ដោយ៖ គុណ ចិន្តា
ភ្នំពេញ៖ និស្សិតខាងបច្ចេកវិទ្យាមួយក្រុមនិយាយថា បច្ចុប្បន្ននេះ ពួកគេអាចបង្កើតឧបករណ៍សម្រាប់បញ្ជាតុក្កតាយន្ត និងគ្រឿងអគ្គិសនីក្នុងផ្ទះ ដោយប្រើទូរស័ព្ទដៃបាន។
ភ្នំពេញ៖ និស្សិតខាងបច្ចេកវិទ្យាមួយក្រុមនិយាយថា បច្ចុប្បន្ននេះ ពួកគេអាចបង្កើតឧបករណ៍សម្រាប់បញ្ជាតុក្កតាយន្ត និងគ្រឿងអគ្គិសនីក្នុងផ្ទះ ដោយប្រើទូរស័ព្ទដៃបាន។
ឥឡូវនេះ អ្នកអាចបញ្ជាតុក្កតាយន្តនិងគ្រឿងអគ្គិសនីនៅក្នុងផ្ទះរបស់អ្នក ដោយប្រើទូរស័ព្ទដៃបាន។
នេះគឺជាគំនិតច្នៃប្រឌិតថ្មីរបស់និស្សិតខ្មែរមួយក្រុមនៅក្នុងទីក្រុងភ្នំពេញ។
ទេព សុផាត់ត្រា គឺជានិស្សិតម្នាក់នៅក្នុងក្រុមនេះ។
«ប្រសិនបើយើងមានទូរស័ព្ទដៃមួយដែលប្រើAndroid យើងអាចបិទ បើកភ្លើងឬក៏គ្រឿងដែលប្រើអគ្គិសនីទាំងអស់នៅក្នុងផ្ទះបាន ដោយមិនចាំបាច់ចំណាយពេលច្រើន»។
អ្នកចូលចិត្តខាងបច្ចេកវិទ្យាទាំងនេះបានមកជួបជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះនៅក្នុងព្រឹត្តិការណ៍ចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាមួយដែលគេហៅថា BarCamp ។
ក្រុមនិស្សិតទាំងនេះ ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា តុក្កតាយន្តនិងគ្រឿងអគ្គិសនីដែលបញ្ជាដោយទូរស័ព្ទដៃនេះ ដំណើរការទៅបានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាប៊្លូធូស។
យឹម ប៊ុនឆាត គឺប្រធានក្រុមនិស្សិតទាំងនេះ។
«បានជាយើងត្រូវការបង្កើតអាហ្នឹង ព្រោះថា សព្វថ្ងៃនេះ បច្ចេកវិទ្យាទូរស័ព្ទ កំពុងតែរីកចម្រើន ហើយមនុស្សស្ទើរគ្រប់គ្នាមានកាន់ទូរស័ព្ទអស់ហើយ អញ្ចឹងគេត្រូវការតែRobot តែមួយមក ហើយនឹងទូរស័ព្ទ គេអាចធ្វើការជាមួយនឹងRobotនោះបានហើយ»។
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា ស្ថិតនៅក្រោយឆ្ងាយពីប្រទេសជិតខាងរបស់ខ្លួនទៅទៀត ខាងវិស័យបច្ចេកវិទ្យានេះ។ ប៉ុន្តែក្រុមនិស្សិតដែលចូលចិត្តខាងវិស័យនេះរំពឹងថា ពួកគេនឹងអាចជួយកែប្រែស្ថានភាពនេះ។
យឹម ប៊ុនឆាតនិយាយថា៖
«កាលណាប្រទេសយើងអត់មានបច្ចេកវិទ្យាអីសោះ យើងដូចជារស់នៅក្នុងសម័យកាលមួយដែលមនុស្សអត់ទាន់ចេះអីសោះ នៅក្នុងសម័យកាលមួយដែលរកតែភ្លើងប្រើមិនបានផង។ អញ្ចឹងតើយើងអាចទៅតាមទាន់គេដែលគេទៅដល់មេឃ ដល់ផ្កាយ ទៅដល់ភពព្រះច័ន្ទអីអស់ទៅហើយ ម៉ិចនឹងកើត? អញ្ចឹងយើងគិតថា Technology (បច្ចេកវិទ្យា) ហ្នឹងនឹងអាចជួយពង្រឹងប្រទេសយើង អាចនាំមុខមាត់ជូនប្រទេសយើងទៅមុខទៀតដែរ»។
ក្រុមនិស្សិតទាំងនេះនិយាយថា ចាប់ពីពេលនេះទៅ ពិភពលោកនឹងមើលឃើញថា ប្រជាជនកម្ពុជាក៏មានសមត្ថភាពបង្កើតអ្វីថ្មីៗដោយខ្លួនឯងបានដែរ៕