សមាជ​ជាតិ​ជា​កេរ​តំណែល​ដ៏ល្អ​របស់​ព្រះ​មហាវីរក្សត្រ​

ស្ត្រីម្នាក់យំនៅខាងក្រៅព្រះបរមរាជវាំង។

​ភ្នំពេញ
អ្នក​កាន់​ព្រះរាជ​មរណៈ​ទុក្ខ​ចំពោះ​អតីត​ព្រះ​មហា​វីរ​ក្សត្រនរោត្តម​សីហនុ ​ដែល​បាន​យាង​ចូលទិវង្គត​កាល​ពី​ពេល​ថ្មីៗ​នេះ ​និយាយ​ថា ​ពួកគេ​ចង់​ឃើញ​ការ​បន្ត​ស្នាព្រះហស្ថ​របស់​ព្រះអង្គ​មួយ​ គឺ​ការ​ធ្វើ​សមាជ​ជាតិ ​ដែលអនុញ្ញាត​ឲ្យ​ប្រជាជន​លើកឡើង​ជា​សាធារណៈ​នូវ​បញ្ហា​និងទុក្ខ​កង្វល់​ផ្សេងៗរបស់​ពួក​គេ​ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ។

ខណៈ​ដែល​ព្រះ​បរម​សព​របស់​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហនុ ​ដែល​បាន​សោយ​ទិវង្គត​កាលពី​ពេល​ថ្មីៗ​នេះ​ កំពុង​កម្តល់​នៅក្នុង​ព្រះ​បរម​រាជវាំង​នោះ​ ប្រជានុរាស្ត្រ​ជា​ច្រើនដែល​កំពុង​កាន់​ទុក្ខ ​នៅតែ​ចងចាំ​កេរ​តំណែល​ដ៏ល្បីល្បាញ​មួយ​របស់​ព្រះអង្គ​គឺ​ការ​ធ្វើ​សមាជ​ជាតិ។​

អ្នក​ស្រី ​ប៊ុន រាវី​គឺ​ជា​គ្រូ​ពេទ្យ​ឆ្មប​ម្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។​

អ្នក​ស្រីរំឭក​ឡើង​វិញ​ថា ​សមាជ​ជាតិ​នោះ​អនុញ្ញាត​ឲ្យ​ប្រជាជន​លើក​ឡើង​នូវ​បញ្ហា​និង​ទុក្ខ​កង្វល់​នានា​ជាសាធារណៈ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ។​

«វា​ជា​ចំណុច​ដែល​ល្អ​បំផុត ​ហើយ​គ្មាន​អ្វី​ដែល​ជា​អាថ៌​កំបាំង។ ​កន្លែង​ត្រង់​ហ្នឹង ​ឃើញ​ថា​ ហ៊ាន​និយាយ​ ហ៊ាន​ថា​ ហ៊ាន​ធ្វើ ​ហ៊ាន​កសាង​តែ​ម្តង។​ ឃើញ​ការ​គ្រប់គ្រង​កន្លែងហ្នឹង​ដែល​អ្នក​ដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត​គួរ​តែ​ចាប់អារម្មណ៍​ដែរ»។​

អតីត​ព្រះ​មហាក្សត្រ​នរោត្តម ​សីហនុទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​សម្តែង​ការ​កើត​ទុក្ខ​មិនសុខចិត្ត​នានា​ជា​សាធារណៈ​ ហើយ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ ឆ្លើយ​តប ​និង​ដោះ​ស្រាយ​នៅក្នុង​សមាជជាតិ​ ដែល​គេ​រៀបចំ​ឡើង​រៀងរាល់​៦​ខែម្តង​ ដោយ​មាន​ព្រះអង្គ​គង់​ជា​ព្រះ​ប្រធាន​ផ្ទាល់។​

លោក​ ប៉ូច គ្រី ធ្លាប់​បាន​ចូលរួម​នៅក្នុង​អង្គ​សមាជ​ជាតិ​នោះ​ដែរ ​នៅ​ពេល​ដែល​លោក​នៅ​ធ្វើការងារ​នៅ​ក្នុង​រោងចក្រ​មួយ​របស់​រដ្ឋក្នុង​របប​សង្គម​រាស្រ្ត​និយម​នា​អំឡុង​ទសវត្ស​១៩៦០។​

មន្ត្រី​ចូល​និវត្តន៍​វ័យ​៧៤​ឆ្នាំ​រូប​នេះ​និយាយ​ថា ​វា​ជា​ការ​ប្រសើរ​មែន​ទែន​ ប្រសិន​បើ​មាន​វេទិការ​សាធារណៈ​បែប​នេះ​ទៀត​នោះ។​

