ភ្នំពេញ៖ លោកម៉ម សូណង់ដូ ដែលជាសកម្មជនប្រជាធិបតេយ្យដ៏សកម្មមួយរូបក្នុងប្រទេសកម្ពុជា ហើយដែលកំពុងស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាល បានទទួលចំណាត់ថ្នាក់ក្នុងបញ្ជីចុងក្រោយសម្រាប់ពានរង្វាន់«អ្នកការពារសិទ្ធិមនុស្សក្នុងហានិភ័យ»។
អង្គការ Front Line Defenders ឬ អ្នកការពារជួរមុខ ដែលមានមូលដ្ឋានក្នុងទីក្រុងឌូប្ល៊ីន(Dublin) ប្រទេសអៀឡង់ បានដាក់នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅលើកំពូលបញ្ជីបេក្ខជនចំនួនប្រាំមួយរូបដើម្បីជ្រើសរើសមួយរូបសម្រាប់ទទួលរង្វាន់សកម្មជនឆ្នើម ដែលបានតស៊ូដើម្បីសិទ្ធិមនុស្ស។
លោកជីម ឡររ៉ែន (Jim Loughran ) ប្រធានផ្នែកទំនាក់ទំនងនៃអង្គការFront Line Defenders បានប្រាប់វីអូអេខេមរភាសាតាមទូរស័ព្ទពីប្រទេសអៀឡង់មកថា ជម្រើសយកលោកម៉ម សូណង់ដូនេះគឺឈរលើគុណសម្បត្តិរបស់គាត់ជាច្រើនដែលបម្រើឲ្យផ្នែកសិទ្ធិមនុស្ស។
«គាត់ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់កិត្តិយសនេះ ពីព្រោះគាត់ហានបូជាជីវិតរបស់គាត់សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋដែលត្រូវគេដកហូតសិទ្ធិ ហើយលោកការពារសិទ្ធិពួកគេដោយសន្តិវិធី។ គាត់ធ្វើការប្រឈមនឹងបរិយាកាសនៃនិទណ្ឌភាពដែលមានជាទូទៅប្រទេសកម្ពុជា»។
លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ត្រូវចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០១២ ហើយត្រូវផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ដោយតុលាការសំអាងថា លោកជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើអប្បគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ថា នេះជាការដាក់ទោសដោយគ្មានភស្តុតាងនោះទេ ហើយជារឿងនយោបាយ។
លោកបានកាន់កាប់បណ្តាញផ្សព្វផ្សាយឯករាជ្យ ដែលមានតិចតួចបំផុតក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Front Line Defenders បានឲ្យដឹងថា លោកម៉ម សូណង់ដូ ត្រូវប្រកួតជាមួយសកម្មជនសិទ្ធិមនុស្សចំនួនប្រាំនាក់ទៀតមកពីប្រទេសអ៊ីរ៉ង់ កូឡុមបៀ អ៊ូសបេគីស្ថាន ម៉ូរីតេនៀ និងប្រទេសកេនយ៉ា។
មានបេក្ខជនចំនួន៩០នាក់មកពីប្រទេសជាង៥០ក្នុងពិភពលោកត្រូវបានស្នើសម្រាប់រង្វាន់«អ្នកការពារសិទ្ធិមនុស្សក្នុងហានិភ័យ»នេះ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាត្រូវបានពិភពលោកយកចិត្តទុកដាក់។
«មានសារៈសំខាន់មែនទែន។ ទីមួយគ្រាន់តែស្ថិតក្នុងបញ្ជីចុងក្រោយនេះមានន័យថា ប្រទេសកម្ពុជាស្ថិតក្នុងចិត្តនៃអ្នកតាមដានសិទ្ធិមនុស្សក្នុងពិភពលោក។ ហើយបើសិនជាគាត់ជាប់ទៀត វាមានន័យថា អ្នកដែលតស៊ូមតិក្នុងពិភពលោកដែលគាំទ្រដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនឹងមើលឃើញថា ប្រទេសកម្ពុជានៅមានការប្រឈមច្រើន»។
ជារៀងរាល់ឆ្នាំ អង្គការ Front Line Defenders ផ្តល់រង្វាន់ដល់សកម្មជនសិទ្ធិមនុស្សដែលត្រូវចាត់ទុកថា ជាអ្នកស្ថិតក្នុងហានិភ័យ។ រង្វាន់នោះរាប់ទាំងថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅដើម្បីទទួលរង្វាន់ដោយផ្ទាល់នៅប្រទេសអៀឡង់ និងរង្វាន់ជាសាច់ប្រាក់ចំនួន២០.០០០អឺរ៉ូ ឬស្មើនឹងប្រហែលជាង២៦.០០០ដុល្លារអាមេរិក។
លោកម៉ម សូណង់ដូនឹងក្លាយជាជនជាតិអាស៊ីលើកទី១ និងជាជ័យលាភីទី៨ក្នុងការទទួលរង្វាន់នេះ ប្រសិនបើគាត់ត្រូវជ្រើសរើសក្នុងអំឡុងឆ្នាំនេះ។
ភរិយារបស់លោកគឺលោកស្រីឌិន ផាន់ណារ៉ាមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។
ទាំងលោក Jim Loughran និងលោកអ៊ូ វីរៈលើកឡើងថា ការផ្តល់រង្វាន់នេះជាការលើកទឹកចិត្តដល់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជា និងជាការភ្ជាប់បណ្តាញអ្នកការពារសិទ្ធិសេរីភាពក្នុងពិភពលោក។
ដោយឡែក វីអូអេបានព្យាយាមទាក់ទងលោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល លោកជាម យៀប តំណាងរាស្ត្រខាងគណបក្សកាន់អំណាច និងលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រី ដើម្បីសុំសេចក្តីពន្យល់ តែមិនអាចទាក់ទងបានទេ៕