កម្មាភិបាល​ខ្មែរក្រហម​រស់​ដោយ​ភ័យ​ខ្លាច​វិសុទ្ធ​កម្ម​ក្នុង​​របប​នេះ​​​

ខៀវ សំផន ​ដែលជា​ជន​ជាប់ចោទ​ម្នាក់​នៅ​ក្នុង​ចំណោម​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​នៅ​​សល់​ក្នុង​សំណុំ​រឿង​០០២

​ភ្នំពេញ​៖ លោក​ឈូក រីន ​ដែលជា​មេបញ្ជាការ​ថ្នាក់កណ្តាល​មួយ​រូប​នៃ​កងទ័ព​ខ្មែរក្រហម​ បាន​និយាយ​ថា​ លោក​បានរស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​នៅក្នុង​របប​ខ្មែរក្រហម។​

ថ្លែង​ក្នុង​ការផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​បាន​បញ្ជាក់​ថា ​លោក​បាន​ភ័យខ្លាច​ការ​ចាប់ខ្លួន​ទៅ​សម្លាប់​ចោល​ ក្រោយពី​មិត្ត​ភក្ត្រ​ដែល​លោក​ធ្លាប់​បាន​ស្គាល់គ្នា​ត្រូវបាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់។​

«ខ្លាច​មេដឹកនាំ​បក្សកុម្មុយនិស្ត​កម្ពុជា​គឺ​មិន​មែន​ខ្លាច​តែ​នួន ជា​ទេ ​ពីព្រោះ​ពេល​ហ្នឹង​ អ្នក​ទៅ​រៀន​សូត្រ​នៅ​ទី​នោះ​ឃើញ​មុខ​នួន ជា​នៅ​ទី​នោះ​ដែរ។​ អញ្ចឹង​ទាំង​អស់​គ្នា​ភ័យ។​ ខ្លាច​តែ​ធ្វើ​អ្វីមួយ​ខុស​ ​ព្រោះ​ឃើញ​ចាប់​តែ​អ្នក​ទៅ​រៀន​សូត្រ»។​

លោក​ឈូក រីន​រៀបរាប់​ថា​ កម្មាភិបាល​ខ្មែរក្រហម​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​លោក​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មេបញ្ជាការ​យោធា​ផ្សេង​ដែល​ជា​មិត្ត​ភក្ត្រ​នោះ​ទេ។​

«ដូច​តាស៊ាន ​ចៅហ្វាយ​ស្រុក​កំពង់​ត្រាច​ នៅ​ខេត្ត​កំពត ​តែ​ដល់ពេល​ឲ្យ​មក​ដឹក​នាំ​នៅ​ខេត្ត​កណ្តាល​ឮ​ថា​ ចាប់​ខ្លួន​បាត់។ ​ដូច​កង​ចា​ដូរ​មកពី​ខេត្ត​កំពត​ទៅ​ភូមិភាគ​ឧត្តរ​ស្រាប់​តែ​ឮ​ថា​ចាប់​កង​ ចាប​ទៀត​ហើយ។ ​រឿង​ខ្លាច​គ្នា​នេះ​គឺ​ខ្លាច​ពិតប្រាកដ​ ដោយសារ​យើង​ស្គាល់​គ្នា ​ហើយ​គេ​ចេះ​តែ​ចាប់​មនុស្ស​ក្បែរៗ​គ្នា​អញ្ចឹង។​ ដូច​ខ្ញុំ​នៅ​អង្គរក្ស​តាម​ការពារ​មេៗ​ ដល់​មេ​ហ្នឹង​គេ​ចាប់​ទៅ​ ភ័យ​ណាស់។​ ខ្លាច​គេ​ចាប់​យើង​ថា​ យើង​ធ្លាប់​ទៅ​ការពារ»។​

អតីត​មេ​បញ្ជាការ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​ភ្នំ​វ័ល្ល​ប្រកាស​ទម្លាក់​កំហុស​ថា​ នួន ជា​ ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។​ ហើយ​លោក​មាន​«កំហឹង»​ ដោយ​សារ​តែ​នួន ជា​មិន​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​មាន​ឡើង។​

លោក​ឈូក រី​ន ​អាយុ​៦០​ឆ្នាំ ​ត្រូវ​សាលា​ឧទ្ធរណ៍​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលពី​ឆ្នាំ​២០០៥​ក្រោម​បទ​ចោទ​ថា​ បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​ទេសចរ​បរទេស​ចំនួន​បីនាក់​ មាន​ជនជាតិ​បារាំង​ឈ្មោះ ​Jean-Michel Braquet ជន​ជាតិ​អូស្ត្រាលី​ David Wilson ​និង​ជនជាតិ​អង់គ្លេស​ Mark Slater។ ទេសចរ​ទាំងនេះ​ត្រូវ​ពួក​ខ្មែរក្រហម​នៅ​តំបន់​ឈរជើង​ដ៏​រឹងមាំ​ភ្នំ​វ័ល្ល​ចាប់​ជា​ចំណាប់​ខ្មាំង​ ក្រោយពី​ស្ទាក់​បាញ់​ប្លន់​រថភ្លើង​នៅ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៩៤។​ ការ​វាយ​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន​១៣​នាក់​ស្លាប់​បាត់​បង់​ជីវិត។​

ដោយ​អះ​អា​ថា​ ខៀវ សំផន ​ដែលជា​ជន​ជាប់ចោទ​ម្នាក់​នៅ​ក្នុង​ចំណោម​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​នៅសល់​ក្នុង​សំណុំ​រឿង​០០២​ មិន​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​បក្ស​កុម្មុយនិស្ត​របស់​ខ្មែរក្រហម​នោះ​ទេ។​

ហើយ​លោក​បញ្ជាក់​ថា ​បក្ស​នេះ​ទទួល​ខុសត្រូវ​ចំពោះ​សោដនា​កម្ម​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩។​

កាលពី​ម្សិលមិញ​ លោក​ឈូក រីន ​ដែល​ពិការ​ជើង​ម្ខាង​ បាន​បដិសេធ​មិនព្រម​ឆ្លើយ​នឹង​សំណួរ​ដេញ​ដោល​របស់​សហ​ព្រះ​រាជ​អាជ្ញា​ទេ​ ហើយ​បានស្នើ​ឲ្យ​តុលា​ការ​លើក​ពេល​ផ្តល់​សក្ខីកម្ម​របស់​លោក​ដោយ​ទាមទារ​ឲ្យ​តុលា​ការ​ជួយ​ព្យាបាល​រូប​គាត់ ​ដែល​កំពុង​តែ​មាន​ជំងឺ​ជាប់​ខ្លួន ​ជាពិសេស​ការ​ឈឺ​ក្បាល​ខ្លាំង​ និង​ឈឺ​ក។​
ក៏ប៉ុន្តែ​ ចាប់តាំងពី​រសៀល​ម្សិលមិញ​ និង​ថ្ងៃនេះ​ ឈូក​ រីន​បាន​ប្តូរ​ជំហរ​មក​ឆ្លើយតប​នឹង​សំណួរ​ដេញដោល​ក្នុង​សវនាការ​ដូច​ធម្មតា។​ ហើយ​គាត់​បានបញ្ចប់​ការផ្តល់​សក្ខី​កម្ម​នៅ​ល្ងាច​នេះ៕​