ខ្មែរអាមេរិកាំងចេញទៅបោះឆ្នោតនៅព្រឹកនេះរើសប្រធានាធិបតីយសរអា

ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និង​គណបក្ស​សាធារណរដ្ឋ​គឺលោក​អតីត​អភិបាលរដ្ឋ​ មីត រ៉ុមនី

ពលរដ្ឋខ្មែរ​អាមេរិកាំង​ក៏ដូចជា​ពលរដ្ឋ​អាមេរិកាំង​ផ្សេងៗទៀតដែរ​កំពុង​ចេញទៅ​បោះឆ្នោត​បួនឆ្នាំម្តង​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ក្នុងចំណោម​បេក្ខជន​ពីររូប មកពី​គណបក្សពីរ​គឺគណបក្ស​ប្រជាធិបតេយ្យ​មានលោក​ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និង​គណបក្ស​សាធារណរដ្ឋ​គឺលោក​អតីត​អភិបាលរដ្ឋ​ មីត រ៉ុមនី ​នៅថ្ងៃទី៦​ខែវិច្ឆិការនេះ​ ដែល​ពលរដ្ឋមាន​ជំនឿទុកចិត្ត​រៀងៗខ្លួនថា​អាចដឹកនាំ​ប្រទេស តាមការ​ចង់បាន​របស់ពួក​គេ។

ចំពោះលោក​ មាស ជា ​មានកំណើត​នៅស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ភៀសខ្លួន​មករស់នៅ​សរអា​ចំនួន២០ឆ្នាំ។​ លោកជាអ្នក​ធ្វើកិច្ចការ​ខាងបុគ្គលិក​ សង្គមកិច្ច ក្នុងទីក្រុង​ហ្វ៊ីលឡា​ដែលហ្វីយ៉ា​ រដ្ឋភេនស៊ីលវីនៀ​បានអះអាង​ថាលោកបោះ ឆ្នោត​ទៅតាម​ គោលនយោបាយ​របស់បេក្ខជន​ដែលអាច​ជួយដល់​ជីវភាព របស់លោក​បានធូរធារ​ និងផ្តល់​សន្តិភាព ​ដល់ប្រទេស​ពិតប្រាកដ។

«មានសារៈ​សំខាន់ណាស់​សំរាប់ពលរដ្ឋ​ខ្មែរអាមេរិកាំង​ និងអាមេរិកាំង​ទូទៅ ព្រោះ​កាលណា​យើង​ជ្រើសរើស​មនុស្សខុស​ ថ្នាក់ដឹកនាំខុស​ធ្វើឲ្យខ្ញុំ​ចំណាយ ច្រើន​ក្នុងការ​បង់លុយកាក់​ទៅលើការ​ព្យាបាល​ ឈឺអីអញ្ចឹង។​ ដូច្នេះក្នុងការ​ទៅ បោះឆ្នោត​ក្នុងនាមខ្ញុំ​ជាកាតព្វកិច្ច​ជាសាមញ្ញ​ហ្នឹង​គឺខ្ញុំ​សំដៅទៅ​លើអ្វី​ដែល ជាផល​ប្រយោជន៍​សម្រាប់​បុគ្គលខ្លួន​ខ្ញុំផ្ទាល់»។

លោកថ្លែង​យ៉ាងដូច្នេះ​គឺសំដៅ​ទៅលើ​បេក្ខជនណា​ដែលលោក​គិតថា​អាចជួយ ដល់ពលរដ្ឋ​ថ្នាក់កណ្តាល​ដូចជាលោក​មានចំណាយ​តិចខាងពន្ធដា​និងសុខា ភិបាល​ ហើយនឹង​ជាប្រធានាធិបតី​ដែលមិនគិត​ពីសង្រ្គាមច្រើន​ដែលធ្វើឲ្យ​ចុះ ឱនភាព​ដល់ថវិកា​ជាតិ។

ក្រៅពីគិតពី​បញ្ហា​នៅក្នុង​ប្រទេស​អាមេរិក​ពលរដ្ឋខ្មែរ​ជាច្រើន​ក៏គិតពី​ប្រទេស កំណើត​ផងដែរ​ដែលនយោបាយ​អាមេរិកាំងថ្មី​អាចជួយ​ដោះស្រាយ​បញ្ហាកម្ពុជា ជាច្រើន​ផងដែរ។​

ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែលបោះឆ្នោត​ជូនគណបក្ស​សាធារណ រដ្ឋភាគ​ច្រើនគិត​ដល់ភាព​រុងរឿង​នៃលទ្ធិ​ប្រជាធិបតេយ្យ ​ការគោរព​សិទ្ធិមនុស្ស និងសេរីភាព​ពេញលេញ​នៅក្នុងប្រទេស​កម្ពុជា ​ដែលគណបក្ស​សាធារណរដ្ឋ មាន​នយោបាយ​ការបរទេស​ប្រឆាំងនឹង​អំណាចផ្តាច់ការ​ របបជិះជាន់​ក្នុងពិភព លោក។​ ចំណែក​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែលបោះឆ្នោត​ឲ្យគណបក្ស​ប្រជាធិប តេយ្យ​គឺពលរដ្ឋខ្មែរ​ អាមេរិកាំង​ដែលគិតគូ​ពីជីវភាព​ធូរធា​របស់​ពលរដ្ឋខ្មែរ​នៅ ក្នុង​ប្រទេសអាមេរិក​ ប្រាក់ឧបត្ថម្ភ​សង្គម ​សន្តិសុខផ្ទៃក្នុង​ប្រទេស​ជាដើម។

