សាក្សីការពារអៀង សារី អះអាងនៅថ្ងៃព្រហស្បតិ៍ថា មានការចាប់ខ្លួនជនដែលត្រូវចោទថា ខ្មាំងរបស់អង្គការក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមរូបនេះ។
លោក ឡុង នរិន្ទ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្រោមបង្គាប់របស់អៀង សារី បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយពីការដេញសួរយ៉ាងប្រកិតរបស់សហព្រះរាជអជ្ញារងជនជាតិអាមេរិកាំង លោកដេល លីសាក (Dale Lysak) ក្នុងការកាត់ក្ដីសំណុំរឿង០០២ នៅចំពោះមុខជនជាប់ចោទ នួន ជា អៀង សារី និងខៀវ សំផន។
លោក ឡុង នរិន្ទ បានផ្ដល់សក្ខីកម្មតាមការភ្ជាប់វីដេអូពីផ្ទះរបស់លោកនៅស្រុកម៉ាឡៃថា មានការចាប់ខ្លួនបុគ្គលិកសំខាន់ៗរបស់ក្រសួងការបរទេសចំនួនពីររូប ដែលលោកបានប្រាប់ឈ្មោះចំៗនៅឆ្នាំ១៩៧៧។ បុគ្គលទាំងពីររូបត្រូវយកទៅដាក់នៅទួលស្លែង និងក្រោយមកត្រូវបានសម្លាប់ចោល។ លោក ឡុង នរិន្ទ បញ្ជាក់ថា បុគ្គលទាំងពីររូបត្រូវចោទប្រកាន់ថា បានបម្រើចារកម្មឲ្យអាមេរិក ស៊ីអាយអេ ឬកាហ្ស៊េបេរបស់រុស្ស៊ី។ ជនទាំងនោះបានបាត់ដំណឹងសូន្យ។
«ប៉ុណ្ណាក៏ដោយត្រូវបានបាត់។ គេទៅរៀនសូត្រ ប៉ុន្តែក្រោយមកឥតទេ។ ខ្ញុំថាពួកហ្នឹងសន្តិសុខគេចាប់ហើយ។ ហើយដំបូង ខ្ញុំគិតខ្លួនឯងថា បើទៅបែបអ្នកទៅរៀននៅស្រុកសង្គមនិយម បែបមិនអីទេយ៉ាង។ ដល់ឃើញអ្នកទៅរៀននៅសង្គមនិយមក៏គេចាប់។ អ្នករៀននៅស្រុកបារាំងក៏គេចាប់បាត់ទៅ ហើយដល់ពេលទៅ នៅពេលដែលឮពាក្យរៀនសូត្រហ្នឹង គឺស្រៀវឆ្អឹងខ្នងតែម្តង»។
លោក ឡុង នរិន្ទ អាយុ៧៣ឆ្នាំ គឺជាសក្សីដែលស្នើដោយជនជាប់ចោទអៀង សារី។ ក្នុងសវនាការរយៈពេលពីរថ្ងៃនេះ អតីតនិស្សិតផ្នែកអប់រំ និងកីឡានៅប្រទេសឆេកូរូបនេះបានឆ្លើយថា ខ្លួនមិនដឹងរឿងច្រើនក្នុងសម័យខ្មែរក្រហមនោះទេ ហើយក៏មិនបានបញ្ជាក់ពីតួនាទីសំខាន់របស់អៀង សារី ក្នុងការដាក់បញ្ជាឲ្យមានការចាប់មនុស្សនោះដែរ។ ក៏ប៉ុន្ដែសាក្សីរូបនេះបានបញ្ជាក់ថា អៀង សារី បានអំពាវនាវគៀងគរឲ្យនិស្សិតខ្មែរនៅបរទេសនាឆ្នាំ១៩៧៥ ត្រឡប់មកជួយកសាងប្រទេសកម្ពុជាវិញដោយសំអាងថា «ប្រទេសកម្ពុជាទទួលបានឯករាជ្យ» រួចហើយ។ ហើយនិស្សិតទាំងនោះមួយចំនួនត្រូវបញ្ជូនទៅកាន់មន្ទីរបឹងត្របែក ហើយនិស្សិតមួយចំនួនបានបាត់ខ្លួន។
ក្នុងពេលជាមួយគ្នានេះ លោកឡុង នរិន្ទ ក៏បានបញ្ជាក់ថា អៀង សារី មានអំណាចគ្រប់គ្រាន់ក្នុងការការពារបុគ្គលិកក្រសួងការបរទេសពីការចាប់ខ្លួនជាពិសេសនៅពេលដែលអៀង សារី ខ្លួនឯងអវត្តមានពីការងារ។
លោក ឡុង នរិន្ទ បានទទួលស្គាល់ថា ការចាប់ខ្លួនបុគ្គលិកក្រសួងការបរទេសក្រោមការត្រួតត្រារបស់អៀង សារី ធ្វើឲ្យលោកមានការភ័យខ្លាច ហើយគិតថា ថ្ងៃណាមួយ «នឹងដល់វេណ» គាត់ត្រូវចាប់ខ្លួនដែរ។
ថ្វីបើដូច្នេះក្ដីសាក្សីដដែលនៅតែនិយាយថា គាត់មិនដឹងថា ការចាប់ខ្លួនបុគ្គលិកក្នុងក្រសួងការបរទេសជាការសម្រេចត្រឹមអៀង សារី ឬត្រឹមកម្រិតមេដឹកនាំខ្មែរក្រហមកម្រិតណានោះទេ។ ហើយលោកក៏មិនដឹងដែរថា តើមានជនរងគ្រោះប៉ុន្មាននាក់ត្រូវចាប់ខ្លួននៅក្រសួងការបរទេសនោះ។
កាលពីម្សិលមិញ ឡុង នរិន្ទ ដែលហាក់ដូចជាមិនយល់សំណួរ និងស្ដាប់មិនឮសំណួរមួយចំនួនបានរៀបរាប់ថា អៀង សារី បានរៀបចំរចនាសម្ព័ន្ធការងារមួយចំនួននៅទីក្រុងប៉េកាំង មុននឹងមកកាន់ការងារនៅក្នុងប្រទេសក្រោយពីពួកខ្មែរក្រហមឡើងកាន់អំណាច។ រីឯប្រពន្ធរបស់អៀង សារី គឺអៀង ធីរិទ្ធ បានកាន់កាប់វិទ្យុផ្សាយសម្លេងពីទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីគាំទ្រដល់កងទ័ពព្រៃខ្មែរក្រហម។ អៀង ធីរិទ្ធ ក៏ជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ នេះដែរ ប៉ុន្ដែត្រូវអង្គជំនុំជម្រះសាលាដំបូងរកឃើញថា គាត់មានសម្បទាល្អមិនគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោស៕