រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​ជី​និង​ថ្នាំ​កសិកម្ម

លោកសម សុធារិទ្ធិ និងកសិដ្ឋាន​បន្លែរបស់គាត់​ក្នុង​ប្រទេសកម្ពុជា។

ទោះ​បី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​សម​ រង្ស៊ី​មិន​បាន​ចូលរួមក៏ដោយ ក៏​នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​ប្រើប្រាស់​ថ្នាំ ​និង​ជី​កសិកម្ម​ដែរ។

ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម ​និង​ជី​កសិកម្ម​នេះ មាន​១១៩​មាត្រា​ដែល​អនុញ្ញាត​រដ្ឋាភិបាល​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម ​ការ​នាំ​ចេញ ​ការ​នាំចូល ​និង​ការ​ប្រើប្រាស់​ថ្នាំ ​និង​ជី​កសិកម្ម​ ឲ្យ​បាន​ប្រសើរ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ពី​ការ​ប្រើប្រាស់​ថ្នាំ​ និង​ជី​កសិកម្ម។

លោក ​ច័ន្ទ​ សារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​សភា​ថា​ ការ​អនុម័ត​ច្បាប់​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​របស់​ប្រជាជាតិ ​និង​សហគមន៍​អន្តរជាតិ។

លោក ​ច័ន្ទ​ សារ៉ុន ​បាន​បញ្ជាក់​ថា ក្រសួង​កសិកម្ម​នឹង​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម ​ដើម្បី​ផលប្រយោជន៍​លើក​ស្ទួយ​សន្តិសុខ ​និង​សុវត្ថិភាព​ស្បៀង ​ព្រម​ទាំង​សុខភាព​សាធារណៈ​និង​ការ​រក្សា​និរន្តរភាព​នៃ​បរិស្ថាន។

លោក​ ឈាង ​វុន​ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​សភាយ៉ាង​ដូច្នេះ​ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​តែងតែ​មាន​ការ​ព្រួយបារម្ភ​អំពី​ចំណី​អាហារ​ដែល​មាន​ជាតិពុល ហើយ​សង្ឃឹម​ថា​ច្បាប់​នេះ ​នៅ​ពេល​ចូល​ជា​ធរមាន​នឹង​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ»

លោក ​ច័ន្ទ​ សារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​បន្ថែម​ថា​ លោក​ទទួល​យក​អនុសាសន៍​ទាំង​អស់​របស់​តំណាងរាស្ត្រ​ទៅ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។

«យោបល់​ដ៏​មាន​សារៈសំខាន់​ដែល​ស្តែងចេញ​ពី​វាគ្មិន​នៃ​អង្គប្រជុំ​សភា​ទាំង​មូល​ ពិត​ជា​បាន​បន្ថែម​នូវ​គុណភាព ​និង​សុក្រឹត្យភាព​ដល់​អត្ថបទ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំ ​និង​ជី​កសិកម្ម​ឲ្យ​កាន់​តែ​ល្អ​ប្រពៃ ​សម្រាប់​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធិភាព​ និង​ភាព​សក្តិសិទ្ធិ​ក្នុង​ការគ្រប់គ្រង​ថ្នាំ ​និង​ជី​កសិកម្ម ​ដើម្បី​ផលប្រយោជន៍​សង្គម ​សេដ្ឋកិច្ច​ និង​បរិស្ថាន»

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាង​ច្បាប់​នេះ​ ថា​នៅ​តែ​មាន​អំពើ​ល្មើស​ច្បាប់​នៅ​ក្នុងប្រព័ន្ធ​ចែកចាយ​សម្ភារៈ​កសិកម្ម​បច្ចុប្បន្ន ដោយ​សម្ភារៈ​កសិកម្ម​មួយ​ចំនួន​នៅ​តែ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ជិត​ខាង ​និង​ចរាចរណ៍​លើ​ទីផ្សារ​ដោយ​គ្មាន​ការ​ធានា​គុណភាព ​ជាពិសេស​ស្លាក​សញ្ញា​ព័ត៌មាន​លើ​សំបក​វេចខ្ចប់​ភាគច្រើន​ជា​ភាសាបរទេស​ដែល​កសិករ​មិន​អាច​យល់​បាន។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​បន្ថែម​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១០ កម្ពុជា​បាន​អនុញ្ញាត

ឲ្យ​នាំចូល​ជី​កសិកម្ម​ប្រមាណ​១៧០.០០០​តោន​ក្នុង​មួយ​ឆ្នាំ ​និង​ថ្នាំ​កសិកម្ម​ប្រមាណ​៦០០​តោន​ក្នុង​មួយ​ឆ្នាំ។ ​ដោយឡែក​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០១១​នេះ កម្ពុជា​ត្រូវ​ការ​នាំចូល​ជី​កសិកម្ម​១៥១.០០០​តោន ​និង​ថ្នាំ​កសិកម្ម​១.៧០០​តោន។ ផ្អែក​តាម​សក្តានុពល​នៃ​ផលិតកម្ម​កសិកម្ម​ចំពោះ​មុខ ​តម្រូវ​ការ​ជី​កសិកម្ម​អាច​កើន​ឡើង​ដល់​២៥០.០០០​តោន ​ទៅ​៣០០.០០០​តោន​ក្នុង​មួយ​ឆ្នាំ។

លោក ​យ៉ង់ ​សាំងកុមា ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ បាន​ថ្លែង​ថា ច្បាប់​នេះ​ជា​ច្បាប់​ល្អ​សម្រាប់​ជៀសវាង​ការ​ជួញដូរ​ ការ​លក់ ​ការ​ប្រើប្រាស់​ថ្នាំ​ពុល​ខុស​ច្បាប់​ ដែល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

«មាន​ច្បាប់​នេះ ​យើង​សង្ឃឹម​ថា កុំ​ឲ្យ​ថ្នាំ​ពុល​ខុស​ច្បាប់​ ជាពិសេស​ថ្នាំ​ដែល​គ្រោះថ្នាក់​ខ្លាំង​ត្រូវ​បាន​ប្រើប្រាស់ ​និង​ជួយ​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ជួញដូរ​ជី​គីមី​ដែល​ក្លែងក្លាយ។ វា​ជា​ការ​ល្អ​ណាស់​ដែល​យើង​មាន​ច្បាប់​នេះ​ ហើយ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ល្អ»

លោក ​ប្រាជ្ញ​ ប៊ុនធឿន​ អនុប្រធាន​សមាគម​កសិករ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ បាន​បញ្ជាក់​ថា​ខ្លឹមសារ​នៃ​ច្បាប់​នេះ​គឺ​ល្អ ​ប៉ុន្តែ​លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ការ​អនុវត្ត​ច្បាប់​នេះ​មិន​បាន​ពេញលេញ។

«ច្បាប់​នេះ​អនុម័ត​ហើយ។ ​ការគោរព​ច្បាប់​នេះ​មិន​បាន ​ហើយ​ការ​អនុវត្ត​អត់​បាន​ដល់​គោលដៅ។ ​បើ​ការ​អនុវត្ត​បាន​ដល់​គោលដៅ​មែន ​សេដ្ឋបរិស្ថាន​របស់​យើង​នឹង​រីកចម្រើន​ឡើង​វិញ។ យើង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ជីវៈចម្រុះ​របស់​យើង​កើត​ឡើង​វិញ»