មានពលករជាច្រើនបានចេញទៅធ្វើការមិនស្របច្បាប់នៅម៉ាឡេស៊ីក្នុងរូបភាពជាទេសចរ។
ភ្នំពេញ៖ ថ្វីបើរដ្ឋាភិបាលដាក់បម្រាមការនាំពលករស្របច្បាប់ទៅម៉ាឡេស៊ីក្តី ពលករមួយចំនួនបានទៅដោយខ្លួនឯងនិងមានក្រុមហ៊ុនឯកជនមួយចំនួនបានលួចនាំពលករទៅកាន់ប្រទេសនេះដោយខុសច្បាប់។ នេះបើផ្អែកតាមការស្រាវជ្រាវរបស់មន្ដ្រីរដ្ឋាភិបាល និងសង្គមស៊ីវិល។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារទេសន្តរប្រវេសន៍ ដែលទើបបានដឹកនាំគណៈប្រតិភូកម្ពុជាទៅពិនិត្យមើលស្ថានភាពពលករខ្មែរនៅម៉ាឡេស៊ី ថ្លែងថា មានពលករជាច្រើនបានចេញទៅធ្វើការមិនស្របច្បាប់នៅម៉ាឡេស៊ីក្នុងរូបភាពជាទេសចរ។ និន្នាការនេះកើតឡើងក្រោយពីរដ្ឋាភិបាលចេញបញ្ជាឲ្យផ្អាកនាំពលករទៅកាន់ប្រទេសនេះ។
«វិធីដែលគេចេញទៅ បានន័យថា គេធ្វើ Tourហ្នឹងហើយ ដោយមានបណ្តាញមេខ្យល់ឬជនល្មើសគេហ្នឹងទទួលបែងចែកពលករនៅតាមបណ្តាលអ្នកដែលត្រូវការកម្លាំងពលកម្មហ្នឹង យើងក៏មិនដឹងថា គេធ្វើការបែងចែកទៅណាខ្លះទេ»។
កាលពីខែតុលាឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាដាក់បម្រាមការជ្រើសរើសនិងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក្រោយពីមានការលេចឡើងករណីបំពានធ្ងន់ធ្ងរនិងមានជនរងគ្រោះបាត់បង់ជីវិតទៀតផង។ តាមការឱ្យដឹងពីលោក រស់ វ៉ា មន្ត្រីសម្របសម្រួលកម្មវិធីថ្នាក់ជាតិរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រីពលករជាលក្ខណៈទេសចរណ៍ខុសច្បាប់ទាំងនោះត្រូវដឹកជញ្ជួនតាមរថយន្តដោយឆ្លងកាត់ប្រទេសថៃ។
«ករណីជាក់ស្តែងពេលបងទៅកំពង់ចាម ចម្ការលើ អាជ្ញាធរមួយក៏គាត់និយាយដែរ។ គាត់ថា ព្រឹកម៉ិញ ទៅមួយឡានតាមច្រកប៉ោយប៉ែតចេញទៅម៉ាឡេស៊ី»។
ក្រៅពីធ្វើដំណើរតាមផ្លូវគោក ក៏មានការធ្វើចំណាកស្រុកបែបនេះតាមផ្លូវអាកាសដែរ។ នេះបើតាមប្រសាសន៍របស់លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ លោកបញ្ជាក់ថា មានពលការនីពីម្នាក់ទៅពីរនាក់ធ្វើចំណាកស្រុកតាមផ្លូវអាកាសក្នុងមួយថ្ងៃ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរម៉ាឡេស៊ីបានធ្វើការបង្រ្កាបទ្រង់ទ្រាយធំមួយលើទីភ្នាក់ងារជ្រើសរើសពលករនៅម៉ាឡេស៊ីមួយឈ្មោះថា សាន់តូសា (Santosa) ដែលជាប់ពាក់ព័ន្ធនឹងករណីទិដ្ឋការទេសចរណ៍នេះ។ ក្នុងចំណោមជនរងគ្រោះជាង១០០នាក់ដែលត្រូវបានរកឃើញ បន្ទាប់ពីធ្វើការកំណត់អត្តសញ្ញាណ ក៏មានពលករខ្មែរចំនួនបួននាក់ផងដែរ ហើយពួកគេកំពុងរងចាំការបញ្ជូនមកកម្ពុជាវិញ។
