គណៈបក្ស​ប្រឆាំង​ធំពីរ​មិន​ចូលរួម​ពិនិត្យ​បញ្ជី​បោះឆ្នោត

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានព្រមព្រៀង​គ្នា​មិន​បញ្ជូន​អ្នក​អង្កេតការណ៍​ទៅ​ពិនិត្យ​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​ទេ។
គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានព្រមព្រៀង​គ្នា​មិន​បញ្ជូន​អ្នក​អង្កេតការណ៍​ទៅ​ពិនិត្យ​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​ទេ ដោយ​គណបក្ស​ទាំងពីរ​បាន​យល់​ឃើញ​ថា នីតិវិធី​នៃ​ការ​ចុះឈ្មោះ និង​ការពិនិត្យ​បញ្ជី​ឈ្មោះបោះ​ឆ្នោត​នៅតែ​មិ​នមាន​ការផ្លាស់ប្តូរ​ និង​មាន​ភាព​ស្មុគស្មាញ​ដែល​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ។
គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើងទៅ​នឹង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​ប្រព្រឹត្តិទៅ​រយៈពេល​ជាង​មួយខែ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី​១២ ខែ​តុលា​ឆ្នាំ​២០១២ ខាង​មុខ​នេះ សម្រាប់​ការចូលរួម​ការ​បោះឆ្នោត​ជា​សកល​ឆ្នាំ​២០១៣។
សេចក្តីថ្លែងការណ៍​រួម​គ្នា​រវាង​គណបក្ស​សិទ្ធមនុស្ស និង​គណបក្ស​សម រង្ស៊ី ដែល​បានចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បានផ្សព្វផ្សាយ​ជាផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បានឲ្យដឹង​ថា ដំណើរការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មិនអាច​ជួយ​ឲ្យ​ការបោះឆ្នោត​សកល ឆ្នាំ​២០១៣​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី និង​យុត្តិធម៌​បាន​ទេ។
លោក អ៊ូ ចាន់រិទ្ធ អគ្គលេខាធិការ​ស្តីទី​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា គណបក្ស​លោក​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ទើប​ការបោះឆ្នោត​នេះ​អាច​ទទួល​យក​បាន។ លោក​បាន​បញ្ជាក់​ថា ការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោត​នៅ​តែ​មាន​ភាព​សាំញ៉ាំ​នៅ​ឡើយ ហើយនៅ​តែ​បង្កឧបសគ្គ​ដល់​ប្រជាពលរដ្ឋ។
«យើង​ឃើញ​បញ្ហា​ច្រើន​ណាស់។ បញ្ហា​ស្មុគស្មាញ ដូច​អ្នក​ខ្លះ​ខ្វះ​ឯកសារ​នេះ ខ្វះ​ឯកសារ​នោះ ហើយ​សរុប​ទៅ អ្វី​ដែល​យើង​ឃើញ​ការបោះឆ្នោត ការចុះឈ្មោះ​កន្លងមក​ថា​ជាការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការចុះឈ្មោះ​បាន»។
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​និយាយ​ថា ការ​មិន​ចូលរួម​ដាក់​អ្នក​អង្កេតការណ៍​នៃ​គណបក្ស​ទាំង​ពីរ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ។ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ពហិការ​នោះ​មិន​បានជះឥទ្ធិពល​ដល់​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ទេ។
«ដំណើរការ​ដែលរៀបចំ​ដោយ​ គជប ហ្នឹង​មិនមែន​តែ​ជា​គណបក្ស​មួយ​ពីរ​ដែល​គាត់ ធ្វើ​ពហិកា​មិន​ចូលរួម​ទេ វា​នៅ​មាន​គណបក្ស​ផ្សេងទៀត​ដែល​គេ​ចូលរួម។ មានអង្គការ​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ក៏​បានចូលរួម​ដែរ។ អញ្ចឹង​ទេ ខ្ញុំ​គិត​ថា​ដូច​ជា​មិន​ប៉ះពាល់​អី​ទេ»។
កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សកល​នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣​ខាង​មុខ​នេះ ហើយ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​ដាក់​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ​ត្រូវ​ធ្វើឡើង​ក្នុង​អំឡុង​៩០​ថ្ងៃ មុន​ការ​បោះឆ្នោត។
លោក ទេព នីថា បាន​បញ្ជាក់​ថា​ទំនង​ជា​បាន​ធ្វើ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣។
គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី បាន​រួម​បញ្ចូល​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ថ្មី​នេះ គ្រោងនឹង​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ឡើងវិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។
គណបក្ស​សង្គ្រោះជាតិ បានដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ម្តង កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ ក៏ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​មក​វិញ ដោយសារ​តែ​មាន​កំហុស​ផ្នែក​បច្ចេកទេស​មួយ​ចំនួន៕