នឹងមានបញ្ហាដ៏ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចជាតិនៅពេលខាងមុខ ដោយសារមន្ត្រីជាន់ខ្ពស់មួយចំនួនប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងរ»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានលើកឡើងថា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២នេះបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិធ្ងន់ធ្ងរ។
«យើងមិនគាំទ្រសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២នោះទេ ដោយមូលហេតុធំពីរគឺទី១កម្ចីប្រាក់ពីបរទេសកើនឡើងដោយមិនប្រុងប្រយ័ត្នកាត់បន្ថយអំពើពុករលួយ និងការចំណាយផ្សេងៗ។ ទី២ យើងអត់គាំទ្រនូវគោលនយោបាយដែលធ្វើសម្បទានសេដ្ឋកិច្ច បាត់បង់ព្រៃឈើ ដីធ្លី បឹងបួរជាច្រើន ហើយចំណូលថវិកាតិច»។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសម័យប្រជុំសភាយ៉ាងដូច្នេះថា៖
«ការប្រៀបធៀបនឹងផលិតផលសរុបក្នុងស្រុកចំណូលថវិកា និងការនាំចេញបំណុលរបស់ប្រទេសកម្ពុជាមិនមានហានិភ័យនោះទេ។ ខ្ញុំជឿជាក់ថា កម្ពុជានឹងអាចគ្រប់គ្រងបំណុលរបស់ខ្លួននេះបាន»។
លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស នៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានបដិសេធការអះអាងរបស់គណបក្សប្រឆាំង ដោយលើកឡើងថា កម្ពុជាមិនមានបញ្ហាវិបត្តិបំណុលកើតឡើងនៅថ្ងៃមុខទេ។
«អ្នកនយោបាយដែលធ្វើឱ្យមានការមន្ទិលសង្ស័យចង់រាំងស្ទះកុំឱ្យមានស្ពានកុំឱ្យមានថ្នល់ កុំឱ្យមានសាលារៀនកុំឱ្យមានទឹក និងកុំឱ្យមានភ្លើង ដើម្បីឱ្យប្រជាពលរដ្ឋមើលមកឃើញថា អ្នកកាន់អំណាច មិនបានធ្វើការបម្រើប្រជាពលរដ្ឋពិតប្រាកដទេ។ គាត់ចង់បាន ណាស់ប្រជាពលរដ្ឋមើលឃើញភាពអសមត្ថភាពរបស់ការដឹកនាំប្រទេសសព្វថ្ងៃ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ថាគណបក្សសមរង្សី នឹងបន្តធ្វើពហិកាប្រជុំសភារហូតដល់រដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។
លោក កឹម សុខា បានថ្លែងថា គណបក្សសិទ្ធិមនុស្ស របស់លោកធ្វើពហិកាប្រឆាំងនឹងច្បាប់ណា ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ៕