អតីតកម្មាភិបាលខ្មែរក្រហមម្នាក់គឺអ្នកស្រី អ៊ឹម ចែមបានប្រាប់វីអូអេថាសាលាក្តី ខ្មែរក្រហមដែលចូលរួមដោយអ.ស.បបញ្ជាក់ប្រាប់អ្នកស្រីដោយផ្ទាល់មុខថា អ្នកស្រីជាជនជាប់ចោទនៃបទឧក្រិដ្ឋកម្មដ៏ឃោរឃៅក្នុងរបបខ្មែរក្រហមហើយត្រូវចោទសួរជាលើកដំបូងដោយសហចៅក្រមស៊ើបអង្កេតបរទេស។
លោកស្រីបញ្ជាក់បន្ថែមថា៖
«ហើយគេប្រាប់ដែរថាស្រេចតែសិទ្ធិរបស់អ៊ុំទេ។ បើអ៊ុំឆ្លើយក៏បានមិនឆ្លើយក៏បាន។ ខ្ញុំថាខ្ញុំឆ្លើយបានតែប៉ុណ្ណឹង។ ត្រង់ណាដែលខ្ញុំអត់ឆ្លើយពិតមែនតែមានសិទ្ធិមែនតែត្រង់ណាដែលខ្ញុំអត់ត្រូវឆ្លើយគឺខ្ញុំអត់ឆ្លើយ។ ព្រោះវាអត់ពិត។អញ្ចឹងខ្ញុំអត់ឆ្លើយ»។
អ្នកស្រីអះអាងថាអ្នកស្រីត្រូវជនបរទេសម្នាក់ដែលគេគិតថាគឺលោក Laurent Kasper Ansermet និងជនជាតិខ្មែរពីរនាក់បានមកសាកសួរព័ត៌មានកន្លះម៉ោង ដល់ផ្ទះនៅអន្លង់វែងអំពីរឿងរ៉ាវក្នុងអតីតកាលកាលពីថ្ងៃ២៨កុម្ភៈ ដោយជនជាតិខ្មែរម្នាក់បានអានឯកសារចំនួន២ទំព័រដល់អ្នកស្រី។ ឯកសារជាសេចក្តីជូនដំណឹងនោះគឺរៀបរាប់ពីឧក្រិដ្ឋកម្មនានាដែលអ្នកស្រីបានជាប់ទាក់ទងនឹង ការធ្វើមនុស្សឃាតញុះញង់ទារុណកម្ម ធ្វើទុកបុកម្នេញផ្នែកសាសនាអ៊ីស្លាមធ្វើផែនការ ប្រព្រឹត្តជាបុគ្គលនិងចូលរួមជាសហឧក្រិដ្ឋកម្មរួម។
អ្នកស្រី អ៊ឹមចែមអាយុ៦៦ឆ្នាំដែលត្រូវគេដឹងថាស្ថិតក្នុងសុំណុំរឿង០០៤ បច្ចុប្បន្ន ជាជំទប់ឃុំទី១កូតាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកអន្លង់វែងខេត្តឧត្តមានជ័យអះអាងថាអ្នកស្រីពុំបានយល់ ព្រមនិងទទួលស្គាល់ការចោទប្រកាន់នោះទេ។
«ការចោទប្រកាន់នេះវាខុសនឹងការណ៍ពិត។ហើយចោទទទេៗខ្ញុំអត់ទទួលស្គាល់។ហើយគាត់ឲ្យខ្ញុំទៅភ្នំពេញ។ខ្ញុំថាខ្ញុំអត់ទៅ ខ្ញុំអត់ទៅទេ»។
នៅក្នុងដីកាជូនដំណឹងអំពីបទចោទមួយច្បាប់ចុះថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១២របស់ក្រុមស៊ើប អង្កេតភាគីអ.ស.បដែលប្រភពព័ត៌មានរបស់វីអូអេបានអានជូននោះបានបញ្ជាក់ថាលោក Laurent Kasper Ansermet បានអានបទចោទលម្អិតដែលសហព្រះរាជអាជ្ញាបានចោទប្រកាន់អ្នកស្រីនៅពេលអ្នកស្រីជាគណៈស្រុកព្រះនេតព្រះនៅភាគពាយព្យប្រទេសនិងកន្លែងផ្សេងទៀតជូនដល់អ្នកស្រីអ៊ឹម ចែមពីបទឧក្រិដ្ឋកម្មនានា។
