សមាជិកគ្រួសារនិងសហសេវិករបស់លោក ឈុត វុទ្ធី បានសម្តែងការសោកស្តាយនិងទាមទារយុត្តិធម៌ចំពោះការបាញ់សម្លាប់សកម្មជនការពារព្រៃឈើកម្ពុជាដ៏ល្បីឈ្មោះរូបនោះនៅក្នុងតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង កាលពីថ្ងៃព្រហស្បតិ៍។
និយាយបណ្តើរយំខ្សឹកខ្សួលបណ្តើរ៖ «គាត់ជាមនុស្សល្អសម្រាប់ខ្ញុំ។ គាត់អាចផ្តល់សេចក្តីសុខដល់ខ្ញុំជាកូន។ ឲ្យតែខ្ញុំចង់បានអី គាត់បំពេញតាមបំណងខ្ញុំជានិច្ច ប៉ុន្តែឥឡូវគាត់ស្លាប់ចោលខ្ញុំបាត់ទៅហើយ»។
ឆឺយ ឧត្តមរស្មីគឺជាកូនប្រុសរបស់លោកឈុត វុទ្ធី ដែលជាអ្នកការពារព្រៃឈើដ៏អង់អាចម្នាក់ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់នៅក្នុងព្រៃនៃខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍។
«ខ្ញុំចង់សំណូមពរឲ្យអន្តរជាតិនិងជាតិយើងជួយរកយុត្តិធម៌ជូនឪពុកខ្ញុំដែលគាត់ស្រឡាញ់ស្នេហាជាតិ។ ទោះបីអ្នកណាក៏គេដឹងដែរ ល្បីប្រទេសកម្ពុជា។ សូមឲ្យជួយរកយុត្តិធម៌ឲ្យគាត់ រកឃាតករពិតឲ្យឃើញ»។
កាលនៅរស់ លោកឈុត វុទ្ធីគឺជាអ្នករិះគន់និងធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងការកាប់ព្រៃឈើខុសច្បាប់ហើយនិងអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងក្រុមហ៊ុនឯកជនធំៗមួយចំនួនដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
ជាប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធីជារឿយៗ តែងជួយនាំផ្លូវអ្នកកាសែតឲ្យទៅយកព័ត៌មានអំពីសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និងតាមជួរភ្នំក្រវាញជាដើម។
លោកត្រូវគេបាញ់ស្លាប់ ខណៈពេលដែលលោកនិងអ្នកកាសែតឌឺខែមបូឌៀ ដេលីពីរនាក់ទៀតកំពុងធ្វើដំណើរចេញមកវិញពីតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្តាលដែលគេសង្ស័យថា មានការកាប់ឈើខុសច្បាប់នៅទីនោះដោយមានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងប្រដាប់អាវុធផង។
លោកឈឹម សាវុធ គឺជាមន្ត្រីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី។
«ខ្ញុំសន្និដ្ឋានថា ការបាញ់លោកវុទ្ធីនេះគឺជាករណីមួយដើម្បីបំបិទមាត់គាត់គឺឈ្មួញឬក៏អ្នកមានអំណាចណាមួយដែលកំពុងតែរកស៊ីនៅតំបន់ភ្នំក្រវាញភាគកណ្តាលហ្នឹងហើយ ព្រោះកន្លងមក លោកឈុត វុទ្ធីធ្លាប់គេចាប់នៅថ្មបាំងហ្នឹងម្តង»។
លោកឈុត វុទ្ធីត្រូវបានគេគំរាមកំហែងដល់អាយុជីវិតជាច្រើនលើកច្រើនសារកន្លងមកហើយចំពោះសកម្មភាពរបស់លោកក្នុងការការពារព្រៃឈើនិងប្រឆាំងនឹងឈ្មួញកាប់ឈើខុសច្បាប់ ប៉ុន្តែលោកបានប្តេជ្ញាមិនចុះញមចំពោះការគំរាមកំហែងទាំងនោះឡើយ។
លោក Marcus Hardtke គឺជាអ្នកសម្របសម្រួលកម្មវិធីស្តីពីព្រៃឈើនិងជីវចម្រុះនៃអង្គការ ARA របស់ប្រទេសអាឡឺម៉ង់ដែលគាំទ្រសកម្មភាពការងាររបស់លោកឈុត វុទ្ធី។
«វានឹងក្លាយជាមហន្តរាយដ៏ធំបំផុត ប្រសិនបើការស្លាប់របស់គាត់បណ្តាលឲ្យអ្នកដទៃទៀតមិនក្រោកឈរឡើង និងមិននិយាយចេញនូវអ្វីដែលពួកគេចង់និយាយនោះ។ នោះនឹងផ្ទុយពីអ្វីដែលគាត់ចង់បានមិនខាន។ ប្រជាជនគួរតែយកគាត់ធ្វើជាគម្រូ ហើយយើងត្រូវការឈុត វុទ្ធី ពីរបីពាន់នាក់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ»។
ថ្វីត្បិតតែលោកឈុត វុទ្ធីនឹងលែងមានវត្តមាននៅក្នុងបន្ទប់របស់លោកនេះទៀតហើយក៏ដោយ ក៏លោកបានស្ថិតក្នុងការចងចាំរបស់មនុស្សជាច្រើនរួចទៅហើយ។ អ្នកខ្លះថែមទាំងបានចាត់ទុកលោកថា ជាវីរជនខ្មែរទៀតផង៕