បុណ្យ​សព ​និង​ការ​គោរព​វិញ្ញាណក្ខន្ធ​​កម្មករ​ស្លាប់​ក្នុង​អណ្តូងរ៉ែ

ពិធី​សូត្រមន្តនៅឯអណ្តូង​រ៉ែ​មួយ ​នៃ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ

យ៉ាង​តិច​មាន​ព្រះសង្ឃ​ចំនួន​បួន​អង្គ ​ព្រមទាំង​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​១០​នាក់​ ដោយ​រាប់​បញ្ចូល​ទាំង​បុគ្គលិក​ជន​ជាតិ​ចិន​មួយ​ចំនួន​ផង ​បាន​ធ្វើ​ពិធី​សូត្រមន្ត ​រំឭក​វិញ្ញាក្ខន្ធ​ដល់​ជន​រងគ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តូង​រ៉ែ​មួយ ​នៃ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ។

កាល​ពី​សប្តាហ៍​មុន​ យ៉ាង​តិច​មាន​កម្មករ​ខ្មែរ​ប្រមាណ​ប្រាំបី​នាក់ ​មក​ពី​ខេត្ត​ក្រចេះ ​ខេត្ត​កំពង់ធំ ​និង​ខេត្ត​ព្រៃវែង​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តូង​រ៉ែ​មួយ ​ក្នុង​ចំណុច​អូរត្រូន​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​អូរ ​ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ។

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា ​មូលហេតុ​នៃ​ការ​ស្លាប់​បង់​ជីវិត​នេះ​ ដោយសារ​តែ​មាន​កម្មករ​ជន​ជាតិ​ចិន​បាន​បំផ្ទុះ​គីប​ដើម្បី​យក​រ៉ែ​នៅ​ក្នុង​ជម្រៅ​ដី​ប្រមាណ​ជាង​៣០០​ម៉ែត​ រួច​ហើយ​បាន​ប៉ះ​ចំ​ដង្ហើម​ទឹក ​ដែល​បាន​បណ្តាល​ឲ្យ​ទឹក​បាញ់​ចេញ​យ៉ាង​កំហុក ​លាយលំ​ជាមួយ​នឹង​កម្ទេច​ថ្ម​ ដែល​ធ្វើ​ឲ្យ​កម្មករ​ចំនួន​ប្រាំបី​នាក់ស្លាប់​យ៉ាង​អណោចអាធ័ម ​ដោយសារ​តែ​ការ​ឆ្លក់​ទឹក។

សាក្សី​ឃើញ​ផ្ទាល់ភ្នែក​បាន​ឲ្យ​និយាយ​ថា ​មាន​តែ​កម្មករ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​បាន​រួច​ជីវិត​គឺ​កម្មករ​ខ្មែរម្នាក់ ​និង​កម្មករ​ជន​ជាតិ​ចិនម្នាក់។ ​នៅ​ចង្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត​ពី​ទី​រួម​ខេត្ត​ក្រចេះ ​អណ្តូង​រ៉ែ​ដែល​ធ្វើ​អាជីវកម្ម​ដោយ​ជន​ជាតិ​ចិន​ មាន​ការ​ដាក់​កុងត្រូល​យ៉ាង​តឹងរឹង​ ដែល​យាម​កាម​ដោយ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ។

ថ្ងៃ​ព្រហស្បតិ៍នេះ​គឺ​ជា​ថ្ងៃ​គម្រប់​ខួប​៧​ថ្ងៃ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​កម្មករ​ទាំង​ប្រាំបី​រូប។​ នៅ​ចំហៀង​ខាង​ស្តាំ ​ពី​មុខ​អណ្តូង​រ៉ែ ​ពិឃាត​ ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ឧទ្ទិសកុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​នោះ។ ​ពិធី​នេះ​មាន​ឆ្លាក់​រូប​តំណាង​ជន​រងគ្រោះ​ចំនួន​ប្រាំបី​នាក់​ មាន​ទៀន​ធូប ​និង​ក្បាល​ជ្រូក​ ព្រមទាំង​អុច​ទៀន​បំភ្លឺ ​នៅ​តាម​កាំជណ្តើរ​ចុះ​ទៅ​ក្នុង​អណ្តូង​រ៉ែ​ ដែល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ កាល​ពី​សប្តាហ៍​មុន ​ព្រម​ទាំង​អុច​ផាវ​តាម​សាសនា​ចិន​ផង​ដែរ។

