សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​បឹងកក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធគារ​៣​ឆ្នាំ​

លោក​ចាន់ សុជាតិ​ មេធាវី​ការពារក្តី​លោក​ស្រី​យ៉ោម បុប្ជា​ បាន​និយាយ​ថា ​កូន​ក្តីរបស់​លោក​មិន​ទាន់​បាន​ទទួល​យុត្តិធម៌គ្រប់​គ្រាន់​ទេ​ ដោយ​សារ​មាន​វិមតិសង្ស័យ​ជា​ច្រើន។

ភ្នំពេញ​៖ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេចផ្តន្ទា​ទោស​អ្នក​ស្រី​យ៉ោម ​បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦០​លាន​រៀល​គឺ​ប្រមាណ​ជាង​១៦.000​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ពីរនាក់​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ថា ​អ្នក​ស្រី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១២។​

តុលាការ​ក្រុងភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជំរះ​រយៈ​ពេល​ពីរ​ថ្ងៃ​លើ​ករណី​លោក​ស្រី​យ៉ោម បុប្ជា​និង​ស្វាម៉ី​លោក​ស្រីគឺ​ឈ្មោះ​លួស សាខន​ក្នុង​បទ​ចោទ​ប្រកាន់​ដូចគ្នា​ថា ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយមាន​ស្ថាន​ទម្ងន់​ទោស។​

Your browser doesn’t support HTML5

សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​បឹងកក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធគារ​៣​ឆ្នាំ


លោក ​សួស សំអាត​ ប្រធានចៅ​ក្រម​ជំនុំជំរះ​ បាន​ប្រកាស​ផ្តន្ទាទោស​អ្នក​ស្រី​យ៉ោម បុប្ជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ​ចំណែក​លោក​លួស ​សាខន​ត្រូវ​តុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ដូចគ្នា​ដែរ​ក៏ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ។​

លោក​សួស សំអាត​ក៏​បានបង្គាប់​ឲ្យ​ចេញ​ដិការ​ចាប់​ខ្លួន​បងប្អូនរបស់​អ្នកស្រី​យ៉ោម​ បុប្ជា​ចំនួន​ពីរ​រូប​គឺ​លោក​យ៉ោម ​កន្លង់​ និង​លោក​យ៉ោម​ សិត​ ដើម្បី​យក​មក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ បន្ទាប់​ពី​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ដូច​អ្នក​ស្រី​យ៉ោម បុប្ជា​ដែរ។​

លោក​ប្រធាន​ចៅ​ក្រម​ជំនុំជំរះ​បាន​សម្រេច​ថា​ អ្នក​ស្រីពិត​ជា​បាន​បញ្ជា​ឲ្យ​បង​ប្អូន​អ្នក​ស្រី​ពីរ​នាក់​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ចំនួន​ពីរ​រូប​គឺ​ង៉ែត ​ចិត្ត​ និង​លោក​វ៉ាត់ ថៃសេង​ ដែល​បាន​ប្រព្រឹត្ត​កាលពី​ខែសីហា។​

បន្ទាប់​ពី​គេ​បណ្តើរ​ចេញ​ពី​បន្ទប់​ជំរុំជំរះ​របស់​តុលាការ​ ​ អ្នក​ស្រី​យ៉ោម បុប្ជា​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ ​អ្នក​ស្រី​បាន​រងនូវ​អយុត្តិធម៌​ ហើយ​អ្នក​ស្រី​សង្ឃឹម​ថា​ តុលាការ​ខ្មែរ​នៅ​ថ្ងៃណា​មួយ​នឹង​មាន​ការ​ប្តូរ​ផ្លាស់។​

«ពេល​នេះ​ខ្ញុំជឿ​ថា​ ថ្ងៃណា​មួយ​ខ្ញុំ​នឹង​អាច​រក​យុត្តិធម៌​បាន​សម្រាប់​ខ្លួន​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ។ ​អយុត្តិធម៌​ណាស់! ​នេះ​ហើយសង្គម​ដុល្លារ!​ សង្គមលុយ!»​

