ក្រុមព្រះរាជអាជ្ញារងនៃសាលាក្តីខ្មែរក្រហមបានបង្ហាញថា មេដឹកនាំកំពូលខ្មែរក្រហម មានផែនការនយោបាយជាមុនរួចជាស្រេចមុននឹងច្បាមយកអំណាច ដោយប្រដាប់អាវុធពីរបបលោកសេនាប្រមុខលន់ ណុល។ ការលើកឡើងរបស់ក្រុមសហព្រះរាអាជ្ញាធ្វើឡើងនៅក្នុងការកាត់ទោសសំណុំរឿង០០២ នៅថ្ងៃច័ន្ទនេះ។
ជនជាប់ចោទទាំងបីនាក់ដែលមាននួន ជា អៀង សារី និងខៀវ សំផន ធ្លាប់បានដោះសារជាបន្ដបន្ទាប់នៅក្នុងពេលកំពុងកាត់ទោសជាហូរហែរថា ពួកខ្លួនមានការទទួលខុសត្រូវដាច់ៗពីគ្នា និងមិនដឹងពីកិច្ចការនៃមេដឹកនាំខ្មែរក្រហមដទៃទៀតស៊ីជម្រៅទេ។
ក្រុមសហព្រះរាជអាជ្ញារងបានបង្ហាញឯកសារជាច្រើន ដែលទាក់ទងនឹងសេចក្ដីថ្លែងការណ៍នានារបស់ប៉ុល ពត បងធំទី១ និងជាមេស្ថាបនិករបបខ្មែរក្រហម និងសេចក្ដីថ្លែងការណ៍របស់ខៀវ សំផន ដែលបង្ហាញពីការដឹកនាំការងារ និងការគ្រប់គ្រងអំណាចនៅក្នុងជួរខ្មែរក្រហម។
លោក វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល (Vincent De Wilde D'Estmael) សហព្រះរាជអាជ្ញារងបានស្រង់សម្តីប៉ុល ពត ដែលថ្លែងក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនិស្ដមួយដែលបង្ហាញថា គណបក្សកុម្មុយនិស្ដរបស់ខ្មែរក្រហមបានសម្រេចក្នុងអំឡុងទសវត្សរ៍ទី៦០ពីការបង្កើតរចនាសម្ព័ន្ធដឹកនាំ ការលុបបំបាត់របបមូលធន និងសក្ដិភូមិ ការលុបបំបាត់ទីផ្សារ និងការចាយលុយ រួមទាំងការបង្កើតសហករណ៍ជាដើម។ ការដឹកនាំទៀតសោតនឹងត្រូវអនុវត្តតាមខ្សែបន្ទាត់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់មជ្ឈឹម។
«ថ្នាក់ក្រោមគោរពថ្នាក់លើ។ បុគ្គលគោរពសមូហភាព។ ឯកជនគោរពអង្គការ។ អង្គការថ្នាក់ផ្សេងៗគ្នាគោរពអង្គការមជ្ឈឹម។ នេះហើយគឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍សំខាន់ៗនៃរបបនោះ»។
សហព្រះរាជអាជ្ញារងសញ្ជាតិបារាំងដដែលបញ្ជាក់ថា ប៉ុល ពត បានពន្យល់ថា ការលុបបំបាត់ទីផ្សារ និងការមិនចាយលុយបន្ទាប់ពីបក្សកុម្មុយនិស្ដរបស់ខ្មែរក្រហមយល់ឃើញថា ក្រុមឈ្មួញនឹងធ្វើជាចៅហ្វាយគ្រប់គ្រងទៅលើការធ្វើបដិវត្តន៍ ការគ្រប់គ្រងកងទ័ព និងគ្រប់គ្រងប្រជាជន។ ហើយការបន្តឲ្យមាននយោបាយពាណិជ្ជកម្មនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ការតស៊ូរំដោះជាតិ។
មួយវិញទៀត វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល បញ្ជាក់ថា ប៉ុល ពត យល់ថា នៅក្នុងពេលកំពុងធ្វើសង្រ្គាម សហករណ៍គឺជាប្រភពផ្គត់ផ្គង់យ៉ាងសំខាន់ដល់កម្លាំងយោធា និងសេដ្ឋកិច្ច និងកម្លាំងដឹកជញ្ជូន។ នេះគឺជាតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសហករណ៍ក្នុងការច្បាមយកអំណាចពីពួកសក្ដិភូមិ និងនាយទន់ដែលពួកខ្មែរក្រហមចាត់ទុកថា ជាសត្រូវរបស់ប្រជាជន។ មួយវិញទៀត បន្ទាប់ពីសង្រ្គាម សហករណ៍មានសមត្ថភាពផ្ដល់ស្បៀងអាហារគ្រប់វិស័យដល់ប្រជាជនថ្មីដែលទើបត្រូវបានរំដោះក្រោយពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ចំពោះការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ អតីតប្រធានសភាខ្មែរក្រហម នួន ជា បានច្រានចោលការទទួលខុសត្រូវរបស់ខ្លួន ចំពោះអំពើឃោរឃៅដែលបានកើតឡើង ហើយបានពន្យល់ថា ការមិនចាយលុយ ការលុបបំបាត់ទីផ្សារ គឺធ្វើឡើងសម្រាប់តែមួយរយៈពេលតែប៉ុណ្ណោះ ហើយការបង្កើតសហករណ៍គឺដើម្បីបង្កើនកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងបង្រៀនមនុស្សគ្រប់រូបឲ្យចេះធ្វើការងារ។
ដោយឡែកអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម ព្យាយាមមិនឆ្លើយនឹងសំណួរផ្សេងៗ នៅក្នុងពេលកំពុងកាត់ទោសរូបគាត់ទេ។ រីឯ ខៀវ សំផន អតីប្រមុខរដ្ឋខ្មែរក្រហមបានឆ្លើយថា ខ្លួនមិនដឹងពីបញ្ហាជាច្រើន និងបានព្យាយាមមិនធ្វើការឆ្លើយតបនឹងសំណួរក្នុងខណៈនេះ។
លោកព្រះរាជអាជ្ញារងកម្ពុជា ច័ន្ទ តារារស្មី បញ្ជាក់ថា ឆ្លងតាមការបង្ហាញឯកសារបង្ហាញថា ពួកខ្មែរក្រហមបានបង្កើតរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋាន និងចាប់ផ្ដើមអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាពចាប់តាំងពីពួកខ្លួនស្ថិតក្នុងចលនាតស៊ូក្នុងព្រៃមកម្លេះ។
ជាមួយគ្នានេះដែរលោកសហព្រះរាជអាជ្ញារងកម្ពុជាលោក វ៉េង ហួត បានបង្ហាញថា ខៀវ សំផន បានតស៊ូជាមួយចលនាខ្មែរក្រហមជាងពីរទសវត្សរ៍ ហើយបានកាន់ដំណែងកំពូលៗជាច្រើន ហើយគាត់បានដឹងឮយ៉ាងទូលំទូលាយអំពីសភាពការណ៍មុនការឡើងកាន់អំណាច និងការប្រព្រឹត្តក្នុងតំបន់រំដោះ និងសកម្មភាពព្រៃផ្សៃរបស់ពួកខ្មែរក្រហមជាច្រើន៕