គណបក្សជំទាស់ថ្មីនេះ បានទាក់ទាញឲ្យមានការចូលរួមពីមន្ត្រីសំខាន់ៗនៃគណបក្សដទៃនិងធ្វើឲ្យគេពិចារណាចង់ចូលរួម មុនការបោះឆ្នោតឆ្នាំ២០១៣មកដល់។
វ៉ាស៊ីនតោន៖ ប៉ុន្មានខែក្រោយពីមេដឹកនាំក្រុមជំទាស់ទាំងពីរគឺលោកសម រង្ស៉ី និងលោកកឹម សុខាបានប្រកាសរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សគ្រប់គ្រងប្រទេសនោះ គណបក្សជំទាស់ថ្មីនេះ បានទាក់ទាញឲ្យមានការចូលរួមពីមន្ត្រីសំខាន់ៗនៃគណបក្សដទៃនិងធ្វើឲ្យគេពិចារណាចង់ចូលរួម មុនការបោះឆ្នោតឆ្នាំ២០១៣មកដល់។
លោក ម៉ោញ សាផាន អតីតសមាជិកសភាបីអាណត្តិ បានអះអាងថាលោកចាកចេញពីគណបក្សហ៊្វុនស៊ីនប៉ិច ពីព្រោះលោកគិតថា គណបក្សជំទាស់ថ្មីនឹងអាចដោះស្រាយបញ្ហាជាតិសំខាន់ៗ ដូចជាបញ្ហានយោបាយ សង្គម បញ្ហាបូរណភាពដែនដី បញ្ហាសង្គម និងបញ្ហាវិនិយោគជាដើម។
«ខ្ញុំបានសម្រេចចិត្ត ដោយឃើញតាមការរួមរួមគ្នារវាងគណបក្សទាំងពីរហ្នឹងអាចមានសក្តានុពលក្នុងការស្រោចស្រង់សភាពការណ៍ដុនដាបក្នុងព្រះរាជាណាចក្រកម្ពុជា ហ្នឹង។ ដូច្នេះខ្ញុំក៏សម្រេចចិត្តចូលរួមជាមួយនឹងគណបក្សសង្រ្គោះជាតិដើម្បីរួមកម្លាំងគ្នាក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ»។
ដោយបានអះអាងអំពីកម្លាំងនយោបាយគណបក្សហ៊្វុនស៊ីនប៉ិចបែកខ្ញែកដែល ជាកត្តានាំឲ្យលោកត្រូវចាកចេញនោះ លោកម៉ោញ សាផានបានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស មិនលុបចោលកិច្ចព្រម ព្រៀងព្រំដែនខុសច្បាប់ ប្រជាពលរដ្ឋរងទុក្ខដោយការវិនិយោគរបស់ក្រុមហ៊ុន ឯកជនខ្លះ បញ្ហាជនអន្តោប្រវេសន៍ បញ្ហាគ្រោះថ្នាក់រឿងផ្តល់ដីសម្បទានវិនិយោគ៩០ឆ្នាំតាមព្រំដែន ពេលកម្ពុជានិងវៀតណាមមិនទាន់មានការបោះ បង្គោលព្រំដែនចប់។ លោកសាផានបានបន្ថែមថា ការផ្តល់ដីសម្បទាននោះនឹងបានផលទៅប្រទេសវៀតណាមច្រើនជាង ដោយសារប្រជាជនវៀតណាមរស់នៅតាមខេត្តជាប់កម្ពុជាមានចំនួនច្រើនជាងពលរដ្ឋកម្ពុជា។
លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់នៃគណ បក្សហ៊្វុនស៊ីនប៉ិច បានអះអាងថា គណបក្សជំទាស់ថ្មីអាចជួយប្រទេសបាន ជា ពិសេសបូរណភាពដែនដី ហើយលោកកំពុងពិចារណាដើម្បីចូលរួមជាមួយ ក្រុមជំទាស់ពេលនេះ។
«រឿងអីទុកឲ្យខ្ញុំពិចារណាទៀត ពីព្រោះដូចខ្ញុំជំរាបអញ្ចឹង គណបក្សហ៊្វុនស៊ីនប៉ិច គេទាត់ខ្ញុំចោល។ ក្មួយឯងគិតមើល គ្រាន់តែប្រធានកិត្តយសមួយក៏អត់មានផង។ ប្រធានកត្តិយសដែលអត់មានតួនាទីផងក៏ដកគ្នាដែរ។ ឲ្យខ្ញុំយកមុខទៅទុកឯណា?»
