អ្នកវិភាគ​ឃើញ​ឥទ្ធិពល​កម្ពុជា​លេច​ឡើងក្នុង​ចំណោម​មហា​អំណាច​ចិន​និង​អាមេរិក

រូបឯកសារ៖ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន បាន​អញ្ជើញមកដល់​វិមានឯករាជ្យ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)

ប្រទេស​កម្ពុជា​ស្ថិត​ក្នុងការ​ប្រជែង​រវាង​មហា​អំណាច​ទាំងពីរ​គឺចិន​និង​សហរដ្ឋ​អាមេរិក ​តែទោះជា​មាន​បញ្ហាចម្រូង​ចម្រាស​ ដែលជា​ផលប្រយោជន៍​សម្រាប់​កម្ពុជា​ទាំង​សេដ្ឋកិច្ច​នយោបាយ​ សន្តិសុខ​ និងលាយ​ឡំនឹង​ក្តីបារម្ភ​នេះ​ក្តី ក៏គេ​ឃើញថា​កម្ពុជា​ដែលនឹង​ជិតក្លាយ​ជាម្ចាស់​ផ្ទះ​អាស៊ាន (ASEAN)​ មាន​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តួនាទីជា​ប្រទេស​អធិបតេយ្យ​មួយ​ផងដែរ។

ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ចុងក្រោយ​នេះត្រូវ​បានរំលេច​ឡើង​ខ្លាំង​លើឆាក​អន្តរជាតិ​ ក្រោយពេល​ដែល​លោកស្រី Wendy Sherman​ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ដែលជា​មន្ត្រី​ជាន់ខ្ពស់​នៃរដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden ​ដំបូង​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត។ ​ប្រទេស​កម្ពុជាមាន​ទម្ងន់​នយោបាយ​ខ្លាំង​នៅពេលនេះ​ក្នុងចំណោម​មហា​អំណាច​អាមេរិក ​និង​ ចិន​ ដោយសារ​ភូមិសាស្ត្រនយោបាយ​ និង ​ក្លាយជា​ប្រធានអាស៊ាន (ASEAN) ​ប្តូរវេន​នៅឆ្នាំ​២០២២​ ដែល​មហាអំណាច​និង​ប្រទេស​នានា​ត្រូវពឹងកម្ពុជា​និង​ធ្វើកិច្ច​សហប្រតិបត្តិការ​ទាំងទ្វេភាគី​និងពហុភាគី​ជាច្រើន។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​បានថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ត្រូវការ​អាស៊ានដើម្បី​ទប់ឥទ្ធិពល​ចិន​ ក្នុង​តំបន់។

«ហើយ​សហរដ្ឋ​អាមេរិក​ត្រូវការ​អាស៊ាន​ជាចាំ​បាច់​ដើម្បីយក​វេទិកា​ហ្នឹង​ទប់ឥទ្ធិពល​ចិនដែរ​ ដើម្បី​កៀងគរ​នូវការគាំទ្រ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន ​ដើម្បី​ទប់​ឥទ្ធិពល​ចិន​ហ្នឹងដែរ ​អីចឹង​ចង់មិន​ចង់​កម្ពុជា​ជា​ប្រធានអាស៊ាន​នៅឆ្នាំ​ក្រោយ​ អីចឹង​ទេ​អាមេរិក​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ​នៅក្នុង​ពាក្យសម្តី​និង​ទង្វើ​របស់ខ្លួន​ក្នុង​ទំនាក់​ទំនងទ្វេភាគី​ហ្នឹង»។

