អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ប៉ះពាល់​សង្គម​និង​បរិស្ថាន

បុរស​ដែល​គេមិនស្គាល់​អត្តសញ្ញាណម្នាក់ដេក​នៅក្រោមផ្ទាំងរូបភាព​ពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រេងមួយ នៅតាមដងផ្លូវ​ក្នុង​ក្រុងភ្នំពេញ (រូបភាពឯកសារ)។

របាយ​ការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​មួយ​ក្រុម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បង្ហាញ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​បញ្ហា​សង្គម​និង​បរិស្ថានជា​ច្រើន។

របាយការណ៍​ស្តី​ពី​ទំនោរ​បច្ចុប្បន្ន​នៃ​ផល​ប៉ះពាល់​លើ​សង្គម​និង​បរិស្ថាន​ពី​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​សិក្សា​ដោយ​អង្គការ​បណ្តាញ​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន ដោយ​ឧស្សាហកម្ម​និស្សារណកម្ម​ដែល​មាន​អង្គការ​ចំនួន​៥៦​ជា​សមាជិក បន្ថែម​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​រង​នូវ​ការ​ប៉ះពាល់​ផ្នែក​សុខភាព ដូច​ជា​ធ្វើ​ឲ្យ​មាន​ជំងឺ​សើ​ស្បែក ​រួម​ទាំង​ការ​ប៉ះពាល់​ដល់​ចំណូល​របស់​ពួក​គាត់ ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​គុណភាព​ដី​ដែល​មិន​អាច​បង្ក​បង្កើន​ផល​ផង​ដែរ។

ក្រុម​អង្គការ​ទាំង​នេះ​បាន​ធ្វើ​ការ​អង្កេត​រយៈ​ពេល​ជាង​២​ឆ្នាំ គិត​ចាប់​ពី​ចុង​ឆ្នាំ​២០០៩​ឆ្នាំ នៅ​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​រតនគីរី មណ្ឌលគីរី ព្រះវិហារ និង ស្ទឹងត្រែង ដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​កំពុង​ដំណើរ​ការ​នៅ​ទី​នោះ។

លោក​ម៉ម សម្បត្តិ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព បាន​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​សិក្សា​ទៅ​លើ​គម្រោង​មួយ​ដែល​ជួយ​ឲ្យ​យល់​ដឹង​កាន់​តែ​លម្អិត​ពី​បច្ចុប្បន្ន និង​សក្តានុ​ពល​ភាព​ហេតុ​ប៉ះពាល់​សង្គម និង​បរិស្ថាន ពី​ការ​រីកដុះដាល​នៃ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម មាន​រ៉ែ ប្រេង និង​ឧស្ម័ន។ ហើយ​លោក​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ទប់ទល់​នឹង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ធនធាន​រ៉ែ​ទាំង​នេះ។

«បើ​សិន​ជា​មិន​មាន​វិធានការ​មេ​ជាក់​លាក់​ណា​មួយ​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​បរិស្ថាន​ទាំង​អស់​នោះ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ទាំង​អស់​នោះ​ទេ ​យើង​ធ្វើ​ឲ្យ​ទាំង​បរិស្ថាន ទាំង​សង្គម​នោះ​មាន​ហានិភ័យ​ច្រើន​កើត​ឡើង​នៅ​ក្នុង​សង្គម ហើយ​សំខាន់​ប្រទេស​កម្ពុជា​យើង​នៅ​ជា​ប្រទេស​ក្រីក្រ ជា​ពិសេស​ប្រជាជន​នៅ​ជនបទ។ ​ប្រសិន​បើ​គាត់​ជួប​ប្រទះ រឿង​ជម្ងឺ​ដង្កាត់​ហើយ​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ស្រែ​ចម្ការ​របស់​គាត់​ទៀត អា​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ក្រីក្រ វា​អាច​ទៅ​ជា​មាន​កាន់​តែកើន​ឡើង។ ដូច្នេះ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា ឲ្យ​បាន​ច្រើន​និង​ខ្ពស់​មែន​ទែន​អំពី​វិធានការ ជា​ពិសេស​ពិនិត្យ​ជាក់​លាក់​ទៅ​លើ​ផែនការ​មេ​នៃ​ការ​កាត់​បន្ថយ​ហានិភ័យ​ទៅ​លើ​បរិស្ថាន»។