អ្នក​ស្រី​យ៉ោម បុប្ជា​ អាយុ​៣១​ឆ្នាំ​សកម្មជន​តវ៉ា​រឿង​វិវាទ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា​ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ស្វាម៉ី​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស។​ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នកស្រី​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេត​នា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​កាល​ពី​ថ្ងៃទី​៧​ខែ​សីហា​ឆ្នាំ​២០១២​នៅ​ក្នុង​តំបន់​បឹងកក់។​

លោក​ចាន់ សុជាតិ​ មេធាវី​ការពារក្តី​លោក​ស្រី​យ៉ោម បុប្ជា​ បាន​និយាយ​ថា ​កូន​ក្តីរបស់​លោក​មិន​ទាន់​បាន​ទទួល​យុត្តិធម៌គ្រប់​គ្រាន់​ទេ​ ដោយ​សារ​មាន​វិមតិសង្ស័យ​ជា​ច្រើន។​ លោក​បាន​និយាយ​ថា​ លោក​នឹង​ពិចាណារ​ជាមួយ​កូន​ក្តីរបស់​លោក​ដើម្បី​ប្តឹង​ទាស់​ទៅ​កាន់​សាលាឧទ្ធរណ៍។​

«មានដូច​ជា​ ចម្លើយ​សាក្សី​ ដូច​ជា​ និយាយ​មិនត្រឹមត្រូវ​ និង​មិន​ពិត​ប្រាកដ។​យើង​មិន​អាច​ដឹងដែរ​ តែ​បើផ្អែក​តាម​សម្តី​គាត់​នៅ​ក្នុង​ឯកសារ​ មាន​ការ​ប្រែប្រួស​មិន​ច្បាស់​លាស់»។​

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា​ លោក​មាន​ការសោក​ស្តាយ​ចំពោះ​ការ​សម្រេចសេចក្តី​នេះ។ ​លោក​បាន​និយាយ​ថា​ នៅក្នុង​សវនាការ​មិនមាន​ភស្តុតាង​អ្វីមក​ដាក់​បន្ទុក​ទៅ​លើជន​ជាប់​ចោទ​ទេ។​

«ជារឿង​មួយ​អយុត្តិធម៌​សម្រាប់​លោក​ស្រី​យ៉ោម បុប្ជា​ សម្រាប់​ក្រុមគ្រួសារ​របស់​លោក​ សម្រាប់​ប្រជាពល​រដ្ឋ​នៅ​បឹងកក់​ផង​ដែរ។​ ចំពោះ​ខ្ញុំ​ វា​គឺ​ជា​ការ​ព្យាយាម​រារាំង​ការ​តវ៉ា​របស់​សកម្មជន​នៅ​ភូមិ​បឹងកក់​ផង​ដែរ»។​

លោក​វ៉ាត់ ថៃសេង​ ជន​រងគ្រោះ​មួយ​រូប​ក្នុង​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា​ បាន​និយាយ​ថា​ តុលាការ​ពិត​ជា​បាន​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។​

«បាទ! ​ខ្ញុំ​យល់​ថា​ ខ្ញុំមាន​ចិត្ត​សប្បាយ​រីករាយ​ ដែល​ចៅ​ក្រម​បាន​កាត់​ក្តី​មក ​វា​ពិត​ជា​យុត្តិធម៌​មែន​ ពីព្រោះ​ខ្ញុំ​ជា​ជន​រងគ្រោះ​ដែល​ត្រឹមត្រូវ​ មិន​ធ្វើខុស»។​

នៅខាង​ក្រៅ​អគារ​តុលាការ​ មាន​ការ​តវ៉ា​ពី​ក្រុម​តំណាង​អ្នក​ភូមិបឹង​កក់​ និង​អ្នក​ភូមិ​បូរីកីឡា​ ដែល​មក​គាំទ្រ​អ្នក​ស្រី​យ៉ោម បុប្ជានិង​ស្វាម៉ី។ ​ចំណែក​មួយ​ក្រុម​ទៀត​ដែល​អះអាង​ថា​ តំណាង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ និង​អ្នក​រត់​រឺម៉ក​កង់​បី​បាន​មក​តវ៉ា​ប្រឆាំង​និង​អ្នក​ស្រី​យ៉ោម បុប្ជា។​

