ទីភ្នាក់ងារ AP ភ្នំពេញ៖
ក្នុងខណៈដែលទីក្រុងភ្នំពេញកាន់តែចង្អៀត ហើយដីកាន់តែឡើងថ្លៃ គ្រួសារក្រីក្រខ្លះដែលរស់នៅក្នុងរាជធានីភ្នំពេញបានទៅធ្វើផ្ទះនៅលើវាលផ្នូរខ្មោចច្រើនឡើងៗ ហើយចាត់ទុកថា ទីនេះជាភូមិរបស់ខ្លួន។
វាលវដ្តសង្ខាររបស់សត្វលោកគឺកើតចាស់ឈឺស្លាប់។ តែប្រជាជនទាំងនេះមកយកកន្លែងអ្នកស្លាប់ធ្វើជាជម្រករបស់ខ្លួន។ វាលកប់ខ្មោចដើមស្លែងនេះនៅជិតរាជធានីភ្នំពេញ។ ពលរដ្ឋបានសង់ជម្រក ដូចជាបោះតង់សំពត់កៅស៊ូ ធ្វើខ្ទមប្រក់សង្កសី និងកម្ទេចឈើនៅជាប់ផ្នូរខ្មោចពីដើមនេះ។
ពួកគេ ដែលខ្លះត្រូវដេញពីកន្លែងនានា និងខ្លះគ្មានជម្រក បានហៅកន្លែងនេះថា ជាផ្ទះរបស់ខ្លួន។ ពួកគេមានប្រវត្តផ្សេងៗគ្នា។ អ្នកខ្លះមកនៅយូរហើយ។ អ្នកខ្លះទើបមកនៅ។ គេមានទម្លាប់រស់នៅជាមួយផ្នូរខ្មោចទៅហើយ។ គេយកម៉ុងខ្មោចធ្វើជាធ្វើជាតុ កៅអីសម្រាប់អង្គុយលេងជារៀងរាល់ថ្ងៃ។
អ្នកស្រីសួង រីអាយុ៦០ឆ្នាំជាអ្នកលក់អាហារ។ គាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៨៦។ គាត់និយាយថា ចំនួនអ្នកភូមិផ្នូរខ្មោចនេះកើនឡើងបន្តិចម្តងៗ។
«កាលណោះអត់មានមនុស្សនៅទេ មានតែគាត់ ផ្ទះខាងណោះនៅម្នាក់ឯង។ ដល់ពេលគាត់មកនៅកន្លែងហ្នឹងទៅ ហើយច្រាំងចេះតែបាក់មក គេក៏ចេះតែនាំគ្នាមកនៅកន្លែងហ្នឹងទៅ។ ចុះមានកន្លែងណានៅអូន មានតែមកនៅកន្លែងហ្នឹង។ ចេះតែប្រជ្រៀតនៅនឹងផ្នូរខ្មោចហ្នឹងទៅ! ហើយផ្នូរខ្មោចក៏គេចេះតែគាស់ចេញអស់ខ្លះទៀត។ ចេះតែមានមនុស្សមកនៅ។ ឥឡូវបើបើកដៃឲ្យនៅក៏នៅមិនអស់ដែរ»។
អ្នកខ្លះជួលផ្ទះរបស់គេនៅ ៣ដុល្លារក្នុងមួយខែ ហើយអ្នកខ្លះអះអាងថា ខ្លួនមានកម្មសិទ្ធិស្របច្បាប់។ អ្នកខ្លះបានធ្វើផ្ទះឈើ ឬបោះជម្រកបណ្តោះអាសន្នក្នុងចំណោមផ្នូរខ្មោចទាំងនេះ។ ជួនកាល គេប្រឈមនឹងការបណ្តេញចេញដោយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ដោយមិនប្រាប់ជាមុន ឬមិនបានសំណងសម្រាប់ទៅតាំងលំនៅកន្លែងថ្មីទេ។
លោកព្រំ ហឿន អាយុ២៩ឆ្នាំ ជាអ្នកលក់ម្ហូបតាមដងផ្លូវ ហើយដែលបានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៧នោះ យល់ស្របនឹងអ្នកជិតខាងរបស់គាត់គឺអ្នកស្រីសួង រី។ គាត់និយាយថា វាលកប់ខ្មោចនេះមានមនុស្សរស់មកតាំងលំនៅច្រើន តាំងពីពេលមានទឹកជំនន់កាលពីពីរបីឆ្នាំមុន។
«ពីមុនព្រៃច្រើន ខ្លាច។ ព្រៃ! សុទ្ធតែព្រៃ! មានផ្ទះមួយៗ។ ដល់ពេលមាត់ទន្លេចេះតែបាក់ដី ផ្ទះនៅមាត់រើមកនៅ។ អញ្ចឹងមនុស្សកាន់តែច្រើនទៅៗ។ ខ្មោចខ្លាចមនុស្សវិញហើយឥឡូវ!»។
លោកព្រំ ហឿនមានកូន៣នាក់។ គាត់បារម្ភខ្លាចអាជ្ញាធរបណ្តេញពួកគាត់ចេញពីទីនេះ។
«អាហ្នឹងខ្ញុំមិនហ៊ាន...រឿងភ័យៗហើយ ខ្លាចគេដេញចេញ។ បើគេមានកន្លែងដូរ... តែខ្លាចគេដេញទៅអត់មានកន្លែងឲ្យនៅ ពិបាក ព្រោះដីខ្ញុំមានកូនចៅបីបួននាក់»។
ដោយសារអនាគតមិនច្បាស់លាស់ អ្នកភូមិផ្នូរខ្មោចចេះតែបារម្ភឡើងៗ។
អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រនៅភ្នំពេញកំពុងជួយអ្នករស់នៅលើវាលកប់ខ្មោចនេះ ឲ្យគេត្រៀមខ្លួនសម្រាប់ការបណ្តេញចេញ។
អ្នកស្រី ស៊ុំ សាម៉ុនគឺមន្ត្រីអង្គការនេះ។គាត់និយាយថា ក្តីបារម្ភខ្លាចការបណ្តេញចេញនេះបានធ្វើឲ្យគ្រួសារទាំងនេះមានជំងឺខូចអារម្មណ៍ធ្ងន់ធ្ងរ។
«វាមិនផ្តោតតែកន្លែងផ្នូរទេ។ ទីកន្លែងណាក៏ដោយឲ្យតែប្រឈមនឹងការបណ្តេញចេញ ប្រជាពលរដ្ឋរងផលប៉ះពាល់ធំបំផុតគឺជំងឺផ្លូវចិត្ត។ កង្វល់របស់គាត់ធ្វើឲ្យគាត់អាក់ខានក្នុងការអភិវឌ្ឍគ្រួសាររបស់គាត់ ដែលទន្ទឹងចាំថ្ងៃដែលគេដេញ។ ហើយគាត់មានកង្វល់យ៉ាងខ្លាំងដែលជាជំងឺផ្លូវចិត្តរបស់គាត់»។
អនាគតភូមិផ្នូរខ្មោចដើមស្លែងនេះនៅជាអាថ៌កំបាំងនៅឡើយ។ អ្នកស្រុកទាំងនេះដែលយកវាលកប់ខ្មោចជាភូមិរបស់ខ្លួននោះ សង្ឃឹមថា គេនឹងបានរស់នៅទីនេះរហូត ហើយនឹងមិនប្រឈមនឹងការបណ្តេញចេញ ដូចកន្លែងផ្សេងទៀតទេ។
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់