ប្រទេស​ចិន​បានវាយ​លុក​ចូលក្នុង​តំបន់​ដោយ​ពង្រីក​កិច្ចសហ​ប្រតិបត្តិបត្តិការ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ នយោបាយ និង​សន្តិសុខ​ ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួមទាំង​កម្ពុជា​ នៅពេល​រដ្ឋបាល​លោក Donald Trump ​ជាពិសេស​មិន​បាន​យកចិត្ត​ទុកដាក់​ចំពោះ​សម្ព័ន្ធមិត្ត​និងបញ្ហា​របស់​សម្ព័ន្ធមិត្ត​ជាច្រើន។ ខណៈដែលលោកTrump បាន​ផ្តោតទៅលើ​គោលនយោបាយ​គិតគូរពី​ប្រទេស​អាមេរិកមុន ឬ America First ប្រទេស​ចិន​បង្កើន​ល្បឿន​យ៉ាងលឿន​ចំពោះ​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយ​ជាមួយ​កម្ពុជា ​ដែលជា​ប្រទេស​តូចមាន​ប្រជាជន​ត្រឹមជាង​១៦លាន​នាក់ និងសមាជិក​អាស៊ាន​នានា​ទោះជា​ប្រទេសជាសម្ព័ន្ធមិត្ត​អាមេរិកក្តី។

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

កម្ពុជា​នឹងក្លាយ​ជាប្រធាន​អាស៊ាន​ប្តូរវេន​នៅឆ្នាំ​២០២២ ​និង​កិច្ចប្រជុំ​កំពូល​អាស៊ីខាង​កើតហៅ ​ថា East Asia Summit (EAS) ដែល​ត្រូវរួម​ចំណែក​ដោះស្រាយ​លើបញ្ហា​តំបន់​ដូចជា​បញ្ហា ​សមុទ្រចិន​ខាងត្បូង​ បញ្ហា​ឧបទ្វីបកូរ៉េ​ ឬ បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ បញ្ហា​សកល​ជាច្រើន​ទៀត​ រួមទាំង​ជំងឺកូវីដ​១៩​ បញ្ហាបរិស្ថាន​បញ្ហានយោបាយ ​បញ្ហាសេដ្ឋកិច្ច​ បញ្ហាសន្តិសុខ​ ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផងដែរ។

តែ​ទោះ​ជា​យ៉ាងណា ​លោក​ ឈាង វណ្ណារិទ្ធ ​បាន​បញ្ជាក់​បន្ថែមថា​ អាស៊ាន​និង​រួមមាន​កម្ពុជា​ផងដែរ ត្រូវការ​ទាំងសហ​រដ្ឋអាមេរិក​និង​ចិន ​ដោយ​មិនចង់​ឃើញ​មហន្តរាយ​កើតឡើង​ក្នុង​តំបន់​ជាសង្រ្គាម​ត្រជាក់​ដូចអតីតកាល​ដោយសារការប្រកួត​ប្រជែងគ្នា​រវាង​មហាអំណាច​ទាំងពីរ​នេះទេ។

«និយាយ​ឲ្យចំ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​អត់ចង់​ឲ្យឃើញ​ទំនាក់​ទំនង​អាមេរិក​បែកខ្ញែក​គ្នា​ ពីព្រោះថា​វាជា​ដៃគូ​សំខាន់​ទាំងពីរ​ទាំង​សេដ្ឋកិច្ច ​ទាំង​សន្តិសុខ​ អីចឹង​ត្រូវការ​ទាំងពីរ​ ហើយកម្ពុជា​មាន​ជំហរ​អញ្ចឹងដែរ ​ធ្វើម៉េច​មាន​ទំនាក់​ទំនងល្អ​ទាំង​ជាមួយ​ចិន​ ជាមួយ​អាមេរិក ​និង​ ដៃគូ ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅក្នុង​តំបន់ ​និយាយឲ្យចំ​ទៅ​គឺវា​មិនអាច​យកមួយ​អត់មួយ​បានព្រោះ​ផលប្រយោជន៍​វា​ប្រទាក់ប្រទើសគ្នា​ទាំងអស់»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី១ ​ខែមិថុនា​ ឆ្នាំ២០២១​ អ្នកស្រី ​Wendy Sherman អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែល​បាន​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​អំពី​តួនាទី​សំខាន់​របស់​អាមេរិក​និង​ដៃ​គូ​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​ជំនួយ​របស់​អាមេរិក​ដែល​បាន​ផ្តល់​ដល់​កម្ពុជា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​និង​សេដ្ឋកិច្ច​ផង​ដែរ។

