កម្ពុជា​ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម​ ដើម្បី​ជួយ​ម្តាយ​ឪពុក​ដែល​មាន​កូន​អូទីហ្សឹម

«សៀវភៅ​ជំនួយ​សម្រាប់​ឪពុក​ម្តាយ​កុមារ​អូទីហ្សឹម»​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​២​ ខែវិច្ឆិកា​ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

​ភ្នំពេញ — នៅគ្រា​មួយលោក​ ទេព ច័ន្ទសុធា វ័យ​ ៣៧ឆ្នាំ​ អង្គុយ​សង្កេត​មើល​កូន​ប្រុស អាយុ ១១​ឆ្នាំ ​ កំពុង​ធ្វើ​ម្ហូប​លោក សុធា ​បារម្ភ​ខ្លាំង​នៅ​ក្នុង​ចិត្ត។ លោក​បារម្ភ​ខ្លាច​កូន​របស់​លោក​មុតដៃ ដោយសារកុមារ​រូបនេះ​កំពុង​ប្រើ​កាំបិតចិញ្ច្រាំ​ខ្ទឹម​ ដើម្បី​រៀប​ចំ​ចៀន​ពង​ទា​ឲ្យ​លោក​បរិភោគ។

ក៏ប៉ុន្តែ​លោក ​សុធា​ រក្សា​អារម្មណ៍​នឹងនរ ហើយ​បន្ត​អង្កេត​សកម្មភាព​កូនខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន។ លោក​បណ្តោយ​ឲ្យ​កូន​របស់​លោក រៀន​ធ្វើ​អ្វី​ដោយ​ឯករាជ្យ​ខ្លួនឯង​និង​តាម​ចំណង់​ចំណូលចិត្ត។

កូន​របស់លោក​សុធា​ដែល​គឺ សុធា វីរៈបុត្រ ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការវិនិច្ឆ័យ​ឃើញ​ថា​មាន​សញ្ញាណ​នៃ​អូទីហ្សឹម កាលពី​ឆ្នាំ​ ២០១៤​ នៅ​ពេល​កុមារា​រូបនេះ​មាន​អាយុជិត​ ៤ឆ្នាំ​ ទៅហើយ។

«ពេល​ហ្នឹង​វា​ពិបាក​ទទួល​យក​ណាស់​[ពីព្រោះ] យើងអត់​ជឿ។ ហេតុអី?»

លោក សុធា បន្ត​ទៀតថា៖​ «បុត្រ គាត់​ជា​ក្មេងលូត​លាស់​លឿន​មែនទែន តាម​ខ្ញុំ​ចាំ នៅចន្លោះ​ពី​ ១ខែ​ ទៅ ១ឆ្នាំ​កន្លះ​ គឺ​ការ​លូត​លាស់​គាត់ល្អ​ខ្លាំង​មែនទែន។ [...] Behaviour [អាកប្បកិរិយា​]​ គាត់​ គាត់​ចេះ​ឈរ​ ចេះ​អី​រហ័សមែនទែន។ មួយ​ឆ្នាំ​កន្លះ​ឡើង​ទៅ​ ក៏យើងអត់​អាច​ detect [កត់​សម្គាល់​] បានដែរ ព្រោះ​កូន​វា​តូច​ប៉ុណ្ណឹង​ យើង​អត់​ទាន់​ចាប់​អារម្មណ៍​ពី​ការ​និយាយ​ការអី​ទេ»។

​អូទីហ្សឹម ​ឬជា​ភាសាបច្ចេកទេស​ហៅ​ថា​ Autism Spectrum Disorder (ASD) ត្រូវបាន​ចាត់​ជា​ប្រភេទ​វិបល្លាស​ផ្នែក​ប្រព័ន្ធ​ប្រសាទ ​ដែល​ធ្វើឲ្យ​កុមារ​ប្រឈម​វិបត្តិ​លូត​លាស់​ផ្នែក​ទំនាក់​ទំនង​ក្នុង​សង្គម ការ​ប្រាស្រ័យ​ទាក់ទង​ និង​ការគ្រប់គ្រង​លើ​អាកប្បកិរិយា​របស់​ខ្លួន។ នេះ​បើយោងតាម​និយមន័យ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) និង​ស្ថាប័ន​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ផ្សេងៗ​ទៀត។

អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ទៀត​ថា​ នៅ​ក្នុង​សាកលលោក​ យ៉ាង​ហោច​មាន​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​ ១៦០​នាក់​ មាន​អូទីហ្សឹម។ រីឯ​នៅ​កម្ពុជា​វិញ​ ​មនុស្ស​យ៉ាងហោចណាស់ ២ម៉ឺន​នាក់​ មាន​អូទីហ្សឹម នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​ប្រធាន​បណ្តាញ​អូទីហ្សឹម​កម្ពុជា​លោក ចាន់ សារិន។

​អូទីហ្សឹម​មាន​ច្រើន​ប្រភេទ​ និងកម្រិត​ហើយ​រោគ​សញ្ញា​ដែល​អាច​ឲ្យ​អ្នក​ជំនាញ​វិនិច្ឆ័យ​ដឹង​បាន​ មិនមែន​ស្ថិតលើ​សារពាង្គកាយ មើលឃើញ​ពីខាងក្រៅ ឬ​ការ​ពិនិត្យ​ឈាម​ការ​ពិនិត្យ​សំណាក​នោះ​ទេ។

អ្នក​ជំនាញ​កំណត់​អំពី​អូទីហ្សឹម​នេះ​នៅ​លើ​បុគ្គល​ណា​ម្នាក់​បាន​ តាមរយៈ​ការ​វិនិច្ឆ័យ​លើ​ការ​វិវវត្ត​អាកប្បករិយា​ ទំនាក់​ទំនង​សង្គម​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ការ​ប្រើប្រាស់​ភាសា​របស់​បុគ្គល​នោះ​ នៅ​ក្នុង​មួយ​រយៈពេល​ណា​មួយ ជា​ពិសេស​នៅ​ក្នុង​វ័យ​កុមារ។ អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ជាទូទៅ​ការ​វិនិច្ឆ័យ​ដឹង​អំពី​អូទីហ្សឹម​លើ​បុគ្គល​ណាមួយ តែងតែ​ធ្វើ​ឡើង​យឺត​ពេល។​

រូបឯកសារ៖ កុមារអូទីហ្សឹមម្នាក់កំពុងរៀនជាមួយគ្រូបង្រៀនជំនាញកម្មវិធីអប់រំពិសេស នៅសាលារៀនមួយក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០០៨។


កត់សម្គាល់អាការៈកុមារអូទូហ្សឹម

ដូចជា​ឪពុកម្តាយ​ដទៃទៀតនៅ​កម្ពុជា​ដែរ​ដំបូង​ឡើយ​ លោក​ ទេព ច័ន្ទសុធា​និង ភរិយា​មិន​អាច​កត់​សម្គាល់​ថា​ កូន​របស់​ពួកគេ​មានអូទីហ្សឹម​នោះ​ទេ។ ពួកគេ​គ្រាន់តែ​កត់​សម្គាល់​ថា​រ បៀប​លេង​ និង​សិក្សា​របស់ ​វីរៈបុត្រ​ មិន​ដូច​កុមារទូទៅ។​

លោក សុធា​ និយាយ​ថា​៖ «បី​ឆ្នាំ​ខ្ញុំ​ដាក់​ចូល​សាលា​ធម្មតា​។ តែ​ដោយសារ​យើងមើល​ level នៃ​integration របស់​គាត់​មិន​អាច​ចូល​ជាមួយ​ normal kid ហ្នឹងបាន។​ វា​អត់​ដូចគ្នា។ គាត់​ចូលចិត្ត​លេង​ម្នាក់​ឯង។ បើ​គាត់​ excited សប្បាយ​គឺ​សប្បាយ​អស់ពី​ចិត្ត។ ប៉ុន្តែ​នៅ បីឆ្នាំជាង​ខ្ញុំ​ចាប់ផ្តើម​ច្បាស់​មែនទែន​គឺ​ socialization របស់​គាត់។ គាត់​អត់​ចូលរួម​ទេ​ក្នុង​ការ​លេង​ជាមួយ​មិត្តភក្តិ​ដទៃ។ ខ្ញុំ​លឺ​ feedback ពី​គ្រូ​មក​ថា​ គាត់​អត់​ចូល​រួម​ជាមួយ​ក្មេង​ដទៃ​ទេ។ គាត់​លេង​ម្នាក់ឯង។ ហើយ​វា​កាន់​តែ​ច្បាស់​ឲ្យ​យើង​ត្រូវ​ចាប់អារម្មណ៍​ខ្លាំង»។

