ភ្នំពេញ៖តំណាងរាស្រ្តកម្ពុជាមូរ សុខហួរ គឺជាសមាជិកនៃស្រ្តីជំនាន់ថ្មី ដែលកំពុងត្រួសត្រាយផ្លូវចូលទៅក្នុងប្រព័ន្ធនយោបាយនៃសង្គមអាស៊ីដែលបុរសមានអំណាចលើសលុប ពីក្រុមប្រឹក្សាមូលដ្ឋានទៅសភាជាតិ និងតួនាទីនៅក្នុងគណរដ្ឋមន្ត្រី។ ដូចអ្នកប្រឆាំងនៅក្នុងប្រទេសជាច្រើនដែរ លោកស្រីដឹងថា ខ្លួនលោកស្រីកំពុងប្រឈមនឹងបញ្ហាថ្មីមួយ គឺប្រយុទ្ធដើម្បីសេរីភាពរបស់លោកស្រីផ្ទាល់ ខណៈដែលលោកស្រីក្រោកឈរប្រយុទ្ធដើម្បីសិទ្ធិអ្នកដទៃ។
លោកស្រីមូរ សុខហួរចាប់ផ្តើមជីវិតនយោបាយដោយធ្វើការជាមួយរដ្ឋាភិបាលក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ប៉ុន្តែខណៈដែលការអំពាវរបស់លោកស្រីសុំឲ្យមានសមភាពយ៉េនឌ័រ និងសិទ្ធិមនុស្សរីកកាន់តែធំឡើង លោកស្រីបានសម្រេចថា នៅក្នុងរដ្ឋាភិបាលគ្មានឱកាសគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការរបស់លោកស្រីទេ។
«ខ្ញុំព្យាយាម។ ខ្ញុំព្យាយាម។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំត្រូវតែជំរុញឲ្យកាន់តែខ្លាំងជាងនេះ ជំរុញពីខាងក្នុង។ ប្រសិនបើខ្ញុំត្រូវជំរុញខ្លាំងពីខាងក្នុង ខ្ញុំនឹងត្រូវគេបំបិទមាត់»។
លោកស្រីមូរ សុខហួរ បានចូលរួមជាមួយគណបក្សប្រឆាំងដែលមានសម្លេងនៅក្នុងសង្គមកម្ពុជា ប៉ុន្តែមានឥទ្ធពលតិចតួចនៅក្នុងរដ្ឋាភិបាលមួយដែលគ្រប់គ្រងដោយមនុស្សតែម្នាក់អស់រយៈពេលជិត៣០ឆ្នាំមកហើយ។ លោកស្រីបានបង្ហាញឆន្ទៈក្នុងការប្រឆាំងទល់នឹងរដ្ឋាភិបាល។
នាពេលថ្មីៗនេះ លោកស្រីត្រូវបានជាប់ដៃនឹងរឿងក្តីក្តាំបរិហារកេរ្តិ៍ដ៏ចម្លែកជាមួយនឹងលោកនាយករដ្ឋមន្រ្តី ដែលក្នុងរឿងក្តីក្តាំនោះ លោកស្រីជាអ្នកចាញ់ក្តី។
រឿងក្តីនោះចាប់ផ្តើមកាលពីខែមេសាឆ្នាំកន្លងទៅនេះ នៅពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងសុន្ទរកថាមួយដែលក្នុងនោះលោកបាននិយាយថា ស្រ្តីម្នាក់ពីខេត្តកំពត ជាមណ្ឌលដែលលោកស្រីមូរ សុខហួរ ជាអ្នកជាតំណាងរាស្រ្ត បានប្រឡេះឡេវអាវខ្លួនឯងជាសាធារណៈ។ លោកហៅស្រី្តនោះថា ជាស្រីជើងខ្លាំងដែលមនុស្សខ្លះចាត់ទុកថា ជាពាក្យសំដីប្រមាថមើលងាយ។
«”ជើងខ្លាំង” នៅក្នុងបរិបទកម្ពុជា គឺជាមនុស្សគឃើ្លន ហើយការដែលលាបពណ៌ឲ្យស្រ្តីខ្មែរថា ជាមនុស្សគឃ្លើន គឺមើលទៅមិនល្អទេក្នុងសង្គម»។
លោកស្រីមូរ សុខហួរ បានប្តឹងលោកនាយករដ្ឋមន្ត្រីពីបទបរិហារកេរ្តិ៍។ បន្ទាប់មកលោកហ៊ុន សែនបានប្តឹងតបវិញ ហើយសភាបានដកអភ័យឯកសិទ្ធិសភារបស់លោកស្រី។ តុលាការដែលត្រូវបានមើលឃើញជាទូទៅថា មិនមានឯករាជ្យភាព បានទាត់ចោលបណ្តឹងរបស់លោកស្រីមូរ សុខហួរ ហើយបានកាត់ឲ្យលោកស្រីបង់ប្រាក់ពិន័យចំនួន$៤០០០ពីបទបរិហារកេរ្តិ៍ លោកហ៊ុន សែន។ លោកស្រីមូរ សុខហួរ និយាយថា លោកស្រីសុខចិត្តជាប់ពន្ធនាគារជាជាងបង់ប្រាក់ពិន័យនោះ។
