ភ្នំពេញ៖ ក្រុមមេធាវីការពារជនជាប់ចោទ នៅថ្ងៃពុធនេះ បានបន្ថែមសម្លេងគាំទ្រលើការធ្វើពហិការរបស់ក្រុមបកប្រែភាសាបរទេសក្នុងសាលាក្តីខ្មែរក្រហម ស្របពេលដែលមេធាវីការពារក្តីជនជាប់ចោទអៀង សារី និយាយថា កូនក្តីរបស់ខ្លួនមានសុខភាពកាន់តែដុនដាបខ្លាំងឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅល្ងាចនេះ លោកអាង ឧត្តម និងលោកម៉ាយឃើល ខាណាវ៉ាស សហមេធាវីជាតិ និងអន្តរជាតិរបស់ជនជាប់ចោទអៀង សារី លោកស្រីអង់តា ហ្គីសេ លោកអាតួ វែកកិន និងលោកគង់ សំអុន សហមេធាវីរបស់ជនជាប់ចោទខៀវ សំផន លោកសុន អារុន និងលោកវិចទើ កូប៉េ សហមេធាវីរបស់ជនជាប់ចោទនួន ជា រួមទាំងមេធាវីការពារជនជាប់ចោទក្នុងសំណុំរឿង០០៤ គឺលោកមុំ លុច និងលោកហ្គោរ៉ែន ស្ល៊តធ័រនិយាយថា ពួកគេព្រួយបារម្ភចំពោះស្ថានភាពដែលក្រុមអ្នកបកប្រែភាសា និងបុគ្គលិកជាតិទាំងអស់កំពុងជួបប្រទះក្នុងសាលាក្តីខ្មែរក្រហម។
ក្រុមមេធាវីនិយាយថា «យើងសូមអំពាវនាវយ៉ាងទទូចឲ្យភាគីដែលជាប់ពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយស្ថានភាពឲ្យបានឆាប់រហ័សនិងជាវិជ្ជមាន តាមរយៈការចរចាដោយសន្តិវិធី ដែលគ្មានការកៀបសង្កត់ ការគំរាមកំហែង ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថាសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីជនជាប់ចោទទាំងបួនក្រុម បានជួយលើកទឹកចិត្តដល់ក្រុមបុគ្គលិកជាតិទាំងមូលក្នុងសាលាក្តី ដែលកំពុងជួបវិបត្តិអត់ប្រាក់ខែ។
«វាជាការផ្តល់នូវកម្លាំងចិត្តទៅដល់មន្ត្រីបុគ្គលិកភាគីជាតិ ដែលប្រឈមជាមួយនឹងការមិនទាន់ទទួលបានប្រាក់ខែបីខែហ្នឹង។ អញ្ចឹង យើងសង្ឃឹមថា តាមរយៈការអំពាវនាវរបស់មន្ត្រីបុគ្គលិករបស់យើង ក៏ដូចតាមបណ្តាញស្ថាប័នផ្សេងៗគឺនឹងឮទៅដល់ក្រុមប្រទេសម្ចាស់ជំនួយ ហើយប្រទេសម្ចាស់ជំនួយនឹងបន្តនូវការគាំទ្រជាថវិកាបន្តទៅទៀតដល់សាលាក្តីខ្មែរក្រហម»។
ក្រុមអ្នកបកប្រែភាសាបានធ្វើពហិការការងារចាប់តាំងពីថ្ងៃទី៤ខែមិនាមកម្ល៉េះគឺអស់រយៈពេលប្រាំបួនថ្ងៃហើយ មូលហេតុដោយសារតែពួកគេមិនបានបើកប្រាក់ខែចាប់តាំងពីខែធ្នូមក។
កាលពីសប្តាហ៍មុន ពួកគេបានសុខចិត្តចូលបំពេញការងារវិញ ប្រសិនបើពួកគេនឹងទទួលប្រាក់ខែយ៉ាងហោចសម្រាប់ខែធ្នូ។ ប៉ុន្តែពួកគេនឹងបន្តកូដកម្ម ប្រសិនបើពួកគេនឹងមិនបាទទួលកុងត្រាការងារថ្មីសម្រាប់ឆ្នាំ២០១៣នោះទេ។
កាលពីម្សិលមិញ សមាគមអន្តរជាតិនៃអ្នកបកប្រែ និងសហមេធាវីនាំមុខអន្តរជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណី រួមទាំងមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី ដែលជាភាគីការពារជនរងគ្រោះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់ក្រុមកូដករ ហើយបានជំរុញឲ្យមានដំណោះស្រាយឆាប់រហ័សសម្រាប់ពួកគេ ដោយចាត់ទុកថា បញ្ហាដែលក្រុមអ្នកបកប្រែ និងបុគ្គលិកជាតិកំពុងជួបប្រទះគឺជាបញ្ហាធ្ងន់ធ្ងរ។
ក្នុងពេលជាមួយគ្នានេះដែរ សហមេធាវីការពារជនជាប់ចោទអៀង សារីគឺលោកអាង ឧត្តមបានឲ្យដឹងនៅល្ងាចនេះថា កូនក្តីរបស់លោកមានសភាពកាន់តែធ្ងន់ធ្ងរ មិនអាចនិយាយបាន និងមិនអាចបរិភោគអាហារ ឬក៏មិនអាចផឹកទឹកបាននោះទេ។
«ឥឡូវធ្ងន់ធ្ងរខ្លាំងហើយ ដូចជាពិសារបាយលែងកើតហើយ ឬអាហារលែងកើតហើយ»។
លោកអាង ឧត្តមបញ្ជាក់ថា ក្រុមគ្រូពេទ្យបញ្ចូលអាហារតាមបំពង់ ហើយអៀង សារីអាចទ្រទ្រង់បាននៅពេលនេះ ដោយសារសេរ៉ូម និងខ្យល់អុកស៊ីស៊ែន។
អៀង សារីត្រូវដឹកចូលមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី៤ខែមិនា។ រហូតមកទល់ពេលនេះ គេមិនដឹងថា ជនជាប់ចោទអាយុ៨៧ឆ្នាំនេះមានជំងឺអ្វីខ្លះនោះទេ៕