នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង តំណាងរាស្ត្រគណបក្សប្រឆាំងដើម្បីបើកផ្លូវឲ្យតុលាការធ្វើការចោទប្រកាន់។
តាមសំណើរបស់តុលាការខេត្តកណ្តាល ក្រសួងយុត្តិធម៌បានស្នើសុំរដ្ឋសភាឲ្យព្យួរអភ័យឯកសិទ្ធិរបស់លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៊ីប្រចាំមណ្ឌលខេត្តកណ្តាលពីការពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយឲ្យជនជាប់ឃុំឈ្មោះ មាស ប៉េង លួចរត់កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១។
លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ បានធ្វើឡើងស្របតាមច្បាប់។
«គណៈកម្មាធិការអចិន្ត្រៃយ៍បានឯកភាពចាំបាច់ត្រូវតែលើកអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង ដើម្បីអាចឲ្យតុលាការសាកសួរព័ត៌មាន ឬបំភ្លឺអំពីសំណួររបស់ព្រះរាជអាជ្ញា ឬរបស់ចៅក្រមស៊ើបអង្កេតទៅតាមអ្វីដែលមានចែងនៅក្នុងប្រធានបទនៃពាក្យបណ្តឹង»។
លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីសម្រេចលើអភ័យឯកសិទ្ធិរបស់លោកចាន់ ចេងនេះនឹងត្រូវដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាអនុម័តនៅសប្តាហ៍ក្រោយ។ គណបក្សប្រជាជនដែលគ្រប់គ្រងអំណាចមានសមាជិកសភាចំនួន៩០រូប ខណៈដែលគណបក្សសម រង្ស៊ី មាន២៦រូប គណបក្សសិទ្ធិមនុស្សមាន៣រូប គណបក្សហ៊្វុនស៊ិនប៉ិចមាន២រូប និងគណបក្សនរោត្តម រណឫទ្ធីមាន២រូប។
លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកណ្តាល បានថ្លែងថា ការសម្រេចព្យួរអភ័យឯកសិទ្ធិសភារបស់លោកនេះគឺជារឿងអយុត្តិធម៌សម្រាប់រូបលោក ហើយវាជារឿងសោកស្តាយខ្លាំងណាស់ពីព្រោះរឿងនេះគឺជារឿងមេធាវី កូនក្តីរបស់មេធាវី និងចៅក្រមប៉ុណ្ណោះ។
«ខ្ញុំគ្មានពាក់ព័ន្ធនឹងអ្វីដូចការចោទប្រកាន់ហ្នឹងទេ ហើយខ្ញុំមានការសោកស្តាយ បើរឿងហ្នឹងមានការចោទប្រកាន់ខ្ញុំបែបនេះ។ ចំពោះបញ្ហាលើកអភ័យឯកសិទ្ធិនេះ វាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ពីព្រោះខ្ញុំអត់បានធ្វើអ្វីខុសឆ្គងអំពីបញ្ហាផ្លូវច្បាប់ទេ»។
លោក អ៊ូ វីរៈ ប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាវាជារឿងមិនសមនឹងកើតឡើងទេ។
«មានអភ័យឯសិទ្ធិមិនសូវជាការពារប៉ុន្មានទេ សម្រាប់តំណាងរាស្ត្រគណបក្សប្រឆាំង។ វាជាការព្រួយបារម្ភ។ នេះគ្រាន់តែជាភស្តុតាងមួយបន្ថែមទៀតថាការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលគាបសង្កត់ទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគឺនៅតែមានបន្តអញ្ចឹង»។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងបានបញ្ជាក់ថា ក្រុមតំណាងរាស្ត្រគណបក្សសម រង្សី បានថ្កោលទោសចំពោះការព្យួរអភ័យឯកសិទ្ធិ និងការចោទប្រកាន់លោកចាន់ ចេងនេះ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានព្យួរអភ័យឯកសិទ្ធិសភារបស់លោក ដោយសារលោកត្រូវបានចោទប្រកាន់ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឆ្នាំ២០០៦។ តំណាងរាស្ត្រគណបក្សសម រង្សី លោកស្រី មួរ សុខហួរ និង លោក ហូ វ៉ាន់ ក៏ត្រូវបានព្យួរអភ័យឯកសិទ្ធិពីបទពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការប្រមាថសញ្ញាបត្រថ្នាក់បណ្ឌិតរបស់ក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានៅក្នុងឆ្នាំ២០០៩៕