ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយអង្គ​ត្រូវផ្សឹក​នៅ​ប្រទេស​វៀត​ណាម​

ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម

វ៉ាស៊ីនតោន​៖ ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោមមួយអង្គ​ព្រះនាម​ ថាច់ ធឿន​ (Thach Thuon) ​ គង់នៅ​វត្ត​មួយ​ក្នុង​ទឹកដី​កម្ពុជាក្រោម​ត្រូវ​អាជ្ញាធរ​វៀតណាម​បញ្ជា​ឲ្យ​ចាប់ផ្សឹក​ក្នុង​រយៈ​ពេល​បីថ្ងៃ ​ក្រោមបទ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​ច្បាប់​ប្រទេស​វៀតណាម។​ ប៉ុន្តែ ព្រះ​សង្ឃ​រង​គ្រោះ​និង​ក្រុម​សកម្មជន​បាន​បញ្ជាក់​ថា​ នេះ​ជាការ​រំលោភ​លើ​សិទ្ធិ​ ជំនឿ​សាសនា​ និង​សិទ្ធិ​មនុស្ស។​

ព្រះ​តេជគុណ​ថាច់ ធឿន​ ព្រះជន្ម​២៥វស្សា​ បួស​៧​ព្រះវស្សា​នៅវត្ត​សិរីតាសេក​ ភូមិ​តាសេក​ ឃុំតាសេក​ ស្រុក​ជ្រោយញរ​ (Vinhchau)​ ខេត្តឃ្លាំង​ (Soc Trang)​ ត្រូវ​អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ពីបទ​លួច​ទាក់ទង​ជា​មួយ​សហ​ព័ន្ធខ្មែរ​កម្ពុជា ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ និង​បាន​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​ព្រះ​សង្ឃ​ដទៃ​ គឺ​ខុសច្បាប់​វៀតណាម​ ដោយ​មិនមែន​បង្រៀន​ធម៌​វិន័យ​ពុទ្ធសាសនា​ទេ​ នេះ​បើតាមដីការ​ផ្សឹក​រយៈ​ពេល​បីថ្ងៃ​ដែល​បញ្ជូន​ចេញ​តាំង​ពីថ្ងៃ​២៨​កក្កដា។ ​

មាន​សង្ឃដីការ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ពី​ប្រទេស​វៀតណាម​ ព្រះ​តេជគុណថាច់ ធឿន​អះអាង​ថា​ ព្រះតេជ​គុណ​ពុំបាន​ធ្វើអ្វី​ខុស​ជាមួយ​នឹងច្បាប់​សាសនា​និង​ច្បាប់​រដ្ឋវៀតណាម​ទេ។ ​

«អត់ទទួល​បាន​ទេ។​ អត់ទទួល​នូវ​ដីការ​ដែលគេ​ចេញ​មក​ឲ្យ​អាត្មា​សិក​ហ្នឹង​ទេ។​ អាត្មា​មិន​ទទួលស្គាល់​ ហើយ​អាត្មា​មិន​សិក​ដាច់ខាត​ ព្រោះអាត្មា​មិន​បាន​ធ្វើអ្វី​ខុស​នឹង​ច្បាប់​ទាំង​ពីរ​នេះ»។​

តាម​ដីការ​ ឬ​បទបញ្ជា​មួយ​ចេញដោយ​គណៈសង្ឃ​ខេត្តឃ្លាំង​ ដែល​វីអូអេ​ទទួល​បាន ​អាជ្ញាធរ​វៀតណាម​បាន​បង្ខំ​ឲ្យ​ព្រះ​តេជ​គុណ​ថាច់ ធឿន សិក​នៅថ្ងៃទី៣១​ខែ​ កក្កដា​នេះ។​

ព្រះ​តេជ​គុណថាច់ ធឿន​បាន​អះអាង​ដែរ​ថា ​អាជ្ញាធរ​វៀតណាម​បាន​ជូន​ដំណឹង​ ដល់​វត្តខ្មែរកម្ពុជា​ក្រោម​ជាង​៧០​វត្ត​ឲ្យ​បាន​ដឹង​ពីការ​ផ្សឹក​ដើម្បី​ឲ្យ​វត្ត​ផ្សេងៗ​ទៀត​ឈប់​ទទួល​ស្គាល់​ព្រះ​តេជគុណ​ថាច់ ធឿន។​

ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ដែល​រស់នៅ​ក្នុងអតីតទឹកដី​កម្ពុជា​ក្រោម​តែត្រូវ​វៀតណាម​កាន់​កាប់​នោះ​ ត្រូវ​គេ​រាយ​ការណ៍​មកថា​ មាន​ការ​រិតត្បិត​ជំនឿ​សាសនា​ រៀនសូត្រ​ ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ អក្សរសាស្ត្រ​ ប្រពៃណី ​ទំនៀម​ទម្លាប់​ខ្មែរ​ជាដើម។ ​ហើយ​ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​មាន​ប្រវត្តិ​មិន​ល្អ​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព​សាសនា​ជាដើម។​ ប្រទេស​វៀតណាម​បដិសេធ​ជារឿយៗ​ ដោយ​ចាត់ទុក​ថា ​ជាការ​មួល​បង្កាច់។​

លោក​ថាច់ ង៉ុកថាច់ ​ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​នៅស.រ.អា.​ បាន​អះអាង​ថា​ ការ​បញ្ជា​ឲ្យផ្សឹក​ព្រះ​សង្ឃ​ខ្មែរកម្ពុជា​ក្រោម​ ព្រះតេជគុណ​ថាច់ ធឿន​នេះ​ ជា​ការ​រំលោភ​បំពាន​ថ្មី​ទៀត​លើ​សេរីភាព​សាសនា​សម្រាប់​បង​ប្អូន​ខ្មែរ​កម្ពុជាក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោម​ដែល​វៀតណាម​កាន់កាប់។​

«មាន​ការ​រំលោភ​ជា​បន្តបន្ទាប់។​ នៅ​ពេល​នេះ​នៅវត្ត​សិរីតាសេក​ ខេត្ត​ឃ្លាំង​ហ្នឹង គឺ​ថា​ គេដាក់​គំនាប​ ចង់​បំបែក​បំបាក់​ដល់​ស្មារតី​ព្រះសង្ឃ​ ដល់ស្មារតី​បងប្អូន​ខ្មែរ យើង​ ហើយ​ចោទ​ថា​ វត្តហ្នឹង​ជាវត្ត​ដែល​មានការ​ប្រឆាំង​ជំទាស់​ជា​ហូរហែរ​ជា​មួយ​នឹង​រដ្ឋាភិបាល​(វៀតណាម)»។​

លោក​ថាច់ ង៉ុកថាច់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​អាជ្ញាធរ​វៀតណាម​ ដោយ​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់ការ​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម។​ លោក​បាន​ថ្លែង​ថា៖​

«នៅក្នុង​បរិបទ​នេះ​ យើង​សូម​ជំរុញ​ដល់​ស្ថានទូត​បរទេស​នានា​ក្នុង​ប្រទេស​វៀតណាម​និង​អង្គការ​សង្គមស៊ីវិល​ក្នុង​ពិភព ​លោក​ឲ្យ​ជំរុញ​ដល់​វៀតណាម​ ឲ្យ​បោះបង់​ចោល​ការ​ផ្សឹក​ព្រះតេជ​គុណថាច់ ធឿន​ដោយ​ឥត​លក្ខខណ្ឌ​ និង​រំឭក​ដល់​វៀតណាម​ថា​ សរីភាព​សាសនា​ជា​សិទ្ធិ​ មិនមែន​ជា​ឯក​សិទ្ធិ​ ដែល​ត្រូវ​ផ្តល់​ឲ្យដោយ​រដ្ឋាភិបាល​វៀតណាម​ទេ»។​

មន្ត្រី​វៀតណាម​នៅខេត្ត​ឃ្លាំង​និង​មន្ត្រី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ពុំអាចទាក់ទង​បាន​ ដើម្បី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃអង្គារ​នេះ។​

ព្រះ​សង្ឃ​ខ្មែរកម្ពុជា​ក្រោម​ជាច្រើន​អង្គ​ ដូចជា​ព្រះតេជ​គុណគឹម មឿន​ ព្រះតេជ​គុណ​លី សូល​ត្រូវ​ចាប់ដាក់គុក​ ចាប់​ផ្សឹក​ជា​បន្តបន្ទាប់​តាំងពីឆ្នាំ​២០០៧​មក​ ដោយ​សារតែការ​សម្តែង​មតិ​ និង​សកម្មភាព​នានា​ជំទាស់ទៅនឹង​បម្រាម​របស់​អាជ្ញាធរ​វៀតណាម​ក្នុង​ការ​លើក​ស្ទួយ​សាសនា៕​