​សេចក្តី​ថ្លែងការណ៍​ដដែល ​អ្នកស្រី​ក៏​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្លា​ចំពោះ​វត្តមាន​របស់​យោធា​ចិន​នៅ​កម្ពុជា​និង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ និង​ស្វែង​រក​ការ​បំភ្លឺ​ទៅ​លើ​ការ​វាយ​កម្ទេច​សំណង់​អគារ​របស់​អាមេរិក​នៅ​សមុទ្រ​រាម​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង ឬ​សេចក្តី​ពន្យល់​ដល់​អាមេរិក​ ដោយអ្នកស្រី​បាន​សង្កត់​ធ្ងន់ថា​ វត្ត​មាន​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​ និង​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

រូបឯកសារ៖ រូបភាពពីផ្កាយរណប​នេះបង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេច ដែលមូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​ដដែលបាន​ឲ្យដឹងថាអនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិករូបនេះ ​ក៏​បាន​ជំរុញ​ឲ្យ​ការ​ដឹកនាំ​របស់​កម្ពុជា«​ត្រូវ​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា»។

នៅពេល​ដែល​មន្ត្រីកម្ពុជា​បំភ្លឺ​ពីរឿង​ការ​ចោទប្រកាន់​អំពីវត្តមាន​កងទ័ពចិន​របស់​លោកស្រី ​Wendy Sherman ចំពោះ​មូលដ្ឋាន​យោធាចិន​នៅកម្ពុជា ​មន្ត្រីផ្លូវការចិន​ បាន​និយាយ​ថា​ទំនាក់​ទំនងចិន​និងកម្ពុជា​ផ្តល់​ភាពវិជ្ជមានដល់​សន្តិភាព​ក្នុងតំបន់ ​និងស្ថិរភាព។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​Wang Wenbin ​បានថ្លែង​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍កន្លង​ទៅ​អំពី​ទំនាក់​ទំនងល្អ​ និងជា​«យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ»រវាងប្រទេស​ទាំងពីរ។

លោក​បានបញ្ជាក់​តាមខ្លឹមសារ​ដើមថា៖ «ភាគី​ទាំងពីរ​បាន​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា ​ក្នុង​វិស័យ​ផ្សេងៗ ​ដែលបាន​នាំមក​នូវផល​ប្រយោជន៍​ជាក់ស្តែង ​សម្រាប់​ប្រជាជន​ទាំងពីរ​ និងបាន​ផ្តល់ភាព​វិជ្ជមាន​ដល់​សន្តិភាព​ក្នុងតំបន់​ និង​ ស្ថិរភាព»។