«ការចោទប្រកាន់ទាំងនេះគឺផ្អែកលើមូលដ្ឋានទាំងអង្គហេតុដែលត្រូវបានចោទប្រកាន់ដោយសហព្រះរាជអាជ្ញានិងអង្គហេតុដែលត្រូវបានរកឃើញនៅក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ។ អ្នកស្រីត្រូវបានចាត់ទុកថាគ្មានទោសនៅពេលដែលពិរុទ្ធភាពរបស់អ្នកស្រីពុំត្រូវបានរកឃើញហើយយើងនៅតែអាចនៅរង់ចាំស្តាប់ ចម្លើយ ភស្តុតាងពីអ្នកស្រី ទាក់ទងនឹងការចោទប្រកាន់ទាំងនេះប្រសិនបើអ្នកស្រីមានបំណងផ្តល់ភស្តុតាងបែបនេះ។ ដោយអនុឡោមតាមវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរ ក្រហម(អវតក) វិធាន២១:១ឃ សិទ្ធិនិងការធានានៅក្នុងកិច្ចដំណើរការនីតិវិធីក្នុងឋានៈជាជន សង្ស័យរួមមានសិទ្ធិមានមេធាវីការពារខ្លួនតាមការជ្រើសរើសរបស់ខ្លួនសិទ្ធមានលទ្ធភាពទទួលបានឯកសារសំណុំរឿង»។
អ្នកស្រីអ៊ឹម ចែមបានអះអាងថាក្រុមសហចៅក្រមស៊ើបអង្កេតដែលអ្នកស្រីអះអាងថា ដឹកនាំដោយបុរសជនជាតិស្បែកសរាងចំណាស់ម្នាក់មិនមានសន្តិសុខការពារមិនមានអាជ្ញាធរចូលរួមទេដែលអ្នកស្រីអះអាងថាមិនមែនជាការចាប់ខ្លួនឬក៏ចេញដីកាឡើយ។
លោក Laurent Kasper Ansermet បានបញ្ជាក់ក្នុងសប្តាហ៍ថ្មីៗថាលោកត្រូវស៊ើប អង្កេតសំណុំរឿងបន្ថែមទោះបីជាលោកមិនត្រូវបានទទួលកិច្ចសហការពីចៅក្រមកម្ពុជាគឺលោក យូ ប៊ុនឡេងក្តី។ ចៅក្រមកម្ពុជាដែលមានជំហរដូចរដ្ឋាភិបាលកម្ពុជាដែលមិនចង់បានសំណុំរឿង០០៣ និង០០៤នោះបានចាត់ទុកថាលោកចៅក្រមបម្រុង Laurent Kasper Ansermet មិនមាននិត្យានុកូលភាព ឬភាពស្របច្បាប់គ្រប់គ្រាន់ក្នុងការស៊ើបអង្កេតនោះទេដោយសារថាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនបានតែងតាំងជាផ្លូវការនៅឡើយ។ ការមិនតែងតាំងនោះគឺឈរលើអធិបតេយ្យភាព។ តែមន្ត្រីអ.ស.បបានបញ្ជាក់ថាកម្ពុជាពុំបានបំពេញកាត្វកិច្ចរបស់ខ្លួន។ លោក David Scheffer អ្នកជំនាញការពិសេសរបស់អ.ស.បបានអះអាងកាលពីសប្តាហ៍ថ្មីៗថាលោកចៅក្រម Laurent Kasper Ansermet មានសិទ្ធិគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤។
លោក Lars Olsen អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមអះអាងថាលោកមិនមាន ព័ត៌មានថ្មីអំពីសំណុំរឿង០០៣និង០០៤ទេ។
