កម្ពុជា​មាន​អ្នកជាប់ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិតខាង ​​បើទោះជា​ពន្ធនាគារ​ខ្វះខាត​ធនធាន

រូបឯកសារ៖ លោក ​រ៉ាត់ ​រត្នមុនី​ អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី ​ RT ស្ថិតនៅក្នុងរថយន្តពន្ធនាគារត្រឡប់ទៅពន្ធនាគារព្រៃសវិញ ក្រោយសវនាការរបស់លោកបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញ កាលពិថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ លោកត្រូវបានឃុំខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨។

វ៉ាស៊ីនតោន — ជាង ​៧០ ​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ជិត​ ៤០.០០០​ នាក់ ​នៅ​កម្ពុជា គឺជា​អ្នក​ដែលរង់ចាំ​សាលក្រម​ស្ថាពរ​ និង​ជាប់​ឃុំបណ្តោះ​អាសន្ន​ ប៉ុន្តែ​ត្រូវជាប់​នៅក្នុង​ទី​ដែល​ខ្វះ​អនាម័យ​ និង​ណែន​ចង្អៀត​ដូច​អ្នកទោស​នានា​ដែរ។ ​នេះ​បើ​តាម​ការបង្ហាញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ និង​ទិន្នន័យ​ពន្ធនាគារ។​

ចំនួន​អ្នកជាប់​ពន្ធនាគារ​រង់ចាំ​ការកាត់ទោស ​និង​រង់ចាំ​សាលក្រម​ស្ថាពរ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ចំនួន​ខ្ពស់​ខ្លាំង​ បើប្រៀប​នឹង​ប្រទេស​ជិតខាង។ ​ប្រទេស​វៀតណាម​ មាន​តែ​ចំនួន​ ១២% ប្រទេស​ថៃ​ មាន​ ១៧% ​និង​ឥណ្ឌូនេស៊ី​ មាន​ ១៩%។ នេះ​បើ​តាម​អង្គការ​ World Prison Brief​ ដែល​តាមដាន​លើ​ទិន្នន័យ​អ្នកជាប់ពន្ធគារ​នៅ​ទូទាំង​ពិភពលោក។

ក្រសួង​យុត្តិធម៌​បាន​ដាក់​បន្ទុក​លើ​ចំនួន​អ្នកជាប់​ពន្ធនាគារ​ខ្ពស់​នេះ ​ទៅលើ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​ និង​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដោះស្រាយ​ ចាប់តាំង​ពី​ខែឧសភា ​ឆ្នាំ​ ២០២០​ មក។

លោក ជីន ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ពីព្រោះ​ជា​គោលការណ៍​ច្បាប់ ​ជា​ទិដ្ឋភាព​បច្ចេកទេស​ បើ​កាលណា​ដោះស្រាយ​ភាពកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​បាន​ទៅ​លឿន ​វា​ចូលរួម​ចំណែក​ដោះស្រាយ​ចំនួន​អ្នកជាប់ឃុំ​ទាំង​អ្នក ដែល​មាន​សាលក្រម​ស្ថាពរ ​ហើយ​ទាំងអ្នក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​ដំណើរការ​នីតិវិធី​របស់​តុលាការ»។

គិតត្រឹម​ដំណាច់​ឆ្នាំ​ ២០២០ ​គឺ​តុលាការ​ដោះស្រាយ​បាន​ចំនួន ​៣៥.១០០​ នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ចាស់​ជិត​ ៤០.០០០ ​ដែល​បាន​កកស្ទះ​ដែល​ត្រូវ​ជា ​៨៩%។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រកាស​ថា ​យុទ្ធនាការ​នេះ​នឹង​បិទបញ្ចប់​នៅ​ខែឧសភា​ខាងមុខ​នេះ។ នេះ​ជា​ការពន្យារ​បន្ថែម​ពីផែនការ​ដើម​ ដែល​ត្រូវបញ្ចប់​នៅ​ដំណាច់​ឆ្នាំ​ ២០២០។

ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​មើលឃើញ​ថា បើ​ការអនុវត្តមាន​លក្ខណៈ​ស៊ីសង្វាក់គ្នា​ដូច​នៅក្នុង​ច្បាប់ ​ក៏​អាច​ជួយ​សម្រាល​បន្ទុក​លើ​ពន្ធនាគារ​ផងដែរ។

