ក្រុមជនជាតិដើមភាគតិចដែលកំពុងជ្រកកោណក្នុងប្រទេសអាមេរិកយ៉ាង តិច២ជនជាតិគឺខ្មែរកម្ពុជាក្រោមនិងម៉ុងតាញ៉ាបានជួបជាមួយមន្ត្រីក្រសួងការបរទេសស.រ.អាជាបន្តបន្ទាប់ចាប់តាំងពីខែមេសាមកដើម្បីពិភាក្សាអំពីគម្រោងការបង្រួបបង្រួមគ្នារវាងជនជាតិដើមភាគតិចឲ្យក្លាយជាសំឡេងតែមួយក្នុង គោលបំណងអ្វីដែលពួកគេចាត់ទុកថាដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមលើក្រុមជនជាតិភាគតិចនៅទីនោះ។
ក្រុមមេដឹកនាំជនជាតិភាគតិចទាំងនេះបានចោទប្រកាន់អាជ្ញាធរវៀតណាម ថាបានរំលោភសិទ្ធិមនុស្ស សិទ្ធិសាសនា ដីធ្លីនិងរឿងរ៉ាវជាច្រើនទៀត ទៅលើ ជនជាតិរបស់ពួកគេរៀងៗខ្លួន។ ក្រុមមេដឹកនាំទាំងនោះមានជំនឿថាការស្វែងរកសំឡេងតែមួយដែលមានការគាំទ្រពីស.រ.អាគឺជាកម្លាំងអាចបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិដើមភាគតិចបាន។
ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍មុនតាមទូរស័ព្ទលោកថាច់ ង៉ុកថាច់ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោមបានអះអាងថាស.រ.អាចង់ឃើញការបង្រួបបង្រួមគ្នា ក្នុងចំណោមជនជាតិដើមភាគតិចហើយចង់ឲ្យសហព័ន្ធខ្មែរក្រោមមានតួនាទីចាប់ផ្តើមការបង្រួបបង្រួមនេះព្រោះគេបានដឹងថាសហព័ន្ធមានទំនាក់ ទំនងជាមួយជនជាតិទាំងអស់ហ្នឹង។
«ដូច្នេះយើងឃើញថាការចង់បានរបស់ក្រសួងការបរទេសស.រ.អានេះគឺថាជារឿងមួយដែលជាបំណងរបស់ជនជាតិដើមទាំងអស់ក្នុងប្រទេសវៀតណាមចង់បានដែរ»។
លោក ថាច់ ង៉ុកថាច់អះអាងថា៖
«ក្រសួងការបរទេសស.រ.អាគឺថាសំខាន់ទីមួយ គឺថាយើងធ្វើឲ្យពួកគាត់អស់ ចម្ងល់។ អស់ចម្ងល់ទីមួយត្រង់ថារដ្ឋាភិបាលកុម្មុយនីស្តយួនតែងតែចោទយើងថាជាក្រុមភេរវកម្ម ក្រុមបំបែកបំបាក់ប្រទេស។ ទីពីរបង្ហាញឲ្យឃើញថា ស.រ.អា ក្រសួងការបរទេសស.រ.អាមានទំនុកទុកចិត្តដល់សហព័ន្ធខ្មែរកម្ពុជា ក្រោមដោយសារយើងធ្វើការហ្មត់ចត់»។
មានជនជាតិដើមភាគតិចជាង៥០ជនជាតិដែលកំពុងរស់នៅក្នុងប្រទេស វៀតណាមត្រូវបានគេអះអាងថាត្រូវអាជ្ញាធរវៀតណាមរិតត្បិតផ្នែកសាសនា សិទ្ធិមនុស្សស្រដៀងៗគ្នានឹងការរិតត្បិត ការធ្វើទុក្ខបុកម្នេញពលរដ្ឋកម្ពុជាក្រោម។នៅក្នុងសម្ព័នភាពមានជនជាតិភាគតិចតៃ(Tai)ផងដែរ។
លោក ថាច់ ង៉ុកថាច់ពុំបានអះអាងពីមូលហេតុអ្វីដែលស.រ.អាចង់ឃើញជនជាតិ ភាគតិចមានការបង្រួបបង្រួមគ្នានោះទេ។