លោក​ឯ សុភាស់ ​ប្រធាន​សមាគម​រួមគ្នា​ដើម្បី​កម្ពុជា​ដែល​អះអាង​ថា​ ជា​តំណាង​ឲ្យ​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ និង​អ្នក​រត់​រឺម៉ក​កង់​បី​ បាន​និយាយ​ថា​ លោក​គាំទ្រសេចក្តី​សម្រេចរបស់​តុលាការ។​

«លទ្ធផល​តុលាការ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពួក​យើង​ខ្ញុំ។ ​ខ្ញុំ​សប្បាយ​ចិត្ត។ ​អ្វី​ដែល​ខ្ញុំ​ខំ​មក​ហាល​ក្តៅ​ ហាល​ខ្យល់​គោល​បំណង​ចង់​បង្ហាញ​ថា ​ពួក​យើង​ខ្ញុំ​អ្នក​រត់​ម៉ូតូឌុប​រឺម៉ក​ទេសចរណ៍​ក៏​មាន​សិទ្ធិ​ដូច​គេ​ដែរ»។​

ចំណែក​ក្រុម​តំណាង​អ្នក​ភូមិបឹង​កក់​និង​បូរីកីឡា​បាន​ព្យាយាម​បុក​របាំង​ការពារ​របស់​សម្ថកិច្ច ​បន្ទាប់​ពីការ​ប្រកាស​សាលក្រម​របស់​តុលាការ។​
យ៉ាង​តិច​មាន​ស្រ្តី​ចំនួន​បួន​នាក់​បាន​ដួល​សន្លប់​ ដោយ​សារ​សមត្ថកិច្ច​ឆក់​និង​ដំបង​ឆក់។​ នេះ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។

ក្រុម​អ្នក​តវ៉ា​ស្រែក​ថា៖​
«បញ្ជូន​អ្នក​ទោសទៅ​បាត់​ហើយ​ ទុក​ធ្វើ​អ្វី»។

អ្នក​ស្រី​ទេព ​វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​ បាន​ស្រែក​យំ​ និង​មាន​រិះគន់​តុលាការ​ថាមាន​ភាព​អយុត្តិធម៌​ចំពោះ​អ្នក​ភូមិ​បឹងកក់ ​បើ​ប្រៀប​ធៀប​នឹង​ករណី​លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ ដែល​ជាប់ចោទ​ថា ​បាន​បាញ់​កម្មការិនី​បី​នាក់​ឲ្យ​រង​របួស​ តែត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​លើក​លែង​ការចោទ​ប្រកាន់។​

«បើសង្គម​នៅតែបែប​នេះ​ ពួកខ្ញុំរស់​បាន​ដល់​ពេលណា​ទៀត។ ​ពួក​ខ្ញុំ​ជា​អ្នកក្រ​ជា​អ្នក​រងគ្រោះ។​ ពួក​ខ្ញុំមិន​អាច​រស់​នៅ​បាន​សុខទេ។ ​គេនឹង​ប្រើ​គ្រប់វិធី​សាស្ត្រ​ដើម្បី​ធ្វើបាប​ពួកខ្ញុំ។​ តើ​អ្នក​ណា​ជួយ​ពួក​ខ្ញុំ​បាន? ​ ជួយពួកខ្ញុំផង»។​
លោក​លួស សាខន​ ស្វាមីយអ្នក​ស្រីយ៉ោម បុប្ចា​ បន្ទាប់​ពីតុលាការ​បានប្រកាសឲ្យ​រួចផុត​ពីការ​ចោទ​ប្រកាន់​ លោក​បាន​ស្រែក​ថា​ អយុត្តិធម៌​ ហើយ​លោក​នឹង​ប្តឹង​ទាស់ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ៕