អង្គការ​សុខភាព​ពិភព​លោក៖ កម្ពុជា​ប្រហែល​បាន​វ៉ាក់​សាំង​កូវីដ​ដំបូង​នៅ​ខែមីនា

បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ជា​លើក​ដំបូង​នូវ​គម្រោង​បញ្ជា​ទិញ​វ៉ាក់សាំង​កូវីដ ដែល​អង្គការសុខភាព​ពិភពលោក​(World Health Organization)​ថាទំនង​មក​ដល់​កម្ពុជា​ដំបូងនៅ​ខែ​មីនា ​ឆ្នាំ​២០២១​ខាង​មុខ។

ដំណឹង​ខាង​លើ​នាំ​ឲ្យបណ្ដា​អ្នក​ជំនួញខ្នាត​ធំ​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច បាន​ចាប់​ផ្តើម​ចូល​រួម​ថវិកា​ដល់​រដ្ឋាភិបាល​ក្នុង​ការកុម្ម៉ង់​ទិញវ៉ាក់សាំង។

ដំណឹង​វ៉ាក់​សាំង​ចាក់​បង្ការ​ជំងឺ​ឆ្លង​ជា​សាកលនេះ កើតឡើង​ចំ​ពេល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​ជា​ដំបូងនៅ​កម្ពុជា ដែល​ចង្កោម​នៃ​ការ​ឆ្លង​កើន​ដល់​៣៤​នាក់ និង​អ្នក​ពាក់​ព័ន្ធ​ជាង​១​ម៉ឺន​នាក់ ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់​VOA​ថា​វ៉ាក់​សាំង​បង្កា​ជំងឺ​កូវីដ​នេះនឹង​មក​ដល់​កម្ពុជា ប៉ុន្តែទោះ​បី​ជា​វ៉ាក់​សាំង​មាន​ប្រសិទ្ធភាព​យ៉ាងណា​ ក៏​វា​មិន​អាច​ឈ្នះ​កូវីដ​១៩​ភ្លាមៗ​នោះ​ដែរ ដែល​ទាមទារ​បុគ្គល​និង​រដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធាន​ការ​អនាម័យឲ្យបាន​ខ្ជាប់​ខ្ជួន។

លោក​ស្រី​វេជ្ជបណ្ឌិត​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិកនៅ​ថ្ងៃ​អង្គារ​នេះ​ថា៖

«តាម​អត្រា​បច្ចុប្បន្ន​នៃ​ការ​ចម្រើន​ទៅ​មុខ​នៃ​ការ​សាក​ល្បង​ផលិត​វ៉ាក់​សាំង យើង​រំពឹង​ថា​វ៉ាក់​សាំង​នឹង​ផ្ដើម​ទៅ​ដល់​បណ្ដា​ប្រទេស​នានា​នៅ​អំឡុងឆ្នាំ​២០២១។ កម្ពុជាប្រហែល​ទទួល​បាន​វ៉ាក់សាំង​លឿនបំផុត​អំឡុង​ខែ​មីនា​ខាង​មុខ តែ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ»។

កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ​ត្រូវ​បាន​រៀប​ចំ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​កំណត់​អាទិភាពនៃ​វ៉ាក់សាំង​ទាំង​នោះ តែ​លទ្ធផលយ៉ាង​ណា ​មិន​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ហើយ​អ្នកនាំ​ពាក្យក្រសួង​សុខាភិបាល ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក៏​មិន​ទាន់​បាន​តប​សារសុំ​ការអត្ថាធិប្បាយរបស់​VOA​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ថវិកា​រដ្ឋ​ត្រូវ​បាន​បម្រុង​ទុក​ត្រៀម​ទិញ​វ៉ាក់សាំង​ដំបូង​ចំនួន​១​លាន​ដូស សម្រាប់​ចាក់​មនុស្ស​៥០​ម៉ឺន​នាក់ ដែល​ក្នុង​ម្នាក់​ត្រូវ​ចាក់​២​ដូស​(ពីរ​ដង)។

មនុស្សម្នា​នាំ​គ្នា​ពាក់​ម៉ាស់រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

លោក ហ៊ុន សែន ផ្ដល់​ឱវាទ​ដល់​មន្ត្រី​ក្រោម​បង្គាប់​ឲ្យ​ពិចារណា​ផ្ដល់​អាទិភាព​វ៉ាក់​សាំង​ដល់​អ្នកបម្រើការ​នៅ​ជួរ​មុខ រួម​មាន​ក្រុម​គ្រូពេទ្យ គ្រូ​បង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្ត្រី​តុលាការ។