«យើងត្រូវតែអាចមានលទ្ធភាពផ្តល់សារដ៏ខ្លាំងមួយទៅលោកនាយករដ្ឋមន្រ្តីថា អ្វីៗទាំងអស់ដែលគាត់ធ្វើមិនសុទ្ធតែអាចទទួលយកបាននោះទេ»។
យុទ្ធសាស្រ្តរបស់លោកស្រីបានទាញការយកចិត្តទុកដាក់ និងការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ។ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់កិច្ចការសិទ្ធិមនុស្ស នាពេលថ្មីៗនេះឲ្យដឹងថា ដំណើរការកាត់សេចក្តីរឿងបរិហារកេរ្តិ៍ប្រឆាំងនឹងលោកស្រី មូរ សុខហួរ បង្ហាញអំពីការសឹករិចរិលដល់កម្រិតប្រកាសអាសន្នមួយនៃការបញ្ចេញមតិដោយសេរី និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
កាលបរិច្ឆេទកំណត់សម្រាប់ការបង់ប្រាក់ពិន័យរបស់លោកស្រីមូរ សុខហួរ បានកន្លងហួសទៅហើយ តែលោកស្រីនៅតែមានសេរីភាពនៅឡើយ។
លោកហង់ ឆាយា ជានាយប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាអង្គការក្រៅរដ្ឋាភិបាលនៅរាជធានីភ្នំពេញ ដែលបានធ្វើការផ្តោតទៅលើនយោបាយ។ លោកនិយាយថា លោកស្រីមូរ សុខហួរ ប្រើប្រាស់រឿងក្តីនេះប្រកបដោយជំនាញ បានល្អជាងលោកនាយករដ្ឋមន្រ្តី។
«គូរបក្ខដិបក្ខទាំងពីរប្រកាន់ជំហរខ្លាំងណាស់ពីដំបូង។ ខ្ញុំមានអារម្មណ៍ថា លោកនាយករដ្ឋមន្ត្រីទទួលប្រឹក្សាខុសក្នុងរឿងនេះ»។
តុលាការកម្ពុជាបានជូនដំណឹងទៅលោកស្រីមូរ សុខហួរថា ខ្លួននឹងកាត់ប្រាក់ខែរដ្ឋសភារបស់លោកស្រី។
លោកហង្ស ឆាយា និយាយថា លោកហ៊ុន សែនប្រហែលមានអារម្មណ៍ថា ការដាក់គុកអ្នកប្រឆាំងរបស់លោកអាចនឹងមានផលប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។
លោកសុខ សំអឿន គឺជាប្រធានគម្រោងអ្នកការពារសិទ្ធិកម្ពុជា ដែលជាអង្គការជំនួយផ្នែកច្បាប់នៅភ្នំពេញ។ លោកនិយាយថា រឿងក្តីនេះបានបង្ហាញចំណុចខ្វះខាតមួយចំនួនរបស់ប្រព័ន្ធតុលាការ។
«ចំណុចមួយនោះគឺថា វាអាចបង្ហាញថា រដ្ឋាភិបាលចង់ប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើការគំរាមកំហែងអ្នកទាំងឡាយណាដែលរដ្ឋាភិបាលចង់គំរាម។ ចំណុចមួយទៀតគឺថា ប្រព័ន្ធតុលាការខ្សោយ មិនឯករាជ្យ ពីព្រោះប្រព័ន្ធតុលាការងាយនឹងត្រូវបានប្រើជាឧបករណ៍សម្រាប់គំរាមកំហែងមនុស្ស»។
លោកសុខ សំអឿននិយាយថា រឿងក្តីនេះមានផលចំណេញផ្នែកច្បាប់មួយ។ វាបានកំណត់អទិភាពមួយដែលថា ប្រាក់ពិន័យដែលបញ្ជាដោយតុលាការ អាចនឹងបង់ ដោយមិនចាំបាច់ប្រឈមនឹងការជាប់ពន្ធនាគារ។
លោកមូរ សុខហួរ និយាយថា លោកស្រីមិនជឿថា លោកនាយរដ្ឋមន្រ្តីចាញ់ក្តីនោះទេ ប៉ុន្តែលោកស្រីទទួលស្គាល់ថា រដ្ឋាភិបាលនឹងគិតឡើងវិញអំពីការប្រើប្រាស់តុលាការដើម្បីគំរាមអ្នកប្រឆាំងរបស់ខ្លួននាពេលអានគត៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