បង្ហាញ​ការ​ពន្យល់​ពី​ជំហរ​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ​បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ នៅ​ក្នុង​សារ​ជា​សំឡេង​មួយ ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន ​Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ លោក​ ទៀ បាញ់ បាន​ថ្លែង​ថា​កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍ​មូលដ្ឋាន​រាម​ឲ្យ​ក្លាយ​ជា​កន្លែង​សមរម្យ​មួយ រួម​មាន​ផែ​សម្រាប់​នាវា​ធំៗ​ចូល​ចត​បាន​ក្នុង​ជម្រៅ​ទឹក​ជ្រៅ មាន​រោងជាង​សម្រាប់​ជួស​ជុល និង​កន្លែង​ធំ​ទូលាយ​ជា​ដើម។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ការងារ​ទាំង​អស់​នេះ មិន​មែន​កម្ពុជា​អាច​ធ្វើ​បាន​តែ​ឯង​នោះ​ទេ ហើយ​វា​ត្រូវ​ការ​ថវិកា​ច្រើន​ផង​ដែរ ដែល​តម្រូវ​ឲ្យ​កម្ពុជា​រក​ដៃ​គូ​ចិន ដើម្បី​ជួយ​រឿង​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​សំឡេង​មួយ​ប្រមាណ​១០​នាទីដដែល​ លោក ​ទៀ បាញ់​ បាន​ថ្លែង​ថា៖ «ដូច្នេះ​គឺ​គេ​ឆ្លើយ​តប​មក​ជួយ​នេះ កម្ពុជា​គឺ​ដឹង​គុណ​ណាស់ អរគុណ​គេ ហើយ​គេ​មក​ជួយ។ គេ​ជួយ​ដោយ​ឥត​មាន​ចំណង​ទេ។ ហើយ​ជួយ​វិនិយោគ កសាង​ផែ កសាង​រោង​ជាង ឬ​ក៏​ធ្វើ​អ្វី​ទាំង​អស់ រួម​ទាំង​ការអភិវឌ្ឍ​មូលដ្ឋាន​យោធា​រាម​នេះ គឺ​មិន​មែន​ជាប្រាក់​មួយ​រៀល​ពីរ​រៀល​ធ្វើ​បាន​ទេ ព្រោះ​វា​ត្រូវ​វិនិយោគ​ត្រូវ​ចំណាយ​ច្រើន​គួរ​សម​ដែរ តែ​ខ្ញុំ​ក៏មិន​អាច​ទៅ​និយាយ​ប៉ុន្មាន​ពិត​ប្រាកដ​ទេ»។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិបន្ត​ថា​ការ​ស្ថាបនា​ទាំង​នេះ​ជាសំណង់​«ធំធេង» ដែលត្រូវ​ការ​ប្រទេស​ចិន​ជួយ​កសាង ប៉ុន្តែ​បដិសេធ​ថា​មិន​មែន​ផ្តល់​ឲ្យ​ចិន​ធ្វើ​ជា​មូលដ្ឋាន​កង​ទ័ព​សម្រាប់​ប្រទេស​មហា​អំណាច​នេះនៅ​ពេល​ខាង​មុខ​នោះ​ទេ។

លោក ទៀ បាញ់ បញ្ជាក់​ថា៖ «ហើយ​កម្ពុជា​ទេ​ជា​អ្នក​ប្រើ​ប្រាស់។ កម្ពុជា​ទេអភិវឌ្ឍ​សម្រាប់​ជាតិ​មាតុភូមិ​របស់​ខ្លួន។ តើ​រឿង​នេះ តើ​កម្ពុជា​មាន​សិទ្ធិ​ទេ? កម្ពុជា​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​ហ្មឹង​ទេ​? ទៅ​ស្វះ​ស្វែង​រក​ជំនួយ ស្វះ​ស្វែង​រក​ការ​អភិ​វឌ្ឍ​ប្រទេស​របស់​ខ្លួន។ ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ចែង​ច្បាស់​លាស់​ណាស់។ ព្រះ​រាជាណាចក្រ​កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ទទួល​យក​ជំនួយ​បរទេស ជា​អាវុធ គ្រាប់​រំសេវ ការ​ហ្វឹកហ្វឺន និង​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ជាតិ​មាតុភូមិ ការពារ​សណ្តាប់ធ្នាប់​របស់​ប្រទេស»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «រឿង​នេះ​វា​ខុស​អី​ចំពោះ​កម្ពុជា? វា​ខុស​ត្រង់​ថា​ភូមិសាស្រ្ត​នយោបាយ​ហ្នឹង​ទេ។ អា​រឿង​នេះ គេ​មិន​មែន​ចោទ​តែ​ពេល​នេះ​ទេ គេ​ចោទ​មក​យូរ​ហើយ ហើយ​វា​ចោទ​តែ​គ្រប់​រឿង​ទាំង​អស់»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​ប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ការបន្ត​ការពន្យល់​ និងការបញ្ជា​ក់​ថាបាន​ជូន​មើល​អស់ហើយ​ក្នុង​មូលដ្ឋាន​យោធា​ជើងទឹក​នេះ​ មិនធ្វើ​ឲ្យ​ភាគីសហរដ្ឋ​អាមរិក​ទទួល​យក​បានទេ​ ទោះជា​មានការ​ដឹកនាំ​ក្រុម​អនុព័ន្ធ​យោធាអាមេរិក​ចុះទៅ​តំបន់​ឈូង​សមុទ្ររាម​របស់​កម្ពុជា​ដើម្បី​មើល​ពីមូលដ្ឋាន​យោធា​ជើង​ទឹកដោយ​ផ្ទាល់ក្តី។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​មន្ត្រី​យោធា​របស់​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពេញ​លេញ​តំបន់​ដែល​ពួក​គេ​ចង់​ទៅ​នោះ​ទេ ហើយ​កំពុង​ស្នើសុំ​ដល់​ភាគី​កម្ពុជា​ចំពោះរឿង​ដែលមន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​ រួមទាំង​លោកស្រី​ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោកស្រី​ Wendy Sherman ​បានលើក​ឡើង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ​ក្នុងជំនួប​កាលពី​ដើមខែ​មិថុនា។​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ដោយ​លើក​ឡើង​ថា​ក្រុម​ការងារ​សម្រប​សម្រួលរបស់​កម្ពុជា​«បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក ដោយ​អនុ​លោម​តាម​គោល​ការណ៍​ដែល​បាន​កំណត់​និង​ការ​ព្រម​ព្រៀង​គ្នា»។

