ជាង សុភីណារ័ត្ន Long Beach រដ្ឋ California
កាលពីថ្ងៃទី៧ខែមករា ប៉ូលិសទីក្រុង Long Beachបានបាញ់ប្រហារជនសង្ស័យជាចោរលួចឈ្មោះហ៊ូ សុខា អាយុ២២ឆ្នាំឲ្យមានរបួសធ្ងន់។ ដប់ថ្ងៃក្រោយមកទើបប៉ូលិសអនុញ្ញាតឲ្យគ្រួសារជួបលោកសុខានៅឯមន្ទីរពេទ្យ។
បាតុករកាលពីថ្ងៃអាទិត្យជួបជុំគ្នានៅក្រៅមន្ទីរពេទ្យ St. Mary ជាកន្លែងលោកហ៊ូ សុខា ដែលឥឡូវឋិតក្នុងសភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល។ ពួកគេជួបជុំគ្នាដើម្បីទាមទារឲ្យមានចម្លើយច្បាស់លាស់ថាតើមានអ្វីកើតឡើងយ៉ាងពិតប្រាកដនៅយប់ថ្ងៃកើតហេតុ និងទាមទារឲ្យបានការគោរពប្រសើរជាងមុនពីប៉ូលិស។
នាង Stevie Merino អ្នករៀបចំការទាមទារនេះនិយាយថា៖
«សម្រាប់ឥឡូវ ជាពិសេសករណីនេះ យើងឃើញការប្រព្រឹត្តដ៏សាហាវមកលើសហគមន៍ខ្មែរនិងសហគមន៍ផ្សេងទៀតនៃទីក្រុង Long Beach។ ខ្ញុំគិតថា ការគោរពជីវិតមានតិចតួច។ ពួកគេច្រើនតែចោទប្រកាន់ដោយស្វ័យប្រវត្តិថា អ្នកណាជាឧក្រិដ្ធជននៅក្នុងសហគមន៍យើង។ គេដាក់ឈ្មោះថា ជាក្រុមក្មេងស្ទាវ បងតូចបងធំ ជាជនឧក្រិដ្ធ។ ហើយចំពោះរួសារវិញ គេមិនឲ្យជួបគ្នារហូតដល់១០ថ្ងៃពេលដែលគ្រួសារដឹងថា គាត់ត្រូវគេបាញ់ ហើយនិយាយថា “ចាំគេប្រាប់ បើគាត់ស្លាប់”»។
ប៉ូលិសនិយាយថា គេរកឃើញសុខានៅផ្លូវតូចមួយ ពេលដែលគេកំពុងធ្វើការស៊ើបអង្កេតរឿងចោរកម្មនៅជិតក្រុងខ្មែរល្ងាចថ្ងៃ៧មករា។
ប៉ូលិសនិយាយថា គេឃើញលោកសុខានៅផ្លូវតូច។ នៅពេលដែលប៉ូលិសស៊ើបអង្កេតព្យាយាមនិយាយទាក់ទង គាត់មានបញ្ចេញកាំភ្លើង ដូចនេះទើបប៉ូលិសធ្វើការបាញ់ប្រហារលើគាត់។ ប៉ូលិសនិយាយថា សុខាអាចនឹងជាប់ចោទពីបទចោរកម្មនិងប្រដាប់អាវុធផ្សេងៗទៀត។
ប៉ូលិសនៃក្រុង Long Beach ពាក់ព័ន្ធនឹងការបាញ់ប្រហារចំនួន៧ដងក្នុងឆ្នាំ២០១២ បើតាមតួលេខរបស់ស្នងការដ្ឋានប៉ូលិស Long Beach។ ហើយប៉ូលិសពាក់ព័ន្ធនឹងការបាញ់ប្រហារពីរករណីហើយអំឡុង២សប្តាហ៍នេះ។
ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្តពីរឿងបាញ់ប្រហារចុងក្រោយនេះ តែ បាតុករនិយាយថា តួលេខមានចំនួនច្រើន ហើយប៉ូលិសពុំបានទន់ចិត្តជាមួយគ្រួសារជនរងគ្រោះនោះទេ។
ម្តាយរបស់លោកហ៊ូ សុខាគឺលោកស្រី អេង យ៉ន។ គាត់និយាយថា ប៉ូលិសមិនបានអនុញ្ញាតឲ្យគាត់ជួបកូនប្រុសរបស់គាត់ទេរហូតដល់១០ថ្ងៃក្រោយថ្ងៃកើតហេតុ។
លោកស្រីអេង យ៉នម្តាយរបស់លោកសុខានិយាយថា៖
«ខ្ញុំរត់ទៅរត់មក ដូចមនុស្សឆ្កួតអញ្ចឹង។ ខ្ញុំមិនចង់រស់ទេ។ ខ្ញុំចង់ឃើញកូនប្រុសខ្ញុំ ស្លាប់ ឬរស់។ បាញ់កូនខ្ញុំហើយមិនប្រាប់ឲ្យខ្ញុំដឹងថា យ៉ាងម៉េច វាទៅឯណា យ៉ាងម៉េចហើយ»។
លោកស្រី អេង យ៉ន និយាយថា ឥឡូវគាត់អាចទៅមើលកូនប្រុសរបស់គាត់តែមួយសប្តាហ៍ម្តង ហើយរយៈពេលច្រើនបំផុត៣០នាទី។ គាត់សង្ឃឹមថា ប៉ូលិសនឹងអនុញ្ញាតឲ្យគាត់បានជួបសុខាច្រើនជាងនេះ និងសង្ឃឹមថា ប៉ូលិសនឹងអាចយល់ដឹងពីហេតុការណ៍នេះ។
«កុំបាញ់អញ្ចឹង! បាញ់ដៃបាញ់ជើង ហើយកាត់ទោសគ្នាតាមច្បាប់ទៅ។ កុំបាញ់សម្លាប់អញ្ចឹង! សង្ឃឹមថានេះនិងជួយអ្នកក្រោយៗទៀតបន្ទាប់ពីកូនខ្ញុំ»។
យើងនឹងធ្វើការតាមដានរឿងនេះបន្តទៀត៕