ភ្នំពេញ៖ សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានសម្រេចប្តឹងឧទ្ធរណ៍នៅថ្ងៃសុក្រនេះប្រឆាំងទៅនឹងសេចក្ដីសម្រេចដោះលែងអៀង ធីរិទ្ធដោយគ្មានលក្ខខណ្ឌហើយបានស្នើឲ្យផ្អាកការដោះលែងជនជាប់ចោទរូបនេះសិនរហូតដល់មានការសម្រេចពីអង្គជំនុំជម្រះតុលាការកំពូល។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានសម្រេចដោះលែងអតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហមរូបនេះឲ្យនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌដោយសំអាងថា គាត់មានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ និងបាត់បង់ការចងចាំ ហើយមិនអាចមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសលើរូបគាត់នោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ការិយាល័យសហព្រះរាជអាជ្ញាបានបញ្ជាក់ថា ខ្លួនមិនជំទាស់នឹងការសម្រេចដោះលែងអៀង ធីរិទ្ធ ដោយមូលហេតុបញ្ហាសុខភាពនោះទេ ក៏ប៉ុន្តែការដោះលែង«មិនគួរធ្វើឡើងដោយគ្មានលក្ខខណ្ឌនោះទេ»។
ការិយាល័យសហព្រះរាជអាជ្ញារកឃើញថា ការសម្រេចរបស់សាលាដំបូងមានកំហុសអង្គច្បាប់ ហេតុដូច្នេះខ្លួនស្នើក្នុងបណ្តឹងសារទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូលថា អៀង ធីរិទ្ធគួរតែត្រូវដាក់ឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌថា កាត់ត្រូវមានលំនៅដ្ឋានជាក់លាក់ ត្រូវបង្ហាញខ្លួនមួយសប្តាហ៍ម្តងដល់អាជ្ញាធរ ឬមន្ត្រីផ្លូវការដែលចាត់តាំងដោយអង្គជំនុំជម្រះសាលាដំបូង ជនជាប់ចោទត្រូវប្រគល់លិខិតឆ្លងដែននិងអត្តសញ្ញាណបណ្ណ។
ក្រៅពីនោះ អៀង ធីរិទ្ធ មិនត្រូវទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយជនជាប់ចោទដទៃទៀតទេលើកលែងតែអៀង សារី ដែលជាប្តីរបស់គាត់។ សហព្រះរាជអាជ្ញាក៏បានស្នើលក្ខខណ្ឌបន្ថែមទៀតផងដែរថា អៀង ធីរិទ្ធមិនត្រូវទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយសាក្សី អ្នកជំនាញ ឬជនរងគ្រោះណាម្នាក់ដែលអង្គជំនុំជម្រះសាលាដំបូងស្នើសុំស្តាប់ចម្លើយ ហើយមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការនិងត្រូវស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ដ្ររៀងរាល់ប្រាំមួយខែម្តង។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅសាលាក្ដីខ្មែរក្រហមថា តុលាការកំពូលនឹងពិនិត្យលើភាពអាចទទួលយកបាននៃបណ្តឹងសារទុក្ខរបស់ការិយាល័យសហព្រះរាជអាជ្ញាជាមុន ហើយបន្ទាប់មកទើបចាត់វិធី។
«ដូច្នេះពីពេលនេះ ក្នុងរយៈពេល៤៨ម៉ោង ប្រធាននៃអង្គជំនុំជម្រះតុលាការកំពូលនឹងពិនិត្យមើលពាក្យបណ្តឹងសារទុក្ខនេះ ថាតើអាចទទួលយកបានឬយ៉ាងណា។ ហើយប្រសិនបើបណ្តឹងសារទុក្ខនេះទទួលយកបានគឺអង្គជំនុំជម្រះតុលាការកំពូលមានរយៈពេល១៥ថ្ងៃទៀតដើម្បីពិចារណានិងដោះស្រាយបញ្ហានេះនិងចេញសេចក្ដីសម្រេច»។
ជនជាប់ចោទអៀង ធីរិទ្ធ អាយុ៨០ឆ្នាំត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៧ ក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់គាត់ អៀង សារី ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងឃោរឃៅទាក់ទងនឹងការស្លាប់របស់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
រហូតមកទល់ពេលនេះអៀង ធីរិទ្ធនៅស្ថិតក្រោមការឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហមនៅឡើយ៕