រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ប្តឹង​តវ៉ា ប្រសិន​បើ​រក​ឃើញ​ប្រភព​ដ្រូន​ដែល​បង្ហោះ​នៅ​ភាគ​ខាង​កើត

រូបឯកសារ៖ កងសន្តិសុខ​ប្រដាប់អាវុធឈរយាមក្រោម​ទង់ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ២០១២។ REUTERS/Damir Sagolj

រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ប្តឹង​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន ប្រសិន​បើ​រក​ឃើញ​ប្រភព​នៃ​ដ្រូន ដែល​បង្ហោះ​នៅ​ភាគខាងកើត​ប្រទេស នា​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ រដ្ឋាភិបាលកម្ពុជា​បាន​តាម​ដាន​ដោយ​ការ​យក​ចិត្តទុក​ដាក់​បំផុត​ចំពោះ​ហេតុការណ៍​ដែលបាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅក្នុងខេត្ត​ដាឡាក់​(Dak Lak) ប្រទេសវៀតណាម និងចាត់​ទុក​ការ​វាយ​ប្រហារ​ដោយ​ក្រុមប្រដាប់​អាវុធខុសច្បាប់ ទៅលើ​ស្នាក់​ការប៉ូលិស​ក្នុង​ប្រទេស​វៀតណាម គឺជា«អំពើ​ភេរ​វកម្ម ដែល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និងស្ថិរភាព​របស់​ប្រទេស​ជិត​ខាង​ជាមិត្ត»។

ក្រសួង​ការបរទេស​បញ្ជាក់​ថា៖ «ក្នុង​ស្មារតី​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​គោរព​អធិបតេយ្យ និង​គោល​ការណ៍​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណា​មួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ប្រឆាំងនឹង​ប្រទេស​ជិត​ខាង​ជា​មិត្ត​នោះ កម្ពុជា​បាន​និង​កំពុង​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរនិង​កម្លាំង​ប្រដាប់​អាវុធ​វៀត​ណា​ម ក្នុង​ការទប់​ស្កាត់មិន​ឱ្យអំពើ​ខុស​ច្បាប់​បែប​នេះ​កើត​ឡើង​ជាថ្មី​នោះ​ឡើយ»។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ចនៅ​តាម​បណ្តោយ​ខេត្ត​ជាប់​ព្រំដែនជាមួយ​វៀតណាម គឺខេត្ត​រតនគិរី និង​មណ្ឌលគីរី​បានឱ្យ​ដឹង​ថា​មានយន្តហោះ​គ្មាន​មនុស្សបើកបរ ឬហៅ​ថា​ដ្រូន ​(drones) ហោះ​ចូលដែន​អាកាសកម្ពុជា ជាញឹកញាប់ ចាប់​ពីថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួង​ការបរទេស​បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​និង​សមស្រប​ខាង​ផ្នែក​យោធា ដើម្បី​រារាំង​នូវ​ការហោះ​ចូល ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បរ​នោះ សាជាថ្មី​ចូល​មក​ក្នុងដែន​អាកាស​របស់​កម្ពុជា។ ក្នុង​ករណី​រកឃើញ​ប្រភពពិត​នៃ​យន្តហោះ​គ្មានមនុស្សបើក​បរទាំង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មានវិធានការ​បន្ត​ខាង​ផ្លូវច្បាប់​និង​ការ​ទូត ដើម្បី​ប្តឹង​តវ៉ា​ទៅ​នឹង​ការ​ឈ្លានពាន​នេះ​មក​លើ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា»។

ក្រសួង​ការបរទេស​បញ្ជាក់​បន្ថែម​ថា​៖ «ការ​ហោះ​ចូល​ដែន​អាកាសកម្ពុជា​របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ គឺ​ការ​រំលោភ​បំពាន​យ៉ាង​គន្លើន​និង​មិន​អាច​អត់​ឱន​ឱ្យ​បាន មក​លើ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹកដី​របស់កម្ពុជា»។