​លោក អំ សំអាត ​នាយករងទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ជាគោលការណ៍​អន្តរជាតិ ​គឺ​គេយក​សេរីភាព​នៃ​ជនជាប់ចោទ​ ហើយ​នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ ក៏​គេ​យក​ជាមូលដ្ឋាន​នៃ​ជនជាប់ចោទ បាន​ន័យ​ថា​ ការជ្រើសរើស​នៅក្រៅឃុំ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​ការអនុវត្ត​ វាហាក់​ដូចជា​មាន​ទំនោរ​ខុសគ្នា ​អាហ្នឹង​ហើយ​វា​ធ្វើ​ឲ្យ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា ​វា​ចង្អៀត​ណែន​លើសលប់ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​អ្នកនៅ​ឃុំខ្លួន ​និង​សុខភាព​ពួកគាត់»។

បើទោះបីជា​មាន​ការខិតខំ​កែប្រែ​យ៉ាងណា​ ប៉ុន្តែ​ស្ថានភាព​ពន្ធនាគារ​កម្ពុជា​នៅតែ​មិនល្អ​ប្រសើរ​នៅឡើយ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើកឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ភាពចង្អៀត​ណែន​នៅតែ​ដដែល​ បើទោះបីជាឃើញ​ថា​មាន​ការកែ​លម្អ​ មាន​សង់​អគារ​បន្ថែម​ខ្លះ​ ក្នុង​ពន្ធនាគារ​ក៏ដោយ។

លោក អំ សំអាត បាន​ថ្លែង​បន្ថែម​ថា៖ «នៅក្នុង​ពេលថ្មីៗ​ យើង​ក៏​ឃើញ​មាន​យុទ្ធនាការ​ពន្លឿន​នីតិវិធី​របស់​ក្រសួង​យុត្តិធម៌​ នៅតាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ក៏ដោយ​ ក៏​ភាពចង្អៀត​ណែន​មិន​អាច​កាត់​បន្ថយ​បាន​ដែរ​មកដល់​ពេល​ឥឡូវ»។

រូបឯកសារ៖ អ្នកស្រី ​សុខ​ បូលីម៉ា​ ​អាយុ​៥០​ឆ្នាំ​ ឈរកាន់​រូបថត​ស្វាមីគាត់​ គឺ​លោក​ ឃឹម ភាណា​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)

បើទោះបី​ជា​មាន​កង្វះខាត​កន្លែង​ដាក់​អ្នកទោស​និង​កង្វះ​អនាម័យ​ ប៉ុន្តែ​វា​នៅ​តែ​ជា​កន្លែង​ដែល​អាជ្ញាធរប្រើប្រាស់​ជា​ឧបករណ៍​ ដើម្បី​បំបិទ​សំឡេង​អ្នករិះគន់​ និង​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​ បើទោះបីជា​កំហុស​ឆ្គង​តិចតួច​ក៏ដោយ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស។

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch បាន​កត់ត្រា​ថា​ នៅពេល​នេះ​មាន​អ្នកទោស​នយោបាយ​ចំនួន​ ៧៥​ នាក់​ក្នុង​នោះ​ជាសកម្មជន​នយោបាយ​សកម្មជន​បរិស្ថាន​វ័យក្មេង​ មេដឹកនាំ​សហជីព​និង​អ្នកសារព័ត៌មាន។

លោក អំ សំអាត ​នៃ​អង្គការ​លីកាដូ​ក៏បាន​បញ្ជាក់​បន្ថែម​ថា៖​ «នៅក្នុង​ការសង្កេត​របស់​ខ្ញុំ​នៅក្នុង​ការឃុំខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង​ បើអ្នក​ត្រូវ​បាន​ចាប់ខ្លួន​ គាត់​មាន​ទំនោ​ទៅ​ខាង​គណបក្ស​ប្រឆាំង​ ឬ​អ្នកដែល​ធ្វើការងារ​សង្គម អ្នក​បរិស្ថាន ​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម​ យើង​ឃើញ​ថា​ ការឃុំខ្លួន​បណ្តោះ​អាសន្ន​គឺ​ធ្វើឡើង​ភ្លាមៗ​ ទោះបីជា​មាន​ការស្នើសុំ​នៅ​ក្រៅ​ឃុំយ៉ាងណាក៏ដោយ ​ក៏​កម្រ​មាន​ការអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ណាស់»។​