លោក​បណ្ឌិត អ៊ា សុផល​ ដែល​ជា​សាស្ត្រាចារ្យខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​ Occidental College ​ក្នុង​ទីក្រុង​ Los Angeles​ រដ្ឋ​ California​ សហរដ្ឋ​អាមេរិក​ បានថ្លែង​កោតសរសើរ​ពីតួនាទី​របស់​លោកស្រី Wendy Sherman នៃរដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មីគឺលោក​ Joe Biden។ លោក ​បាន​ថ្លែងតាម​ខ្លឹមសារ​ដើមថា៖

«ខ្ញុំគិតថា ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោកស្រី​ (Wendy)​ Sherman​ បានធ្វើ​កិច្ចការ​ដ៏អស្ចារ្យ ​ក្នុងការធ្វើឲ្យ​សហរដ្ឋ​អាមេរិក​ត្រឡប់​ទៅកាន់​តួនាទី​ដ៏ត្រឹមត្រូវ​របស់ខ្លួន​វិញ ​ដែលមិន​គ្រាន់តែ​ការពារ​អព្យាក្រឹត្យភាព​និងឯករាជ្យភាព​កម្ពុជា​ពីចិន​តែបុណ្ណោះ​ទេ ​តែ​សហរដ្ឋ​អាមេរិក​ថែមទាំង​ជាក្តីសង្ឃឹម​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ​និង ​សេរីភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​រងគ្រោះ​យ៉ាងយូរ​ក្នុងអំឡុង​ពេលកាន់​អំណាច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មុន ​ដែលតំណាង​របស់ប្រធានា​ធិបតី​ពេលនោះ​មិនអើពើ​ចំពោះ​បញ្ហា​ទាំងនេះ។ ខ្ញុំប្រាកដ​ណាស់ថា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ផ្សេងទៀត ​នឹងមាន​ភាព​កក់ក្តៅ​សម្រាប់​ប្រទេស​ទាំងនោះ។ តែក្នុង​ករណី​ប្រទេស​កម្ពុជា​ ទស្សនកិច្ចនេះ​គឺដូច​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​រំពឹងទុក​ ក្រៅពី​រងការ​ទិតៀន»។

លោក​ អ៊ា សុផល​ បាន​លើក​យក​បញ្ហា​កិច្ចប្រជុំ​កំពូល​អាស៊ានកាលពីឆ្នាំ​២០១២​ដែល​មិនអាច​ចេញ​សេចក្តីថ្លែង​ការណ៍រួម​បាន​ដោយសារ​ចម្រូងចម្រាស​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បង្ក​ឲ្យមានការ​រិះគន់​ពីអន្តរជាតិ​និង​ប្រទេស​ក្នុងតំបន់​ថា​កម្ពុជា​ទោរទន់​ទៅរកចិន​ពេល​នោះ មកជា​ឧទាហរណ៍​សម្រាប់​ពេល​កម្ពុជា​មាន​អំណាច​ជាប្រធាន​ប្តូរវេន​អាស៊ាន​នៅឆ្នាំ​២០២២។

