មន្ត្រី​MRC ​អះអាង​ថា​ឡាវ​នៅ​បន្ត​សាងសង់​ទំនប់​សាយ៉ាប៊ូរី

សាយ៉ាប៊ូរី

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​បាន​បញ្ជាក់​អះអាង​ថា ​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី ​ដ៏​ចម្រូង​ចម្រាស់​កំពុង​បន្ត​សាងសង់​មែន​ហើយ​ទំនប់​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ខាងផ្នែក​បរិស្ថាន​ដល់​អ្នក​រស់​នៅ​ពឹង​លើ​ផល​នៃ​ទន្លេ​នេះ។
សេចក្ដី​អះអាង​នេះ​ស្របគ្នា​ទៅនឹង​លោក​ភ្លូ ទ្រីស្វីសវ៉ាវ៉េត(Plew Trisvisvavet) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​ឆ កាន​ឆាង (Ch Karnchang Plc) ​របស់​ប្រទេស​ថៃ​ដែល​វិនិយោគ​រួម​ជាមួយ​រដ្ឋាភិបាល​ឡាវ ​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ពីរ​សប្តាហ៍​មុន​ថា ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​Xayaburi លើ​ដង​ទន្លេមេគង្គ​បាន​ចាប់ផ្តើម​ហើយ។

លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន (Surasak Glahan)​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ បាន​ប្រាប់​វី​អូ​អេ​ខេមរៈភាសា​ថា​«មាន​ជំហាន​រៀបចំ​ជឿនលឿន​ទៅមុខ»​ក្នុង​ការ​បង្កើត​ទីតាំង​សំខាន់​របស់​ទំនប់​វារី​អគ្គិសនី​និង​ការជីក​កកាយ​ដី​ក្នុង​អាង​ទន្លេ​និង​ជុំវិញ​ទន្លេ​មេគង្គ​បាន​ចប់​រួចរាល់​ហើយ។

ការបញ្ជាក់​របស់​លោក​ដោយ​ផ្អែក​លើ​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កាលពី​ពាក់​កណ្តាល​ខែកក្កដា​រប​ស់​គណៈប្រតិភូ​ចំរុះ​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដែល​ក្នុងនោះ​មាន​អ្នកការទូត ​មន្ដ្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេ​មេគង្គ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​និង​ដៃគូ​ភាគហ៊ុន​នៃ​ការវិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​នេះ។

លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​ឲ្យ​ដឹង​តាម​សារ​អេឡិកត្រូនិក​កាលពី​ចុង​សប្តាហ៍​មុន​ថា ​មានការ​កសាង​និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ជុំវិញ​និង​ទៅកាន់​ទំនប់​នោះ។

លោក​Plew Trisvisvavet ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឆ កាន​ឆាង​នៅតែ​មិនអាច​ធ្វើ​ទំនាក់​ទំនង​បាន​ដោយសារតែ​លោក​មិន​ឆ្លើយតប​នឹង​សារ​អេឡិកត្រូនិក​របស់​វី​អូ​អេ​ជា​ខេមរភាសា​ដែល​បាន​ផ្ញើជូន​លោក​រយៈពេល​មួយ​សប្តាហ៍​មកហើយ។

លេខា​ម្នាក់​របស់​លោក​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​លោក​កំពុង​ជាប់រវល់។
«ឥឡូវនេះ​មិនទាន់​មាន​ចម្លើយ​ទេ។ គាត់​កំពុងតែ​គិត​ពិចារណា។ គាត់​មិន​នៅក្នុង​ការិយាល័យ​ទេ»។

ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ Xayaburi ​នឹង​ត្រូវ​ចំណាយ​នូវ​ទឹកប្រាក់​ចំនួន​៣.៥០០ ​លាន​ដុល្លារ​អាមេរិក។ វា​នឹង​ក្លាយជា​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​សរុប​ចំនួន១១ ​ដែល​ស្ថិតក្នុង​គម្រោង​សាងសង់​នៅតាម​ដង​ទន្លេ​មេគ្គង។ ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ផ្តល់​ថាមពល​ចំនួន១២៨៥ ​មេហ្គា​វ៉ា​ត់ ហើយ​វា​នឹងធ្វើ​ឲ្យ​ប្រទេស​ឡាវ​មាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​រហូត​ទៅដល់​ចំនួន​ប្រាំពីរ​ក្នុង​ដែនទឹក​របស់​ខ្លួន​គម្រោង​ពីរ​ទៀត​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ​និង​ឡាវ រីឯ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ពីរ​ស្ថិតនៅ​ដង​ទន្លេមេគង្គ​កម្ពុជា។

ទន្លេ​ដ៏​វែង​ប្រចាំ​តំបន់​អាស៊ី​នេះ​ហូរ​កាត់​ប្រទេស​ចិន​ ភូមា ថៃ ឡាវ វៀតណាម ​និង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ប្រឆាំង​ជំទាស់​ទៅនឹង​ការសាងសង់​ទំនប់​នេះ​ដោយ​ភ័យខ្លាច​ទទួលរង​ផល​ប៉ះពាល់​ជាច្រើន​មកលើ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​ដែលជា​ផ្នែក​ហូរ​ឆ្លងកាត់​ប្រទេស​ទាំងពីរ។ ដោយឡែក​ក្រុម​អ្នកការពារ​បរិ​ដ្ឋា​ន​បាន​វាយ​តម្លៃ​ថា ​សំណង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នេះ​នឹង​បំផ្លាញ​ដល់​បម្លាស់​ទី​របស់​ត្រី ​បម្រែ​បម្រួល​ប្រព័ន្ធ​បរិ​ដ្ឋា​ន (ecology) រួមទាំង​ប៉ះពាល់​ដល់ ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់។

លោក ស៊ូ​រ៉ាសាក់ ហ្គ្លា​ហាន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៃ​ប្រទេស​ឡាវ​បាន​ស្រង់​របាយការណ៍​នៃ​លេខាធិការដ្ឋាន​របស់​លោក​កាលពី​ខែ​មិនា​ ឆ្នាំ២០១១ ​ថា ពូជ​ត្រី​ពី២៣ ទៅ១០០​ ប្រភេទ​ទំនងជា​នឹង​ទទួលរង​ផលប៉ះពាល់​ពីព្រោះ​តែ​ល្បាក់ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​នៅ​ខ្សែទឹក​ខាងលើ​នៃ​ទីក្រុង​វៀង​ច័ន្ទ​ដោយ​រាប់ទាំង​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ផង​ដែរ។ ផល​ត្រី​នឹង​ធ្លាក់ចុះ​រហូត​ដល់​៦៦.០០០តោន​ក្នុង​មួយ​ឆ្នាំ។ជាង​នេះ​ទៀត​ ៣៩​ភាគរយ​នៃ​ជម្រក​ត្រី​របស់​គាត់​ដែល​តែងតែ​ធ្វើការ​បម្លាស់​ទី​នឹង​ត្រូវ​រាំង​ខ្ទប់​ហើយ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៤៥០.០០០ នាក់​អាច​ទទួលរង​ហានិភ័យ។

កាលពី​ខែធ្នូ ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ព្រមព្រាងគ្នា​ឲ្យ​ប្រទេស​ជប៉ុន​និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ជួយ​ធ្វើការ​សិក្សា​លើ​ផលប៉ះពាល់​មុននឹង​ធ្វើការ​សាងសង់​ទំនប់​នេះ។ ក៏ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​គម្រោងការ​នោះ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ។

លោក​លឹម គានហោ ​រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក​និង​ជា​ប្រធាន​គណៈ​ក​ម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ដ៏​ចម្រូង​ចម្រាស់​នេះ​នៅមុន​ដំណាច់​ឆ្នាំ២០១២​នេះ​ហើយ​លោក​គ្រោង​នឹង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ទន្លេ​មេគង្គ​នេះ​នៅ​កម្រិត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ផងដែរ៕