មុន​ពេល​ដែល​លោក សុធា​ សម្រេច​ចិត្ត​នាំ​កូន​របស់​លោក​ទៅ​ពិគ្រោះ​យោបល់​ជាមួយអ្នក​ជំនាញ​ដើម្បី​ធ្វើ​តេស្ត​វិនិច្ឆ័យ​អំពី​អូទីហ្សឹម​ លោក​បាន​សង្ស័យ​ចំណុច​ខ្លះ​ កាលពី​ពេល​កូន​របស់​លោក​មាន​អាយុ​ ២ឆ្នាំ។ លោក​ សុធា បាន​រៀបរាប់​ថា​ វីរៈបុត្រ​ មាន​អាការៈ​ដូចជា​ខ្លាច​សំឡេង​លាន់​ឮ​ខ្លាំង​ ឧទាហរណ៍​សំឡេង​បាញ់​កាំជ្រួច​ជាដើម។ ក្រោយ​មក​ទៀត​ លោក​បាន​សម្គាល់​ឃើញ​ថា វីរៈបុត្រ មាន​អាកប្ប​កិរិយា​និង​ធ្វើ​សកម្មភាព​ដដែលៗ។

លោក​សុធា បាន​ពន្យល់​ថា​៖ «​ឧទាហរណ៍​ ក្មេង​ផ្សេងៗ​គេ​លេង​មាន​បែបបទ បើ​គេ​លេង​ធ្វើ​នំ​គេធ្វើ​នំ។ តែ​បុត្រ​គាត់​ focus លើ​តែ​មួយ​ចំណុច​នៃ​របស់​ហ្នឹង។ ឧទាហរណ៍​ ទិញ​កង់​ទិញ​អី​ គាត់​ផ្ងារ​មក​ វិល​តែ​កង់។ គាត់​ focus លើ​តែ​កង់ វា​ spinning [វិល] ឲ្យ​តែមាន​អី​ដែល​ spin [វិល] បាន​គឺ​ចូល​ចិត្ត​ចូលចិត្ត​ spin [បង្វិល​] ។ វិល​ៗៗ កង់​អ៊ីចឹង​គាត់​ផ្តួល​បង្វិល​តែកង់​ទេ»។​

អស់​រយៈ​ពេល​ជាង ​៧ឆ្នាំហើយ​ តាំងពី​ពេល​ដែល​លោក​ ទេព ច័ន្ទសុធា​ បាន​នាំ​កូន​របស់​លោក​គឺ សុធា វីរៈបុត្រ​ ចាក​ចេញ​ពី​ខេត្តតាកែវ​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុងគោល​បំណង​ចម្បង​មួយ​គឺ​ផ្តល់​ឱកាស​ឲ្យ វីរៈបុត្រ​ ទទួល​បាន​ការ​អប់រំ​និង​ការ​គាំទ្រ​ពី​អ្នក​ជំនាញ ក្នុង​ដំណាក់កាល​នៃ​ការ​លូតលាស់​និង​អភិវឌ្ឍ​របស់​គេ។ ​

លោក​ សុធា ដែល​ធ្លាប់ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ ហើយ​ក្រោយ​មក​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​ចាប់​ផ្តើមស្រាវ​ជ្រាវ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ិនធឺណិត និង​ប្រមូល​គំនិត​យោបល់​ពី​មិត្តភក្តិ​របស់លោក។ មួយ​រយៈពេល​ក្រោយ​មក ​លោក​ សុធា​ ថា លោក​បាន​ស្វែងយល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​វិវត្ត​របស់​កុមារ​អូទីហ្សឹម។

