ភ្នំពេញ៖ សិល្បករ សិល្បការនីខ្មែរកំពុងត្រៀមខ្លួនទៅបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងទីក្រុងញូយ៉ក សម្រាប់មហោស្រពរយៈពេល២ខែ ដែលនឹងចាប់ផ្តើមនៅខែមេសាខាងមុខនេះ។ មហោស្រពនេះនឹងនាំយកសិល្បករខ្មែរសរុបចំនួន១២៥នាក់ពីប្រទេសកម្ពុជាទៅសម្តែងនៅទីនោះ។
សិល្បករវ័យក្មេងទាំងនេះកំពុងហាត់សមរាំរបាំស្វារបស់ពួកគេកាលពីពេលថ្មីៗនេះ នៅក្នុងសាលសម្តែងសិល្បៈមួយក្នុងរាជធានីភ្នំពេញ។
របាំដែលគេហៅឈ្មោះថា Khmeropedies III ឬភពស្វានេះនឹងត្រូវយកទៅសម្តែងនៅឯសារមន្ទីរហ្គូហ្គិនហែមក្នុងទីក្រុងញូយ៉ក នៅខែមេសាខាងមុខនេះ ជាផ្នែកមួយនៃមហោស្រពសិល្បៈខ្មែរ ឬ season of Cambodia។
ស្នាដៃនេះមានទម្រង់ជាសិល្បៈបែបសហសម័យដែលលាយបញ្ចូលគ្នាជាមួយរបាំបុរាណខ្មែរ។
ង៉ែត រ៉ាឌីគឺជាអ្នករាំរបាំស្វានាំមុខគេម្នាក់នៅក្នុងក្រុមដែលមានគ្នា៧នាក់នេះ។
«នេះជាមោទនភាពមួយសម្រាប់កូនខ្មែរដែលយើងគិតថា នេះជាស្នាដៃមួយរបស់ខ្មែរ ដែលសិក្សាពីស្វាបូកជាមួយនឹងClassical របស់យើង ដែលនឹងយកទៅបង្ហាញនៅក្រៅប្រទេស»។
អ្នកស្រី ភួន ម៉ានូគឺជាអ្នកបង្កើតរបាំបែបសហសម័យនេះឡើង។
«ប្រសិនបើអ្នកចង់បង្កើតរបាំសហសម័យ អ្នកត្រូវរក្សាអត្តសញ្ញាណរបស់អ្នក ហើយនេះជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ ពីព្រោះវារក្សាអត្តសញ្ញាណខ្មែរ។ ខ្ញុំមិនមែនទទួលបានជោគជ័យគ្រប់ពេលនោះទេ ប៉ុន្តែ នេះអាចមានលទ្ធភាពទទួលបានជោគជ័យមួយដែរ។ អ្នកត្រឡប់ទៅរក ឬសគល់នៃវប្បធម៌របស់អ្នក ថាតើវាមានប្រភពមកពីណា ហើយអ្នកក្រឡេកមើលវា ដោយប្រើក្រសែភ្នែកផ្សេង»។
ក្រុមរបាំស្វានេះនឹងចូលរួមជាមួយសិល្បករ និងសិល្បការិនីខ្មែរផ្សេងទៀត សរុបទាំងអស់១២៥នាក់ ដែលនឹងទៅបង្ហាញស្នាដៃរបស់ពួកគេនៅក្នុងមហោស្រពសិល្បៈដែលមានរយៈពេល២ខែនៅក្នុងទីក្រុងញូយ៉កនោះ។
លោក កង ឫទ្ធីសាលគឺជានាយកកម្មវិធីនៃអង្គការអម្រឹតាសិល្បៈ ដែលជាអ្នកចូលរួមនាំយកស្នាដៃសិល្បៈខ្មែរនេះទៅបង្ហាញនៅក្នុងមហោស្រពនោះ។
«ជាឱកាសមួយដែលពួកគាត់ជាសិល្បករជំនាន់ក្រោយមានឱកាសសម្តែងចេញតាមរយៈស្នាដៃថ្មី។ ពួកគាត់មានគំនិតច្នៃប្រឌិត ចង់សាកល្បងឈានហួសពីទម្រង់បុរាណរបស់ខ្លួន»។
ទម្រង់សិល្បៈមួយទៀត គឺរបាំព្រះរាជទ្រព្យ ក៏នឹងត្រូវនាំយកទៅសម្តែងនៅទីក្រុងញូយ៉កសម្រាប់មហោស្រពនោះដែរ។