លោក ឃឹម ភាណា ​អតីត​ចៅ​សង្កាត់​ផ្សារដេប៉ូ​ទី ៣ ​ក្នុង​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ ដែល​កំពុងជាប់​ពន្ធនាគារ។ ​លោក ​ឃឹម ភាណា ​អាយុ​ ៥៤ ​ឆ្នាំ​ មកពី​គណបក្ស​សង្គ្រោះ​។

លោកត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​ ២ ខែ​មេសា ​ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​កាលពី​ចុងឆ្នាំ​ ២០១៩។ ចាប់តាំង​ពី​ត្រូវ​ចាប់ខ្លួន​មក​ សំណុំរឿង​របស់​លោក​នៅ​មិន​ទាន់​ត្រូវ​តុលាការ​យក​មក​កាត់ទោស​នៅឡើយ​ទេ​ ហើយ​តុលាការ​ក៏​បាន​បដិសេធ​ការសុំ​នៅ​ក្រៅឃុំ​ជាបន្តបន្ទាប់។

លោកស្រី​ សុខ​ បូលីម៉ា​ ភរិយា​របស់​លោក ​ឃឹម ភាណា ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​លោក​ ដោយសារ​តែ​លោក​មាន​ជំងឺ​ផ្ទាល់ខ្លួន​និង​កង្វះ​អនាម័យ​ក្នុង​មន្ទីរ​ឃុំឃាំង៖​

«ការប៉ះពាល់​គឺ​មាន​លើ​ខាងកាយ​និង​ផ្លូវ​ចិត្ត ណា​មួយ​គាត់​លើស​ឈាម ​ខ្ញុំ​បារម្ភ​ពី​សុខភាព​គាត់​ណាស់»។

លោកស្រី​ សុខ​ បូលីម៉ា​ ក៏​បាន​ត្អូញត្អែរ​ពី​ការលំបាក​ជីវភាព​ ចាប់តាំងពី​ស្វាមី​ត្រូវ​បាន​ចាប់ខ្លួន ​និង​ឃុំឃាំង។ លោកស្រី​ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​ជា​អ្នកបម្រើ​ភេសជ្ជៈ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ ដោយសារតែ​ការចេញ​មក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្វាមី។​

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖ «ពិបាក​មែនទែន​ ដល់​ថ្នាក់​ដើរ​សុំ​ខាង​បងប្អូន​ខាងខ្ញុំ​ និង​ខាង​គាត់។ ​ពិបាក​ណាស់​ណា​មួយ​ កូន​ជំពាក់​ធនាគារ​ទៀត​ ហើយ​រក​អត់បាន។ ពិបាក​មែនទែន​ សូម្បី​រក​ការងា​ធ្វើ​ ក៏​គេ​បិទ​ដែរ។រ ក​ការងារ​ធ្វើ​ ក៏​គេ​មិន​ទទួល​ដែរ​ ព្រោះ​យើង​អ្នកខាង​ហ្នឹង»។

អតីត​មេដឹកនាំ​សកម្មជន​និស្សិត​មួយរូបទៀត​ គឺ​លោក សួង នាគព័ន្ធ​ ត្រូវ​តុលាការ​ឃុំខ្លួន​ មុន​ការកាត់ទោស​អស់​រយៈពេល​ជាង ​៤ ​ខែ​ មុនពេល​ដោះលែង​វិញ​ នៅ​ពាក់​កណ្តាល​ ខែវិច្ឆិកា ​ឆ្នាំ​ ២០១៩​ដោយសារតែ​បាន​ចូលរួម​សកម្មភាព​រំលឹក​ខួប​លើក​ទី ៣​ នៃ​ការធ្វើឃាត​លោកបណ្ឌិត​ កែម ឡី​ និង​ទាមទារ​ឲ្យ​បញ្ចប់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក សួង នាគព័ន្ធ​ បានរៀបរាប់​ពី​ស្ថានភាព​ពន្ធនាគារ​ថា៖

