មរណភាព​អៀង​សារី​បន្សល់​ទុក​ការ​សោកស្តាយ​ដោយ​មិន​ទាន់​បាន​បញ្ជាក់​ការពិត​ក្នុង​របប​វាល​ពិឃាត

Cambodia Obit Ieng Sary

វ៉ាស៊ីនតោន៖ រដ្ឋាភិបាល​កម្ពុជា​និងអង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​អៀង សារី​ អតីត​បងធំ​ទីបីនៃ​របប​ខ្មែរក្រហម។ ប៉ុន្តែ​ការសោកស្តាយ​នេះ​គឺ​ដោយ​សារ​តែ​បាន​បាត់​បង់​នូវ​ព័ត៌មាន​សំខាន់ៗ​ពីការ​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោកស្រី​ពុង​ ឈីវកេក​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា៖​
«ប្រជា​ពលរដ្ឋ​ទូទៅ​គឺ​ចង់​ដឹង​ការពិត​ណាស់ហើយ​ចង់​ឱ្យ​ឃើញ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​អៀង​សារី​អី​ចឹង​ឱ្យ​ទទួល​ទោស​ជាប់​ទោស​កុំ​ឱ្យ​មាន​និទណ្ឌភាព​ហើយ​ដល់​បាន​ឮ​ដំណឹង​ថា​គាត់​បាន​បាត់​បង់​ជីវិត​អីចឹង​យើង​មាន​ការ​សោកស្តាយ ​មិនមែន​សោកស្តាយ​ថា​គាត់​បាត់​បង់​ជីវិត​ទេ​ សោក​ស្តាយ​ដោយ​សារ​គាត់​អាច​ជា​សាក្សី​មួយ​សំខាន់​ដើម្បី ​ផ្តល់​ព័ត៌មាន​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ទាំង​អស់​ថា​ហេតុអ្វី ​បាន​ជា​ខ្មែរ​គ្នា​ឯង​សម្លាប់​ខ្មែរ​គ្នា​ឯង​យ៉ាង​សាហាវ​អីចឹង។ យើង​សោក​ស្តាយ​អីចឹង ​ហើយ​សោកស្តាយ​ថា​គាត់​ត្រូវ​ទទួល​ទោស​ចង់​ឃើញ​ឱ្យ​តុលាការ​កាត់​ទោស​គាត់​ឱ្យ​ជាប់​ទោស​ ឱ្យ​គាត់​ចូល​ក្នុង​ពន្ធ​នាគាដើម្បី​ឱ្យ​គាត់​ដឹង​ខ្លួន​បន្តិច​ថា​កាល​ដែល​គាត់​ធ្វើ​បាប​គេ​ហ្នឹង​យ៉ាង​ម៉េច ​ឥឡូវ​យើង​អត់​បាន​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ​គាត់​បាត់​បង់​ជីវិត​ទៅ​ហើយ»។

អៀង សារី​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​ក្នុង​ក្រុង​ភ្នំពេញ​ ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​ម៉ាឡៃ​ដែល​ជា​ទីតាំង​កាន់​កាប់​របស់​គាត់​មុន​ពេល​ចុះ​ចូល​ជាមួយ​នឹង​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦។

លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​ក៏​បាន​សម្តែង​នូវ​ការ​សោកស្តាយនោះ​ដែរ​ប៉ុន្តែ​បន្ថែម​ថា​មរណភាព​នេះជា​ស្នូរ​ជួង​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​បន្ត​គាំ​ទ្រ​ដើម្បី​ឱ្យ​តុលាការ​បញ្ចប់​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​រហ័សដោយ​សារ​តែ​ក្រុម​មេដឹកនាំ​ទាំង​អស់​ដែល​កំពុង​ជាប់​ចោទ​មាន​វ័យ​ចាស់​ៗ​ណាស់​ហើយ៖
«ជាធម្មតា​ការបាត់​បង់​ជីវិ​ត​នៃ​អ្វី ដែល​យើង​ឃើញ​ថាជន​ជាប់​បន្ទុក​ក្នុង​ការងារ​ស្វែង​រក​យុត្តិធម៌​គឺ​ជា​ការ​សោកស្តាយ​មួយ​ហើយ​ការបាត់​បង់​ជីវិត​ជាសារសម្រាប់​យើង​ទាំង​អស់​គ្នា​មិនត្រឹម​តែ​រដ្ឋាភិបាល​ក្នុង​រាជា​ណាចក្រក​ម្ពុជា​ទេ​ក៏​ដូច​ជា​រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​ជា​ដៃ​គូ​ដែល​គាំទ្រ​ឱ្យ​មាន​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​នេះ​ជាពិសេស​គឺ​អង្គការ​សហប្រជាជាតិថា​យើង​កំពុង​តែ​រត់​ប្រណាំង​ជាមួយ​នឹង​ពេលវេលា​។ ពេលវេលា​ចាស់​ជរា​នៃ​អ្វី​ដែល​យើង​យល់​ឃើញ ថា​កំពុង​តែ​ធ្វើ​ពិចារណា​វិនិច្ឆ័យ​ទៅ​លើ​គេ​ទាំង​អស់​ហ្នុង​ដែល​កំពុង​តែ​នៅ​ក្នុង​ឃុំ​ឃាំង​ស្រេច​ទៅ​ហើយ»។

អៀងសារី និង​មេដឹកនាំ​ពីរនាក់​ទៀត​គឺ​នួន ជា​ អតីត​មេមនោគម​វិជ្ជា​ខ្មែរក្រហម​និង​ខៀវ សំផន​អតីត​ប្រមុខ​រដ្ឋ​ត្រូវ​បាន​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កំពុង​កាត់​ទោស​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​១,៧លាន​នាក់​ស្លាប់​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួកគេ។​