របាំបុរាណខ្មែរខ្នាតធំ ដែលសម្តែងជារឿង«អប្សរាមេរា»នេះត្រូវបានបង្កើតដោយសម្តេចព្រះរាមនរោត្តម បុប្ផាទេវី។
ក្រុមរបាំដែលមានសមាជិក៤០នាក់នេះនឹងត្រូវយកទៅសម្តែងនៅBrooklyn Academy of Music នៅដើមខែឧសភាខាងមុខនេះ។
អ្នករៀបចំមហោស្រពសិល្បៈនេះនិយាយថា មានទម្រង់សិល្បៈខ្មែរជាង១០ប្រភេទ ដោយរួមមានគំនូរ តន្រ្តី ការសម្តែង ការតាំងពិរព័ណ៍ និងសិក្ខាសាលាដែលជជែកពិភាក្សាអំពីសិល្បៈជាដើម នឹងត្រូវយកទៅបង្ហាញនៅក្នុងអំឡុងពេលមហោស្រពនោះ។
លោក ព្រីម ភ្លឿនគឺជានាយកអង្គការសិល្បៈខ្មែរអមតៈដែលបានផ្តួចផ្តើមគំនិតបង្កើតមហោស្រពនេះឡើង។
«យើងចង់រៀបចំយ៉ាងម៉ិចឲ្យសិល្បករមានក្តីសង្ឃឹមទៅមុខទៀត កុំឲ្យគិតថា ធ្វើជាអ្នកសិល្បៈ មិនបានថវិកាគ្រប់គ្រាន់ និងជីវភាពជួបការលំបាក ឬលេងបានតែត្រឹមចិញ្ចើមថ្នល់»។
នាង កាវ៉ិចគឺជាផលិតករភាពយន្តម្នាក់ដែលកំពុងរះ។ លោកក៏គ្រោងនាំយកស្នាដៃភាពយន្តខ្នាតវែងលើកដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «តើខ្ញុំទៅណា?» ទៅចូលរួមក្នុងមហោស្រពសិល្បៈនោះដែរ។
«ខ្ញុំមានឱកាសមួយថា ពួកយើងធ្វើស្នាដៃសិល្បៈ មិនមែនត្រឹមតែទុកទេគឺបង្ហាញទៀត។ អញ្ចឹង វាជាផ្នែកមួយដែលជំរុញទឹកចិត្តខ្ញុំឲ្យខំប្រឹងធ្វើស្នាដៃប្លែកៗផ្សេងៗទៀត»។
ក្រៅពីខ្សែភាពយន្ត របាំបុរាណ និងសហសម័យហើយនោះ ស្នាដៃចម្លាក់ធ្វើពីផ្តៅ និងឬស្សីរបស់សិល្បករខ្មែរដ៏ល្បីគឺលោកពេជ្រ សុភាព ក៏នឹងត្រូវយកទៅដាក់បង្ហាញនៅឯសារមន្ទីរ Metropolitan Museum of Art ផងដែរ។
«ទើបជាលើកទី១ដែលយើងមានសិល្បករទៅតាំងពិព័រណ៍នៅសារមន្ទីរដែលស្ថិតក្នុងចំណោមសារមន្ទីរដែលល្បីល្បាញបំផុតលើលោក។ អានេះ វាហាក់ដូចជាប្រវត្តិសាស្ត្រមួយដែរ»។
លោក សាន់ វណ្ណា គឺជាប្រធានផ្នែកទំនាក់ទំនងសម្រាប់មហោស្រពសិល្បៈខ្មែរនៅទីក្រុងញូយ៉កនោះ។
«នេះគឺជាខណៈពេលមួយដែលអាចធ្វើឲ្យប្រជាជនកម្ពុជាមានមោទភាពចំពោះវប្បធម៌របស់ខ្លួន និងក៏ដើម្បីជំរុញទឹកចិត្តដល់ក្មេងជំនាន់ក្រោយដែលអាចក្រឡេកមើលមហោស្របនេះ ហើយនិយាយថា នេះគឺជាអ្វីមួយដែលខ្ញុំចង់បាន និងចង់ចូលរួមដែរ នៅក្នុងថ្ងៃអនាគត»។
ពិធីបើកសម្ពោធន៍ជាផ្លូវការនៃមហោស្រពសិល្បៈខ្មែរក្នុងទីក្រុងញូយ៉កនោះគ្រោងនឹងធ្វើនៅសារមន្ទីរ Rubin Museum of Art នៅថ្ងៃទី១៣ខែមេសាខាងមុខនេះ៕