លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពដុនដាបនៃជំងឺកូនក្តីរបស់លោកធ្វើឲ្យលោកពិចារណាស្វែងរកការដោះលែងឲ្យនៅក្រៅឃុំ។
ភ្នំពេញ៖ មេធាវីរបស់អៀង សារីគ្រោងនឹងស្នើសុំឲ្យសាលាក្ដីខ្មែរក្រហមឲ្យដោះលែងកូនរបស់ខ្លួននៅក្រៅឃុំដោយសារស្ថានភាពសុខភាពជំងឺរបស់ជនជាប់ចោទរូបនេះមានសភាពដុនដាប។
គម្រោងការនេះធ្វើឡើងស្របពេលដែលអង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងបើកសវនាការស្តាប់សក្ខីកម្មវេជ្ជបណ្ឌិតចំនួនពីររូបស្តីពីស្ថានភាពសុខភាពរបស់អៀង សារី នៅថ្ងៃសុក្រស្អែកនេះ ក្រោយពីអៀង ធីរិទ្ធ ប្រពន្ធរបស់អៀង សារី ត្រូវតុលាការដោះលែងចេញពីមន្ទីរឃុំឃាំង។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពដុនដាបនៃជំងឺកូនក្តីរបស់លោកធ្វើឲ្យលោកពិចារណាស្វែងរកការដោះលែងឲ្យនៅក្រៅឃុំ។
«សុខភាពគាត់ទ្រុឌទ្រោម។ យើងបារម្ភដែរ ពីព្រោះគាត់មិនអាចចូលរួមសវនាការបាន។ រង់ចាំពិនិត្យសាក្សីដែលជាគ្រូពេទ្យស្អែកសិន ហើយបើវាអាចមានលទ្ធភាពរុញយើងឲ្យដូចករណីអៀង ធីរិទ្ធដែរ យើងនឹងធ្វើ»។
អៀង សារី អតីតបងធំមានអំណាចលំដាប់ទី៣ក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតអស់រយៈពេលពីរសប្តាហ៍មកហើយគឺចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមកម្ល៉េះ ហើយនៅមិនទាន់បានវិលត្រឡប់ចូលមន្ទីរឃុំឃាំងវិញនៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
អៀង សារី អតីតបងធំមានអំណាចលំដាប់ទី៣ក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតអស់រយៈពេលពីរសប្តាហ៍មកហើយគឺចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមកម្ល៉េះ ហើយនៅមិនទាន់បានវិលត្រឡប់ចូលមន្ទីរឃុំឃាំងវិញនៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃនេះថាតុលាការនឹងចោទសួរក្រុមវេជ្ជបណ្ឌិតក្នុងសវនាការនៅថ្ងៃស្អែកដើម្បីដឹងពីលទ្ធភាពចូលរួមដំណើរការក្តីលើជនជាប់ចោទ។
«អង្គជំនុំជម្រះចង់ស្វែងយល់ឲ្យកាន់តែច្បាស់អំពីស្ថានភាពសុខភាពរបស់ជនជាប់ចោទអៀង សារីពាក់ព័ន្ធជាមួយនឹងការចូលរួមនឹងការចូលរួមសវនាការរបស់គាត់»។
វេជ្ជបណ្ឌិតពីររូបនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលព្យាបាលឲ្យជនជាប់ចោទ នេះ ត្រូវបានកោះហៅឲ្យចូលផ្តល់សក្ខីកម្មស្តីពីស្ថានភាពជំងឺអៀង សារី។ វេជ្ជបណ្ឌិតពីររូបនេះមានលោកលឹម ស៊ីវុត្ថា ប្រធានផ្នែកសង្គ្រោះបន្ទាន់និងលោកសាស្ត្រាចារ្យ គី ប៊ូសួ ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង។
មន្ដ្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមគ្រូពេទ្យតម្រូវឲ្យជនជាប់ចោទបន្តស្ថិតនៅក្រោមការតាមដានសុខភាពបន្ថែមទៀត នៅថ្ងៃនេះមុននឹងធ្វើការវាយតម្លៃជាចុងក្រោយ។ លោកអៀង សារីមានជំងឺអស់កម្លាំងនិងហេវហត់ខ្លាំងនិងធ្លាប់មានបញ្ហាបេះដូង។