លោក លឺ ឡាយស្រេង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ ត្រូវគេ ឃើញថា បានចូលរួមពិធីបុណ្យរំឭកខួប២១ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃពុធនៅទីស្នាក់ការកណ្តាលគណបក្សសម រង្ស៉ី។ លោកបានអះអាងថា លោកចូលរួមនេះគឺដោយសារថា ខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាស្នាព្រះហស្ថរបស់សម្តេចឪ ដែលរកសន្តិភាព ស្ថិរភាពនយោបាយជូនដល់កម្ពុជា ហើយគ្មានទីណា ក្នុងប្រទេសកម្ពុជាបា្ររព្ធពិធីនេះទេ។ លោកលឺ ឡាយស្រេង បានអះអាងបន្ថែមថា លោកនឹងសម្រេចចិត្តជាចុងក្រោយថា ចូលរួមជាមួយ គណបក្សជំទាស់ ឬមិនចូល បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចឳ។
ទោះជាយ៉ាងណាក៏ដោយ លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ីនប៉ិច បានច្រានចោលព័ត៌មានដែលថា លោកលឺ ឡាយស្រេងចុះចូលជាមួយគណបក្សជំទាស់ ដោយលោកចាត់ទុកថា ព័ត៌មានតាមកាសែតជារឿងមិនពិត និងបំផ្លើស។
«ពួកហ្នឹងចេះតែបំផ្លើសហ្នឹង។ ខ្ញុំសួរគាត់ពីរដងហើយ ឆែកមែនទែនទៅ គាត់ អត់បាននិយាយថា គាត់ប្រកាសចូលជាមួយគណបក្សជំទាស់ផងហ្នឹង»។
តែលោកអះអាងថា លោក ម៉ោញ សាផានបានលាឈប់ពីគណបក្សហ៊្វុន ស៊ីនប៉ិចយូរហើយ ដែលរឿងនេះមិនមានផលប៉ះពាល់ដល់គណបក្សលោកទេ។
លោក យូ ហុកគ្រី តំណាងរាស្ត្រគណបក្សជាតិនិយម ជាអតីតគណបក្សនរោត្តមរណឫទ្ធិ ដែលត្រូវគេបញ្ចេញឈ្មោះលោកដូចលោក លឺ ឡាយស្រេង និងលោកម៉ោញ សាផានថា បានចូលជាមួយគណបក្សជំទាស់ផងនោះ បានច្រានចោលការផ្សព្វផ្សាយព័ត៌មាន ដោយគំរាមថា នឹងពិចារណាចាត់វិធានការណ៍ច្បាប់។
«ខ្ញុំសូមបដិសេធនូវព័ត៌មាននេះទាំងស្រុង និងដាច់ខាត។ ហើយព័ត៌មាននេះ ខ្ញុំ គិតថា ជាព័ត៌មានមិនពិត ប្រាសចាកពីលើមូលដ្ឋានសព្វបែប សព្វយ៉ាងទាំងអស់»។
ទោះជាយ៉ាងណាក៏ដោយ លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្ស សម រង៉្សី និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ពុំបានធ្វើអត្ថាធិប្បាយចំពោះករណី ឥស្សរៈជននយោបាយជាបុគ្គលទេ តែលោកបានអះអាងថា៖
«ខ្ញុំមិនហ៊ានធ្វើអត្ថាធិប្បាយអ្វីទេ។ តែខ្ញុំគ្រាន់តែអាចបញ្ជាក់បានថា មានឥស្សរៈ ជននយោបាយមកពីគណបក្សផ្សេងៗ ដែលអ្នកខ្លះបានចូលហើយ អ្នកខ្លះកំពុង តែពិចារណានៅឡើយនោះ នឹងមកចូលរួមធ្វើសកម្មភាពជាមួយគ្នា»។
អ្នកនយោបាយថ្នាក់កណ្តាលមួយចំនួនបានចាកចេញពីគណបក្សរាជានិយមខ្លះមកចូលរួមជាមួយចលនាសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ថ្មីកាលពីប៉ុន្មានខែថ្មីៗនេះ ដោយសរសេរលិខិតជាផ្លូវការ។
លោក យឹម សុវណ្ណបានបន្ថែមថា នៅពេលខាងមុខនេះ ឥស្សរៈជននយោបាយ ពីគណបក្សផ្សេងៗទៀតដែលកំពុងរៀបចំខ្លួននិងកិច្ចការរបស់គេ នឹងប្រកាស ជាសារធារណៈពីការចូលរួមកម្លាំងជាមួយគណបក្សជំទាស់គឺគណបក្ស សង្រ្គោះជាតិ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣ខាង មុខ ដែលក្រុមជំទាស់កំពុងទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនិង សមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមអនុសាសន៍របស់លោក សូរីយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។ គណបក្សជំទាស់ គឺគណបក្សសង្គ្រោះជាតិដឹក នាំដោយលោកសម រង្ស៉ីនិងលោកកឹម សុខានឹងប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ ហើយឈ្នះអាសនៈ ក្នុងសភា៩០ក្នុងចំណោម១២៣កាលពីការបោះឆ្នោតឆ្នាំ២០០៨៕