របាយការណ៍ចុងក្រោយមួយរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងតែផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនជាច្រើន ដែលមិនមានតម្លាភាព និងអាចជាការបំផ្លាញផលប្រយោជន៍ក្នុងប្រទេសនាពេលអនាគតទៀតផង។ ក៏ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាល បានច្រានចោលទិន្នន័យក្នុងរបាយការណ៍នោះ។
របាយការណ៍ស្ដីពីសិទ្ធិដីធ្លី និងលំនៅដ្ឋានដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១១ ដីសម្បទានសេដ្ឋកិច្ចបានកើនរហូតដល់ចំនួនជិត២,៣លាន ហិកតា ដែលត្រូវបានរដ្ឋាភិបាលសម្រេចប្រគល់ឲ្យក្រុមហ៊ុនឯកជនចំនួន២២៥ សម្រាប់ធ្វើការវិនិយោគ ក្នុងវិស័យកសិឧស្សហកម្ម ជាពិសេសដំណាំកៅស៊ូ និងការរុករកធនធានរ៉ែ។ ក៏ប៉ុន្តែ ដីសម្បទានពិតប្រាកដអាចនឹងមានចំនួនច្រើនជាងនេះ។ នេះបើតាមការប៉ាន់ប្រមាណក្នុងរបាយការណ៍។
របាយការណ៍ដែលនិយាយលាយឡំជាមួយនឹងការបណ្ដេញចេញដោយបង្ខំ និងការបែងចែកដីសម្បទានសង្គមកិច្ចដល់កងទព័ និងជនពិការដែលមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលបានលាតត្រដាងពីភាពមិនប្រក្រតីជាច្រើនក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមឈ្មួញ មានជាអាទិ៍អនុក្រិតចំនួន៥៥ក្នុងចំណោមអនុក្រិតសរុបចំនួន១២៣ ដែលសម្រេចផ្ដល់សម្បទានដីនោះពុំមានក្រុមហ៊ុនច្បាស់លាស់។
ការផ្ដល់ដីសម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្មនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ដី ក្នុងតំបន់ការពារជម្រកសត្វព្រៃ និងឧទ្យានជាតិ និងធ្វើឡើងដោយមិនមានការអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងពុំមានការដោះស្រាយឲ្យប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយគម្រោងវិនិយោគ។ ព័ត៌មានពីការវិនិយោគលើដីសម្បទាននោះមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ពាក់ព័ន្ធទេ និងមិនមានរបាយការណ៍ជាសាធារណៈអំពីរឿងនេះនោះឡើយ។
អង្គការអាដហុកបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា របាយការណ៍របស់ក្រសួងកសិកម្ម តែមួយប៉ុណ្ណោះបានបង្ហាញថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានកើនពីជាង ២០០.០០០ ហិកតា នៅឆ្នាំ២០០៨ ដល់ជាង ៧៥០.០០០ ហិកតា នៅឆ្នាំ២០១១ ដែលក្នុងនោះការផ្ដល់ដីសម្បទានមាននៅក្នុងខេត្តចំនួនពី១៧ ទៅ១៨ ភាគច្រើន ក្នុងខេត្តភាគខាងជើង និងភាគឥ្ឍសានប្រទេស ដូចជាកំពង់ឆ្នាំង កំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែងជាដើម។
លោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុក មានប្រសាសន៍នៅក្រោយការបង្ហាញរបាយការណ៍ថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ។
«ផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនដល់ក្រុមហ៊ុនឯកជននេះ យើងជឿថា គួរពិនិត្យសើរើឡើងវិញដែរ ពីព្រោះគំរូរបៀបហ្នឹងធ្វើឲ្យតែក្រុមហ៊ុនទេ ដែលចំណេញ។ ប៉ុន្តែប្រជាពលរដ្ឋត្រូវបានខាតបង់ច្រើនដែរ។ យើងចង់ឲ្យថារដ្ឋាភិបាលយើងពិនិត្យមើលគំរូ ដែលប្រទេសដ៏ទៃទៀតធ្វើ ដូចជាការទុកដីឲ្យប្រជាពលរដ្ឋធ្វើទៅ។ ហើយឲ្យក្រុមហ៊ុនមកបណ្តាក់ទុន នាំពូជមកល្អៗ មកបណ្តុះបណ្តាលប្រជាពលរដ្ឋយើង ឲ្យប្រជាពលរដ្ឋយើងអ្នកដាំ ក្រុមហ៊ុនចាំតែទិញផលទៅ ហើយច្នៃប្រឌិតចេញលក់ទៅ។ ធ្វើបែបនេះ យើងចំណេញទាំងអស់គ្នា»។
តែលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានច្រានចោលតួលេខដែលបានរកឃើញដោយអង្គការអាដហុកដែលថា ដីសម្បទានសេដ្ឋកិច្ចបានកើនដល់ជាងពីរលានហិកតានោះ។ លោកអះអាងថា តួលេខផ្លូវការមានចំនួនតិចជាងនេះ ប៉ុន្ដែលោកមិនមានភាពជាក់លាក់ក្នុងតួលេខនេះទេ។ លោក ផៃ ស៊ីផាន ពន្យល់ថា ដីសម្បទានសេដ្ឋកិច្ច គឺជាគោលនយោបាយវែងឆ្ងាយរបស់រដ្ឋាភិបាល។
«គោលនយោបាយរបស់យើង គឺយើងចង់ធ្វើការអភិវឌ្ឍ ធ្វើពីកសិកម្មគ្រួសារ ឲ្យទៅជាកសិឧស្សាហកម្ម។ នៅក្នុងទម្រង់ឧស្សាហកម្ម ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺយើងរំពឹងទុកនៅក្នុង១០ឆ្នាំក្រោយហ្នឹងគឺយើងបានចំណូលពីកសិកឧស្សាហកម្មច្រើន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ នៃមហាជនរបស់យើង»។
ក៏ប៉ុន្ដែរបាយការណ៍របស់អង្គការអាដហុកលើកឡើងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើនជ្រុលអាចជាកំហុសដ៏ធំសម្រាប់កាត់បន្ថយភាពក្រីក្រ និងសម្រាប់ធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅវិញ។ របាយការណ៍បានលើកហេតុផលថា ចំនួនប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលពី ២៥ ទៅ ៣០ ឆ្នាំ ខាងមុខទៀត អាចនឹងមានកំណើនទ្វេដង គឺមានន័យថា ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនពី១៥លាននាក់ ទៅ៣០ លាននាក់ក្នុងបីទសវត្សរ៍ទៀតដូច្នេះដីបម្រុងសម្រាប់ការរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាពលដ្ឋអាចនឹងប្រឈមនឹងបញ្ហាប្រសិន បើរដ្ឋាភិបាលនៅតែបន្ដផ្តល់ដីសម្បទានរយៈពេលពី ៧០ទៅ៩៩ ឆ្នាំ ដល់ក្រុមហ៊ុនឯកជនដូចក្នុងពេលនេះទៀត។
ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រសួងដែនដីនគររូបនីយកម្ម មានផែនការរួចហើយក្នុងការរក្សាផ្ទៃដីសម្រាប់កំណើនប្រជាពលរដ្ឋនោះ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម រង្ស៊ី យល់ស្របនឹងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនោះ។ តំណាងរាស្ដ្រប្រចាំមណ្ឌលក្រុងភ្នំពេញរូបនេះចាត់ទុកថា របាយការណ៍នោះ ជាជួងមួយជួយរំលឹកដល់រដ្ឋាភិបាលដោយសារតែលោកបានសង្កេតឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានប៉ះពាល់ដល់ ប្រជាពលរដ្ឋ ប៉ះពាល់ដល់ជនជាតិដើមភាគតិច ការកិបកេងចំណូលរដ្ឋ និងការកាប់បំផ្លាញព្រៃឈើ។
«យើងសង្កេតឃើញថា មានការប្រើប្រាស់របៀបជាដីព្រៃសម្បទានទៅកាប់បំផ្លាញព្រៃឈើស្របច្បាប់ឲ្យបាត់បង់ការបង់ពន្ធលើឈើ ហើយមានការលក់ដូរបន្តគ្នា។ ដូចករណីដែលខ្ញុំសួរទៅរដ្ឋាភិបាលពីរឿងសម្បទានមួយនៅខេត្តស្ទឹងត្រែង លក់បន្តទៅឲ្យក្រុមហ៊ុនមួយទៀតជាង ១០០លានដុល្លារ ហើយឥតមានចូលថវិកាជាតិអី។ មួយវិញទៀត យើងឃើញក្រុមហ៊ុនជាច្រើនឥតគោរពកិច្ចសន្យាទៅដាំអីទេ ទិញកាប់ឈើអស់ទុកចោល»។
លោក សុន ឆ័យ សង្កេតឃើញថា ការផ្ដល់ដីសម្បទាននេះពុំមានការដេញថ្លៃនោះទេ។
លោក ផៃ ស៊ីផាន ទទួលស្គាល់ថា មានផលអវិជ្ជាមានមួយចំនួនកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននេះ តាមរយៈការស្ដែងចេញនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ ក៏ប៉ុន្ដែ លោកបាននិយាយការពារថា ក្រុមប្រជាពលរដ្ឋបានទទួលផលចំណេញច្រើនជាងផលប៉ះពាល់៕