ក្បួន​ដង្ហែរ​​នៃ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ជា​ វិជ្ជា​ខួប​លើក​ទី៧

លោក​ជា​ មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​

អស់​រយៈពេល​៦​ឆ្នាំ​កន្លង​ផុត​មក​ហើយ​ដែល​សហជីព​សេរីកម្មករ​របស់​លោក​ជា​ មុន្នី​តែង​តែ​ដើរ​ដង្ហែរ​ក្បួន​ដោយ​សន្តិ​វិធី​ចេញ​ពី​ទី​ស្នាក់​ការ​របស់​ខ្លួន​ដើម្បី​យក​កម្រង​ផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​សព​លោកជា​ វិជ្ជា​បង​ប្រុស​របស់​លោក​ដែល​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៤​ នៅ​ក្បែរ​តូប​លក់​កាសែត​មួយ​ជិត​វត្ត​ល័ង្កា។

ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៧​នៃ​ការ​ស្លាប់​បាត់​បង់​ជី​វិត​របស់​លោក​ជា វិជ្ជា។ ​សម្រាប់​លោក​ជា​ មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​ដែល​បាន​ឡើង​កាន់​កាប់​មុខ​តំណែង​បន្ទាប់​ពី​បង​ប្រុស​របស់​លោក​ បាន​និយាយ​ថា ​ឆ្នាំ​នេះ​លោក​បាន​ប្តូរ​ពី​ការ​ដើរ​ក្បួន​ដង្ហែរ​មក​ធ្វើ​ដំណើរ​តាម​រថយន្ត​និង​ម៉ូតូ​វិញ​ដើម្បី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​បង​ប្រុស​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ផ្តូរ​ជំហរ​នេះ​ដោយ​សារ​តែ​អំឡុង​ពេល​នេះ​គណបក្ស​នយោបាយ​កំពុង​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា។

«បាទ​ ជា​ការណ៍​ពិត​ហើយ ​នៅ​ជិត​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​គេ​ហាម​ការ​ដើរ​ហែក្បួន។ ​យើង ​ជា​ទូទៅ​ ខ្ញុំឲ្យ​ថា ​មាន​ការ​អនុវត្ត​ច្បាប់។ ​យើង​ស្វាគមន៍​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា​ មិន​ប្រកាន់​ថា ​សហជីព​ ឬ​ក៏​សង្គម​ស៊ីវិល​ ឬ​ក៏​គណបក្ស​នយោបាយ​ទេ​ ឲ្យ​តែ​គោរព​ទាំង​អស់​គ្នា​យើង​ខ្ញុំ​គោរព​តាម»។

មន្ត្រី​តំណាង​សហជីព​សេរី​កម្មករ​ និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នាស្តីពីការ​ដើរ​ក្បួន​ដង្ហែរ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ជា ​វិជ្ជា។

លោក​កើត ឆែ​ នាយក​រង​រដ្ឋ​បាល​នៃសាលា​ក្រុង​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា ​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា ​នឹង​មិន​ដើរ​ក្បួន​ដង្ហែរ​ដូច​សព្វ​មួយ​ដង​ទេ។

«បាទ​ មាន​ក្នុង​កំណត់​ហេតុ​ហើយ។ ​យើង​និយាយ​គ្នា​ក្នុង​កំណត់​ហេតុ​ថានេះ​ជា​ការ​ព្រម​ព្រៀង»។

បើទោះបី​ជា​មិន​ដើរ​ក្បួន​ដង្ហែរ​ដូច​សព្វ​មួយ​ដង​ក៏​លោក​ជា​ មុន្នី​បាន​បញ្ជាក់​ថា​ លោក​គ្រោង​នឹង​ដឹក​នាំ​ក្រុម​សហជីព​ប្រមាណ​១០០​នាក់​ដើម្បី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញណ​ក្ខន្ធ​ដល់​សព​លោក ​ជា​ វិជ្ជា។

លោក​ជា មុន្នី​នៅ​តែ​ទទូច​ដល់​រដ្ឋា​ភិបាល​ឲ្យ​ស្វែង​រក​ឃាដករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស​តាម​ច្បាប់។

លោក​ឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​នៅ​មិន​ទាន់​បាន​បិទ​សំណុំ​រឿង​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៣១​ខែធ្នូ​កន្លង​ទៅ​នេះ ​បាន​យល់​ព្រម​លើ​ចំណារ​លិខិត​មួយ​របស់​លោក​ជា​ មុន្នី​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ឲ្យ​សាងសង់​រូប​សំណាក​លោក​ជា​ វិជ្ជា​ អតិត​ប្រធាន​សហជីព​សេរី​កម្មករ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​និង​ការ​ចង​ចាំ​គុណូបការៈ​របស់​លោក​ជា វិជ្ជា។

ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ កាល​ពី​ថ្ងៃ​ទី​៣​ខែមករា​នេះ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ឬ​សជណ​លេខ​០៣ ​ដោយ​បាន​បញ្ជាក់​ពី​ការយល់​ព្រមរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ តាម​សំណើ​របស់​លោក​ជា មុន្នី។

គណៈរដ្ឋ​មន្ត្រី​ក៏​បាន​តម្រូវ​ឲ្យ​លោក​កែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​រៀប​ចំ​កសាង​រូប​សំណាក​ដោយ​ពិភាក្សា​ជាមួយ​លោក​ជា​ មុន្នី។

លោក​ជា​ វិជ្ជា ​អតិត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ត្រូវ​បាន​ឃាដករ​ចូលបាញ់​សម្លាប់​យ៉ាង​ជិត​បំផុត ​កាល​ពី​ថ្ងៃ​ទី​២២​ខែមករា​ឆ្នាំ២០០៤​នៅ​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​តែ​អង្គុយអាន​កាសែត​នៅ​ក្បែរ​វត្ត​ល័ង្កា​កណ្តាល​ទី​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់លោក​ជា​ វិជ្ជា​ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​រូប​គឺ​លោកប៊ន សំណាង​ និង​លោក​សុខ​ សំអឿន​យក​មក​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល២០​ឆ្នាំ។

លោក​ប៊ន សំណាង​និង​លោក​សុខ​ សំអឿន​ត្រូវ​បាន​តុលាការ​កំពូល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ឆ្នាំ​២០០៩​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ថា ​ជន​ជាប់​ចោទ​ទាំង​ពីរ​ជា​ឃាដករ​សិប្បនិម្មិត៕