សម្រាប់​ឪពុកម្តាយ​ដែល​មាន​កូន​មានអូទីហ្សឹម ដូចជា​លោក ទេព ច័ន្ទសុធា ដំណាក់កាល​ដ៏​ពិបាក​តែ​សំខាន់​ គឺ​ការ​ទទួល​ស្គាល់​ ហើយក្រោយ​មក គឺ​ការ​ស្វែង​រក​ដំណោះ​ស្រាយ។

លោក សុធា ថា​ បញ្ហា​ប្រឈម​ចម្បងៗ​របស់​ឪពុកម្តាយ រួមមាន​ការ​ស្វះស្វែង​រក​សាលារៀន​ដែល​មាន​កម្មវិធី​សិក្សា​អប់រំ​ពិសេស​ដល់​កុមារ​អូទីហ្សឹម ការ​អប់រំ​ផ្លូវចិត្ត​របស់​ឪពុក​ម្តាយ​ក្នុង​ពេល​ប្រឈម​នឹង​ការ​រើសអើង​លើ​កូនរបស់​ពួកគេ ព្រមទាំង​ការ​បែង​ចែក​តួនាទី​និង​ពេលវេលា​ ការ​ចំណាយ​ថវិកា​ដ៏ច្រើន ប្រសិន​បើ​ពួកគេ​ព្យាយាម​ស្វែង​រក​គ្រឹះស្ថាន​អប់រំ​ដែល​មាន​គុណភាព​អប់រំ​ល្អ។

លោក ​សុធា និយាយថា៖ «កាលពី​ ២០១៤ មក​ បើ​និយា​យ​ពី​ចំណាយ​ថ្លៃ​អប់រំ​របស់​គាត់​ វា​ប្រហែល​ ៣០%​ នៃ​ចំណូលខ្ញុំ»។

ក៏​ប៉ុន្តែ​នៅ​កម្ពុជា មិន​មែន​កុមារ​អូទីហ្សឹម​ទាំងអស់​អាច​មាន​លទ្ធភាព​ទទួល​បាន​ការ​គាំទ្រ​ ដូច​កូន​របស់​លោក សុធា នោះ​ទេ។

លោក​ ចាន់​ សារិន​ ប្រធាន​បណ្តាញអូទីហ្សឹម​កម្ពុជា​ ប្រាប់​វីអូអេថា​ នៅ​កម្ពុជាមាន​កុមារ​អូទីហ្សឹម​យ៉ាង​ហោចណាស់​ជាង​ ២ម៉ឺន​នាក់។ នេះ​ជា​តួលេខ​ប៉ាន់ប្រមាណ​ពី​ការ​ស្ទង់​មតិ​មួយ​ដែល​លោក​ ចាន់​ សារិន​ បាន​ចងក្រង​ពី​អង្គការ​ពាក់ព័ន្ធ​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០១៩។​ ការស្ទង់​មតិ​នោះ​បង្ហាញថា​ យ៉ាង​ហោចណាស់​ ៧០% ​ឬ ៨០%​ នៃ​កុមារ​ដែល​មាន​សញ្ញាណ​នៃអូទីហ្សឹម​ គឺ​ជា​ក្មេងប្រុស។​

«សៀវភៅ​ជំនួយ​សម្រាប់​ឪពុក​ម្តាយ​កុមារ​អូទីហ្សឹម»​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​២​ ខែវិច្ឆិកា​ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

អ្នក​ជំនាញ​អាចវាយតម្លៃ​ ឬ​ធ្វើ​រោគ​វិនិច្ឆ័យអូទីហ្សឹម​ នៅ​ពេល​កុមារ​មាន​វ័យ​ប្រមាណ​ ៣ឆ្នាំ​ ឬ​ក្រោម​នេះ​ ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​លូតលាស់​ជាក់​ស្តែង​របស់​កុមារ​ ទៅ​តាម​ការ​កំណត់​ស្តង់ដា​លូតលាស់​ ឬ​អាច​ដឹង​ថា​កុមារ​មាន​អូទីហ្សឹម​កម្រិត​ណា ឬ​ខ្សោយ​ផ្នែកណា​ខ្លះ​ ដែល​ត្រូវ​ការ​ជំនួយ​ពិសេស។

