ពិព័រណ៍​រមណីយដ្ឋាន​និង​បេតិកភណ្ឌ​ឥណ្ឌូចិនធ្វើ​នៅ​សារមន្ទី​ជាតិ​

កម្ពុជា​បាន​បើក​សម្ពោធ​ពិព័រណ៍​ស្តីពី​រមណីយ​ដ្ឋាន​និង​បេតិក​ភណ្ឌ​​នៃ​ប្រទេស​ឥណ្ឌូចិន​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​នៅ​សារមន្ទីរ​ជាតិ ​ក្រុងភ្នំពេញ។​

ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បាន​បើក​សម្ពោធ​ពិព័រណ៍​ស្តីពី​រមណីយ​ដ្ឋាន​និង​បេតិក​ភណ្ឌនៃ​ប្រទេស​ឥណ្ឌូចិន​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​នៅ​សារមន្ទីរ​ជាតិ ​ក្រុងភ្នំពេញ។​

គឺ​ជា​ពិ​ព័ណ៍រូបថត​នៃ​វត្ថុ​បុរាណ ​និង​វត្ថុ​សិល្បៈ ​និង​ប្រពៃណី​យ​របស់​ប្រទេស​កម្ពុជា ​វៀតណាម ​និង​ឡាវ​នៅក្នុង​បន្ទប់​តូច​មួយ​នៅ​ជួរ​ខាង​មុខ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា​ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ ភាគ​ខាងជើង​ព្រះ​បរម​រាជវាំង។​

លោក​គង់ វីរៈ​ ប្រធាន​សារមន្ទីរ​ជាតិ​ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ថា​ ការ​តាំង​ពិ​ព័រណ៍​បង្ហាញ​ពី​ប្រពៃណី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​បី​ក្នុង​ជ្រោយ​ឥណ្ឌូចិន។​

«គោល​សារសំខាន់​នៃ​ពិព័រណ៍​នេះ​គឺ​ដើម្បី​បង្ហាញ​អំពី​ទំនាក់​ទំនង​គ្នា​ជា​ប្រវត្តិ​សាស្ត្រ​រវាង​រមនីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​នានា​ដែល​មាន​នៅ​តំបន់​ឥណ្ឌូចិន​នេះ ​ដែល​ធ្លុះ​បញ្ចាំង​តាម​រយៈ​ជំនឿ​សាសនា ​ពាណិជ្ជ​កម្ម​ និង​ការ​ផ្លាស់ប្តូរ​គ្នា»។​

ពិព័រណ៍​នេះ​មាន​ចែក​ជា​ផ្នែកៗ​ ដូចជា​ផ្នែក​បណ្តូរ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​ វៀតណាម ​និង​ឡាវ​ តាមរបៀប​ប្រពៃណី​ រូប​ព្រះ​បរម​កោដ្ឋ​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ រូប​រណ្តាប់​គ្រូ ​អលង្កា​បុរាណ ​រូបចម្លាក់​ រូប​ធម្មជាតិ​ និង​ទេវកថា ​រូបភាព​បង្ហាញ​ពី​សាសនា​ជាដើម។​

លោកស្រី​អាន ឡឺ​ម៉េ​ស្ត្រ ​(Anne Lemaistre) ​តំណាង​អង្គការ​ Unesco ​នៅ​កម្ពុជា​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ជាមួយគ្នា​នេះ​ ពិព័រណ៍​ដូចគ្នា​នេះ​ត្រូវ​បើក​សម្ពោធ​ក្នុង​សារមន្ទីរ​ចំនួន​ប្រាំបួន​ក្នុង​ប្រទេស​ទាំង​បី។

នេះ​គឺជា​លើក​ទី​ពីរ​នៃ​ការ​សម្ពោធ​ពិព័រណ៍​បែបនេះ​នៅ​កម្ពុជា​ បន្ទាប់​ពី​ការ​សម្ពោធ​ដំបូង​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ នៅ​ខេត្ត​សៀមរាប​កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០១២។​

លោក ​សឺន ស៊ូប៊ែរ​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​បច្ចុប្បន្ន​ជា​សាស្ដ្រា​នៃ​សកល​វិទ្យាល័យវិចិត្រ​សិល្បៈ​ក៏​បាន​លើក​ពី​ទំនាក់​ទំនង​ផ្នែក​សិល្បៈ​ និង​វប្បធម៌​នៃ​ប្រទេស​ជាប់​ព្រំដែន​គ្នា​នេះ​ដែរ។​

«វា​មាន​សារៈ​សំខាន់​ដែរ ​ព្រោះ​យើង​នាំ​ឲ្យ​ឃើញ​ថា​ វា​មាន​ទំនាក់​ទំនង​តាម​សិល្បៈ​ផង ​តាម​ពាណិជ្ជ​កម្ម​ផង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ជាពិសេស​នៅ​ជ្រោយ​ឥណ្ឌូចិន​ពីមុន​ ​មែនទែន​ឲ្យ​និស្សិត​យើង​ដឹង»។​
លោក​យោ​ហ្ស៊ីហ៊ីរ៉ូ ហ៊ីហ្គូជិ ​(Yoshihiro Higuchi) តំណាង​ស្ថានទូត​ជប៉ុន​ដែល​មាន​វត្តមាន​ក្នុង​ពិធី​សម្ពោធ​ពិ​ព័រណ៍​នៅ​ល្ងាច​នេះ ​បានកត់​សម្គាល់​ថា ​«ការ​យល់​ដឹង​ពី​វប្បធម៌​ប្រទេស​ដទៃ​គឺ​ជា​ការ​យល់​ដឹង​ពី​វប្បធម៌​របស់​ប្រទេស​ខ្លួន​ដែរ»៕​