ជនសង្ស័យពីររូប​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​បាញ់សម្លាប់​សកម្មជន​បរិស្ថាន

សកម្មជន​បរិស្ថាន

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​អះអាង​ថា​យ៉ាង​តិច​មាន​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កងរាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​ នាំ​យក​មក​សួរ​ចម្លើយ​ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឈិត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា។

លោក អ៊ិន ​គង់ជិត ​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ថា​ជនសង្ស័យ​ទាំង​ពីរ​រូប​មាន​ឈ្មោះ​រ៉ាន់ ​បូរ័ត្ន ​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុនធីមប៊ឺគ្រីន (Timber Green) ​និង​លោក សូ ​សុភាព​ មន្ត្រី​កងរាជអាវុធ​ហត្ថខេត្ត​កោះកុង។

«ខ្ញុំ​បាន​ទទួល​បាន​ព័ត៌មាន​ថា ពិត​ជា​មាន​ការ​ឃាត់ខ្លួន​អ្នក​ទាំង​ពីរ​នេះ​ ដើម្បី​ទទួល​យក​យក​ចម្លើយ​ទាក់ទង​នឹង​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ​ឆ្នាំ​២០១២​នេះ»។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​និយាយ​ថា​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​ឃាត់​ខ្លួន​នេះ​ផងដែរ។ ​ក៏ប៉ុន្តែ​លោក​បាន​សង្ស័យ​ថា​ជន​សង្ស័យ​ទាំង​ពីរ​នាក់​មិន​ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​បញ្ជូន​មក​តុលាការ​នៅ​ឡើយ​ទេ។

«គឺ​ពិតប្រាកដ​ហើយ ​គឺ​ខាង​មេបញ្ជាការ​ប៉េអឹម ​គឺ​បាន​ឃាត់ខ្លួន​កូន​គាត់​ហើយ​ ហើយ​គាត់​បាន​ទៅ​មើល​កូន​គាត់​កាល​ពី​ម្សិលមិញ។ ទៅ​មើល​មួយ​ភ្លែត​ហ្នឹង។ ​អញ្ចឹង​គេ​ឥត​ឲ្យ​ទៅ​មើល​ទៀត​ទេ»។

អ្នកស្រី ​សម ​ចាន់ធី ​ភរិយា​លោក​ឈុត ​វុទ្ធី​ បាន​ផ្តល់​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ពិតប្រាកដ​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ កុំ​ឲ្យ​ចាប់​ខ្លួន​អ្នក​ដទៃ​មក​ទទួលទោស​ជំនួស។

«បើ​ថា​មិន​ច្បាស់​ថា​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​ការ​ត​ទៅ​ទៀត»។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កងរាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​បាន​ចាប់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​ មុន​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មាធិការ​ថ្នាក់ជាតិ ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចំពោះ​ករណី​ឃាតកម្ម​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ។

លោក ​ហុង ​ណារ៉ុង ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កោះកុង​មិន​អាច​ទាក់​ទង​សុំ​បំភ្លឺ​បាន​នៅ​ថ្ងៃ​ពុធ​នេះ។ ចំណែក​ឯ​លោក​ឧត្តមសេនីយ៍ឯក ​ម៉ក់ ​ជីតូ ​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី​ស្រាវជ្រាវ​ករណីឃាតកម្ម​នេះ បាន​មាន​ប្រសាសន៍​ថា​មិនទាន់​បាន​ទទួល​ដំណឹង​នៃ​ការ​ឃាត់​ខ្លួន​នេះ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​នៃ​ការ​ស៊ើបអង្គេត​មិន​មាន​ជនសង្ស័យ​ណាមួយ​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។

«មិនទាន់​មាន​ទេ។ មិន​ទាន់​ទេ​ វា​គ្រាន់​តែ​ជា​ពាក្យ​ចរចាមរ៉ាម​ ហើយ​យើង​កំពុង​ធ្វើការ​មិន​ទាន់​ដល់​ចាប់ចង​អី​ទេ»។

គណៈកម្មាធិការ​ថ្នាក់ជាតិ​ដែល​ទើប​នឹង​បង្កើត​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កោះកុង​ហើយ ​ដើម្បី​រក​តម្រុយ​នៃ​ការ​បាញ់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា។

គណៈកម្មាធិការ​នេះ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​កោះកុង ​ហើយ​បាន​សម្រេច​បង្កើត​អនុគណៈកម្មការ​តូចៗ​ចំនួន​បី​ គឺ​អនុគណៈកម្មាធិការ​ចុះ​កន្លែង​កើតហេតុ ​អនុគណៈកម្មាធិការ​យក​ចម្លើយ ​និង​អនុគណៈកម្មការ​កោសល្យវិច្ច័យ។

លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធម្មជាតិ ​និង​លោក​អ៊ិន​ រតនា ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា។ មន្ត្រី​អង្គការ​សង្គមស៊ីវិល​បាន​ទទួច​ឲ្យ​អាជ្ញាធរ​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ពិតប្រាកដ​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ​បន្ទាប់​ពី​មាន​របាយការណ៍​ជា​បឋម​ថា​លោក​អ៊ិន ​រតនា ​បាន​បាញ់​សម្លាប់​ខ្លួនឯង ​បន្ទាប់​ពី​បាន​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​រួច​មក​ថា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ៕