ថ្លែង​នៅចំពោះ​មុខ​កម្មករជិត​ ២ម៉ឺននាក់​ នាព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​ជនទាំងឡាយ​ណា​ដែល​បង្ហោះព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​រឿងសន្តិ​សុខជាតិ​ ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​រឿង​ដ្រូន​។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​សូមប្រាប់ផ្តាំ​ផ្ញើ​ទៅ​អ្នក​លេង​ហ្វេសប៊ុក​ទាំងអស់ ហាម​ដាច់ខាត​យក​រឿង​សន្តិសុខ​ជាតិមកបង្ហោះ​តាម​ហ្វេសប៊ុក។ អត់​អនុញ្ញាត​ទេ។ បើ​គ្មាន​ការ​អនុញ្ញាតពី​ខាង​ផ្នែក​យោធា​ មិន​អាច​លេង​សើច​ទេ»។

កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ដំឡើង​អាវុធ​ធុន​ធំ​ៗ ​រួម​ទាំង​ដាក់​ពង្រាយ​សំណាញ់​មេឃ ដើម្បី​បាញ់​ទម្លាក់​ឧបករណ៍​ចាប់​រូបភាព​ពី​លើ​អាកាស ឬ​ហៅ​ថា​ដ្រូន ដែល​បាន​ហោះ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។ លោក​បន្ត​ថា​អាជ្ញាធរ​កម្ពុជា​មិន​ដឹង​ថា​តើ​ដ្រូន​ទាំង​នេះ​មាន​ប្រភព​មក​ពី​ណា​ឡើយ។ ហើយ​ភាគី​វៀត​ណាម​បញ្ជាក់​ថា​មិន​មែន​ជា​របស់​វៀត​ណាម​ឡើយ។

លោក ហ៊ុន សែន បាន​ដាក់​ការ​សង្ស័យ​លើ​ជនជាតិ​ម៉ុងតាញ៉ា​ (Montagnards) ឬ​ដេហ្គា Dega ​ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹក​ដី​វៀតណាម ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ និង​បារម្ភ​ក្រែង​ពួក​គេរត់​មក​ពួន​ក្នុង​ទឹកដី​កម្ពុជា។ លោក​ក៏​បាន​ព្រមាន​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ បើ​សិន​ជា​ដឹង​ថា​ដ្រូន​ទាំង​នោះ​ជា​របស់​ប្រទេស​ណា​មួយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ VNexpress ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​របស់​វៀត​ណាម​បាន​រាយ​ការណ៍​ថា​មាន​មនុស្ស​ចំនួន​ ៨៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ការិយា​ល័យ​គណៈ​កម្មាធិ​ការ​ប្រជា​ជន នៅ​ក្នុង​ខេត្ត​ Dak Lak ប្រទេស​វៀត​ណាម ហើយ​ក៏​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​មណ្ឌល​គិរី​នៃ​ប្រទេស​កម្ពុជា។

ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​យោធា​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ប្រទេស​វៀត​ណាម។ ក្រុម​នេះ​បាន​ប្រយុទ្ធ ដើម្បី​សិទ្ធិ​ដី​ធ្លី​ និង​ជំនឿ​សាសនា​របស់​ខ្លួន និង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​បែប​កុម្មុយ​និស្ត។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ចាប់​ខ្លួន​ក្រុម​ប្រយុទ្ធ​ដែល​លោក​ថាជា​ពួក​ឧទ្ទាម​«បាក់​ទ័ព»ដែល​ជាជន​ជាតិ​ម៉ុងតាញ៉ា (Montagnards) ​ឬដេហ្គា ​(Dega)​ ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹកដី​វៀត​ណាម។ ​លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ស្វែង​រក ​និង​ចាប់​ខ្លួន​ពួក​គេ ដើម្បី​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​វៀត​ណាម​វិញ។ លោក​បញ្ជាក់​ថា​កម្ពុជា​មិន​អាច​ក្លាយ​ជា​កន្លែង​សម្រាប់​ជន​ឧទ្ទាម​ «បាក់​ទ័ព»ទាំង​នោះជ្រក​កោន​ឡើយ៕