ប្រភពព័ត៌មានពីតុលាការបានអះអាងថាលោក Kasper Ansermet គ្រោងនឹងស៊ើបអង្កេតលើជនសង្ស័យទាំង៥នាក់ដោយឯកឯង។ មន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមម្នាក់បានឱ្យដឹងថាលោក Kasper Ansermet បានជួបជាមួយជនសង្ស័យ មួយចំនួនដោយបានអះអាងថាជាការស៊ើបអង្កេតដ៏ក្លាហាន។ តែគេមានការព្រួយបារម្ភពីសន្តិសុខរបស់លោកចៅក្រមរូបនេះដែរ។
គេពុំទាន់ដឹងថាតើសហចៅក្រមកម្ពុជានិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលបានតែងតាំងលោក Kasper Ansermetជាចៅក្រមបម្រុងនោះមានប្រតិកម្មយ៉ាងណា ចំពោះការបំពេញកិច្ចការដោយគ្មានការចូលរួមពីប្រទេសសាម៉ីនេះ។
ជនសង្ស័យម្នាក់ទៀតដែលគេប្រកាសថាស្ថិតក្នុងសំណុំរឿង០០៣គឺលោក មាស មុត បានអះអាង ថាលោកក៏ត្រូវក្រុមអ្នកស៊ើបអង្កេតសាលាក្តី តាមជួប ដែរតែលោកថាលោកមិននៅផ្ទះទេ។
លោកចោទសួរថា «មកជួបធ្វើអ្វី? បើគ្មានប្រយោជន៍ ដល់សង្គមជាតិ ដល់ខ្ញុំ ផងនោះ»។
សំណុំរឿងបន្ថែម០០៣និង០០៤ ដែលវីអូអេទទួលបានពី ប្រភពស្និទ្ធនឹង តុលាការបន្ទាប់ពីត្រូវផ្សព្វផ្សាយដោយព័ត៌មានបរទេសបានចោទប្រកាន់ជាបឋម ដោយសហព្រះរាជអាជ្ញាបរទេសមានលោក ស៊ូ ម៉េត មាស មុត យឹម ទិត អោម អាន និងអ្នកស្រី អ៊ឹម ចែម។ ជនសង្ស័យ៣នាក់ក្នុង ចំណោម៥នាក់គឺ លោក មាស មុត អោម អាន និងអ្នកស្រី អ៊ឹម ចែមបានសម្ភាស ជាមួយវីអូអេ ហើយបានបដិសេធពីការជាប់ទាក់ទិននឹងបទឧក្រិដ្ឋដែលសហព្រះរាជអាជ្ញាបរទេសបានចោទប្រកាន់ជាបឋមនោះ។ តែសហចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេតសំណុំរឿង០០៣ កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០១១ ក្រោយពីបាន ពិនិត្យមើលភស្តុតាងជាង២ពាន់ដែលមានជាឯកសារ ៤៨.០០០ ទំព័រ។ នេះបើយោងតាមឯកសារជាសំណើថវិកា។ ក៏ប៉ុន្តែសហព្រះរាជអាជ្ញាបរទេសដែលបានបញ្ជូនដីកាបញ្ជូនរឿងឲ្យស៊ើបសួរតាំងពីឆ្នាំ២០០៨ចំពោះសំណុំរឿង០០៣ និង០០៤នោះបានតវ៉ាថាសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតមិនគ្រប់គ្រាន់ជាពិសេសលើទីតាំងសាក្សីជាដើម។ ជនសង្ស័យត្រូវគេរាយការណ៍មកថាក៏មិនត្រូវបានសួរនាំអ្វីដែរ។
នៅក្នុងឯកសារផ្ញើជូនម្ចាស់ជំនួយបានបញ្ជាក់ដែរថាការស៊ើបអង្កេតសំណុំរឿង ០០៤កំពុងធ្វើបន្ត។ហើយសំណុំរឿង០០៣អាចនឹងមានការស៊ើបអង្កេតបន្ថែមទៅលើទីតាំងនិងសាក្សី។ ដំណើរការសំណុំរឿងបន្ថែមអាចធ្វើទៅបានអាស្រ័យ លើថវិកានិងធនធានដែលគេរំពឹងថាអាចនឹងចាប់ផ្តើមពេញលេញនៅឆ្នាំ ២០១៣៕