ក្រុម​អ្នក​តាម​ដាន​សាលាក្តី​ខ្មែរ​ក្រហម​តែង​តែ​ជំរុញ​ឱ្យ​តុលាការ​ដំណើរ​ការ​ទៅមុខ​ឱ្យ​បាន​ឆាប់​ដោយ​សារ​សុខភាព​និង​វ័យ​ចំណាស់​របស់​ជន​ជាប់​ចោទ​ទាំង​បីនាក់។

លោក​ សុខ​ សំអឿន នាយកប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់ថា៖

«ការស្លាប់​របស់​លោក​អៀង​ សារី​បង្ហាញ​ឱ្យឃើញ​ពី​អ្វី ដែល​យើង​ធ្លាប់​បាន​ព្រួយ​បារម្ភព្រោះ​អ្វី​ដែល​យើង​ធ្លាប់​បារម្ភ​នោះ​យើង​បារម្ភ​ថា​ខ្លាច​ជន​ជាប់​ចោទ​ចាស់ៗ​អីចឹង​ទៅព្រោះ​ធម្មតា​បើ​កាលណា​ជន​ជាប់​ចោទ​ស្លាប់​វាមាន​ន័យ​ថា​រឿង​ព្រហ្មទណ្ឌ​នោះ​វាត្រូវ​ស្លាប់​ហ្មង​ដល់​អីចឹង​ទៅ​វាធ្វើ​ឱ្យ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​វាអត់​មាន​ន័យ​អី្វ​ហើយ​ជន​រងគ្រោះ​ដែល​គាត់​រងការ​ឈឺ​ចាប់​គាត់​ចង់បាន​យុត្តិធម៌​វាទៅជា​អត់​មាន​ន័យ​សម្រាប់​គាត់​ដែរ»។​

រីឯ​លោក ឡាត់​ គី​អ្នក​តាម​ដាន​សាលាក្តី​ខ្មែរ​ក្រហម​នៃ​អង្គការសិទ្ធិ​មនុស្ស​អាដហុក​ក៏​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​ជន​ជាប់​ចោទ​ពីរ​នាក់ដែល​នៅ​រស់​ដោយ​សារ​តែ​ ពួកគេសុទ្ធ​តែ​មាន​អាយុ​ជាង​៨០ឆ្នាំ។ ​

«យើង​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ព្រោះ​ជន​ជាប់​ចោទ​ដទៃ​ក៏​មាន​វ័យ​ចាស់​ដូច​គ្នា​ហើយ​ជរាពាធ​នេះ​វាស្ថិតនៅក្នុង​ភាព​មិន​ទៀងទាត់​ហើយ​គួបផ្សំ​ដំណើរ​ការ​នៅ ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​មាន​ឧបសគ្គ​មួយ​ចំនួន​ផងដែរ។ អីចឹង​យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ខ្លាច​ដំណើរ​ការ​ឆ្ពោះ​ទៅមុខ​របស់​សាលាក្តី​ខ្មែរ​ក្រហម​មិន​ស្រប​ឬ​ទៅដល់​គោលដៅ​អ្វី​ដែល​យើង​បាន​គ្រោងទុក​ជាពិសេស​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ជាទូទៅ»។​

បើ​ទោះ​ជា​សុខភាព​ជន​ជាប់​ចោទ​គឺ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​ប៉ុន្តែ​តុលាការ​នេះ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​នោះ​មាន​បញ្ហា​ខ្វះ​ខាត​ថវិកា​និង​ការចូល​ជ្រៀតជ្រែក​ខាងផ្នែក​នយោបាយ​ដែល​ធ្វើ​ឱ្យ​អ្នក​សង្កេត​ការណ៍​ខ្លះ​លើក​ឡើង​ថា​បើ​សិន​ជា​អាច​បញ្ចប់​សំណុំរឿង​ពេល​បច្ចុប្បន្ន​គឺ​ជា​ភ័ព្វ​សំណាង​របស់​តុលាការ​នេះ​ទៅ​ហើយ។ ​

សហរដ្ឋ​អាមេរិក​ក៏​យល់​ស្រប​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការកាត់​ទោស​ឱ្យ​បាន​ឆាប់ហើយ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។

លោកសន ម៉ាកស៊ីនតុស​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖
«មរណភាព​របស់​អៀង​ សារី​ពិត​ជា​បង្ហាញ​ថាត្រូវ​មានដំណើរ​ការ​តុលាការ​ទូលំទូលាយ​និង​ឱ្យ​បាន​ឆាប់​រហ័ស​។ ទោះ​បី​ជា​ក្នុង​រូបភាព​មួយ​ណា​ក៏​ដោយ​គឺ​យើង​មាន​ជំនឿ​យ៉ាង​ពេញ​លេញថា​មន្រ្តី​យុត្តិធម៌​នឹង​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ដល់​ជន​រងគ្រោះ ពី​របបខ្មែ​រក្រហម»។​
អៀង សារី​គឺ​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​ទីពីរ​ហើយ​ដែល​បាន​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​មុន​នឹង​តុលាការរក​ខុសត្រូវ​ថា​តើ​មាន​កំហុស​ឬ​យ៉ាង​ណា។ មេដឹកនាំ​ម្នាក់​ទៀត​ដែល​បាន​ស្លាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក្នុង​តុលាការ​យោធា​គឺ​មេទ័ព​ពិការ​ជើង​ឈ្មោះ​តាម៉ុក ដែល​គេ​ដាក់​រហ័​ស​នាម​ថា​«មេឃាតករ»៕