«បើ​និយាយ​ពី​បញ្ហា​នៅ​ក្នុង​គុក​វា​មិនស្រួល​ទេ។ វា​វេទនា​ណាស់ ​ពីព្រោះ​គេបើក​ទំហំ​ឲ្យ​យើង​តែ​បី​តឹក​ បណ្តោយ​តែ​ពីរ​ម៉ែត្រ​ ដើម្បី​ឲ្យ​យើង​គេង។ នេះ​ទី ១។ ទី ២​ ការរស់នៅ​ណែន​ណាន់​តាន់តាប់។​ ទី ៣ អត់មាន​ខ្យល់​អាកាស ​ព្រោះ​វា​ហប់។ ទី ៤ ទឹក​ប្រើប្រាស់​ គឺ​យើង​ប្រើប្រាស់​ទឹក​ត្រពាំង​ល្អក់​ខួរ​ត្រី​អណ្តែង។ យើង​មុជ​ទៅ​វា​រមាស់​វាស្កៀប​ គឺ​វេទនា​មែនទែន ​ដូច​មនុស្ស​ស្លាប់​អីចឹង។ ទី ៥ ​គឺមាន​ជាតិ​វិទ្យុ​សកម្ម​ ដែល​ធ្វើ​ឲ្យ​យើង​ក្អក​រមាស់​ វាធ្វើ​ឲ្យ​ហ៊ឹង​ត្រចៀក​ ឈឺក្បាល​រ៉ាំ​រ៉ៃជាដើម»។

លោក​ សួង នាគព័ន្ធ​ បាន​បន្ថែម​ថា ​ក្នុង​បន្ទប់​ដែល​មាន​ទំហំ​ ៤ម៉ែត្រ​គុណ​នឹង​ ៥ ​ម៉ែត្រ​គឺ​មាន​ដាក់​មនុស្ស​ពី​ជាង​ ២០​ នាក់​ដល់​ជាង ​៣០ ​នាក់​ ហើយ​ពួកគេ​ត្រូវ​ដេក​ផ្អៀងខ្លួន។​

តុលាការ​បាន​កាត់ទោស​លោក​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ ២ ឆ្នាំ​ ប៉ុន្តែ​លោកបាន​ភៀសខ្លួន​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ​បន្ទាប់​ពី​រងការគំរាម​កំហែង​សម្លាប់​ជាបន្តបន្ទាប់។

នៅពេល​នេះ​ លោក សួង នាគព័ន្ធ​កំ ពុង​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ស្វីស។ ប៉ុន្តែ​នៅតែ​មាន​សុបិន​អាក្រក់​ម្តងម្កាល​ពី​ការជាប់ពន្ធនាគារ​នោះ។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖ «ខ្លួន​យើង​ស្រម៉ៃ​យល់សុបិន​ថា​ គេ​ដេញ​ចាប់​ពេញ​គុក។ គេទាត់​គេ​ធាក់។ គេ​ជាន់ក​កប់ភក់​ ប៉ុន្តែ​ពេលភ្ញាក់​ឡើង​ យើង​លែង​ផ្តោត​លើ​រឿង​ហ្នឹង ​គឺ​យើង​ផ្តោត​លើ​ការសិក្សា​ស្រាវជ្រាវ​ពី​រឿង​ឃាតកម្ម លោក កែម ​ឡី​ បន្តទៀត»។

ក្នុង​ការតវ៉ា​ពី​ពន្ធនាគារ​ ដែល​មិនធ្លាប់​មាន​មួយ​គឺ​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​មួយ​រូប​ គឺ​កញ្ញា​ ឈឿន ដារ៉ាវី​ បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន ដោយសារតែ​បាន​កោរសក់​ចោល ​ក្នុង​ពេល​ដែល​ការសុំ​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​បដិសេធ។ រូបភាព​របស់​នាង​ដោយ​មានភ្ជាប់​សារ​ទទូច​ពលរដ្ឋ​ឲ្យ​ «​ក្រោក​ឡើង​ស្រុះគ្នា» ​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ឡើងវិញ ​ត្រូវ​បាន​ចែកចាយ​ជាច្រើន​តាម​បណ្តាញ​សង្គម។

កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​បាន​ចោទ​ពីបទ​ «ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់សន្តិសុខ​សង្គម» ដោយ​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ កាលពី​ខែសីហា ​ឆ្នាំ ​២០២០​ ដោយសារតែ​ការចូលរួម​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា។

ក្នុងពេល​ដែល​អ្នករិះគន់​រដ្ឋាភិបាល​ត្រូវ​តុលាការ​បដិសេធ​ជាបន្ត​បន្ទាប់​មិន​ឲ្យ​នៅក្រៅ​ឃុំ​ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង ​ដោយសារតែ​មាន​ទ្រព្យធន​ឲ្យ​មកសម្រាក​ព្យាបាល​នៅ​ក្រៅឃុំ​បាន។

លោក ជិន ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ការពារ​ចំណាត់ការ​របស់​តុលាការ​ថា៖

«ការឃុំខ្លួន​បណ្តោះអាសន្ន ​គឺជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ដែល​គាត់​ពិចារណា​ទៅលើ​លក្ខខណ្ឌ​ដែល​មាន​ នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ។​ សំណុំរឿង​ខ្លះ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ សំណុំរឿង​ខ្លះ​ មិន​ឃុំ​ខ្លួន ​គឺវា​ផ្អែក​ទៅលើ​ស្ថានភាព​ជាក់ស្តែង​នៃ​សំណុំរឿង​នីមួយៗ។​ ពីសំណុំរឿង​មួយ​ ទៅ​សំណុំរឿង​មួយ​ មិន​អាច​ដូច​គ្នា​បាន​ទេ»។

មន្ត្រី​ពន្ធនាគារ​បាន​ទទួលស្គាល់​ថា​ ស្ថានភាព​ពន្ធនាគារ​នៅតែ​មិនទាន់​ដល់​កម្រិត​បច្ចេកទេស​ត្រឹមត្រូវ​នៅឡើយ​ទេ។

លោក នុត សវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«តាមពិតទៅ​ ដើម្បី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ជនជាប់ឃុំ​ ក៏​ដូចជា​ការធ្វើ​កម្មវិធី​អប់រំ​កែប្រែ​ តាម​នីតិវិធី​សម្បទារ​ គឺ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ការងារ​ យើង​មានប្រសិទ្ធភាព​ ទាល់តែ​សមាមាត្រ​នឹង​ចំនួន​មន្ត្រី​និង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង​ថា​ អាច​ធ្វើបាន​ប៉ុណ្ណា។ តាម​ការអនុវត្ត​ជាក់ស្តែង ​ចំនួន​ដែល​សមរម្យ​បំផុត​បើ​បាន​ក្រោម​ ២០.០០០ ​ទើប​បានល្អ។ បើបាន​ក្រោម​ ២០.០០០​ គឺ​មន្ត្រី​ខ្ញុំ​ គាត់ស្រួល​ធ្វើការ ​ទាំង​ការងារ​សន្តិសុខ​ ទាំង​ការងារ​អប់រំ​កែប្រែ​នីតិសម្បទារ​ ទាំង​ការថែទាំ​សុខភាព​ជនជាប់គុក»។

លោក​បាន​បន្ថែម​ថា ​ក្នុងពេល​បច្ចុប្បន្ន​អ្នក​ដែល​មាន​សាលក្រម​ស្ថាពរ​តែ ​២៧​ ភាគរយ​នៃ​អ្នកជាប់​នៅក្នុង​ពន្ធនាគារ​ចំនួន​ ៣៩.២០០​ នាក់​ហើយ​ គ្រាន់តែ​អ្នក​ត្រូវ​ឃុំ​ខ្លួន​រង់ចាំ​សវនាការ​មាន​ជាង ​១៧.២០០​ នាក់ ​ដែល​ត្រូវ​ជា​ ៤៣%​ និង​ក្រៅ​ពីនោះ​ជា​អ្នករង់ចាំ​សាលក្រម​ស្ថាពរ ​ដោយ​សំណុំរឿង​នៅ​កកជាប់​ក្នុង​នីតិវិធី ​ប្រកប​ដោយ​ការិយាធិបតេយ្យ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។