លោក រស់ វ៉ា យល់ឃើញថា ការធ្វើចំណាកស្រុកខុសច្បាប់ក្នុងរូបភាពទិដ្ឋការទេសចរណ៍នេះកើតមានឡើងដោយការអូសទាញពីសំណាក់មេខ្យល់ និងចំណូលខ្ពស់ពីការងារនៅប្រទេសម៉ាឡេស៊ី និងមួយទៀតឮឮដោយសារកំណើនតម្រូវការពលករបម្រើតាមផ្ទះនៅម៉ាឡេស៊ីដែលក្នុងនោះនៅខ្វះប្រហែលជា៣០ម៉ឺននាក់ទៀត។
ទោះជាយ៉ាងណា ពុំមានតួលេខបញ្ជាក់ពីចំនួនពលករដែលហូរចូលទៅកាន់ម៉ាឡេស៊ីតាមរូបភាពទេសចរណ៍នោះទេ។
លោក មឿន តុលា បានសម្តែងការបារម្ភថា ការធ្វើចំណាកស្រុកដោយខុសច្បាប់ក្នុងរូបភាពទេសចរណ៍បែបនេះ ពលករប្រឈមនឹងហានិភ័យ និងការបំពានខ្ពស់ជាងពលករធម្មតា។
«វាអាចប្រឈមនឹងការជួញដូរ ហើយគាត់ពិបាកវិលត្រឡប់មកលេងស្រុកខ្មែរវិញណាស់។ ទី១គាត់ព្យាយាមគេចពីការតាមចាប់ពីសមត្ថកិច្ចម៉ាឡេស៊ី សមត្ថកិច្ចថៃ ហើយបន្ទាប់មកទៀតគាត់ប្រឈមនឹងការចាប់ជំរិតយកលុយពីខាងអាជ្ញាធរខ្មែរយើងពេលគាត់មកដល់ច្រកប៉ោយប៉ែត។»
ការប៉ាន់ស្មានឲ្យដឹងថា មានពលករខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ប្រហែល៥ម៉ឺននាក់កំពុងបម្រើការងារនៅម៉ាឡេស៊ីក្នុងផ្នែកបម្រើការតាមផ្ទះ តាមភោជនីយដ្ឋាន និងរោងចក្រ។ ពួកគេអាចរកប្រាក់កម្រៃពី១៣៣ទៅ២០០ដុល្លារអាមេរិកក្នុងមួយខែ។
ការប៉ាន់ស្មានឲ្យដឹងថា មានពលករខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ប្រហែល៥ម៉ឺននាក់កំពុងបម្រើការងារនៅម៉ាឡេស៊ីក្នុងផ្នែកបម្រើការតាមផ្ទះ តាមភោជនីយដ្ឋាន និងរោងចក្រ។ ពួកគេអាចរកប្រាក់កម្រៃពី១៣៣ទៅ២០០ដុល្លារអាមេរិកក្នុងមួយខែ។
លោកស្រី ជូ ប៊ុនអេង ថ្លែងថា នាពេលនេះរដ្ឋាភិបាលកម្ពុជាពុំទាន់មានវិធានការណ៍ជាក់លាក់ណាមួយដើម្បីទប់ស្កាត់លំហូរពលករដោយប្រើទិដ្ឋការទេសចរណ៍នេះទេ ត្បិតអាជ្ញាធរមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ ព្រោះពលករទាំងនោះមានលិខិតឆ្លងដែន ទិដ្ឋការ និងថវិកាសម្រាប់ធ្វើដំណើរដូចអ្នកទេសចរធម្មតាដែរ។
លោកស្រីបន្ថែមថា នាពេលនេះរដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីកំពុងតាក់តែងអនុស្សារណៈយោគយល់អំពីការបញ្ជូនពលករជាថ្មីនិងទប់ស្កាត់ការបញ្ជូនពលករក្នុងរូបភាពជាអ្នកទេសចរនេះ៕