កាលពីថ្ងៃអង្គារ លោកអៀង សារីបានស្នើសុំមិនចូលរួមសវនាការស្តាប់សក្ខីកម្មរបស់សាក្សីនិងដើមបណ្តឹងរដ្ឋប្បវេណីចំនួនប្រាំបីនាក់ដែលមេធាវីអះអាងថាសាក្សីនិងដើមបណ្តឹងទាំងនោះមិនពាក់ព័ន្ធនឹងការដាក់បន្ទុកលើកូនក្តីខ្លួនច្រើននោះទេ។
យោងតាមវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម ជនជាប់ចោទត្រូវមានវត្តមានជាចាំបាច់នៅពេលដែលមានការកាត់ទោសមកលើខ្លួន។
លោកនេត្រ ភក្ត្រាបានបញ្ជាក់ថា វាជាការព្រួយបារម្ភមួយ ប្រសិនបើស្ថានភាពសុខភាពរបស់អៀង សារីតម្រូវឲ្យគាត់មិនបានចូលរួមក្នុងសវនាការ ហើយសក្ខីកម្មរបស់វេជ្ជបណ្ឌិតកម្ពុជាទាំងពីររូបនឹងផ្តល់នូវសារៈសំខាន់ដល់ការសម្រេចចិត្តរបស់អង្គជំនុំជម្រះសាលាដំបូង។
«ការដែលស្តាប់នូវការផ្តល់សក្ខីកម្មរបស់វេជ្ជបណ្ឌិតទាំងពីររូបនេះនឹងផ្តល់នូវសារៈសំខាន់សម្រាប់អង្គជំនុំជម្រះសាលាដំបូងដើម្បីទទួលបាននូវព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីឈានទៅដល់ការវាយតម្លៃបន្ថែមលើបញ្ហាកាយសម្បទារបស់លោកអៀង សារីក្នុងការចូលរួមសវនាការ»។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ជរាពាទរបស់អៀង សារី គេអាចសង្កេតឃើញបានដោយផ្ទាល់ភ្នែក។
«នេះមិនមែនជារឿងសម្ងាត់និងមិនមែនជារឿងដែលយើងមិនបានគិតដល់នោះទេ ពីព្រោះជាក់ស្តែងគាត់មានវ័យចំណាស់ ហើយអាការៈរបស់គាត់ យើងអាចឃើញផ្ទាល់ភ្នែក»។
ដោយឡែកគម្រោងការរបស់មេធាវីការពារក្តីស្នើសុំឲ្យតុលាការដោះលែងលោកអៀង សារីឲ្យនៅក្រៅឃុំមិនមែនជាការភ្ញាក់ផ្អើលសម្រាប់លោកជុំ ម៉ីទេ។ លោកជុំ ម៉ីគឺជាអតីតអ្នកទោសគុកទួលស្លែងនិងបច្ចុប្បន្នគឺជាប្រធានសមាគមក្សេមក្សាន្តដែលជាសមាគមប្រមូលផ្តុំនិងគាំពារជនរងគ្រោះសម័យខ្មែរក្រហម។
«ខ្ញុំបារម្ភតាំងពីដើមមកអញ្ចឹង។ អញ្ចឹងប្រពន្ធគាត់ធ្វើបាន គាត់ធ្វើបានដូចប្រពន្ធគាត់អញ្ចឹង។ បន្តិចទៀតនួន ជាធ្វើរបៀបហ្នឹងដូចគ្នា»។
របបខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និងត្រូវបានសម្លាប់យ៉ាងតិចតិច១,៧លាននាក់។
មេដឹកនាំកំពូលខ្មែរក្រហម ដែលមានវ័យចំណាស់ចំនួនបួននាក់ ហើយដែលត្រូវបានចាប់ខ្លួនយកមកកាត់ទោសសម្រាប់សំណុំរឿង០០២ រួមមាននួន ជា អតីតប្រធានសភា ខៀវ សំផង អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសនិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ អៀង ធីរិទ្ធត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យដោយសារជំងឺភ្លេចភ្លាំងវង្វេងវង្វាន់ធ្ងន់ធ្ងរ មិនអាចចូលរួមការកាត់ទោសបាន ហើយដែលមានប្រតិកម្មពីជនរងគ្រោះជាច្រើន៕