របាយ​ការណ៍​ក៏​បាន​បញ្ជាក់​លម្អិត​ដែរ​ថា ការ​សិក្សា​វិភាគ​លើ​គុណភាព​ទឹក​នៅ​ខេត្ត​រតនគីរី និង​មណ្ឌលគីរី​នៅ​រដូវ​ប្រាំង​មាន​សារធាតុ​មួយ​ចំនួន​លើស​ពី​ស្តង់ដា ដូចជា ជាតិដែក Total Suspended Solid។ ​ចំណែក​ឯ​ខេត្ត​ស្ទឹងត្រែង​និង​ព្រះវិហារ​នៅ​រដូវ​វស្សា​មាន​សារធាតុ​លើស​មួយ​ចំនួន​ដូចជា ​ដែក ស៊ីដ្យានាយ​ បារត ​Total Suspended Solid​ ហើយ​នៅ​រដូវ​ប្រាំង​ក៏​មាន​សារធាតុ ​ដែល​លើស​ផង​ដែរ​ដូច​ជា ​ដែក ​កាត់ម៉ូម ​នីកែល​ និង​Total Suspended Solid។

ធាតុ​ទាំង​នោះ​នៅ​ពេល​នេះ​មាន​ការ​លើស​តិចតួច​តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​បើ​សិន​ជា​នៅ​ពេល​ដែល​សកម្មភាព​អាជីវកម្ម​រុក​រក​រ៉ែ​មាន​ការ​ផុលផុស​ ដូច្នេះ​សារធាតុ​គីមី​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​នៅ​អំឡុង​ពេល​រុករក​ដែល​អាច​បណ្តាល​ឲ្យ​សារធាតុ​ទាំង​នោះ​នឹង​បង្កើន​បរិមាណ​ ហើយប្រសិនបើ​នៅ​ពេល​នោះ​មិន​មាន​ការ​គ្រប់គ្រង​បាន​ល្អ​ទេ​ វា​អាច​បង្ក​ឲ្យមាន​ផល​ប៉ះពាល់​ដល់​សុខភាព ​ដូចជា​ជំងឺសើស្បែក​ រលាកក្រពះ ​និង​ធ្វើ​ឲ្យ​ខូច​គុណភាព​ដី​ជា​ដើម។

ការ​បញ្ចេញ​នូវ​របាយ​ការណ៍​ខាង​លើ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្មករ​អណ្ដូង​រ៉ែ​កម្ពុជា​ចំនួន​ប្រាំបី​នាក់​បាន​ស្លាប់​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នៅ​ក្នុង​ខេត្ត​ក្រចេះ។

នៅ​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នេះ​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​ផលប៉ះពាល់​ដែល​បាន​រក​ឃើញ​ទាំង​នេះ​ស្រប​ពេល​ដែល​ការ​រុករក​ និង​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ​នៅ​កម្ពុជា​ទើប​តែ​ចាប់​ផ្តើម​ហើយ​កំពុង​ពង្រីក​សកម្មភាព​កាន់​តែ​ធំ​ឡើងៗ។

លោក​ស៊ាង សុលក្ខណ៍ ​មន្រ្តី​ទំនាក់​ទំនង​ប្រចាំ​តំបន់​អាស៊ីខាងកើត​ អង្គការ​អុកស្វាម ​អាមេរិក ​បាន​ឲ្យ​ដឹង​ថា​ ផល​ប៉ះពាល់​ប្រាកដ​ជា​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ពុជា​អភិវឌ្ឍ​វិស័យ​រ៉ែ​ក្នុង​កម្រិត​ឧស្សាហកម្ម។

«ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ទៅ​ដល់​អស់​លោក​ លោក​ស្រី​ថា​ ពួក​យើង​ឥត​បាន​នៅ​ស្ងៀម​ទេ។ ​យើង​បាន​រៀប​ចំ​ខ្លួន ​ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ។​ យើង​ទាំងអស់​គ្នា​ពិត​ជា​អាច​ដឹង​ថា ​យើង​មិន​អាច​រង​ចាំ​ទាល់​តែ​ពេល​បញ្ហា​កើត​ឡើង​ ទើប​យើង​ស្វែងរក​ដំណោះ​ស្រាយ​នោះ​ទេ។​ យើង​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ ហើយ​ជា​ទូទៅ​ ប្រសិន​បើ​យើង​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​គឺ​យើង​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​ហើយ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ដាញ់ សេរី​ អនុ​ប្រធាន​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាននៃ​ក្រសួង​បរិស្ថាន​បាន​ទទួល​ស្គាល់ថា ​ការ​អភិវឌ្ឍន៍​វិស័យ​រ៉ែ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បរិស្ថាន​ ប៉ុន្ដែ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដំណាល​គ្នា​នោះ​ផង​ដែរ។

«សកម្មភាព​សម្រាប់​វិនិយោគ​ទាំងអស់​ហ្នឹង ​ទាំង​រ៉ែ​ឧស្ម័ន ​និង​ប្រេងកាត​តែង​តែ​ធ្វើ​ឲ្យ​បាត់បង់​ជីវភាព​រស់នៅ​ មុខរបរ​ប្រជាពលរដ្ឋ។ ​អញ្ចឹង​នាយក​ដ្ឋាន​ក៏​ដូចជា​ក្រសួង​បរិស្ថាន​ កំពុង​តែ​មាន​ផែនការ​រៀប​ចំ​អនុក្រឹត្យ​ស្តី​ពី​មូលនិធិ​បរិស្ថាន​ដើម្បី​យក​មក​ស្តារ​បរិស្ថាន​គ្រោះថ្នាក់​ដោយ​សារ​តែ​សកម្មភាព​គម្រោង​ ក៏​ដូចជា​ស្តារ​ព្រៃ​ឡើងវិញ​ ដាំ​ដើម​ឈើ​ឡើងវិញ ​ជួយ​ផ្នែក​ជលផល​និង​ផ្នែក​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត ​ហើយ​មូល​និធិ​សង្គម ​ព្រោះ​ថា​ យើង​ជួយ​ទៅ​ដល់​ជា​ជំនាញ​ចិញ្ចឹមសត្វ​ ឬ​ក៏​ប្រពល​វប្បកម្ម​ ដាំ​ដំណាំ​ ឬ​ក៏​ជំនាញ​ផ្សេងៗ​ទៀត ​ដែល​ផ្តល់​ជា​កញ្ចប់​ថវិកា​ទៅ​ដល់​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់»។

រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាបណ្ណ​រុករក​រ៉ែ​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ ​រ៉ែ​បុកស៊ីត ​រ៉ែ​ធ្យូងថ្ម ​រ៉ែ​ធ្យូងភក់ ​និង​រ៉ែផូស្វាត​ សរុប​ចំនួន​ប្រមាន​ជា​១២៨​អាជ្ញាបណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ចំនួន​ជាង​៦០​ក្រុមហ៊ុន ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​២៤​ធ្វើ​អាជីវកម្ម​រុករក​ប្រេង​និង​ឧស្ម័ន។ ​នេះ​បើ​តាម​ការ​អះអាង​ពី​មន្រ្តី​របស់​អង្គការ​ការ​អភិវឌ្ឍន៍​ និង ​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព៕