លោក អ៊ីន រតនា ត្រូវបានបាញ់សម្លាប់ចំនួនពីរគ្រាប់បន្ទាប់ពីលោកឈុត វុទ្ឋីប្រធានអង្កការការពារធនធានធម្មជាតិត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា។
ភ្នំពេញ៖ តុលាការខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមបើកសវនាការជម្រះក្តីប្រឆាំងជំទាស់នឹងលោករ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខក្រុមហ៊ុន Timber Green ដែលពាក់ព័ន្ឋនឹងការស្លាប់លោកអ៊ីន រតនាមន្ត្រីកងរាជអាវុធហត្ថ។
លោក អ៊ីន រតនា ត្រូវបានបាញ់សម្លាប់ចំនួនពីរគ្រាប់បន្ទាប់ពីលោកឈុត វុទ្ឋីប្រធានអង្កការការពារធនធានធម្មជាតិត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាល៣ នៃស្រុកមណ្ឌលសីមា ចម្ងាយប្រមាណជាង៦០គីឡូម៉ែតពីទីរួមខេត្តកោះកុង។ ឃាតកម្មកើតឡើងខណៈដែលលោក និងអ្នកយកព័ត៌មានពីរនាក់ផ្សេងទៀតបានស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅទីតាំងក្រុមហ៊ុន Timber greenលើជួរភ្នំក្រវាញ។
តុលាការខេត្តកោះកុងបានទម្លាក់ចោលរឿងក្តីបាញ់សម្លាប់លោកឈុត វុទ្ឋីសកម្មជនការពារបរិស្ថានដ៏ល្បីល្បាញដោយលើកយករឿងក្តីសន្តិសុខមា្នក់មកជំនុំជម្រះតែប៉ុណ្ណោះ។
តុលាការបានចំណាយពេលត្រឹមតែជិតពីរម៉ោងនៅក្នុងការបើកសវនាការជំនុំជម្រះនេះដោយមានសាក្សីតែពីរនាក់ក្នុងចំណោមសាក្សីចំនួនប្រាំពីរនាក់ដែលត្រូវឆ្លើយបំភ្លឺក្នុងសវនាការ។ ជនជាប់ចោទលោករ៉ាន់ បូរ័ត្នមន្ត្រីកងរាជអាវុធហត្ថក៏មានវត្តមាននៅទីនោះដែរ។
លោកម៉ក់ ជីតូ ប្រធានក្រុមគណៈកម្មការចម្រះថ្នាក់ជាតិដើម្បីស្រាវជ្រាវករណីបាញ់សម្លាប់លោកឈុត វុទ្ឋី ក៏ត្រូវបានតុលាការកោះហៅឲ្យទៅឆ្លើយបំភ្លឺក្នុងនាមតំណាងរដ្ឋាភិបាលដែរ។
ប្រធានចៅក្រមជំនុំជម្រះគឺលោក ខាំ សុផារី មិនទាន់បានប្រកាសសាលក្រមភ្លាមៗទេដោយលោកបាននិយាយថាសាលក្រមនេះនឹងត្រូវប្រកាសនៅថ្ងៃទី៨ខែតុលាខាងមុខនេះ។ លោកចៅក្រមមិនបានឆ្លើយសំណួរបន្ថែមទៀតទេនៅពេលដែលព្យាយាមទាក់ទងលោកតាមទូរស័ព្ទ។
នៅក្នុងបន្ទប់សវនាការ បើតាមការបញ្ជាក់របស់មន្ត្រីសិទ្ឋិមនុស្សបានស្រង់សម្ដីលោករ៉ាន់ បូរ័ត្ន មកអះអាងថាគ្មានអ្វីខុសគ្នានឹងរបាយការណ៍គណៈកម្មការថ្នាក់ជាតិទេ។ លោក រ៉ាន់ បូរ័ត្ន បានប្រាប់តុលាការថា លោកបានទៅដណ្តើមកាំភ្លើងពីលោក អ៊ីន រតនា បណ្តាលឲ្យរាកៃកាំភ្លើងចំនួនពីរគ្រាប់ ដែលជាហេតុនាំឲ្យលោក អ៊ីន រតនា ស្លាប់។
លោករ៉ាន់ បូរ័ត្នបាននិយាយទៀតថាលោកអ៊ីន រតនាជាអ្នកបាញ់សម្លាប់លោកឈុត វុទ្ឋី។
លោកអំ សំអាតមន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សអាដហុកបាននិយាយថា លោកដឹងថាប្រាកដជាក្នុងសវនាការជនសង្ស័យបានឆ្លើយទទួលកំហុសរបស់ខ្លួន ក៏ប៉ុន្តែលោកមិនជឿការអះអាងទាំងនោះឡើយ។ លោកអំ សំអាតមានប្រសាសន៍ថា រឿងក្តីនេះទំនងជាតុលាការចង់បញ្ចប់សំណុំរឿងបាញ់សម្លាប់លោកឈុត វុទ្ឋី។
«បើសិនជាមានការស្រាវជ្រាវបន្តទៀត វាអាចមានការពាក់ព័ន្ឋអ្នកដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើពីព្រោះគោលបំណងរបស់លោកឈុត វុទ្ឋីទៅហ្នឹងគឺក្នុងការស្វែងរកបទល្មើសនៃព្រៃឈើហ្នឹង»។
លោក ឆើយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោកឈុត វុទ្ឋីបាននិយាយថា សមាជិកក្រុមគ្រួសារមិនមានដិកាកោះអញ្ជើញណាមួយឲ្យចូលរួមក្នុងសវនាការទេ។
លោកបាននិយាយថា លោកមានការសោកស្តាយដែលមិនបានចូលរួម ក៏ប៉ុន្តែលោកបានអះអាងថា បើទោះបីសវនាការនេះមិនជាប់ពាក់ព័ន្ឋនឹងការស្លាប់ឪពុករបស់លោកក៏ដោយក៏លោកសង្ឃឹមថាថ្ងៃក្រោយឪពុករបស់លោកនឹងទទួលបានយុត្តិធម៌។
«ខ្ញុំជឿជាត់ថា មិនយូរមិនឆាប់ការពិតនឹងលាតត្រដាង។ វាមិនអាចទុកយូរជាអមតៈទេ»។
អាជ្ញាធរចម្រុះដែលបានដឹកនាំការស៊ើបអង្កេតរយៈពេលមួយសប្តាហ៍ ហើយបានសន្មត់ថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់លោកឈុត វុទ្ធី គឺជាកងរាជអាវុធហត្ថ ហើយត្រូវបានសង្ស័យថា បានស្លាប់ដោយសារការរាកៃកាំភ្លើងនៅពេលដែលកងសន្តិសុខម្នាក់របស់ក្រុមហ៊ុនTimbergreenចូលទៅឃាត់រូបគាត់៕