ដោយបានបញ្ជាក់ថាមានការជួបជាមួយតំណាងខ្មែរកម្ពុជាក្រោមកាលពីពេល ថ្មីៗនេះ មន្ត្រីក្រសួងការបរទេសសរអាម្នាក់ដែលសុំឱ្យមិនបញ្ចេញឈ្មោះដោយសារមិនមានសិទ្ធិក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មានមិនបានឆ្លើយតបនឹងសំណួររបស់វីអូអេចំៗទេទាក់ទងនឹងការបង្រួបបង្រួមជនជាតិភាគតិច។ តែក្នុងសារអេឡិកត្រូនិកអ៊ីម៉េលឆ្លើយតបសំណួរវីអូអេក្រសួងការបរទេសបានបញ្ជាក់ថា៖
«ខ្មែរកម្ពុជាក្រោមម៉ុងតាញ៉ានិងមួងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងសង្គម ស្រដៀងគ្នា។ សរអាបន្តលើកទឹកចិត្តដល់វៀតណាមអនុវត្តគោលនយោបាយ ដែលជំរុញឲ្យផ្តល់ឱកាសសង្គមនិងសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ជនជាតិភាគតិច ទាំងអស់»។
អ្នកនាំពាក្យដដែលបានអះអាងថាក្រសួងការបរទេសសរអាបានស្តាប់នូវក្តីបារម្ភរបស់តំណាងខ្មែរក្រោមហើយនឹងបន្តជួបតទៅទៀតដើម្បីស្វែងយល់ពីទស្សនៈ និងក្តីបារម្ភរបស់ពួកគេ។
«ក្រសួងការបរទេសស.រ.អាបានទទួលយកក្តីព្រួយបារម្ភរបស់ពលរដ្ឋខ្មែរក្រោមយ៉ាងយកចិត្តទុកដាក់បំផុតហើយបន្តជំរុញឲ្យវៀតណាមធ្វើឲ្យប្រសើរចំពោះការអនុវត្តសិទ្ធិមនុស្សរបស់ខ្លួនរួមទាំងតំបន់ជនជាតិភាគតិចផងដែរ»។
លោក Kok KSor ប្រធានអង្គការម៉ុងតាញ៉ាមួយនៅសរអារដ្ឋអាមេរិកក្នុងរដ្ឋ South Carolina បានអះអាងថាជនជាតិម៉ុងតាញ៉ាត្រូវអាជ្ញាធរវៀតណាមចាប់ដាក់គុកដោយសារការធ្វើទុក្ខបុកម្នេញផ្សេងៗ ដូចជា រំលោភដីធី្ល គ្មានសិទ្ធិសេរីភាពខាងជំនឿសាសនាតែឲ្យគោរពរូបសំណាកលោកហូជីមីញជាអតីតមេដឹកនាំវៀតណាមជាដើម។
លោក កុក ស បានបញ្ជាក់ថា៖
«ព្រះវិហាររបស់យើងត្រូវគេដាក់រូបសំណាក លោក ហូ ជីមីញដើម្បីឱ្យថ្វាយបង្គំ មុនពេលយើងថ្វាយបង្គំព្រះជាម្ចាស់របស់យើង។ ព្រោះវៀតណាមនិយាយថា យើងមិនអាចដាក់ព្រះជាម្ចាស់របស់យើងនៅពីលើអ្វីគ្រប់យ៉ាងទេ។ យើងត្រូវ តែដាក់គណបក្សលើអ្វីៗទាំងអស់។ ប៉ុន្តែរឿងនោះមិនមែនជារឿងត្រឹមត្រូវ តាមច្បាប់របស់យើងដែលជឿលើព្រះយេស៊ូគ្រឹស្ទជាម្ចាស់ទេ»។
លោកបានបន្ថែមថា៖
«បច្ចុប្បន្នពលរដ្ឋរបស់យើងមិនអាចជួបជុំគ្នា២ទៅ៣នាក់បានផងដើម្បីថ្វាយបង្គំ ព្រះជាម្ចាស់។ ប្រសិនបើយើងធ្វើគេនឹងចាប់បញ្ជូនយើងទៅដាក់គុក ហើយធ្វើ ទារុណកម្ម»។
លោក កុក ស បានថ្លែងថាវៀតណាមជាសមាជិកនៃអ.ស.ប។ វៀតណាមត្រូវតែ គោរពច្បាប់អន្តរជាតិ។ លោកថ្លែងថាក្រុមជនជាតិភាគតិចនឹងចងសម្ព័ន្ធភាព ជាមួយគ្នាជាកម្លាំងតែមួយដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិមនុស្ស និងទាមទារឲ្យស.រ.អាដាក់សម្ពាធលើប្រទេសវៀតណាមរឿងការរំលោភសិទ្ធិ មនុស្សនេះ។
