ស្ទឹងត្រែង
ទោះបីជារដ្ឋាភិបាលបានអនុម័តលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២រួចទៅហើយក៏ដោយ ក៏អ្នកភូមិដែលរងផលប៉ះពាល់ នៅតែបន្តការតវ៉ាប្រឆាំងនឹងគម្រោងនោះ ហើយចង់ឲ្យរដ្ឋាភិបាលពិចារណាឡើងវិញអំពីគម្រោងសាងសង់ទំនប់ដ៏ចម្រូងចម្រាស់នោះ។
អ្នកភូមិដែលរស់នៅតាមដងទន្លេសេសាននៅក្នុងខេត្តស្ទឹងត្រែងនេះនិយាយថា ពួកគេមិនចង់ឃើញទំនប់វារីអគ្គិសនីសេសានក្រោម២នៅលើទន្លេនេះទេ។
លោកណយ ភុតគឺជាអ្នកនេសាទម្នាក់នៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន។ លោកមានប្រសាសន៍ថា ប្រសិនបើត្រូវគេសាងសង់មែន ទំនប់នោះ នឹងធ្វើឲ្យលោកមិនអាចរកត្រីតទៅទៀតបានទេ។
«អត់ហ្នឹងហើយ។ រកមិនបានទេ បើគេធ្វើទំនប់ ព្រោះទឹកឡើងច្រើន»។
កាលពីខែមុន អ្នកភូមិរាប់រយនាក់បានដើរដង្ហែក្បួននៅតាមដងទន្លេនេះដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលមានកម្លាំងថាមពល៤០០មេហ្គាវ៉ាត់នោះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តការធានាទូទាត់ឲ្យក្រុមហ៊ុនសាងសង់ទំនប់នោះ។
ក្រុមហ៊ុនដែលមានឈ្មោះថា ហាយដ្រូ ផៅវ័រឡូវើសេសាន២នេះគឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ ចិន និងវៀតណាម ដែលមានទឹកប្រាក់ចំនួនជាង៧៨១លានដុល្លារអាមេរិក។
លោកហ្វុត ឃឿនគឺជាអ្នកចូលរួមការតវ៉ាម្នាក់។
«ដល់ពេលគេអនុម័តច្បាប់ហើយ ប្រជាពលរដ្ឋនៅតាមភូមិតាមដងទន្លេនីមួយៗ មានការព្រួយបារម្ភក្នុងការជម្លៀសទីលំនៅដ្ឋាន ទៅនៅភូមិដ្ឋានថ្មី ធ្វើស្រែថ្មី ដាំដើមឈើថ្មី ដែលពិបាកទទួលផល»។
ក្នុងក្តីសង្ឃឹមចង់ឲ្យរដ្ឋាភិបាលស្តាប់ការព្រួយបារម្ភរបស់ពួកគេ ក្រុមអ្នកភូមិទាំងនេះបានបន្តក្បួនដង្ហែរបស់ពួកគេតាមម៉ូតូ គោយន្ត និងបន្ទាប់មកដោយថ្មើរជើង ឆ្ពោះទៅកាន់អាស្រមអ្នកតារបស់ពួកគេមួយកន្លែង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីភូមិ ដើម្បីបួងសួងសុំឲ្យអារុក្ខអារក្ស ដែលពួកគេមានជំនឿទៅលើនោះ ជួយអន្ទងចិត្តរបស់អ្នកសម្រេចចិត្តលើបញ្ហាទំនប់សេសានក្រោម២នេះ ឲ្យពិចារណាឡើងវិញលើគម្រោងនោះ ។
លោកចាន់ ធុនគឺជាអ្នកតំណាងសហគមន៍ឃុំស្រែគរ។ លោកមានប្រសាសន៍ថា អ្នកភូមិរបស់លោកចង់រស់នៅក្នុងជីវភាពធម្មតាដូចសព្វថ្ងៃ ដោយមិនចាំបាច់ផ្លាស់ទៅរស់នៅទីតាំងថ្មីនោះទេ។
«នៅក្នុងតំបន់ហ្នឹងគឺសុទ្ធតែកសិករធ្វើស្រែ។ ប្រសិនបើដីគ្រួសថ្ម អញ្ចឹង ធ្វើស្រែយ៉ាងម៉ិចទៅកើត?»
