អ្នកកាសែតដែលបានបាត់បង់ជីវិតសរុបចំនួន៣៧នាក់ដែលមានជនជាតិផ្សេងៗគ្នា ដូចជាជប៉ុន អាមេរិក បារាំង ស្វ៊ីស ឥណ្ឌា កម្ពុជា និងអូស្ត្រាលីជាដើម។
ភ្នំពេញ៖ អតីតអ្នកកាសែត អ្នកថតរូបនិងអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដែលមានវ័យចំណាស់សរុបចំនួន២២រូបបានចូលរួមបើកសម្ពោធជាផ្លូវការនៅថ្ងៃអង្គារនេះនូវស្តូបរំឭកវិញ្ញាណក្ខន្ធអ្នកកាសែតដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមនៅកម្ពុជាក្នុងទសវត្ស១៩៧០។
ស្តូបនេះត្រូវសាងសង់នៅលើសួនច្បារខាងមុខសណ្ឋាគារ Le Royal ខាងលិចវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ។ អ្នកកាសែតដែលបានបាត់បង់ជីវិតសរុបចំនួន៣៧នាក់ដែលមានជនជាតិផ្សេងៗគ្នា ដូចជាជប៉ុន អាមេរិក បារាំង ស្វ៊ីស ឥណ្ឌា កម្ពុជា និងអូស្ត្រាលីជាដើម។
លោកឆាំង សុង អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាននៃរបបលោកសេនាប្រមុខលន់ នល់បានរំឭកថា អ្នកកាសែតជាច្រើនត្រូវចាប់ខ្លួននិងសម្លាប់ចោលដោយកងទ័ពខ្មែរក្រហមក្នុងសង្គ្រាមជាមួយកងទ័ព លន់ នល់។
«មនុស្សដែលខ្ញុំនិយាយជាមួយរាល់ថ្ងៃ ដូចជាលោក KOki Ishiyama ដែលយើងទើបនឹងទទួលទានអាហារពេលល្ងាចជាមួយគ្នានិងផឹកជាមួយគ្នា ហើយពេលនោះគាត់បានបាត់ខ្លួន។ គាត់មិនបានត្រឡប់មកវិញជារៀងរហូត»។
លោកធីម ផែចជ៍ (Tim Page) អតីតអ្នកឆ្លើយឆ្លងរបស់ទូរទស្សន៍ NBC របស់សហរដ្ឋអាមេរិកបានរៀបរាប់អំពីអំពើឃោរឃៅមកលើអ្នកកាសែតដូចគ្នានេះដែរ។
មានឯកអគ្គរដ្ឋទូតប្រទេសអូស្ដ្រាលី តំណាងស្ថានទូតអាមេរិក ជប៉ុននិងបារាំងបានចូលរួមក្នុងពិធីសម្ពោធស្តូបរំឭកវិញ្ញាណក្ខន្ធអ្នកកាសែតនេះ។
លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានដែលធ្វើជាអធិបតីក្នុងពិធីនេះ បានថ្លែងថា ស្តូបរំឭកវិញ្ញាណក្ខន្ធនេះបង្កើតនូវឱកាសមួយសម្រាប់ការជួបជុំនៃអ្នកកាសែតជើងចាស់និងសម្រាប់ជាទីតាំងរំឭកក្នុងការពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងអ្នកសារព័ត៌មានក្នុងពិភពលោក។
លោកខៀវ កាញារិទ្ធបានថ្លែងប្រាប់អ្នកកាសែតបន្ថែមថា តាមរយៈស្តូបនេះសាច់ញាតិរបស់ជនរងគ្រោះនឹងអាចមកគោរពវិញ្ញាណក្ខន្ធពួកគេនៅទីនេះ។
«អាចឲ្យអ្នកគ្រប់ប្រទេសទាំងអស់គេអាចមកដើម្បីគោរពបងប្អូនគេ ឪពុករបស់ពួកគេ និងជីតារបស់ពួកគេនៅទីនេះ»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ អតីតអ្នកកាសែតបរទេសដែលបានឆ្លងកាត់ការយកព័ត៌មានក្នុងយុគសង្គ្រាមនៅកម្ពុជា បានធ្វើដំណើរទៅកាន់វត្តពោធិ៍ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដើម្បីទៅមើលដើមពោធិ៍មួយដើមដែលពួកគេបានដាំកាលពីឆ្នាំ២០១០ ដើម្បីរំឭកដល់អ្នកកាសែតចំនួនបួនរូបដែលត្រូវបានរកឃើញថា ត្រូវសម្លាប់ក្នុងថ្លុកមួយនៅកណ្តាលវាលស្រែដាច់ឆ្ងាយពីភូមិរបស់ប្រជាជន៕