«សមាជ​ជាតិ​ហ្នឹង​គឺ​ល្អ​មែនទែន​តែម្តង។​ បើមាន​សមាជជាតិ​កាលណា​ ហើយ​អ្នក​ដឹកនាំ​ដោះស្រាយ​គឺ​ថា ​មហាល្អ ​ព្រោះ​ដោះ​ស្រាយ​អញ្ចឹង​ទៅ​គឺ​ថា ​ប្រជារាស្ត្រ​ស្ងប់ចិត្ត​ហើយ។ ​ខុស​ក្តី​ ត្រូវ​ក្តី​គឺ​ប្រជារាស្ត្រ​អស់ចិត្ត​ថា ​អញ​បាន​គេ​ដោះស្រាយ​ឲ្យ​មែន គេ​បកស្រាយ​ឲ្យ​មែន ​ថា អញ​ខុស​រឿង​អញ្ចេះ​ អញ​ត្រូវ​រឿង​អញ្ចេះ»។​

រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣​បាន​កំណត់​ឲ្យ​មាន​វេទិការ​សាធារណៈ​បែប​នេះ ដោយ​ចែង​ថា​ សមាជ​ជាតិ​ត្រូវ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង ​តាម​ការ​កោះ​អញ្ជើញ​ពី​នាយក​រដ្ឋ​មន្ត្រី​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​លើក​ឡើង​នូវ​បញ្ហា​និង​សំណូម​ពរ​នានា​ ដើម្បី​ឲ្យ​អាជ្ញាធរ​រដ្ឋ​ដោះស្រាយ។​

ប៉ុន្តែ​សមាជ​ជាតិ​នេះ​មិន​ដែល​កើត​ឡើង​ទេ​នៅក្រោម​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​

ផ្ទុយ​ទៅ​វិញ ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​កែ​ប្រែ​ជាច្រើន​លើក​ ដោយ​ចុង​ក្រោយ​បាន​ចែង​ថា​ ក្នុង​ករណី​ចាំបាច់ ​រដ្ឋ​

សភា​និង​ព្រឹទ្ធសភា​អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ។​
លោក​ផៃ ស៊ីផាន​គឺ​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បច្ចុប្បន្ន។​

«សមាជជាតិ​ហ្នឹង​មិនមែន​ជា​សេចក្តី​ត្រូវការ​ទេ។​ ហេតុអ្វី? ​ព្រោះ​យើង​មិន​ធ្វើ​សន្និបាត​បក្ស​ដែល​មាន​បក្ស​តែ​មួយ​ដូច​សង្គម​រាស្ត្រ​និយម​ទេ​ គឺ​យើង​មាន​បក្ស​ច្រើន ​ដែល​ជា​ពហុ​បក្ស​ហ្នឹង។​ សន្និបាត​បក្ស​នីមួយៗ​ គេ​ធ្វើ​អ្វី​ទៅ​តាម​គោល​នយោបាយ​បក្ស​នីមួយៗ ​ក្នុង​ការ​ប្រកួត​ប្រជែង​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​បោះ​ឆ្នោត​ឲ្យ។ ​ហើយ​យើង​ឃើញ​ថា ​កាល​របប​មុន​ហ្នឹង​ យើង​ឃើញ​ព្រះ​មហាក្សត្រ ​លោក​ឈរ​ជា​តុលាការ ​ជា​ចៅក្រម​ក្នុង​ការ​វិនិច្ឆ័យ។ ​ដូច្នេះ​ យើង​ឃើញ​ថា ​មហាក្សត្រ​បច្ចុប្បន្ន ​លោក​មិន​មែន​ជា​ចៅ​ក្រម​ទេ។ ​លោក​គ្រាន់​តែ​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម»។​

យ៉ាង​ណាក៏​ដោយ ​អ្នក​ស្ងើច​សរសើរ​របប​សង្គម​រាស្ត្រ​និយម​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាក្ស​វីរ​ត្រ​នរោត្តម​សីហនុ ​និយាយ​ថា ​ការ​មាន​សមាជ​ជាតិ​នឹង​ជួយ​រំឭក​ដល់​មេដឹកនាំ​ប្រទេស​ ឲ្យ​ចាំ​ថា ​ការងារ​របស់​ពួក​គេ​គឺ​បម្រើ​ប្រជា​ពលរដ្ឋ។​

លោក នន់ លុច​គឺជា​អ្នក​គាំទ្រម្នាក់​ចំពោះ​ស្នាព្រះហស្ថ​នេះ​របស់អតីត​ព្រះ​មហា​វីរ​ក្សត្រ​នរោត្តម​សីហនុ។​
«វា​ប្រៀប​ដូច​ជា​ការ​ដាស់​តឿនកុំ​ឲ្យយើង​ភ្លេច​ខ្លួន ​កុំ​ឲ្យ​អ្នក​នយោបាយ​ភ្លេច​ខ្លួន»។​
លោក​បន្ថែម​ថា​ ឥឡូវ​ វា​ល្មម​ដល់​ពេល ​ដែល​ប្រជាជន​កម្ពុជា​មក​ពី​គ្រប់​ភាគី​និង​ស្រទាប់​វណ្ណៈ ​រួមគ្នា​បម្រើ​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល​ហើយ​ ដោយ​ការ​បន្ត​កេរ​តំណែល​ពី​អតីត​ព្រះមហា​វីរ​ក្សត្រ​ នរោត្តម​សីហនុ​នោះ៕​