ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មនៅមុខក្រសួងការបរទេសអាមេរិកដើម្បីទាមទារឲ្យសរអាដាក់សម្ភាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងពលរដ្ឋបឹងកក់១៥នាក់ និងធ្វើឲ្យប្រសើរឡើងវិញនូវការគោរពសិទ្ធិ មនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
តំណាងពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋជាច្រើនបានធ្វើបាតុកម្មតវ៉ានៅមុខក្រសួងការបរទេសសរអា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងជួបមន្ត្រីអាមរិកាំង ដើម្បីជំរុញសរអាជួយដាក់សម្ភាធឲ្យមេដឹកនាំកម្ពុជាបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី និងឲ្យកែទម្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្នុងពេលលោកឧបនាយករដ្ឋមន្ត្រីហោណាំ ហុងរដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុននៅថ្ងៃកាលពីពាក់កណ្តាលខែនេះ។
ក្រុមតំណាងពលរដ្ឋខ្មែរអាមេរិកាំង៦នាក់បានជួបលោក Joseph Yun ឧបការីរងរដ្ឋមន្ត្រីការបរទេសសរអាទទួលបន្ទុកកិច្ចការអាស៊ីនិងតំបន់អាស៊ានដើម្បីរៀបរាប់ពីបញ្ហាដែលពួកគេទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន ឲ្យដោះលែង ជនរងគ្រោះទំនាស់ដីធ្លីគឺពលរដ្ឋបឹងកក់១៥នាក់ រកឃាដករបាញ់សំឡាប់សកម្មជនព្រៃឈើគឺលោកឈុត វុទ្ធីឲ្យឃើញ និងបញ្ឈប់អំពើបាញ់កម្មករ រោងចក្រកាត់ដេរ និងជនរងគ្រោះដីធ្លី ហើយត្រូវធានាថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើន និងមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក គុជ ចាន់លី ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមកពីរដ្ឋ មែរីឡែនហើយដែលស្ថិតក្នុងចំណោមប្រតិភូជួបមន្ត្រីអាមរិកាំង បានអះអាងថាពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យសរអាដាក់សម្ភាធឲ្យរដ្ឋាភិបាលកម្ពុជាវិលត្រឡប់ដើរតាមផ្លូវត្រូវវិញលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«លោក Joseph Yun និង Eric ដែលជាជំនួយការរបស់គាត់ បានសន្យាជាមួយយើងជាខ្មែរអាមេរិកាំងក្នុងស្រុកអាមេរិកនេះថា គាត់នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនៃប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីឲ្យលោកហោ ណាំហុងលើកយកបញ្ហាហ្នឹងទៅប្រាប់លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនឲ្យចាត់វិធានការដោះលែងប្រជាពលរដ្ឋខ្មែរជាបន្ទាន់ ហើយត្រូវធានាផ្ទះសំបែងឲ្យគាត់មាននៅ ហើយនឹងត្រូវធានារាប់រងសុវត្តិភាពរបស់គាត់នៅក្នុងពេលអនាគតផង»។
ប្រជាពលរដ្ឋបឹងកក់១៥នាក់ក្នុងចំណោមអ្នកតវ៉ាឲ្យមានដំណោះស្រាយដីធ្លីផ្ទះសម្បែងសមរម្យ ត្រូវអាជ្ញាធរចាប់ដាក់គុក ក្រោយពីពលរដ្ឋទាំងនោះតវ៉ាអហឹង្សា ឲ្យអាជ្ញាធរប្រគល់ដីនិងផ្ទះសម្បែងដែលគេយកទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគទុននោះ។