យ៉ាងណាក៏ដោយ​ លោក នុត សវនា ​យល់​ថា​ យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​បាន​ជួយ​ដោះស្រាយ​ភាពកកកុញ​ នៅ​ក្នុង​ពន្ធនាគារ​បាន​ខ្លះ​ដែរ៖

«ដោយសារ​លទ្ធផល​ខិតខំ​របស់​ក្រសួង​យុត្តិធម៌​ និង​តុលាការ​ដែល​គាត់​ប្រកាន់​គោលការណ៍​ថ្មី​ហ្នឹង​ ទើប​គាត់​ទើប​ចំនួន​អ្នកជាប់ឃុំ​នៅ​ពន្ធនាគារ​មិន​កើន​ទេ​ ប៉ុន្តែ​បើ​អត់​ធ្វើ​អីចឹង​ទេ​ប្រហែល​ជា​ឡើង​ជិត​ដល់​ ៥​ ម៉ឺន​នាក់​ហើយ ​មកដល់​ពេលនេះ»។​

អតីត​គណបក្ស​ប្រឆាំង ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងធ្វើ​យុទ្ធនាការ «បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា»​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​ឃុំ​ខ្លួន​ មុន​ការកាត់ទោស​នេះ​ និង​ការសម្លាប់​សកម្មជន​និង​អ្នកនយោបាយ ​ក្នុង​ពេល​កន្លងមក។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា ​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាក់ស្បាត ​មិន​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ទេ​ ដោយសារតែ​ការចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ភ្លាមៗ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅឃុំ​ទេ។

លោក អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ថែម​ថា៖ «ដូច្នេះ​ទង្វើ​ទាំងអស់​នេះ​បើ​យើង​ទាំងអស់គ្នា​ មិនគិតគូរ​មិន​រក​ដំណោះស្រាយ​ណា​ទេ​ របប​ហ្នឹង​វា​នឹង​នៅ​បន្ត​រហូត។ ​អីចឹង​ហើយ​បាន​ទាក់ទង​នឹង​ចលនា​មួយ​នេះ​ គឺ​ចលនា​បញ្ចប់​និទណ្ឌភាព​ ក៏​វា​ចូលរួម​ចំណែក​ដើម្បី​ឲ្យ​បញ្ចប់​រឿង​ហ្នឹង​ដែរ។ ឥឡូវ​នេះ​បងប្អូន​ភាគច្រើន​ គាត់​មាន​ការភ័យខ្លាច​ គាត់​មិន​ហ៊ាន​ចេញ​ ដើរ​ទាមទារ​តវ៉ា​ជា​ចំហ​ទេ​ ប៉ុន្តែ​គាត់​ឈឺចាប់»។

យុទ្ធនាការ​ «បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា»​ នេះ ​បាន​ចាប់​ផ្តើម​តាំងពី​ខែកក្កដា​មក ដោយ​គណៈកម្មការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ ដោយ​បាន​បង្ហាញ​សកម្មជន​សង្គម​និង​បរិស្ថាន​ ដែល​បាន​ស្លាប់​ទៅហើយ​ ដែល​មាន​ដូចជា​លោកបណ្ឌិត​ កែម ឡី ​លោក ឈុត វុទ្ធី ​លោក ជា វិជ្ជា ​និង​តារាភាពយន្ត​គឺ​អ្នកស្រី​ ពិសិដ្ឋ ពិលីការ​ ជាដើម។

យុទ្ធនាការ​នេះ​ មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ចំនួន​ជិត​ ៦​ ម៉ឺន​នាក់​ត្រឹម​ខែមីនា​នេះ​ សម្រាប់​ការស្នើ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ញត្តិ​តាម​អនឡាញ។

ទន្ទឹមនឹងនោះ ​ក៏​មាន​ការចងក្រង​ឯកសារ​ពី​ជនរងគ្រោះ​ទាំងនោះ ​និង​ការសិក្សា​ពី​លទ្ធភាព​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែ ល​នៅ​ក្រៅ​ប្រទេស​អាច​ប្តឹងផ្តល់​នៅ​តុលាការ​ក្នុង​ប្រទេស​ ដែល​ពួកគេ​ស្នាក់នៅ​ផងដែរ។ គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា ​វា​នឹង​ឲ្យ​មាន​ការកែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៕