សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.បបានស្នើសុំថវិកា៩២ លានដុល្លារពីក្រុមប្រទេសអ្នកផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការកាត់ទោសរយៈពេល២ឆ្នាំគឺឆ្នាំ២០១២ និងឆ្នាំ២០១៣ ទោះបីជាមន្ត្រីសាលាក្តីបានអះអាងថាខ្លួនស្នើសុំតែ៨៩លានក្តី។ នេះបើតាមឯកសារជាសំណើថវិកាដែលតុលាការខ្មែរក្រហមផ្ញើជូនក្រុមប្រទេសអ្នកផ្តល់ជំនួយហើយវីអូអេទទួលបានពីប្រភពស្និទ្ធនឹងតុលាការនិងប្រទេសម្ចាស់ជំនួយ។
នៅក្នុងសំណើកញ្ចប់ថវិកាដដែលនោះបានរៀបរាប់លម្អិតពីគម្រោងចំណាយរបស់ខ្លួនហើយនិយាយឲ្យដឹងថាកញ្ចប់ថវិកាភាគច្រើនគឺសម្រាប់ផ្នែកអន្តរជាតិ ឬអ.ស.ប ហើយកញ្ចប់ថវិកាភាគីកម្ពុជាត្រូវការតែ២០លានប៉ុណ្ណោះគឺមួយឆ្នាំ ១០លានដុល្លារ។ ឯកសារជាង៨០ទំព័រជាភាសាអង់គ្លេសបានបញ្ជាក់ថា៖
«តាមតម្រូវការរំពឹងទុករបស់តុលាការសម្រាប់រយៈពេលពីរឆ្នាំ សាលាក្តីខ្មែរក្រហម ស្នើសុំឲ្យមានការយល់ព្រមលើសំណើថវិកាសរុបចំនួន៩២លានដុល្លា។ ក្នុងចំនួននោះគឺ៤៧,៥លានសម្រាប់ចំណាយឆ្នាំ២០១២ និង ៤៤,៥លានដុល្លារសម្រាប់ចំណាយឆ្នាំ២០១៣ រួមទាំងចំណាយលើបញ្ហាចៃដន្យផងដែរ»។
លោក ម៉ាទីន ណេសឺគី (Martin Nersirky) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប បាន គីមូន (Ban Ki-moon) បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទប៉ុន្មានថ្ងៃមុននេះថាប្រទេសអ្នកផ្តល់ជំនួយកំពុងពិចារណាលើសំណើថវិកាដែលបានទទួលពីសាលាក្តីខ្មែរក្រហមហើយ។
លោក Nersirky ពុំបានបញ្ជាក់លម្អិតអំពីចំនួនថវិកានិងកម្មវិធីលម្អិតនៃកិច្ចប្រជុំរបស់ក្រុមប្រទេសអ្នកផ្តល់ជំនួយដើម្បីពិចារណាចុងក្រោយលើថវិកាកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋកម្មអន្តរជាតិនានាទាក់ទងនឹងការស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ នោះ។
អ្នកការទូតម្នាក់ក្នុងទីក្រុងញូវយ៉កដែលត្រូវចូលរួមប្រជុំសម្រេចអំពីថវិកានោះបានអះអាងថាសំណើថវិកាសាលាក្តីនឹងត្រូវសម្រេចក្នុងកិច្ចប្រជុំក្រុមប្រទេសជាមិត្តនឹងសាលាក្តីប្រមាណ១៥ប្រទេសនៅថ្ងៃទី២៤ខែកុម្ភៈដែលលោកអគ្គលេខាធិការអ.ស.ប Ban Ki-moon ចូលរួមជាអធិបតី។
សាលាក្តីខ្មែរក្រហមកំពុងខ្វះខាតថវិកាបើកឲ្យបុគ្គលិកជាពិសេសបុគ្គលិកភាគីកម្ពុជា ដែលមិនបានទទួលប្រាក់ខែតាំងពីខែតុលាម៉្លេះ។
លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា គណៈប្រតិភូសាលាក្តីខ្មែរក្រហមដែលដឹកនាំដោយលោក ក្រាញ់ តូនី (Tony Kranh) ប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីនិងអនុប្រធានរបស់លោកគឺលោក Knut Rosandhaug
បានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃអាទិត្យ។ គណប្រតិភូនេះគ្រោងនឹងជួប ប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយនៅថ្ងៃទី២៤ខែកុម្ភៈបន្ទាប់ពីកិច្ចប្រជុំជាបឋមមួយជាមួយក្រុមប្រទេសអចិន្ត្រៃយ៍នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីពិភាក្សាពីសំណើថវិកាដែលលោកអះអាងតែចំនួន៨៩លានគឺតិចជាង៣លានដែលឯកសារបានបញ្ជាក់។
«ដំណើរការតុលាការនេះវាអាស្រ័យទៅលើចំណុចពីរសំខាន់។ ទី១ ប្រព័ន្ធដែល មានស្រាប់នៅកម្ពុជា។ ហើយចំណុចទី២គឺថវិកាដែលផ្តល់ដោយប្រទេសអ្នកផ្តល់ជំនួយ។ ដូច្នេះបើខ្វះចំណុចណាមួយក្នុងចំណោមទាំងពីរនេះជាពិសេសបើ ប្រទេសផ្តល់ជំនួយនៅបន្តទៀតទើបតុលាការនេះអាចបញ្ចប់បេសកកម្មនិង ដំណើរការនិងការងាររបស់ខ្លួនបាន»។
ដោយឡែកបុគ្គលិកអ.ស.បដែលគេរាយការណ៍មកថាត្រូវចប់កិច្ចសន្យានៅខែមេសា និងខែឧសភានោះអាចនឹងប៉ះទង្គិចផងដែរពេលគ្មានការបន្តសន្យាថវិកាពីម្ចាស់ជំនួយ។
ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិមួយចំនួនបានទទូចដល់ក្រុមប្រទេស អ្នកផ្តល់ជំនួយដើម្បីជួយដល់តុលាការនេះចប់ដោយគ្មានបរាជ័យ។ តែក្រុមអ្នកឃ្លាំមើលដដែលបានជំរុញដល់សាលាក្តីក៏ត្រូវពង្រឹងខ្លួនពីការរិះគន់រឿងការជ្រៀតជ្រែកផ្នែកនយោបាយ អំពើពុករលួយ បង្ហាញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអ.ស.ប ឯករាជ្យភាពរបស់មន្ត្រីតុលាការនិងដោះស្រាយបញ្ហាតែងតាំងចៅក្រមបរទេសដើម្បីបំពេញកិច្ចការផងដែរ។
លោកស្រី Clair Duffy មន្ត្រីឃ្លាំមើលសាលាក្តីនៃអង្គការច្បាប់របស់ស.រ.អាមួយ ឈ្មោះ Open Society Justice Initiative ឬហៅកាត់ថា OSJI បានអះអាងថា កង្វះថវិកាធ្វើឲ្យខូចខាតដល់មុខមាត់តុលាការទាំងមូល ហើយនឹងបង្កើតឲ្យមាន សំណួរច្រើនសួរថាតើតុលាការ អាចដំណើរការទៅមុខយ៉ាងម៉េចបានបើគ្មានលុយនោះ?
«យោបល់របស់យើងជាទូទៅគឺថាក្រុមប្រទេសអ្នកផ្តល់ជំនួយជារួមចាំបាច់ផ្តល់ថវិកាគាំទ្របន្ថែមទៀតចំពោះតុលាការ»។
លោកស្រី Duffy បានពន្យល់បន្ថែមមានបញ្ហាមួយចំនួនដែលតុលាការត្រូវធានា ចំពោះម្ចាស់ជំនួយគឺការជម្រះបញ្ហាជ្រៀតជ្រែកផ្នែកនយោបាយនិងរឿងរ៉ាវ នានាក្នុងតុលាការដើម្បីកុំឲ្យប៉ះទង្គិចដល់អារម្មណ៍ម្ចាស់ជំនួយ។
«ពិតប្រាកដណាស់ ខ្ញុំគិតថាវិបត្តិនៃកេរ្តិ៍ឈ្មោះតុលាការបច្ចុប្បន្នធ្វើឲ្យប៉ះទង្គិច ដល់ក្រុមប្រទេសអ្នកផ្តល់ជំនួយក្នុងការសម្រចថាពួកគេ ត្រូវបន្តផ្តល់ការសន្យា ថវិកាដល់តុលាការឬមិនផ្តល់។ នេះហើយជាអ្វីដែលតុលាការចាំបាច់ត្រូវការ គោរពតាមបទដ្ឋានខ្ពស់បំផុតនៃច្បាប់អន្តរជាតិនិងសិទ្ធិមនុស្ស។ ដូច្នេះក្រុម ប្រទេស អ្នកផ្តល់ជំនួយមានទំនុកចិត្តឡើងវិញ ហើយផ្តល់ថវិកាដល់តុលាការទៀត»។
លោកស្រីក៏បានស្តីបន្ទោសក្រុមប្រទេសអ្នកផ្តល់ជំនួយថាពុំបានជំរុញល្មម គ្រប់គ្រាន់ចំពោះដំណើរការទៅមុខនៃសំណុំរឿង ០០៣ និង០០៤ និងការផ្តល់ថវិកា យឺតយ៉ាវដែលអាចកាត់បន្ថយល្បឿននៃតុលាការ។
លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានហៅវិបត្តិថវិកាជាល្បែងលេងចាប់កូនមាន់និងការមិនពេញចិត្ត ពីប្រទេសម្ចាស់ជំនួយចំពោះការមិនធ្វើឲ្យរីកចម្រើនក្នុងសាលាក្តី ដូចជារឿងវិវាទ រវាងចៅក្រមចំពោះសំណុំរឿង០០៣ និង០០៤ ការមិនតែងតាំងចៅក្រមដើម្បី បំពេញកិច្ចការសំណុំរឿងទាំងនេះ។
«ក្រុមប្រទេសអ្នកផ្តល់ជំនួយអាចទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ចៅក្រមជនជាតិស្វីសមុនពេលផ្តល់ថវិកាបន្ថែម។ សំណុំរឿងទី២ផ្តល់ហេតុផល ដ៏រឹងមាំនៅឡើយសម្រាប់ក្រុមប្រទេសផ្តល់ជំនួយដើម្បីធានាឲ្យតុលាការនេះ ដំណើរការបាន។ តែវាជាការភ្ញាក់ផ្អើលប្រសិនបើប្រទេសផ្តល់ជំនួយច្រានចោល សំណើរបស់កម្ពុជាទាំងស្រុងក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ»។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីនៃអង្គការសិទ្ធិមនុស្សអាដហុកបានអះអាងថា ក្រុមប្រទេសផ្តល់ជំនួយចាំបាច់ត្រូវផ្តល់ថវិកាដល់សាលាក្តីដើម្បីដំណើរការបានជោគជ័យ។
«វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលការបញ្ចប់សាលាក្តីដោយភាពជោគជ័យគឺអាចនឹងបន្សល់នូវកេរដំណែលជាវិជ្ជមាន ដើម្បីស្តារឡើងវិញនូវប្រព័ន្ធតុលាការកម្ពុជានៅក្នុងការជួយស្រោចស្រង់ក៏ ដូចជាការផ្តល់យុត្តិធម៌ជូនទៅដល់ជនរងគ្រោះកម្ពុជានាសម័យបច្ចុប្បន្ន ផងដែរ»។
លោកបានអះអាងថាបញ្ហាសំខាន់ផងដែរដែលតុលាការត្រូវខិតខំធ្វើឲ្យមាន ឯករាជ្យភាពដែលជាក្តីបារម្ភរបស់ប្រទេសម្ចាស់ជំនួយផងដែរ។
អ្នកការទូតក្នុងទីក្រុងញូវយ៉កដែលប្រទេសលោកជាអ្នកផ្តល់ជំនួយសំខាន់ ដល់សាលាក្តីខ្មែរក្រហមបានអះអាងថាសំណុំរឿងបន្ថែម០០៣និង០០៤ នឹងត្រូវពិភាក្សាគ្នាក្នុងពេលមានសំណើអំពីថវិកា។
«រឿងនេះជាក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភជាច្រើន។ តែយើងមិនអាចជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការបានទេ»។
អ្នកការទូតរូបនោះបានអះអាងដែរថាបញ្ហាតែងតាំងសហចៅក្រមស្វីស Laurent Kasper-Ansermet និងបញ្ហាផ្សេងៗទៀតពិតជាស្ថិតក្នុងក្តីបារម្ភមែនក្នុងចំណោមប្រទេសអ្នកផ្តល់ជំនួយ ក្រៅពីបញ្ជាក់អះអាងថាសំណើថវិកាស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
កញ្ចប់ថវិកាថ្មីត្រូវគេដឹងថាគឺដើម្បីចំណាយទៅលើប្រតិបត្តិការសំណុំរឿង០០២និងសំណុំរឿងបន្ថែម០០៣/០០៤ ដ៏ចម្រូងចម្រាស់ហើយនឹងចំណាយផ្នែករដ្ឋបាលផ្សេងៗផងដែរ។
សាលាក្តីខ្មែរក្រហមដែលរងការចោទប្រកាន់ពីបទពុករលួយនិងការជ្រៀតជ្រែកផ្នែកនយោបាយនោះ បានចំណាយថវិកាជិត១៥០លានដុល្លារពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១៕