កម្ពុជា​ជា​រដ្ឋ​ដែល​អង្គការ​សុខភាព​ពិភពលោក(WHO) និង​សម្ព័ន្ធភាព​សាកល​ ដើម្បី​វ៉ាក់សាំង ​និង​ភាព​ស៊ាំ (Global Alliance for Vaccines and Immunizationឬ GAVI)ចាត់​បញ្ចូល​ក្នុង​គម្រោងលៃលក​ទីផ្សារ​ទុក​ជាមុននៃ​វ៉ាក់​សាំងកូវីដ។

គម្រោង​ខាងលើ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ផាត់​ចំណាយ​រាល់​ដូស​នៃ​វ៉ាក់សាំង​កូវីដ​ដែល​ត្រូវ​បែងចែក​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ«ពេលមាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព»។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក បាន​ប្រាប់​VOA​បន្ថែម​ថា តាម​រយៈ​គម្រោង​នេះ មាន​អត្រា​ប្រហាក់​ប្រហែល​២០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​អាច​នឹង​ទទួលបាន​វ៉ាក់សាំង​ ដោយ​ឥត​គិត​ថ្លៃ។

លោកស្រី​បន្ថែម​ថា ក្រៅ​ពី​គម្រោងនេះ​ រដ្ឋ​អធិបតេយ្យ​នីមួយៗ​ក៏​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​ពី​ប្រភព​នានា​តែ​ត្រូវ​អនុលោម​តាម«និយាម​ខ្ពស់​បំផុត​នៃ​វិទ្យាសាស្ត្រ ​និង​សីលធម៌ ជា​ពិសេសការ​ពិនិត្យ​ល្អិត​បំផុត​លើ​បញ្ហា​សុវត្ថិភាព ​ប្រសិទ្ធផល និង​ទិន្នន័យ​មាន​គុណភាព​ខ្ពស់»។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«WHOនឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាលនិង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ផ្ដល់ប្រឹក្សាផ្នែក​បច្ចេកទេស​ក្នុង​ការ​ធ្វើ​លទ្ធកម្មនិង​ការពង្រាយ​ចែក​ចាយ​នៃ​វ៉ាក់សាំង»។

កាល​ពី​ខែ​តុលា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi មក​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ឡើង​ថា​ប្រទេស​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​កូវីដដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​លោក​ថា«ជា​ពិសេស​កម្ពុជា ជា​មិត្ត​ដែក​ថែប»។

ព្រឹត្តិបត្រវិទ្យាសាស្ត្រ​សុខាភិបាល​អន្តរជាតិ The Lancet បាន​បង្ហាញក្ដីបារម្ភ​អំពី​ការ​អរ​សប្បាយ​ដោយ​មិន​ពិចារណា​រឿង​វ៉ាក់សាំង ដែល​ចេញ​លទ្ធផល«ជោគ​ជ័យ»​ជា​បន្ត​បន្ទាប់​កាល​ពី​ខែ​មុន។

ការ​ស្រាវជ្រាវ​រួម​របស់​ក្រុមហ៊ុន​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​វ៉ាក់សាំង​ខ្លួន ដែល​មាន​ប្រសិទ្ធភាព​ក្នុង​អត្រា៩៥%​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

ក្រុមហ៊ុន​អាមេរិក​មួយ​ទៀត​ឈ្មោះ Moderna បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ថា​វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ក្នុង​អត្រា​៩៤,១% ក្នុង​ដំណាក់​កាល​សាក​ល្បង។

រូបឯកសារ​៖ ដបតូចៗ​ចំនួន៤​ដែល​មាន​បិទស្លាកសញ្ញា​វ៉ាក់សាំ​ង​កូវីដ១៩ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ពី​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ Moderna ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

វ៉ាក់សាំង​ Sputnik V របស់​រុស្ស៊ី​បាន​បញ្ចប់​ការ​សាក​ល្បង​ដំណាក់​កាល​ទី៣ ហើយ​ចាប់​ផ្ដើម​ចាក់​ជូនប្រជាជន​ជាមួយ​អត្រា​ប្រសិទ្ធភាព​៩១,៤% និង​មាន​តម្លៃ​១០​ដុល្លារ​ក្នុង​មួយ​ដូស។

The Lancet បារម្ភ​អំពី​កង្វះ​ទិន្នន័យ​លម្អិត​អំពី​លទ្ធផល​សាក​ល្បង​វ៉ាក់សាំង​ទាំង​នោះ និង​ថា​តើ​វ៉ាក់សាំង​ទាំង​នោះបង្ការ​ការ​ឆ្លង ឬ​គ្រាន់​តែ​បង្ការ​ការ​ធ្លាក់​ខ្លួន​ឈឺ។ ព័ត៌មាន​ក៏​មាន​មិន​គ្រប់​ឡើយ​ទេ​ថា​តើ​អ្នក​មាន​វ័យ ​និង​លក្ខខណ្ឌ​សុខភាព​ខុស​គ្នា ចាក់​វ៉ាក់សាំង​ទៅ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា។​

