តុលាការខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ បានសម្រេចពន្យារពេលជាលើកទី២ ក្នុងការសាកសួរមេធាវីការពារក្តីគណបក្សប្រឆាំងពាក់ព័ន្ធនឹងរឿងផ្តល់មធ្យោបាយដល់ជនជាប់ចោទ មាស ប៉េង ដែលជាជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលឲ្យរត់ពីការឃុំឃាំង។
ការពន្យារពេលរបស់តុលាការបានធ្វើឡើង បន្ទាប់ពីពុំមានមេធាវីការពារក្តីទាំងប្រាំពីររូបដែលត្រូវបានតែងតាំងដោយគណៈមេធាវីសម្រាប់ការពារក្តីលោកជួង ជួងី។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីជួង ជួងី។
តុលាការខេត្តកណ្តាលបានចេញបញ្ជាឲ្យលោកជួង ជួងី ចូលខ្លួនជាលើកទី២ នៅថ្ងៃច័ន្ទនេះ។ ក៏ប៉ុន្តែមេធាវីទាំងប្រាំពីររូបពុំមានវត្តមានទេ គឺមានតែមេធាវីមួយរូបតែប៉ុណ្ណោះ គឺលោកសុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលលោកជួង ជួងី ទើបតែជ្រើសរើសថែមម្នាក់ទៀតសម្រាប់ការពារក្តី។
ការកោះហៅលោកជួង ជួងី ដែលជាមេធាវីការពារក្តីគណបក្សប្រឆាំងមកបំភ្លឺពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយឲ្យលួចរត់នេះ មិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលស្តាប់នៅក្នុងបន្ទប់សវនាការទេ លើកលែងតែតំណាងរាស្ត្រគណបក្សប្រឆាំងតែប៉ុណ្ណោះ។
បន្ទាប់ពីបានបង្ហាញមុខនៅក្នុងតុលាការខេត្តកណ្តាល លោកជួង ជួងី បានថ្លែងប្រាក់អ្នកយកព័ត៌មាននៅខាងក្រៅអគារតុលាការថា ដំណើរការសាកសួរត្រូវបានពន្យារពេលដោយសារតែគ្មានមេធាវីគ្រប់គ្រាន់។
លោក ជួង ជួងី បានបញ្ជាក់ទៀតថា លោកមិនទាន់ដឹងថា ការកោះហៅលើកទី៣នេះនឹងត្រូវប្រព្រឹត្តទៅនៅពេលណាទេ។
«ខ្ញុំមិនអាចផ្តល់ចម្លើយបានទេគឺត្រូវរង់ចាំមេធាវីទាំងប្រាំបីរូប ដែលប្រាំពីររូបគណៈមេធាវីចាត់តាំងឲ្យការពារខ្ញុំ»។
លោក ពុធ ធាវី ប្រធានក្រុមមេធាវីទាំងប្រាំពីររូប ដែលត្រូវបានតែងតាំងដោយសមាជិកគណៈមេធាវីឲ្យការពារក្តីលោកជួង ជួងី បានមានប្រសាសន៍ថា លោកមិនអាចចូលរួមការពារក្តីនេះបានទេដោយសារតែលោកនៅមិនទាន់ទទួលបានដីកាកោះឲ្យចូលការពារក្តីលោកជួង ជួងី នៅឡើយ។
«គាត់ផ្ងើដីកាមកចូលនៅក្នុងប៉ុស្តិ៍បឹងរាំងហើយឲ្យប៉ុស្តិ៍បឹងរាំង យកមកឲ្យគណៈមេធាវីខ្ញុំនៅថ្ងៃសៅរ៍។ គណៈមេធាវីខ្ញុំឥតអាចទទួលយកបានទេ។ អញ្ចឹងខាងប៉ូលីសប៉ុស្តិ៍ ក៏ចារទៅត្រឡប់ទៅខាងតុលាការវិញ។ ហើយខ្ញុំបានឲ្យកូនក្តីខ្ញុំជួង ជួងីនេះគឺយកលិខិតសុំពន្យារពេលព្រឹកមិញនេះ។ ដូច្នេះតុលាការក៏បានសម្រេចតាមការស្នើសុំរបស់កូនក្តីខ្ញុំហើយ ដោយសារតែមិនមានដីកាកោះអញ្ជើញទទួលផ្ទាល់ដៃរបស់គណៈមេធាវីទាំងប្រាំពីររូប»។
លោក ស៊ិន វីរៈ ចៅក្រមស៊ើបសួរនៅតុលាការខេត្តកណ្តាលមិនអាចទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានហៅករណីនេះ ជារឿងដែលពាក់ព័ន្ធនឹងរឿងនយោបាយ។
«វាជារឿងនយោបាយពិតប្រាកដ ព្រោះមេធាវី អ្នកដែលហ៊ានចេញមុខការពារក្តីឲ្យគណបក្សសម រង្ស៊ី គឺមានតិចតួចណាស់។ ហើយអ្នកណាក៏ដោយឲ្យតែហ៊ានចេញមុខការពារក្តីជូនគណបក្សសម រង្ស៊ី និងអ្នករងគ្រោះដោយសារដីធ្លី គឺត្រូវតែបានគេចោទប្រកាន់ឥតចេះចប់ រហូតមកទល់ពេលនេះ»។
កាលពីអំឡុងឆ្នាំ២០១១ តុលាការខេត្តកណ្តាលបានចោទប្រកាន់លោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែកពីបទប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នកកាន់កាប់អចលវត្ថុដោយសុច្ចរិត នៅក្នុងរឿងទំនាស់ដីធ្លីមួយ ជាមួយនឹងលោកប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះខាងគណបក្សប្រជាជនកម្ពុជា។
តុលាការខេត្តកណ្តាលបានបញ្ជាឲ្យនាំខ្លួនលោកមាស ប៉េង យកទៅឃុំឃាំងនៅក្នុងពន្ធនាគារខេត្ត ក៏ប៉ុន្តែត្រូវបានលោកជួង ជួងី បានចោទប្រកាន់ថាមិនអនុញ្ញាតឲ្យឃុំខ្លួនកូនក្តីរបស់ខ្លួនបានទេ រួចហើយបានបញ្ជាឲ្យលោកចាន់ ចេង នាំកូនក្តីរបស់លោកទៅកាន់លំនៅដ្ឋានវិញ។
លោក ចាន់ ចេង សមាជិកសភាតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីបើកផ្លូវស៊ើបអង្គេតរបស់តុលាការខេត្តកណ្តាលពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយដល់ជនជាប់ចោទលោក មាស ប៉េង លួចរត់ដូចលោកជួង ជួងី ដែរ។ លោក ចាន់ ចេង បានរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីបានបាត់បង់ជាសមាជិកសភាតំណាងរាស្ត្រ៕