«ជាការពិត​ កម្ពុជា​ក្នុងឋាន:​នេះ​ (ជាប្រធាន​អាស៊ាន) ​ទំនងជា​មាន​អំណាច​ម្តងទៀត​ដូចកាល​ពីឆ្នាំ​២០១២។ ពេលនោះ​ជាឆ្នាំ​ដែល​អាក្រក់​សម្រាប់​កម្ពុជា​ ហើយខ្ញុំ​សង្ឃឹមថា​ឆ្នាំ២០២២​ នឹងមិន​ជាឆ្នាំ​អាក្រក់​ជាថ្មីទៀត​ ដែលរដ្ឋាភិបាល​កម្ពុជា ​បានយក​ពាក្យ​គ្រប់ម៉ាត់​របស់ចិន​ ហើយអាន​ខ្លាំងៗ​នោះ​ទេ»។

លោក​បាន​សង្កត់​ធ្ងន់ថា​ សហរដ្ឋ​មាន​តួនាទី​ធានា​តុល្យភាព​ក្នុងតំបន់​ដែលថា​ប្រទេស​នានា​មិនត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ពីចិន​នោះទេ​។ លោក​បានថ្លែង​តាមខ្លឹមសារ​ដើមថា៖

«គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ​ត្រូវធានា​ថាចិន​ មិនបង្ខំ​ឲ្យអាស៊ី​អាគ្នេយ៍​ដល់​កៀន​ជញ្ជាំងទេ។ ការ​ផ្តល់សេរីភាព​ជម្រើស​ឲ្យតំបន់​អាស៊ី​អាគ្នេយ៍​និង​ធ្វើឲ្យ​មាន​តុល្យភាព​គឺជារឿង​សំខាន់​បំផុត។ ចិន​មិនគួរ​សន្មត​ថារដ្ឋា​ភិបាល​កម្ពុជា​ និង​ បណ្តារដ្ឋ​ក្នុង​សមាគម​អាស៊ាន​ដ៏ទៃទៀត ​ជាកម្មសិទ្ធ​រណបផ្តាច់មុខ​របស់​ចិនទេ។ រដ្ឋាភិបាលវៀតណាម​ពិតជា​មិនលេង​ល្បែងនោះ​ជាមួយ​ចិនទេ»។

ទោះជា​យ៉ាងណាក្តី ​លោក ​ឈាង វណ្ណារិទ្ធ​ វិញ បាន​កត់សម្គាល់​ថា ​ការប្រជែងគ្នា​រវាង​មហាអំណាច​ចិន​និង​សហរដ្ឋ​អាមេរិក​ដែលជា​មហាអំណាច​លេខមួយ​ក្នុង​ពិភពលោក​ មិនអាច​បណ្តោយ​ឲ្យចិន​ឈ្នះដាច់​ពេកនោះ​ទេ។ លោកថា​ ប្រសិនបើ​ចិនច្បាម​យកឥទ្ធិពល​សេដ្ឋកិច្ច​ក្នុងតំបន់ ​សហរដ្ឋ​អាមេរិក​ត្រូវយក​ឥទ្ធិពលសន្តិសុខ​ដែរ ដើម្បី​ផលប្រយោជន៍​របស់ខ្លួន​និង​សម្ព័ន្ធមិត្ត។