លោក​កែវ សម្បត្តិ​ ជាវេជ្ជបណ្ឌិត​ខាងធ្មេញ​ក្នុងក្រុង​ឡូវែល​រដ្ឋ​ម៉ាសាឈូសិត អះអាងថា​លោកនិង​គ្រួសារ​នឹងទៅ​បោះឆ្នោត​នៅព្រឹកនេះ។​ លោកមាន​ស្រុក កំណើត​ នៅស្រុកសំរោង​ខេត្តតាកែវ ​មករស់នៅ​សរអាតាំងពី​ឆ្នាំ១៩៨០។ លោកបាន​ អះអាង​ពីសារសំខាន់​ដែលអាមេរិកាំង​អាចជួយ​ដល់ពលរដ្ឋខ្លួន​និង ប្រទេស​កម្ពុជាដោយ​លើកយក​ជនជាតិជ្វីព​មកធ្វើជា​ឧទាហរណ៍។

«ដល់យើង​ជួយគេៗ​នឹងជួយ​យើងវិញ​ហើយ។​ ដូច្នេះខ្មែរយើង​ នៅខាងខ្ញុំ​ ទីក្រុង​ឡូវែលនេះ​យល់តាំង​ពីយូរណាស់​ហើយ​ តែខ្ញុំគ្រាន់តែ​បញ្ជាក់បន្ថែម​ពេល ឃោសនា​ហ្នឹងទេ។​ ដូច្នេះការមួយ​ដែលយើង​ត្រូវធ្វើ​គឺយើងត្រូវ​ទៅបោះឆ្នោត​អ្នក ណាដែលយើង​ស្រឡាញ់»។

លោកថ្លែង​បន្ថែមថា​មន្ត្រីអាមេរិកាំង​នៅក្នុង​រដ្ឋរបស់លោក​ធ្លាប់បានជួយ​ឈឺឆ្អាល រឿងបញ្ហាកម្ពុជា​ជាពិសេស​រឿងអន្តរាគមន៍​ដល់លោក​ ម៉ម សូណង់ដូ​ប្រធាន វិទ្យុសំបុកឃ្មុំ​ដែលត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់គុក​២០ឆ្នាំ​អំពីការចោទ​ប្រកាន់ ថាមានការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​អបគមន៍​ដីធ្លី។

លោក តាន់​ វិបុល​ពលរដ្ឋខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុងរដ្ឋវីជីនៀ​អះអាង​ស្រដៀងគ្នា ដែរថា​លោកបោះឆ្នោត​លើកនេះ​គឺបោះជូន​មេដឹកនាំ​ដែលអាចជួយ​សរអាពី​ការ បញ្ឈប់សង្គា្រម​ និងបន្ថយការ​ចំណាយខ្ជះខ្ជាយ​ផង​ ជួយពលរដ្ឋ​អាមេរិកាំង ឲ្យមានជីវភាព​ធូធារផង​តាមរយៈ​ធ្វើឲ្យមាន​កំណើនសេដ្ឋកិច្ច​ និងជួយ​ដល់ កម្ពុជាផ្នែក​សិទ្ធិមនុស្ស​ សេរីភាព​ ប្រជាធិបតេយ្យ​ផងដែរ។

«បើយើង​ជូនសន្លឹកឆ្នោត​ដល់គាត់​ហើយ​គាត់មិនបាន​ធ្វើល្អ​ចំពោះអ្វី​ដែលយើង ចង់បាន​ ប្រជាពលរដ្ឋ​យើងចង់បាន​ យើងមាន​សិទ្ធិ​ជ្រើសរើស​អ្នកថ្មីទៀត​ក្នុង រយៈពេល​៤ឆ្នាំក្រោយ​មក។​ រឿងនេះ​សំខាន់​មែនទែន​ចំពោះខ្ញុំ។​ ហើយបញ្ហា មួយទៀត​ដែលខ្ញុំ​មានកាតព្វកិច្ច​ទៅបោះឆ្នោតហ្នឹង​គឺដើម្បី​ខ្ញុំបោះទៅ ​ខ្ញុំមាន សំឡេង​ទៅ​ខ្ញុំនឹងអាច​មានឥទ្ធិពល​ក្នុងកិច្ចការផ្សេងៗ​ក្នុងប្រទេស​កម្ពុជា»។
លោក​ អះអាងថា​លោកមិន​ចង់ឃើញ​សង្គ្រាមដូច​កាលពេល​លោកចាកចេញ​ពី ស្រុកកំណើត​នៅភ្នំពេញ​ឆ្នាំ១៩៧៩​មករស់នៅ​ក្នុងប្រទេស​អាមេរិក​ទេ។ លោកចង់បាន​មេដឹកនាំ​ដែលផ្តល់​សន្តិភាព​ដល់ប្រទេស​ដែលលោក​រស់នៅ។