ប្រទេសវៀតណាមដែលជាប្រទេសកុម្មុយនិស្តជារឿយៗបដិសេធពីការចោទ ប្រកាន់ថាខ្លួនរំលោភបំពានសិទ្ធិមនុស្សនិងបិទសេរីភាពផ្នែកសាសនា។
ទាំងលោក ថាច់ ង៉ុកថាច់និងលោក កុក សដែលមានក្តីសង្ឃឹមពីការផ្លាស់ប្តូរក្នុង ប្រទេសវៀតណាមបានអះអាងថាការរួមរួមគ្នាគ្មានបំណងអ្វីផ្សេងក្រៅពីតវ៉ា តាមរយៈអហិង្សាឲ្យវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិច ក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះទេ។
ពលរដ្ឋកម្ពុជាក្រោមត្រូវគេប៉ាន់ប្រមាណថាមាន៨លាននាក់ ហើយជនជាតិម៉ុង តាញ៉ាដែលធ្លាប់ចូលរួមជាមួយស.រ.អាក្នុងសង្គ្រាមវៀតណាមដើមទសវត្សរ៍ទី៧០ត្រូវគេប៉ាន់ប្រមាណថាមានជិត១លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។
លោក Joshua Cooper ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធខ្មែរក្រោមបានថ្លែងប្រាប់ វីអូអេបន្ទាប់ពីជំនួបជាមួយមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃអង្គារថាសមាគម អាស៊ានដែលមានកិច្ចប្រជុំកំពូលក្នុងប្រទេសកម្ពុជាចុងឆ្នាំនេះបង្កើតនូវសេចក្តី ប្រកាសរួមអំពីសិទ្ធិមនុស្សដែលគួរឲ្យមានការផ្សារភ្ជាប់គ្នារវាងជនជាតិដើម ភាគតិចហើយសិទ្ធិរបស់ពួកគេគួរត្រូវគោរពនិងចែងផងដែរ។
«ដូច្នេះជារឿងសំខាន់ដែលជនជាតិដើមភាគតិចក្នុងតំបន់អាស៊ានរួមគ្នាដើម្បី ធ្វើឲ្យប្រាកដថាសេចក្តីប្រកាសរបស់អាស៊ានត្រូវបញ្ចូលបញ្ហាសិទ្ធិមនុស្ស របស់ជនជាតិភាគតិច។ ដូច្នេះយើងកំពុងតែធ្វើកិច្ចការងារនេះមុនពេលដែលសេចក្តីប្រកាសនោះត្រូវអនុម័តនៅឆ្នាំនេះ»។
លោកបានថ្លែងថាទិដ្ឋភាពមួយទៀតគឺត្រូវឲ្យមានបញ្ហាគោរពសិទ្ធិមនុស្សរបស់ ជនជាតិភាគតិចក្នុងតំបន់ជារឿងសំខាន់ក្នុងការដាក់បញ្ហាសិទ្ធិមនុស្សជជែក ជាសំខាន់ជាមួយប្រទេសក្នុងអនុមហាតំបន់ទន្លេមេគង្គដែលស.រ.អាបានផ្តួចផ្តើម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិដ្ឋាន សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ននិងការអភិវឌ្ឍ។
លោក Joshua បានអះអាងថាសហព័ន្ធខ្មែរកម្ពុជាក្រោមនិងម៉ុងតាញ៉ាបានជួប ពិភាក្សាអំពីរឿងនេះជាមួយស.រ.អាក្នុងការរួបរួមក្រុមជនជាតិភាគតិចនៅវៀតណាមជាមុនរួចបន្តរួបរួមគ្នាក្នុងតំបន់តែម្តងដូចជាជនជាតិភាគតិចនៅប្រទេស ឡាវ និងថៃ៕