លោក ​បានបន្ថែមថា​បញ្ហា​ទាក់ទង​នឹងប្រទេស​កម្ពុជា​នៅមាន​បញ្ហា​មិនទាន់​ចុះ​សម្រុងគ្នា​ច្រើន។ បញ្ហា​ទាំងនោះបាន​បង្ហាញ​ចេញឲ្យ​ឃើញថា​ សហរដ្ឋ​អាមេរិក​ មិន​ទាន់លុប​បំណុល​ជាង ​៥០០​ លាន​ដុល្លារ​ទាំងដើម​ទាំងការ​ប្រាក់​សម័យ​លោក ​សេនា​ប្រមុខ​ លន់ ណុល​ ក្នុង​ទសវត្សរ៍​១៩៧០ ​បញ្ហា​បញ្ឈប់​បញ្ជូន​ជនជាតិ​កម្ពុជា​ដែល​រស់នៅ​ជាមួយគ្រួសារ​យូរមក​ហើយ​ត្រឡប់​មកវិញ ​និង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ទៀត​ផងដែរ ​ដែល​កម្ពុជា​ បានស្នើ​ ក្នុងជំនួប​រវាងលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយ​នឹង លោក​ស្រី Sherman​ ដែលបាន​លើកឡើង​ពី​មូលដ្ឋានកងទ័ព​ចិន​នៅ​សមុទ្រ​រាម និង ​ការ​វាយ​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក។ ហើយ​លើស​ពីនេះ​លោកស្រី ​Sherman​ បានជួប​ជាមួយក្រុម​ជំទាស់​រួមទាំង​លោក ​កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​រំលាយ​ដោយ​តុលាការ​មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨។

អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ អ្នកស្រី Wendy Sherman ​ពេលនោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ​ប្រកាន់​«ដែល​មាន​លក្ខណៈ​នយោបាយ» ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង អ្នកសារព័ត៌មាន​និង​សកម្មជន​នានា ចង់​ឃើញ​ការ​បើក​លំហ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព​សេរី​ នៅ​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០​២២​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ផង​ដែរ។

លោក ​បណ្ឌិត ​ឈាង វណ្ណារិទ្ធ ​បាន​អះអាង​ថា ​ការមិន​ចុះសម្រុង​គ្នាលើ​បញ្ហា​ជាច្រើន​នោះ​ គឺមាន​ការជជែក​គ្នាឲ្យបាន​ច្រើន​ដើម្បីរក​បញ្ហា​មិនចុះ​សម្រុង​គ្នា។

«នេះជាអ្វី​មួយ​ដែលខ្ញុំ​គិតថា​ប្រទេស​ទាំងពីរ​ត្រូវតែ​អង្គុយ​និយាយគ្នា​បន្តទៅ​ទៀត​ស្វែងរក​នូវការ​យល់គ្នាទៅវិញ​ទៅមក​នឹងរក​ចំណុច​រួម​ណាមួយ​ដែល​ធ្វើការ​ជាមួយគ្នា​បាន​ ហើយបន្ថយ​នូវចំណុច​ដែលវា​ខុសគ្នា ​ចម្រូង​ចម្រាសគ្នា»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​យោង​ផងដែរ​ទៅលើ​ បញ្ហា​បោះឆ្នោត​ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ និង​បញ្ហាសិទ្ធិ​មនុស្ស​ និង​បញ្ហា​រឿង​ចោទប្រកាន់​ពីវត្តមាន​កងទ័ព​ជើង​ទឹកចិន​លើ​ដែនដី​កម្ពុជា​នោះ ​នឹងក្លាយ​ជារឿង​ស្មុគស្មាញមួយ​រយ:ពេល​ទៅមុខ​ទៀត។

កម្ពុជា​ ដែលមាន​ប្រៀប​នយោបាយ​ក្នុង​តំបន់​នៅពេល​ក្លាយជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២ នោះ​ ត្រូវគេ​គិតថា​នឹងត្រូវប្រឈមនឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ទាំង​បញ្ហា​ក្នុង​ប្រទេស ​បញ្ហា​ក្នុងតំបន់​ និង​បញ្ហា​សាកល​ ដែល​ស្ថិតក្នុង​ចំណោម​មហា​អំណាច​ជាច្រើន​ជាពិសេស ​នៅពេល​កម្ពុជា​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​រឿង​ប្រទាញ​ប្រទង់​គ្នារវាង​មហា​អំណាច​និងសម្ព័ន្ធ​មិត្ត​ដែល​កំពុងប្រជែង​គ្នា​ក្នុងតំបន់​និងសាកល៕