បើ​តាម​អង្គការ​សុខភាព​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​ធ្នូ សប្ដាហ៍​មុន មាន​បេក្ខភាព​វ៉ាក់សាំង​កូវីដ​១៩ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​ចំនួន​៥១​ទូទាំង​ពិភព​លោក កំពុងសាកល្បង។

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន កាល​ពីថ្ងៃ​ច័ន្ទ​ ក៏​មាន​ចលនា​មហាជន​ដែល​ផ្ដើមចេញ​ពី​បណ្ដា​ឧកញ៉ា អ្នក​ជំនួញ​ធំៗ ដែល​ស្និទ្ធស្នាល​នឹង​បក្ស​កាន់​អំណាច។

លោក​បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​រង​ផ្នែក​កិច្ចការ​សាកល​នៅ​មហាវិទ្យាល័យ Occidental សហរដ្ឋ​អាមេរិក ថា​ការ​តម្រង់​ជួរ​ចូល​ប្រគល់​ទឹក​ប្រាក់​របស់​បណ្ដា​ឧកញ៉ាៗ​ ​បង្ហាញ​ពី​ទំនាក់​ទំនង​«សក្ដិភូមិ»​រវាង​រដ្ឋ​និង​ក្រុម​ជំនួញ​ធំៗ។

អ្នកស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក​ថា៖

«វា​ដូចជា​អ្វីៗ​អំពី​កម្ពុជា​សក្ដិភូមិ​ដូច្នោះ​ដែរ។ ក្រុម​ឧកញ៉ា​ចេញ​លុយ ម្ល៉ោះ​ហើយ​អ្នក​កាន់អំណាច​ពុំ​ចាំបាច់​គិត​ពន្ធដារ​អ្វី​ពី​ពលរដ្ឋ​ដើម្បី​បង្កើន​ចំណូល​ឡើយ។ ពិត​មែន​ហើយ តើ​ឧកញ៉ា​ទាំង​នោះ​ខ្លះបាន​លុយ​ពី​ណា​មក? គឺ​បាន​មក​ពី​ប្រជាជន​ហ្នឹង​ឯង តាម​រយៈ​ការ​ទទួល​បាន​កិច្ច​ព្រមព្រៀង និង​សម្បទាន​ផ្ដាច់​មុខ​ទាំង​ឡាយ​ដែល​ខ្វះ​សុចរិតភាព»។

យ៉ាងណា​ក្ដី ខណៈ​ពលរដ្ឋ​ខ្លះ​ក៏​បាន​ចូលវិភាគ​ទាន លោក ហ៊ុន សែន បាន​ហៅ​ចលនា​មហាជន​នេះ​ថា​ជា​«ខឿនការពារ​សុខភាព​របស់​ប្រជាជន»​ដែល​មហាជន​គាំទ្រ«​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ»។

លោកស្រី​ លឹម សូលីន នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ Oxfam បាន​សាទរ​ចំពោះ​ដំណឹង​វ៉ាក់សាំង​និង​ចលនា​មហាជន​ក្នុង​មូលនិធិ​វ៉ាក់សាំង​កូវីដ១៩​របស់​រដ្ឋាភិបាល តែ​បាន​ស្នើ​ឲ្យមានការគ្រប់គ្រង​ធនធាន​ថវិកា​និង​វ៉ាក់សាំង ​ប្រកប​ដោយ​«តម្លាភាព គណនេយ្យភាព និង​សមធម៌»។

លោកស្រី​បាន​ប្រាប់​VOA​ថា៖

«មួយ​ទៀត​ដែរ​ហ្នឹង គឺ​និយាយ​អំពី​គណនេយ្យភាព​ក្នុង​ការ​គ្រប់គ្រង ហើយ​និង​តម្លាភាព​នោះ​គឺ​ថា​យើង​ផ្សព្វផ្សាយ​ហើយ​ក៏​យើង​ជំរុញផង​ដែរ​ ឲ្យ​មាន​ការ​គ្រប់គ្រង​ទាំង​ថវិកា​ហើយ​និង​ទាំង​ការ​បែងចែក​នោះ​ធ្វើ​ទៅ​ឲ្យ​បាន​សមស្រប​ និង​ទូលំ​ទូលាយ។ ហើយ​សំខាន់​មែនទែន​គឺ​ការ​បើក​ចំហ​ព័ត៌មាន​ទាំងអស់​នោះ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលាយ​ហើយ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា»។

លោកស្រី​ លឹម សូលីន ក៏​បាន​ស្នើ​ផង​ដែរ ឲ្យ​ចាត់​បញ្ចូល​ក្រុម​ងាយ​រងគ្រោះ​ដទៃ ដូចជា​ក្រុម​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ជាដើម ឲ្យបាន​វ៉ាក់សាំង​ត្រឹម​ត្រូវ​ដូច​គេ​ដូច​ឯង​ដោយ​គ្មាន​ការ​រើសអើង៕