លោក ចាន់លីបានព្រមានថា ពលរដ្ឋកម្ពុជាអាចងើបតវ៉ាដូចក្នុងប្រវត្តិសាស្ត្រ បាន បង្ហាញរួចស្រេច ប្រសិនបើគ្មានដំណោះស្រាយទេ។ «បើសិនជាមានសម្ភាធនៃរដ្ឋាភិបាលអាមេរិកាំង ហើយមិនមានការផ្លាស់ប្តូរទេ អាមេរិកាំងនឹងឈប់គាំទ្ររដ្ឋាភិបាលកម្ពុជា។ ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកងើបឡើងទាមទាររកវិធីកសាងអនាគតប្រទេសរបស់ខ្លួនគឺថា ប្រទេសមហាអំណាចទាំងអស់នឹងគាំទ្រប្រជាពលរដ្ឋខ្មែរវិញ»។
លោកអ៊ូ គឹមហួត អ្នកតវ៉ាម្នាក់មកពីរដ្ឋភែនស៊ីលវីនៀ បានថ្លែងថា ពលរដ្ឋកម្ពុជាចង់រស់នៅមានសេរីភាព ប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស ដូចសរអា។ គេមិនចង់ឃើញពលរដ្ឋកម្ពុជារស់នៅបានព្រឹកខ្វះ ល្ងាច ត្រូវគេជិះជាន់ ចាប់ដាក់គុក ដូចជនរងគ្រោះដោយសារដីធ្លីទេ។
«ចង់ឃើញសរអាមានមិត្តភាពដែលពេញបរិបូណ៌ល្អប្រសើរជាជាងសរអាទៅរកមិត្តភាពជាមួយពួកផ្តាច់ការដែលតែងតែកិបកេងយកចំណេញបោកប្រាស់សរអាជាប់ជានិច្ច»។
ពលរដ្ឋខ្មែរអាមេរិកាំងបានលើកបដាជាភាសាខ្មែរនិងអង់គ្លេស ស្រែកតវ៉ា បរិហាររិះគន់ធ្ងន់ៗចំពោះមេដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺលោក ហ៊ុន សែន និងលោកហោ ណាំហុង។ បាតុកម្មនេះធ្វើនៅមុខក្រសួងការបរទេសសរអា ដែលមានភ្ញៀវបរទេសពីប្រទេសនានាចូលរួមប្រជុំជាច្រើន។ ការតវ៉ានិងពាក្យរិះគន់ធ្ងន់ៗបានកើនឡើងនៅពេលមន្ត្រីកម្ពុជា លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរអញ្ជើញមកដល់ ក្រសួងការបរទេសសរអាជាមួយលោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីន ដើម្បីរៀបចំដំណើរមកដល់របស់លោកហោណាំហុង។
ថ្លែងប្រាប់វីអូអេនៅមុខក្រសួងការបរទេសសរអា លោក អ៊ុច បូររិទ្ធបានចាត់ទុកថា ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាសិទ្ធិរបស់ពួកគេ។ តែលោកអះអាងថា ប្រជាពលរដ្ឋទាំងនោះមិនគួរប្រើពាក្យអសុរស ដែលនាំឲ្យខ្មាស់បរទេសទេ។ ពួកគេគួរប្រើភាសាសមរម្យ។ លោកថ្លែងថាគណៈប្រតិភូកម្ពុជាមកសរអាគឺដើម្បីធ្វើកិច្ចការទ្វេរភាគីដើម្បីផលប្រយោជន៍កម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោកហោ ណាំងហុងបានអះអាងថាភាគីទាំងពីរនឹងពង្រឹកកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ ហើយជជែកពីបញ្ហាតំបន់ផងដែរ ហើយលោកក៏បានសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជារបស់លោកស្រីហ៊ីលឡារី គ្លីនតុន និងលោក ប្រធានាធិបតីអូបាម៉ា។
លោកហោ ណាំហុងមានប្រសាសន៍ថា កម្ពុជារីករាយនឹងស្វាគមន៍ការអញ្ជើញរបស់លោកស្រី ហ៊ីលឡារី គ្លីនតុនទៅកាន់ប្រទេសកម្ពុជាក្នុងខែកក្កដាដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ស្តីពីបញ្ហាសន្តិសុខតំបន់។ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ាអញ្ជើញទៅកាន់ប្រទេសកម្ពុជានៅ ខែវិច្ឆិកាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនានារបស់អាស៊ាន រួមទាំងEAS Summit ផង ដែរ។លោកហោ ណាំហុង និងលោកស្រីហ៊ីលឡារី គ្លីនតុនពុំធ្វើអត្ថាធិប្បាយអំពីការទាមទាររបស់ពលរដ្ឋខ្មែរអាមេរិកាំងដែលធ្វើបាតុកម្ម តវ៉ានៅមុខក្រសួងការបរទេសសរអាទេ៕