ក្នុង​រយៈពេល​កុមារ​មាន​អាយុ​ក្រោម​ ៣ឆ្នាំ ​អ្នក​ជំនាញ​អាច​មាន​លទ្ធភាព​ខ្ពស់​និង​គ្រប់គ្រាន់​ក្នុងការ​ជួយ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​ ឲ្យ​ត្រៀម​ខ្លួន​រួចរាល់ក្នុងការ​គាំទ្រ និង​អប់រំ​កូនៗ នៅ​ក្នុង​ដំណាក់កាល​ដែល​សមត្ថភាព​ផ្នែក​ខួរក្បាល​របស់​កូនៗ​ពួកគេ​ចាប់ផ្តើម​អភិវឌ្ឍ​ទៅ​មុខ​ ពិសេស​ផ្នែក​ទំនាក់​ទំនង​ក្នុង​សង្គម​ ការ​ប្រាស្រ័យ​ទាក់ទង ​និង​ការ​វិវត្ត​អាកប្បកិរិយា​ និងភាសាជាដើម។​

នេះ​ជា​ការ​លើកឡើង​របស់​កញ្ញា​ សុខ​ សុគន្ធ​មាលា វ័យ​ ២៤ឆ្នាំ​ ជា​គ្រូ​បង្រៀន​ផ្នែក​កម្មវិធី​អប់រំ​ពិសេស​នៅ​សាលា​អប់រំ​ ខេភីសុីអេស។ កញ្ញា​ សុគន្ធមាលា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចិត្តវិទ្យា​ កាល​ពី​ឆ្នាំ​ ២០១៩។

កញ្ញា សុគន្ធ​មាលា​ ថ្លែងថា៖​ «យើង​ដឹង​កាន់​តែ​ឆាប់​កាន់តែ​ល្អ​ យើង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួយ​គាត់។ ចឹង​បាន​ន័យ​ថា​ បើឪពុក​ម្តាយ​គាត់​សង្ស័យ ខ្ញុំ​អត់​ចង់​ឲ្យ​គាត់​ពន្យារ​ទេ ​កុំ​ឲ្យ​គាត់​ចាំ​មើល​សិន។ ព្រោះអី​បើសិន​ជា​កុមារ​កាន់តែ​ធំ​ យើង​ត្រូវ​ចំណាយ​ពេល​ជួយ​គាត់​យូរទៀត។

មាលា​ បន្ថែម​ថា​៖ «នៅ​ពេល​យើង​បាន​ព័ត៌មាន​ទាំងអស់​ហ្នឹង​ហើយ​ យើង​ជា​គ្រូៗ​ត្រូវ​ត្រៀម​រៀបផែន​ការ​ជាមួយ​គាត់ បានន័យ​ថា​ ចំណុច​ណា​ដែល​យើង​ត្រូវ​ជួយ​គាត់​ដំបូង​គេ»។

កម្មវិធី​អប់រំ​ពិសេស​ដល់​កុមារ​អូទីហ្សឹម​ ត្រូវ​បាន​បែង​ចែក​ជា​ ២ វិធីសាស្ត្រ។​ ទី ១ គឺ​ការ​រៀបចំដាក់​កុមារ​ដែល​មាន​អូទីហ្សឹម​កម្រិត​ប្រហាក់​ប្រហែល​គ្នា​នៅ​ជា​បណ្តុំ​ សម្រាប់​ការ​បង្រៀន​ជា​ក្រុម​ ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ ដែល​ជា​ឧបសគ្គ​ចម្បង​របស់​កុមារ​អូទីហ្សឹម។

ទី២​ គឺ​ការកំណត់​ម៉ោង​ដាច់​ដោយ​ឡែក​សម្រាប់​ការ​បង្រៀន​មួយ​ទល់​នឹង​មួយ​រវាង​គ្រូជំនាញ​ផ្នែក​អប់រំ​ពិសេស​ និង​កុមារ​អូទីហ្សឹម ដោយ​ផ្តោត​សំខាន់​លើ​តម្រូវ​ការ​ពិសេស​របស់​កុមារ​រៀងៗ​ខ្លួន ហើយ​សង្កេត​មើល​ការ​លូតលាស់​របស់​កុមារ​នោះ​ ជា​អាទ៍មានការ​លូតលាស់​យឺត​ផ្នែក​និយាយ​ សរសេរ​ អាន ឬ​ការ​អប់រំ​អាកប្បកិរិយាជាដើម។