«ឲ្យ​គេ​នៅ​ខាង​ក្រោយ​នេះ​សុខ​សប្បាយ។​ បបួល​គ្នា​ទៅ​តាម​ឃុំ ​តាម​ខេត្ត​ឯង​ទៅ។​ កុំ​នៅ​ធ្វើ​អី ​ទាំង​ប្រាំបី​នាក់​ហ្នឹង។ ​កន្លែង​អណ្តូង​រ៉ែ​មាស​ក្រុមហ៊ុន​ហ្នឹង ​ឥឡូវ​សូម​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​អ្នក​ទាំង​ហ្នឹង​ បុគ្គល​ម្នាក់ៗ​ហ្នឹង​ទទួល​យក​នូវ​មន្នុញផល​ពី​ព្រះសង្ឃ​ដែល​បាន​ធ្វើ​គោរព​ដួងវិញ្ញាណ​ក្ខន្ធ​ហ្នឹង​ ឲ្យ​អ្នក​ទាំងអស់​ហ្នឹង ​ទៅ​នៅ​ឋានសុខ ​នៅ​ស្រុក​ភូមិ​កំណើត​របស់​សាកសព​ទាំង​ប្រាំបី​នាក់​ហ្នឹង»។

ព្រះតេជគុណ​ចាន់​ ធី ​ព្រះជន្ម​២៧​ព្រះវស្សា ​គង់នៅ​វត្ត​ស្រែត្រែង ​ឃុំ​ក្បាល​ដំរី ​ស្រុក​សំបូរ​ ដែល​បាន​និមន្ត​មក​ចូលរួម​ពិធី​សូត្រ​មន្ត​នេះ បាន​មាន​សង្ឃដីកា​ថា ​សូម​ឲ្យ​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​កាន់​សុគតិភព។

«កម្មករ ​កាលណា​ដែល​ស្លាប់​ទៅ ​ដោយ​អាណោច​អាធ័ម​គឺ​ស្លាប់​ដោយ​អាឡោះ​អាល័យ។​ អញ្ចឹង​វិញ្ញាណក្ខន្ធ​ វា​អាច​នៅ​ទីនេះ។​ អញ្ចឹង​ ពុទ្ធ​បរិស័ទអញ្ជើញ​មក​ធ្វើ​បុណ្យ​នេះ​ដើម្បី​ឲ្យ​វិញ្ញាណ​ក្ខន្ធ​របស់​ជន​រងគ្រោះ​ហ្នឹង​ សាកសព​ហ្នឹង​ បាន​ទទួល​នូវ​សុគតិភព​ ហើយ​បាន​ស្ងប់​អារម្មណ៍។ ​ឈប់​លង ​ឈប់​អី​គេ​ទៅ»។

ចំណែក​លោក​សួន ​ឃីម ​អាចារ្យ​វត្ត​បាន​បន្ថែម​ទៀត​ថា៖

«បាទ​! ​ពិធី​នេះ​សំខាន់​សម្រាប់​ឧទ្ទិស​វិញ្ញាណ​ក្ខន្ធ​ឲ្យ​សាកសព​ហ្នឹង​ទៅ​កាន់​សុគតិភព​ដើម្បី​រួច​ពី​ទុក្ខ​ភ័យ​អន្តរាយ​ ដែល​បាន​កើត​មាន​នៅ​ក្នុង​ទីការដ្ឋាន​ចិន​នេះ»។

បន្ទាប់​ពី​បញ្ចប់​ពិធី​សូត្រមន្ត​ អាចារ្យ​វត្ត​ព្រម​ទាំង​ប្រជាពលរដ្ឋ ​និង​បុគ្គលិក​ជន​ជាតិ​ចិន​មួយ​ចំនួន​ បាន​ប្រោះ​ទឹកមន្ត​និង​បាច​គ្រាប់​អង្គរ​នៅ​ពី​មុន​អណ្តូង​រ៉ែ។ ​ក្រុម​គ្រួសារ​សាច់​ញាតិ​ ដែល​ស្លាប់​បាត់បង់​ជីវិត​ក៏​បាន​ប្រារព្ធ​ពិធី​គម្រប់​៧​ថ្ងៃ ​ដូច​គ្នា​នេះ​ដែរ​ នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន។

បុគ្គលិក​កម្មករ​ខ្មែរ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ផ្តល់​សំណង​ចំនួន​១៣០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ៕