គម្រោងសាងសង់ទំនប់នេះនឹងតម្រូវឲ្យប្រជាជនជាង១៥០០គ្រួសារផ្លាស់ទីលំនៅ នេះបើយោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល។
ប៉ុន្តែរដ្ឋាភិបាលអះអាងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់នេះមានប្រមាណតែពាក់កណ្តាលនៃចំនួននោះប៉ុណ្ណោះ ហើយនិយាយថា រដ្ឋាភិបាល ត្រូវការទំនប់នេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ចកិច្ចជាតិ។
តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកភូមិលើកឡើងថា កំណើនសេដ្ឋកិច្ចនោះគឺមិនមែនសម្រាប់ពួកគេទេ។
លោកសេត កាល់ គឺជាអ្នកភូមិម្នាក់មកពីឃុំក្បាលរមាស។
«រីកចម្រើនបានតែពួកអ្នកធំៗ ឯប្រជាជននៅជនបទបានស្អី? អត់មានបានរីកចម្រើនទេ បានតែអ្នកទីក្រុង អ្នកធំៗ។ អ្នកជនបទអត់បានទេ»។
ក្រុមសកម្មជនការពារបរិស្ថានក៏លើកឡើងផងដែរថា រដ្ឋាភិបាលគួរតែស្តាប់ប្រជាជន ហើយគួរសិក្សាបន្ថែមទៀតអំពីគម្រោងសាងសង់ទំនប់នោះ។
លោកមៀច មានគឺជាអ្នកសម្របសម្រួលបណ្តាញការពារទន្លេបី គឺទន្លេសេសាន ស្រែពក និងសេកុង។
«នៅពេលដែលកម្រិតទឹកពេញ៧៥ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ នោះមានន័យថា ទំនប់សេសានក្រោម២នេះអាចផលិតថាមពលបានកម្រិត៤០០មេហ្គាវ៉ាត់។ ប៉ុន្តែប្រសិនបើស្ថានភាពទឹកនៅត្រឹមកម្រិតនេះ ស្ទើរតែដាច់ពីទន្លេអញ្ចឹង ទំនប់ហ្នឹងមិនអាចធានាបាននូវកម្រិត៤០០មេហ្គាវ៉ាត់បានទេ»។
ប្រសិនបើត្រូវបានសាងសង់មែន ទំនប់សេសានក្រោម២នឹងគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះរបស់ទន្លេសេសាន និងស្រែពក ដែលជាដៃទន្លេដ៏សំខាន់បំផុតពីររបស់ទន្លេមេគង្គ នេះបើផ្អែកតាមអង្គការទន្លេអន្តរជាតិ(International Rivers)។
ហើយក្រុមអ្នកភូមិ ដែលភាគច្រើនជាជនជាតិដើមភាគតិចនៅទីនេះ និយាយថា ទំនប់នោះក៏នឹងបំផ្លាញជីវភាពរស់នៅនិងប្រពៃណីរបស់ពួកគេជារៀងរហូត។
លោកសៀក មេគង្គគឺជាមេឃុំស្រែគរ។
«តាមគោលការណ៍សិក្សារបស់រដ្ឋាភិបាលគេថា អាចចំណេញជាតិច្រើនជាង។ បើតាមខ្ញុំសិក្សា ដូចជាទៅប្រទេសផ្សេងៗ ដូចជាឡាវជាដើម ខ្ញុំថា វាប៉ះពាល់ខ្លាំងណាស់ ជាពិសេសជំងឺឈឺថ្កាត់ ប៉ះពាល់ធនធានធម្មជាតិទាំងអស់ ហើយអនាគតទៅ កូនចៅអ្នកភូមិស្រែគរ និងឃុំស្រែគរហ្នឹង នឹងធ្វើជាកម្មករគេទាំងអស់ ព្រោះវាអស់ធនធានធម្មជាតិ វាអស់រលីងទៅហើយ»។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាឲ្យបានល្អិតល្អន់ឡើងវិញ មុនពេលដែលការសាងសង់ទំនប់នេះចាប់ផ្តើម៕