កញ្ញា​ សុខ​ សុគន្ធ​មាលា​ គ្រូ​បង្រៀនកម្មវិធី​អប់រំ​ពិសេស​ នៅ​សាលា​អប់រំ​ខេភីស៊ីអេស​ និង​ជាអ្នក​ចងក្រង​ផលិត «សៀវភៅ​ជំនួយ​សម្រាប់​ឪពុក​ម្តាយ​កុមារ​អូទីហ្សឹម»​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​២​ ខែវិច្ឆិកា​ ឆ្នាំ២០២១​។ (ហ៊ាន សុជាតា/វីអូអេ)


កង្វះ​ស្ថាប័ន​អប់រំ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ និង​គ្រូ​បង្រៀន​

នៅ​កម្ពុជា​ការ​យល់ដឹង​ជាទូទៅ​អំពី​អូទីហ្សឹម នៅក្នុង​ចំណោម​ប្រជាជន​មាន​ការ​កើន​ឡើង​គួរ​ឲ្យកត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​លោក ចាន់​ សារិន ប្រធាន​បណ្តាញ​អូទីហ្សឹម​កម្ពុជា និង​ជា​នាយក​វិទ្យាល័យ​អប់រំពិសេស​ក្រុង​តាខ្មៅ ដែល​ផ្តោត​សំខាន់​លើ​ការអប់រំ​ដល់​កុមារ​អូទីហ្សឹម​ និង​ពិការ​សតិបញ្ញា។

ក៏ប៉ុន្តែ​ឱកាស​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​កុមារ​អូទីហ្សឹម​នៅ​មាន​កម្រិតនៅ​ឡើយ ដោយសារ​កម្ពុជា​នៅ​ខ្វះ​សាលារៀន​ពិសេស និង​ធនធាន​បណ្តុះបណ្តាលយ៉ាងខ្លាំង​សម្រាប់​កុមារ​អូទីហ្សឹម។

​លោក ចាន់​ សារិន​ ឲ្យ​ដឹង​ទៀត​ថា​ ទោះ​បីជាកុមារ​អូទីហ្សឹម​នៅ​កម្ពុជា មាន​ចំនួន​តិច​នៅ​ឡើយ ​បើ​ធៀប​នឹង​កុមារ​ទូទៅ (៣៣% នៃ​ចំនួន​ពលរដ្ឋ​កម្ពុជា​ជាង ១៦លាន​នាក់ មាន​អាយុ​ក្រោម ១៥ឆ្នាំ)​កម្ពុជា​ត្រូវការ​គ្រូ​ជំនាញ​អប់រំ​ពិសេស​បន្ថែម​ទៀត ដើម្បី​ធានា​ថា កុមារ​អូទីហ្សឹម​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ដែល​ត្រូវ​នឹង​តម្រូវ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​របស់​ពួកគេ។

នាយក​សាលា​រូបនេះ​ឲ្យដឹងថា ​បច្ចុប្បន្ន​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​មាន​ផ្តល់​កម្មវិធី​អប់រំពិសេស​ត្រឹម​កម្រិត​មត្តេយ្យ​ និង​បឋម​សិក្សា​ប៉ុណ្ណោះ។ ហើយ​សាលារៀននេះ​មាន​លទ្ធភាព​ទទួល​សិស្ស​បាន​ត្រឹម​ជាង ២០០​ នាក់ ​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។ នៅ​កម្ពុជា ​កុមារ​អូទីហ្សឹម​និង​កុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិបញ្ញា​មាន​ចំនួន​តិច​ជាង ១០នាក់​ប៉ុណ្ណោះ ​ដែល​កំពុង​រៀន​ថ្នាក់​អនុវិទ្យាល័យ។

វិទ្យាល័យ​នេះ​ទើប​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​ក្លាយ​ជា​សាលា​អូទីហ្សឹម​ថ្នាក់ជាតិ​មុន​គេ​បង្អស់នៅ​កម្ពុជា នា​ដើម​ឆ្នាំ​ ២០២១​ នេះ។

