ភ្នំពេញ៖ អតីតប្រមុខរដ្ឋខ្មែរក្រហមខៀវ សំផន បានស្នើសុំនៅរសៀលថ្ងៃព្រហស្បតិ៍នេះឲ្យសាលាក្តីខ្មែរក្រហមដោះលែងខ្លួនឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយធានាអះអាងថានឹងត្រឡប់មកចូលរួមការកាត់ទោសលើរូបគាត់តាមការកោះហៅរបស់តុលាការ។
ជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ដែលកំពុងដំណើរការកាត់ទោសខៀវ សំផនបាននិយាយក្នុងសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងស្តីពីសំណើសុំដោះលែងជាបន្ទាន់លើរូបគាត់ថារូបគាត់មិនមានលិខិតឆ្លងដែនសម្រាប់ធ្វើដំណើរទៅក្រៅប្រទេសហើយគ្រួសាររបស់គាត់មិនមែនជាគ្រួសារធូធារនោះដែរ។
ជនជាប់ចោទដែលជិតដល់វ័យ៨២ឆ្នាំក្នុងប៉ុន្មានខែខាមុខនេះបានបញ្ជាក់ធានាថានឹងបង្ហាញខ្លួនរាល់ដំណាក់កាលកាត់ទោសលើរូបគាត់ទាំងអស់។
«បើសិនជាខ្ញុំបានទៅនៅជួបជុំគ្រួសារកូនចៅខ្ញុំវិញ។ ខ្ញុំជឿថាកូនខ្ញុំអាចរៃលុយគ្នាឲ្យខ្ញុំហូបបាយហូបទឹកជាមួយគេដូចសព្វថ្ងៃអញ្ចឹងដែរ។ខ្ញុំចង់បន្ថែមទៀតថាខ្ញុំគោរពលក្ខខណ្ឌទាំងអស់ដែលតុលាការនឹងដាក់ជូន។ ហើយជាពិសេសធានាថានឹងមានវត្តមានក្នុងគ្រប់សវនាការរបស់តុលាការរហូតចុងបញ្ចប់»។
សវនាការលើសំណើសុំដោះលែងខៀវ សំផន ជាបន្ទាន់ធ្វើឡើងបន្ទាប់ពីសវនាការស្តាប់សក្ខីកម្មរបស់គ្រូប្រដៅសាសនាកាតូលិក ហ្វ្រង់ស័រ ប៉ុងស្សូ បានបញ្ចប់កាលពីវេលាម៉ោង១២ថ្ងៃត្រង់។
សហមេធាវីរបស់ខៀវ សំផន លោកអាទួ វែកេន(Arthur Vercken) និយាយថាកូនក្តីរបស់លោកស្ថិតក្នុងការឃុំឃាំងអស់រយៈពេលប្រាំឆ្នាំបួនខែមកហើយហើយមិនដឹងពេលណាថាការកាត់ទោសនឹងចប់នោះទេ។ ដូច្នេះលោកស្នើសុំដោះលែងកូនក្តីរបស់លោកឲ្យនៅក្រៅឃុំ។
«មិនមានហេតុផលសម្រាប់ការឃុំខ្លួនជាបណ្តោះអាសន្នទៀតទេ។ លោកអាចដាក់ខៀវ សំផន ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាមួយនឹងការធានាថានឹងមិនបង្កឲ្យមានចលាចលដល់សណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជាជាមួយនឹងការធានាថាលោកខៀវ សំផន នឹងមានវត្តមានក្នុងសវនាការដូចដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ»។
ក៏ប៉ុន្តែតំណាងសហព្រះរាជអាជ្ញាលោកថារីក អាប់ឌុលហាក់(Tarik Abdulhak)បានជំទាស់សំណើសុំដោះលែងជនជាប់ចោទខៀវ សំផន។
តំណាងសហព្រះរាជអាជ្ញាសញ្ជាតិអូស្ត្រាលីសំអាងថាការដោះលែងនេះនឹងបង្កឲ្យមានហានិភ័យដល់ភស្តុតាងនិងសាក្សីក៏ដូចជាហានិភ័យសម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់គាត់ដែរដោយសារតែជនជាប់ចោទអាចជាគោលដៅវាយប្រហារពីព្រោះជនរងគ្រោះនៅតែមានកំហឹងនឹងមេដឹកនាំខ្មែរក្រហមនៅឡើយ។
មួយវិញទៀតលោកថារីក អាប់ឌុលហាក់ លើកឡើងបន្ថែមថាជនជាប់ចោទអាច«គេចវេសពីការចូលរួមសវនាការ»បាន។
យ៉ាងណាក៏ដោយលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងមិនបានកំណត់កាលបរិច្ឆេទសម្រេចលើសំណើសុំនៅក្រៅឃុំរបស់ខៀវ សំផននៅឡើយទេ។
ខៀវ សំផន ត្រូវចាប់ខ្លួននៅខែវិច្ឆិកាឆ្នាំ២០០៧។ សព្វថ្ងៃគាត់គឺជាជនជាប់ចោទម្នាក់ដែលនៅមានសុខភាពមាំទាំជាងគេក្នុងសំណុំរឿង០០២។
ក្រៅពីអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសដែលបានស្លាប់កាលពីថ្ងៃទី១៤ខែមិនានិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដែលត្រូវដោះលែងឲ្យនៅក្រៅឃុំកាលពីចុងឆ្នាំ២០១២នោះ នួន ជា ដែលជាជនជាប់ចោទម្នាក់ទៀតមិនមានសុខភាពរឹងមាំនោះទេ។
ជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះមិនអាចមានវត្តមានដោយផ្ទាល់ក្នុងបន្ទប់កាត់ទោសបានទេ៕