ចៅក្រមសាលាក្តីខ្មែរក្រហមជនជាតិជប៉ុនបានដាក់ពាក្យសុំលាឈប់ពីការងារហើយនៅថ្ងៃពុធនេះហើយបាននាំឱ្យអ្នកសង្កេតការណ៍សាលាក្តីស្នើឱ្យអង្គការសហប្រជាជាតិពិចារណារកវិធីសម្រាប់បុគ្គលិករបស់ខ្លួនធ្វើការឱ្យបានស្រួលបួលជាជាងការដែលគ្រាន់តែតែងតាំងអ្នកថ្មីមកជំនួស។
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមបានឱ្យដឹងថាលោកចៅក្រមម៉ូទូ ណូហ្គូជី ដែលជាចៅក្រមមួយរូបក្នុងតុលាការកំពូលនៃសាលាក្តីបានដាក់លិខិតលាលែងទៅលោកអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃនេះ ហើយនឹងត្រូវបញ្ចប់ការងារនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២ខាងមុខនេះ។
គេនៅមិនទាន់ដឹងថាតើលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូននឹងទទួលយកការលាឈប់នោះហើយតែងតាំងអ្នកថ្មីទៀតឬយ៉ាងណាទេ។ ប៉ុន្តែលោកស្រីយូកូ ម៉ៃដា អ្នកនាំពាក្យមួយរូបនៃសាលាក្តីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិបានប្រាប់វីអូអេថាលោកចៅក្រមត្រូវត្រឡប់ទៅធ្វើការនៅក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុនវិញហើយមិនអាចបន្តនៅបានទៀតទេ។
លោកស្រីបញ្ជាក់ថា៖
«នៅពេលដែលតុលាការនេះត្រូវបានបង្កើតឡើងគឺយើងរំពឹងថានឹងមានរយៈពេលតែបីឆ្នាំទេនឹងបញ្ចប់អាណត្តិហើយ ប៉ុន្តែឥឡូវនេះវាឈានមកដល់ឆ្នាំទី៦ហើយវានឹងត្រូវបន្តពីបីឆ្នាំទៀតដើម្បីបញ្ចប់សំណុំរឿងបច្ចុប្បន្ននិងសំណុំរឿងដែលនៅសេសសល់ដទៃទៀត។ នៅពេលនេះលោកចៅក្រមមិនអាចនៅទ្រាំធ្វើការបានពីរបីឆ្នាំទៀតទេដូច្នេះហើយលោកគិតថាវាពេលវេលាសមស្របសម្រាប់លោកចុះចេញពេលដែលបញ្ចប់សំណុំរឿងលេខ០០១»។
ចៅក្រមណូហ្គូជីបានធ្វើការនៅសាលាក្តីខ្មែរក្រហមចាប់តាំងពីពេលដំណើរការដំបូងក្នុងឆ្នាំ២០០៦ហើយលោកបានធ្វើជាចៅក្រមមួយរូបក្នុងបណ្តឹងឧទ្ទរណ៍នៃសំណុំរឿងលេខ០០១ដែលបានកាត់ទោសអតីតមេគុកទួលស្លែងកាំងហ្កេកអ៊ាវហៅឌុច។
ការលាលែងរបស់លោកចៅក្រមណូហ្គូជីជួនគ្នាជាមួយនឹងការលាឈប់ជាបន្តបន្ទាប់របស់ចៅក្រមស៊ើបអង្កេតដែលបានសម្តែងពីការមិនពេញចិត្តចំពោះការខ្វះការសហការពីភាគីកម្ពុជានិងមានការចូលជ្រៀតជ្រែកផ្នែកនយោបាយពីមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោកឡាត់ គី អ្នកឃ្លាំមើលដំណើរការសាលាក្តី ខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថានៅសល់ផ្លូវវែងឆ្ងាយទៀតដែលសាលាក្តី ខ្មែរក្រហមត្រូវធ្វើដំណើរក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះពី របបខ្មែរក្រហមហើយលោកស្នើសុំឱ្យអង្គការសហប្រជាជាតិត្រូវហ៊ានវះកាត់ដើម្បីបង្កឱ្យចៅក្រមរបស់ខ្លួនអាចធ្វើការបានត្រឹមត្រូវ។
លោកបានបន្ថែមថា៖
«ខ្ញុំយល់ឃើញថាការលាឈប់របស់ចៅក្រមម្នាក់ទៅចៅក្រមម្នាក់ហើយការតែងតាំងថ្មីម្នាក់មកម្នាក់ ដែលមានការតែងតាំងការលាឈប់ ការតែងតាំងការលាឈប់អញ្ចឹងមានន័យថាការតែងតាំងមិនមែនជាដំណោះស្រាយទេ។ ដំណោះស្រាយគួរតែអង្គុយចរចាហើយសម្រេចឱ្យជាក់លាក់ហើយបើសិនណាជាសាលាក្តី នេះឆ្ពោះទៅមុខប៉ុន្មានទៀតឱ្យបានច្បាស់លាស់គឺគួរតែបង្ហាញព័ត៌មានហ្នឹងជូនសាធារណជនជាពិសេសគឺប្រជាពលរដ្ឋខ្មែរដែលជាសាច់ញាតិនៃអ្នកដែលបានបាត់បង់ជីវិតនៅក្នុងអំឡុងពី១លាន៧សែនទៅ ពីរលាននាក់ឱ្យបានដឹងជាក់លាក់ផង»។
សាលាក្តីខ្មែរក្រហមកំពុងធ្វើការកាត់ទោសសំណុំរឿងលេខ០០២ដែលមានមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបីរូបគឺនួន ជា ខៀវ សំផន និងអៀង សារី៕