លោក​ ចាន់ សារិនថា៖ «បញ្ហា​អូទីហ្សឹម​គឺត្រូវការ​ជួយ​ឲ្យ​ទាន់ពេល​វេលា អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​យល់​ដឹង​ច្រើន ក៏​ឪពុកម្តាយ​ចាប់ផ្តើម​ចុះ​ឈ្មោះ​ ហើយ​មកទល់ពេល​នេះ​ យើង​ចុះ​ឈ្មោះ​អត់​បាន​គ្រប់គ្នា​ទេ។ នាពេល​នេះ​ យើង​មាន​កុមារ​អូទីហ្សឹម​រហូត​ដល់​ជិត ២០០ នាក់រង់​ចាំ ហើយ​មាន​កុមារ​ពិការ​សតិបញ្ញា​រហូត​ដល់ ៦០០ ជាង ដែ​ល​កំពុង​រង់​ចាំ»។

បើ​តាម​លោក ​ចាន់​ សារិន​ មូល​ហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​បង្កើត​សាលា​អូទីហ្សឹម​ថ្នាក់ជាតិនេះ ​គឺ​ដោយ​សារកម្ពុជា​បាន​ចូលរួម​ជា​ភាគី​អនុសញ្ញា​ថ្នាក់​ជាតិ​ស្តី​ពី​សិទ្ធ​ជនពិការ ​និង​គោល​នយោបាយ​អប់រំ​បរិយាប័ន​ឆ្នាំ ២០១៨​ ដែល​រាប់​បញ្ចូល​ទាំងសេចក្តី​ត្រូវការ​របស់​ជន​មាន​ពិការ​ភាព​ផ្នែក​សតិ​បញ្ញា​ និង​ជន​ដែល​មាន​អូទីហ្សឹម។

លោក ចាន់​ សារិន ប្រធាន​បណ្តាញ​អូទីហ្សឹម​កម្ពុជា និង​ជា​នាយក​វិទ្យាល័យ​អប់រំពិសេស​ក្រុង​តាខ្មៅដែល​ផ្តោត​សំខាន់​លើ​ការអប់រំ​ដល់​កុមារ​អូទីហ្សឹម​ និង​ពិការ​សតិបញ្ញា ផ្តល់បទ​សម្ភាស​ដល់វីអូអេខ្មែរអំពី​ការអប់រំ​ពិសេសដល់ជនមានអូទីហ្សឹម​។ (រូបភាព​ពីកម្មវិធី Zoom

លោក ​ចាន់ សារិន​ បន្ត​ថា​៖ «ហើយកន្លងទៅ​ពេល​កុមារ​ យើង​ចប់ថ្នាក់​បឋម​តទៅ​អនុវិទ្យា​ល័យ​យើង​រុញ​ទៅ​សាលា​រដ្ឋ។ ប៉ុន្តែ​បរាជ័យ​ ដោយសារ​តែ​នៅ​សាលារដ្ឋ​គ្រូលោក​អត់​ទាន់មាន​បទពិសោធន៍​គ្រប់គ្រាន់​[ក្នុងការ​បង្រៀន​កុមារ​អូទីហ្សឹម]​ ព្រោះ​លោក​អត់ទាន់​មាន​ការ​បណ្តុះបណ្តាល​ពី​ខាង​ខ្ញុំ។ អ៊ីចឹង​ពេល​កុមារ​ទៅដល់​ហ្នឹង​ គឺ​មាន​ការ​ឈប់​រៀនសូត្រដោយសារ​គាត់​រៀន​អត់​ចេះ។ អ៊ីចឹង​បច្ចុប្បន្ន​យើង​ប្រឹង​បុក​ខ្លាំងលើ​ថ្នាក់​មត្តេយ្យ​ ព្រោះ​កា​រមាន​អន្តរាគម​ឲ្យទាន់​ពេលគឺ​សំខាន់​មែនទែន»។

