ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ នេះគឺជាលទ្ធផលនៃការប្រកួតប្រជែងក្នុងសិក្ខាសាលាស្តីពីអង្ករពិភពលោកសម្រាប់ពាណិជ្ជកម្មអង្ករឆ្នាំ២០១២នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សិក្ខាសាលាដែលដំណើរការចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា ចូលរួមដោយប្រទេសនាំអង្ករចេញសំខាន់ៗជាង៤០ ដែលក្នុងនោះមានប្រទេសមកពីទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
លោកអ៊ឹង ឆេងសៀ តំណាងក្រុមហ៊ុននាំអង្ករចេញ ឡូ អៀក ហេង សេកមាស ដែលបានចូលរួមក្នុងពិធីនេះបានសម្តែងសេចក្តីរីករាយហើយសង្ឃឹមថាជ័យលាភីដោយមោទនភាពនេះនឹងធ្វើឲ្យការនាំអង្ករចេញរបស់កម្ពុជាកាន់តែប្រសើរ។
«ការទទួលពានរង្វាន់នេះ អាចជួយបង្កើនការបញ្ជាទិញពីអន្តរជាតិដែលពីមុនមកគេពុំទាន់យល់ច្បាស់ពីគុណភាពនៃអង្ករខ្មែរយើង។ ឥឡូវនេះធ្វើឱ្យអ្នកទិញអន្តរជាតិមានការចាប់អារម្មណ៍ខ្លាំង។ អញ្ចឹងយើងអាចជំរុញការនាំចេញអង្ករយើងបានច្រើនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់នាំអង្ករចេញឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥នេះទី១។ ទី២ យើងអាចណែនាំថាអង្ករកម្ពុជាឥឡូវហ្នឹងក៏មានលទ្ធភាពប្រកួតប្រជែងជាមួយអង្ករមកពីថៃឬវៀតណាមដែរ។»
ចំណែកឯចំណាត់ថ្នាក់លេខ២ និងលេខ៣បានទៅអង្ករមកពីប្រទេសថៃ។ កាលពីឆ្នាំមុនពានរង្វាន់នេះត្រូវបានប្រគល់ទៅឱ្យអង្ករមកពីប្រទេសភូមា។
លោកអ៊ឹង ឆេងសៀ មានប្រសាសន៍តាមទូរសព្ទពីប្រទេសឥណ្ឌូណេស៊ីថា លក្ខខណ្ឌនៃការឱ្យពិន្ទុអង្ករមានភាពសម្ងាត់ ប៉ុន្តែលោកបានបង្ហើបឱ្យដឹងថា ការវាយតម្លៃត្រូវបានយោងទៅលើលក្ខណៈពិសេសមួយចំនួនរបស់អង្ករដូចជា ភាពសរលោង ទំហំអង្ករ កម្រិតនៃភាពបាក់ រសជាតិ និងក្លិនជាដើម។
បាយនៃអង្ករផ្កាម្លិះកម្ពុជាមានក្លិនក្រអូបប្រហើរ និងទន់ល្អ។ សព្វថ្ងៃនេះ កម្ពុជានាំចេញនូវអង្ករផ្កាម្លិះ ផ្ការំដួល នាងម្លិះ សូម៉ាលី ផ្កាខ្ញី និងសែនក្រអូបជាដើម ដែលសុទ្ធសឹងជាប្រភេទអង្ករមានក្លិនប្រហើរនិងមានរសជាតិឆ្ងាញ់។
បើតាមប្រសាសន៍របស់លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រឹមប្រាំបីខែដើមឆ្នាំ២០១២ កម្ពុជាបាននាំចេញអង្ករផ្កាម្លិះនេះចំនួនជាង៤ម៉ឺន២ពាន់តោន។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា និងជាស្ថាបនិកបង្គោលនៃគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ យល់ឃើញថា តាមរយៈការទទួលស្គាល់ជាអន្តរជាតិនេះ តម្រូវការអង្ករផ្កាម្លិះខ្មែរនឹងកើនឡើងក្នុងទីផ្សារអន្តរជាតិមិនខាន។
«ទី១គេចាប់ផ្តើមស្គាល់យើង។ មិនមែនត្រឹមតែស្គាល់យើងទេ យើងបានលេខ១ទៀត។ អញ្ចឹងហើយយើងត្រូវបង្កើតសកម្មភាពមួយទៀតគឺត្រូវធ្វើម៉េចឱ្យសកលលោកកាន់តែស្គាល់អង្ករយើងទៀត។ ស្គាល់ហើយឱ្យគេជឿ ព្រោះមានប្រយោជន៍ណាស់ទៅថ្ងៃក្រោយ»។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីអង្ករពិភពលោកសម្រាប់ពាណិជ្ជកម្ម អង្ករនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសិលាអន្តរជាតិនេះនាឆ្នាំក្រោយ។ សិក្ខាសាលានេះផ្តោតលើការពិភាក្សាអំពីតម្រូវការ ឱកាស និងការប្រឈមនៃការនាំចេញអង្ករពិភពលោក ជាមួយបណ្តាប្រទេសអ្នកផលិតនិងនាំចេញអង្ករជាច្រើនលើពិភពលោក។ ក្នុងសិក្ខាសាលានោះក៏មានការប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកផងដែរ។
នៅឆ្នាំនេះគណៈប្រតិភូកម្ពុជាចូលរួមដោយក្រុមហ៊ុននាំអង្ករចេញសរុបចំនួន១២ ក្រោមការដឹកនាំរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក (International Finance Corporation, World Bank)។
លោក បាស រ៉ូហ្សេមូលឡឺ (Bas Rozemuller) ប្រធានគម្រោងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងសន្និសីទនេះ មានប្រសាសន៍ថា មានអ្នកជំនួញជាច្រើនបានមកទាក់ទងក្រុមហ៊ុនកម្ពុជាបន្ទាប់ពីចប់សិក្ខាសាលា។ ដូច្នេះលោកជឿជាក់ថាពានរង្វាន់នេះនឹងជួយបង្កើនការនាំចេញអង្កររបស់កម្ពុជា។