ក្រុមប្រជានេសាទប្រមាណជាង ១.០០០គ្រួសារ ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រនៃស្រុកបុទុមសាគរនិងស្រុកគីរីសាគរនៃខេត្តកោះកុងបានចោទប្រកាន់ក្រុមហ៊ុនចិនមួយដែលបានទទួលដីសម្បទានសេដ្ឋកិច្ចរយៈពេល៩៩ឆ្នាំ ពីរដ្ឋាភិបាល ថាបានបង្ខំពួកគេឲ្យរុះរើផ្ទះសម្បែងចេញ ដោយគ្មានការយល់ព្រមពីប្រជាពលរដ្ឋ។
ក្រុមហ៊ុនញ៉ូញាន ឌីវេឡុបមិនគ្រុប របស់ប្រទេសចិនត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា លើព្រះរាជក្រិត្យមួយ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៨ប្រគល់ផ្ទៃដីប្រមាណ៣៦.០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពប្រជានេសាទ បន្ទាប់ពីពួកគេ ប្រមាណ៥០ភាគរយត្រូវបានផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មីចម្ងាយជាង២០គីឡូម៉ែត្រ។
អ្នកស្រី ទិត្យ ទែន អាយុ៥៤ឆ្នាំ មកពីភូមិភ្ញីមាស ឃុំខ្សាច់មាស ស្រុកគីរីសាគរ បានថ្លែងប្រាប់អង្គសន្និសីទកាសែត ដែលរៀបចំឡើងនៅក្នុងអង្គការNGO Forum នៅថ្ងៃអង្គារថាការអភិវឌ្ឍនេះពួកគេមិនអាចទទួលយកបានទេ។ អ្នកស្រីបានបញ្ជាក់ថាក្រុមហ៊ុន និងអាជ្ញាធរ បានបង្ខំឲ្យប្រជាពលរដ្ឋទទួលយកសំណងជាថ្នូរនឹងការចាកចេញ។
លោកស្រីបានបញ្ជាក់ថា៖
«ពីដើមឡើងពួកខ្ញុំមិនដែលវេទនាដូចពេលនេះទេ។ ប្រជាពលរដ្ឋខ្ញុំលំបាកវេទនាណាស់។ អញ្ចឹងខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយនៅក្នុងភូមិ ឃុំរបស់ខ្ញុំផង។ បើមិនជួយទេ ប្រជាពលរដ្ឋខ្ញុំមានតែស្លាប់ទេ មិនដឹងថារកច្រកចេញផ្លូវណាទេ»។
ទីតាំងថ្មី ដែលក្រុមហ៊ុនញ៉ូញាន ឌីវេឡុបមិនគ្រុប តម្រូវឲ្យប្រជាពលរដ្ឋទៅរស់នៅនេះ ត្រូវបានក្រុមអ្នកស្រុកបានអះអាងថា គ្មានផ្លូវគមនាគមន៍ ទឹក ភ្លើង សាលារៀន និងមន្ទីរពេទ្យ។
លោក លីម សុង អាយុ៦០ឆ្នាំ មកពីស្រុកបុទុមសាគរ បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាទេ។ លោកបានបន្តថា នៅលើទីតាំងថ្មី ដីគ្មានជីជាតិ ប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលបានទេ។
«កន្លែងថ្មីហ្នឹង ជួនកាលយកចេកទៅដាំ ពីរ បី ថ្ងៃក្រោយមក ចេកងាប់ក៏មាន។ ពិបាកខ្លាំងណាស់។ ចង់ចុះទៅសមុទ្រ យើងត្រូវចំណាយសាំងម៉ូតូចុះទៅហើយនៅលើនេះ បានត្រឹមតែចូលព្រៃបណ្តើរសត្វ ដុតធ្យូង ហើយនឹងដាំបន្លែបន្តិចបន្តួច»។
លោក យី សុខសាន្ត តំណាងអង្គការសង្គមស៊ីវិល ដែលបានអង្កេតរួមគ្នារវាងគណៈកម្មការប្រព្រឹត្តិកម្ម សមាគមសិទ្ធិមនុស្សអាដហុកនិងអង្គការ NGO Forum ទៅលើតំបន់ដីសម្បទានសេដ្ឋកិច្ចនេះបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមានការលំបាកទាំងនីតិវិធីនៃការផ្តល់សំណង និងការផ្លាស់ប្តូរទីលំនៅ គឺធ្វើឡើងមិនមានតម្លាភាព។
«ទីតាំងចាស់ដែលពួកគាត់ធ្លាប់រស់នៅ គឺគាត់មានសេចក្តីសុខ គឺគាត់មានមុខរបរ កូនគាត់បានទៅរៀន គឺថាជីវភាពរបស់គាត់គឺគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិត បានធូរធារ។ ប៉ុន្តែទីតាំងថ្មី គឺជាតំបន់មួយនៅក្នុងព្រៃភ្នំ នៃការឈូសឆាយតក់ក្រហល់ មិនផ្តល់សេវាសុខភាពគឺឥតមាន គ្មានមុខរបរ ហើយតំបន់ទីតាំងមួយចំនួនមានគ្រុញចាញ់ដល់ពួកគាត់ទៀត»។
លោក សន ដារ៉ា អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា យោងតាមកិច្ចសន្យារបស់ក្រុមហ៊ុន និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ នូវដីលំនៅដ្ឋានទំហំ ៥០ម៉ែត្រ x១០០ម៉ែត្រ និងដីចម្កាទំហំ២ហិកតា។ លោកបានមានប្រសាសន៍ថា ទីតាំងថ្មីនេះ មានលក្ខណៈល្អប្រសើរច្រើន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតបាន។
«ពាក់ព័ន្ធនិងប្រជានេសាទ យើងបានពិនិត្យទីតាំងសម្រាប់ប្រជានេសាទហ្នឹង គឺយើងស្តារព្រែក ដែលតាមសំណៅព្រៃចាស់ហ្នឹង គឺយើងមានកែឲ្យត្រង់ ដើម្បីសម្រួលចរាចរណ៍ប្រជានេសាទហ្នឹង អាចធ្វើដំណើរចេញចូលទៅប្រកបមុខរបរនេសាទនៅសមុទ្រក្រៅបាន»។
លោក សន ដារ៉ា បានមានប្រសាសន៍ទៀតថា អាជ្ញាធរបានជំរុញឲ្យក្រុមហ៊ុនស្តារព្រែកបន្ថែមទៀត ដើម្បីឲ្យទាន់ពេលវេលា សម្រាប់ប្រជានេសាទ៕