លោក​ សារិន​ រំពឹង​ថា​ការ​បង្កើត​សាលា​អូទីហ្សឹម​ថ្នាក់​ជាតិ​នេះ​ គឺជា​ជំហាន​វិជ្ជមាន​ទៅ​កាន់​ការ​គាំទ្រ​និង​អប់រំ​ដល់​កុមារ​អូទីហ្សឹម​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​អាជីព​កសាង​សមត្ថភាព​ និង​អភិវឌ្ឍ​ទេព្យកោសល​នាពេល​អនាគត។​

រីឯ​កញ្ញា​ សុខ​ សុគន្ធ​មាលា​គ្រូ​បង្រៀន​ផ្នែក​កម្មវិធី​អប់រំ​ពិសេស បាន​ចងក្រង​ផលិត​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា​ «សៀវភៅ​ជំនួយ​សម្រាប់​ឪពុក​ម្តាយ​កុមារ​អូទីហ្សឹម»។ កញ្ញា​បាន​ប្រាប់​វីអូអេ​ថា ការ​ចងក្រង​សៀវភៅ​នេះ​កើត​ឡើង ដោយសារ​នាងយល់ថា​កម្ពុជា​មិន​ទាន់​មានឯកសារ​គ្រប់គ្រាន់​នៅ​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​រៀន​ពាក់ព័ន្ធ​នឹងអូទីហ្សឹម។

កញ្ញា សុគន្ធ​មាលា​ ​លើក​ឡើងថា​គ្រូ​អប់រំ​កុមារ​អូទីហ្សឹម​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់ចេះ​បត់​បែន និង​សម្រប​ខ្លួន​ក្នុង​ការ​ជ្រើសរើស​វិធីសាស្ត្រ​ថ្មីៗ​ ដើម្បី​បង្រៀន​កុមារម្នាក់​ទៅតាម​ភាព​ជាក់ស្តែង។ បន្ថែម​លើ​នេះ​ ទំនាក់​ទំនង ការ​សហការ និង​ភាព​សុីសង្វាក់គ្នា​រវាង​គ្រូ​និង​អាណា​ព្យាបាលកុមារ​ពិតជាសំខាន់​ក្នុង​ការ​បំពេញ​បន្ថែម​គ្នា​ ដើម្បី​ជួយអភិវឌ្ឍ​និង​ផ្តល់​ការ​លូតលាស់​ដល់​កុមារ​អូទីហ្សឹមក្នុង​ការស្វែង​រក​ទេព្យ​កោសល្យ​ពិសេស​ ឬ​អាជីព​ នៅ​ពេល​ពួកគេ​ធំ​ដឹង​ក្តី។​

ខុស​ពី​ឪពុកម្តាយ​ដទៃ​ដែល​គ្មានកូន​មាន​អូទីហ្សឹម ឬ​ពិការភាព​ផ្នែក​សតិបញ្ញា ដែល​រំពឹង​ «ទទួល​បាន​ការ​សងគុណ​ពី​កូន» នោះ​ លោក​ ទេព ច័ន្ទសុធា ថា​ លោក​មិនអាច ហើយ​នឹង​មិនរំពឹង​អ្វី​ទាល់​តែសោះ​ពី​កូន​របស់​លោក​ ក្រៅ​ពី​ធ្វើ​យ៉ាងណា​ឲ្យ​កូន​របស់​លោក​អាច​រស់​នៅ​ចិញ្ចឹម​ជីវិតបាន​ដោយ​ឯករាជ្យ​ ហើយ​អាច​ចូល​រួម​នៅ​ក្នុងសង្គម​។

ហើយ​ទោះ​បី​កូន​របស់​លោក​កាន់កាំបិត​មិន​ទាន់​នឹង ឬ​ហាន់បន្លែ​យឺត​ក្តី ​លោក សុធា សង្ឃឹម​ថា ​ដោយ​ទទួល​បាន​ការ​គាំទ្រ​និង​ការ​អប់រំ​ត្រឹមត្រូវ កូន​ប្រុស​របស់​លោក​ដែល​មានអូទីហ្សឹម នឹង​អាច​ចាប់​យក​ការ​ចម្អិន​ម្ហូប​ដែល​ខ្លួន​ចូលចិត្ត ធ្វើ​ជា​ជំនាញ​ជីវិត​នា​ថ្ងៃ​ខាង​មុខ៕